ទីក្រុងក្វាងចូវ!
" ផ្កាៗ បងស្រីស្អាតជួយទិញផ្កាខ្ញុំផង! មើលចុះវានៅស្រស់ណាស់ ថែទាំងក្លិនក្រអូបទៀត ដូចជាបងស្រីចឹង ទាំងស្អាតទាំងក្រអូប!" ក្មេងស្រីវ័យ១៧ឆ្នាំ ឈរលក់ផ្កាទាំងទឹកមុខរីករាយ កាងស៊ូជីង ក្មេងស្រីដែលមានដើមកំណើតនៅក្វាងចូវរូបនេះ មិនត្រឹមតែឆ្លាតស្អាតពូកែ នាងនៅមានវោហារស័ព្ទខាងនិយាយស្ដីទៀតផង នាងកើតក្នុងត្រកូលអ្នករកសុី ដោយមានឱពុកម្ដាយជាម្ចាស់ចំការទំពាំងបាយជូរ និងជាម្ខាស់រោងចក្រផលិតស្រាទំពាំងបាយជូរផងដែរ តែអាជីវកម្មរបស់គ្រួសារនាងមិនសូវជាធំអីប៉ុន្មាននោះទេ មានផ្ទះស្នាក់នៅ មានរបស់ប្រើប្រាស់ដូចទៅនឹងគ្រួសារធម្មតាដែរទេ អាចនិយាយបានថា គ្រួសារនាងមិនមានខ្លាំង ក៏មិនក្រដល់ថ្នាក់ពិបាកនោះដែរ
" បានសម្ដីណាស់! នេះលុយ...ឲ្យមួយបាចមកមិនបាច់អាប់លុយវិញទេ ទុកចាយទៅ! ត្រូវហើយ ពេលណាយកស្រាទំពាំងបាយជូរមកលក់ទៀត ទិញទៅថ្ងៃមុនរសជាតិគ្រាន់បើ! បើមានទុកឲ្យមួយដបផង!"
" ចា៎សបងស្រីស្អាតអរគុណ! ពេលខ្ញុំទំនេរខ្ញុំនឹងមកទីនេះលក់ម្ដងទៀត!" នាងតូចកាងស៊ូជីងសើចលឹបភ្នែក ពេលទទួលបានអតិថិជនផឹកស្រាត្រូវមាត់
" អេក្មួយ! ថ្ងៃនេះមកតែម្នាក់ឯងទេឬ?" អ៊ំស្រី ដែលតែងតែជួយទិញនាងតូចសួរឡើង ព្រោះរាល់ដងឃើញមកពីនាក់ តែថ្ងៃនេះឃើញនាងតូចមកម្នាក់ឯងង អត់មិនបាននឹងឲ្យគាត់សួរ ព្រោះបារម្ភពីក្មេង ឃើញមកម្នាក់ឯងគាត់ក៏ចេះតែខ្លាចទៅ ព្រោះដើរម្នាក់ឯងក៏មិនល្អដែរ ណាមួយគាត់ក៏មិនដឹងថាផ្ទះនាងតូចនៅឯណា គ្រាន់តែដឹងត្រឹមថា រាល់ថ្ងៃចុងសប្តាហ៍នាងតូចរូបស្រស់បានសម្ដីម្នាក់នេះ តែងតែមកលក់របស់រហូត!
" ចា៎សអ៊ំ! ថ្ងៃនេះប្អូនឈឺមិនបានមកជាមួយទេ អ៊ំត្រូវការផ្កាទេ...ផ្កាស្រស់ៗណាស់" ឃើញអ៊ំស្រីដូចមាននិស្ស័យ អត់មិនបាននឹងឲ្យចិត្តនាងចង់សួរភ្លាមនាងក៏ចង់ឆាប់ទៅចំការវិញដែរ ព្រោះនាងមកថ្ងៃនេះរាងយូរបន្តិចហើយ នាងក៏ខ្លាច! ខ្លាចពេលត្រឡប់ទៅចំការវិញប៉ាស្ដីឲ្យ
" ឲ្យអ៊ំទាំងអស់មក! ថ្ងៃហើយឆាប់ត្រឡប់ទៅវិញទៅ!" គាត់ញញឹម ទើបហុចលុយឲ្យនាងតូច ស៊ូជីងទទួលយកទាំងសប្បាយចិត្ត ទើបរៀបចំផ្កាឲ្យអ៊ំស្រី
