«បងកុំព្រួយរឿងនេះទុកចិត្តលើប្អូនស្រីរបស់បងបាន យប់នេះបងត្រៀមខ្លួនរង់ចាំកាដូពីខ្ញុំទៅគឺបានហើយ»
ជុប!
ប៊ែលឱនចំពិតថ្ពាល់បងប្រុសមួយខ្សឺត ហើយក៏ក្រោកដើរចេញទៅ តាមដោយងក់ក្បាលបន្តិចដាក់ស្ទេឡាដែលឈរនៅក្បែរនោះ នេះជាសញ្ញាបញ្ជាក់ថាបន្តិចទៀតគួរតែត្រៀមខ្លួននឹងធ្វើរឿងអ្វី។
«បន្ទោសយើងមិនបានទេនីយ៉ា! គួរតែបន្ទោសនាងខ្លួនឯងដែលថ្លើមធំចង់ដណ្ដើមប្រុសរបស់យើង» ទឹកមុខស្រទន់ប្រែជាកំណាចទៅតាមកម្សួលនៃភ្លើងកំហឹងដែលឆាបឆេះនៅក្នុងទ្រូង។
ឆ្ងល់ណាស់មែនទេ? ថាហេតុអ្វីបានជានាងនិយាយបែបនេះ? មែនហើយ! ព្រោះតែនាងលួចស្រលាញ់រ៉ូណាល់យូរណាស់មកហើយ ប៉ុន្តែគ្រាន់តែសាមីខ្លួនគេមិនបានដឹងតែប៉ុណ្ណោះថានាងមានចិត្តចំពោះគេ ព្រោះគេចាត់ទុកនាងត្រឹមតែជាប្អូនស្រីមិត្តសម្លាញ់របស់គេតែប៉ុណ្ណោះ។ ក៏ព្រោះតែមានបងប្រុសនេះហើយទើបនាងអាចចូលទៅសិ្នទ្ធស្នាលជាមួយគេបាន... ហើយដោយសារតែភាពស្និទ្ធស្នាលមួយនេះឯង ទើបគ្រប់គ្នាមើលមកនាងនឹងគេមានភាពសាកសមនឹងគ្នា ហើយព្រោះតែភាពសាកសម ទើបនាងត្រូវកម្ចាត់រាល់មនុស្សស្រីដែលចូលមកក្បែរខ្លួនគេ! ព្រោះមានតែនាងម្នាក់ប៉ុណ្ណោះដែលមានសិទ្ធបាននៅក្បែរគេ តែបើនាងមិនបានគេ ស្រីណាក៏គ្មានសិទ្ធបានគេដែរ...
ខណៈពេលដែលមនុស្សម្នាគ្រប់គ្នាកំពុងសប្បាយអបអរនៅក្នុងកម្មវិធី នីយ៉ាឯណេះវិញបានត្រឹមអង្គុយសោកសៅកណ្ដោចកណ្ដែងតែម្នាក់ឯង កែវភ្នែករេសម្លឹងរកមើលរ៉ូណាល់ តែបែរជាមិនឃើញអ្នកកំលោះនៅកន្លែងដើមដូចមុននេះ ចិត្តមួយចង់ទៅរកគេតែក៏មិនដឹងថាគេបាត់ស្រមោលទៅណា នៅក្នុងកម្មវិធីដ៏ធំមួយនេះ... ចិត្តមួយទៀតក៏ចង់ត្រលប់ទៅបន្ទប់វិញតែក៏មិនហ៊ាន ព្រោះខ្លួនទើបតែមកមិនទាន់ដល់២០នាទីស្រួលបួលផង។
នីយ៉ាងើយសម្លឹងមើលគ្រប់គ្នានៅក្នុងកម្មវិធីមួយភ្លែត មុននឹងងាកមកចាប់អារម្មណ៍នឹងទូរសព្ទនៅក្នុងដៃរបស់ខ្លួនវិញ ស្រីស្អាតព្យាយាមចុចផ្ញើរសារទៅអ្នកណាម្នាក់ជាច្រើនលើកច្រើនសារ តែអ្នកខាងនោះហាក់មិនទទួលបានឬយ៉ាងម៉េចបានជាមិនតបសារមកនាងវិញសោះ...
នីយ៉ាៈ ប៉ាយលីឯងគេងហើយឬនៅ?
ប៉ាយលីៈ .....
នីយ៉ាៈ ប៉ាយលីខ្ញុំអផ្សុកខ្លាំងណាស់ គ្មានឯងមកជាមួយខ្ញុំមិនសប្បាយសោះ...
ប៉ាយលីៈ ....
នីយ៉ាៈ ប៉ាយលីខ្ញុំពិបាកចិត្តណាស់! បងរ៉ូណាល់គាត់មិនចាប់អារម្មណ៍ជាមួយខ្ញុំទេ តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?
ប៉ាយលីៈ ....
នីយ៉ាៈ ប៉ាយលីឯងចេញមកកំដរខ្ញុំបន្តិចបានទេ?
ប៉ាយលីៈ ....
នីយ៉ាៈ នែ! យាយប៉ិសម្អុយមកយកខ្ញុំចេញពីកន្លែងនេះផង ខ្ញុំមិនចង់នៅកន្លែងនេះទៀតទេ គ្រប់គ្នាគ្មានអ្នកណាគេចាប់អារម្មណ៍នឹងខ្ញុំទេ...
ប៉ាយលីៈ ....
នីយ៉ាៈ លើកទីមួយហើយដែលខ្ញុំទទួលបានអារម្មណ៍ឯកាបែបនេះ...
ប៉ាយលីៈ ....
នីយ៉ាៈ បើឯងបានអានសារនេះ ឆ្លើយតបខ្ញុំវិញផង!
នីយ៉ាអង្គុយសម្លឹងមើលទូរសព្ទដៃរបស់ខ្លួន យ៉ាងអស់សង្ឃឹមនៅពេលមើលប្រអប់ឃើញតែការផ្ញើចេញរបស់ខ្លួន តែមិនមានសារឆ្លើយតបសូម្បីតែមួយពីប៉ាយលី។ នៅខណៈពេលដែលស្រីតូចកំពុងអង្គុយសោកសៅម្នាក់ឯង សុខៗស្រាប់តែមានសំឡេងរំខានពីមនុស្សដែលនាងមិនចង់ចួបប៉ុន្មាន។
«មកអង្គុយអីម្នាក់ឯងទីនេះនីយ៉ា?» ប៊ែលឡាចូលមកអង្គុយក្បែរ នីយ៉ាតាមដោយស្ទេឡាចូលមកអង្គុយក្បែរនាង។
«...» នីយ៉ាមិនតបបានតែសម្លឹងមើលពួកគេទាំងពីរ មិនមែននាងមិនដឹងនិយាយអ្វី ប៉ុន្តែនាងមិនចង់និយាយជាមួយពួកគេច្រើនជាង ព្រោះតាំងពីដើមមកនាងមិនដែលស៊ីខ្សែជាមួយនឹងពួកគេនោះទេ។
«ឯងញ៉ាំអីហើយឬនៅ?» ឃើញអ្នកចំពោះមុខមិននិយាយអ្វី ប៊ែលឡាក៏ព្យាយាមសួរនាំធ្វើដូចជាបារម្ភខ្លាំងណាស់អីចឹង។
«នៅទេ!» នីយ៉ាតបកំបុតតែប៉ុណ្ណឹងហើយក៏ស្ងាត់ទៅវិញ បញ្ជាក់ឱ្យដឹងច្បាស់ថានាងមិនបានចង់និយាយជាមួយពួកគេនោះទេ។
«ហ្នេះ! ឯងញ៉ាំទៅខ្ញុំទើបតែយកមកមុននេះ នៅមិនទាន់បានញ៉ាំនោះទេ» ប៊ែលរុញចាននំដែលកាន់មកជាមួយនេះដាក់ពីមុខនីយ៉ា មុននឹងងាកមកឱ្យសញ្ញាស្ទេឡាតាមរយៈក្រសែភ្នែកអាសិរិ្ពសមួយគូនោះ។
«ហើយនេះទឹកឯងផឹកទៅ ពួកខ្ញុំឃើញឯងមិនទាន់បានញ៉ាំអ្វីផឹកអ្វីទើបមានចិត្តយកមកឱ្យ» ស្ទេឡាដាក់កែវទឹកពីមុខនីយ៉ា ហើយក៏ងាកមកវាយចិញ្ចើមម្ខាងដាក់ប៊ែលឡា ទាំងពីរនាក់ក៏ញោចញញឹមពិសពុលនៅចុងមាត់។
«អរគុណ! តែខ្ញុំមិនផឹកស្រាទេ» នីយ៉ាបដិសេធបំណងល្អអ្នកចំពោះមុខ ព្រោះគិតថាវាគឺជាស្រា។
«វាមិនមែនជាស្រាទេ! គ្រាន់តែជាទឹកក្រូចតែប៉ុណ្ណោះ» ស្ទេឡាតបទាំងញញឹមមកវិញ តែជាស្នាមញញឹមមួយដែលមិនគួរឱ្យទុកចិត្ត បើសិនជាសង្កេតឱ្យច្បាស់ជាងនេះ។
«អ៎! ចាស...» នីយ៉ាតបឱ្យតែបានៗ ដូចដែលដឹងហើយថានាងមិនសូវស៊ីខ្សែនឹងស្រីពីរនាក់នេះប៉ុន្មានទេ។
«មើលទៅឯងដូចជាចង់នៅស្ងៀមស្ងាត់តែម្នាក់ឯង បើអ៊ីចឹងពួកខ្ញុំមិននៅរំខានឯងទៀតទេ តស់! ស្ទេឡា» ប៊ែលឡានិងស្ទេឡាក្រោកដើរចេញពីត្រង់នោះជាមួយនឹងស្នាមញញឹមបង្កប់ទៅដោយភាពពិសពុល។
«នែ! ប៊ែលឡា ឯងថាទៅមើលនាងស្អីគេនោះវាព្រមស៊ីរបស់ដែលយើងយកទៅឱ្យវាដែរទេ?» ដើរចេញមកបានរាងឆ្ងាយបន្តិច ស្ទេឡាក៏ងាកមកសួរមិត្តសម្លាញ់ក្បែរដៃ។
«យើងក៏មិនប្រាកដចិត្តដូចគ្នា»
«ចុះបើផែនការនេះបរាជ័យវិញនោះ?»
«បើផែនការនេះបរាជ័យយើងក៏ប្រើផែនការបន្ទាប់ទៅ» ប៊ែលឡា ញោចញញឹមបន្តិចព្រមទាំងងាកទៅមើលក្ដាន់របស់ខ្លួន មិនយូរប៉ុន្មានស្នាមញញឹមមួយនោះញោចកាន់តែខ្លាំង បង្ហាញឱ្យឃើញពីភាពកំណាចឫស្សាកាន់តែច្បាស់ឡើងដូចគ្នា។
«មើលទៅយើងមិនចាំបាច់ត្រូវប្រើប្រាស់ផែនការបន្ទាប់នោះទេ ព្រោះថាក្ដាន់បានជាប់អន្ទាក់ទៅហើយ» ទាំងពីរនាក់សម្លឹងមើលទៅនីយ៉ា ដែលកំពុងតែញ៉ាំនំដែលពួកនាងយកទៅឱ្យមុននេះយ៉ាងពេញចិត្ត។
ត្រូវហើយព្រោះរបស់ដែលពួកនាងដាក់ វាមិនមែនមានតែនៅក្នុងកែវទឹកនោះទេ តែវាក៏មាននៅក្នុងចាននំដូចគ្នា...
«អន្លង់លើកនេះម៉េចក៏សត្វងាយជាប់អន្ទាក់យ៉ាងនេះ? ហ៊ឹះៗ» ទាំងពីរនាក់សើចយ៉ាងកំណាចចេញមក។
«ប៊ែលឯងខលប្រាប់បងប៊ែកទៅថាត្រីស៊ីនុយហើយ»
«យើងដឹងហើយ»
ចង់ដឹងណាស់បន្តិចទៀតនាងអាចនៅក្អេងក្អាងបានដូចពេលនេះទេ!
នីយ៉ាដែលកំពុងតែអង្គុយញ៉ាំនំ និងផឹកទឹកក្រូចឯណេះវិញបែរជាមិនដឹងថាខ្លួនកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ ព្រោះនាងក៏បានតាំងចិត្តហើយថាបន្ទាប់ពីញ៉ាំរបស់ចំពោះមុខអស់ហើយនឹងត្រលប់ទៅវិញហើយ។ ព្រោះមិនចង់នៅកន្លែងដែលធុញថប់បែបនេះ ម្យ៉ាងនាងក៏បារម្ភពីប៉ាយលីដូចគ្នាមិនដឹងថាមានរឿងអ្វីឬក៏អត់បានជានាងផ្ញើសារទៅមិនព្រមតបទាល់តែសោះ។
ទឺត ទឺត!
សំឡេងសារលោតចូលមក នីយ៉ាក៏ប្រញាប់ទាញទូរសព្ទមកមើលព្រោះគិតថាជាប៉ាយលីដែលតបសារ តែពេលឃើញឈ្មោះនៅលើអេក្រង់ទូរសព្ទក៏បានត្រឹមតែភ្ញាក់ផ្អើលព្រោះឈ្មោះដែលផ្ញើមកមិនមែនជាប៉ាយលីតែគឺជាគេ...
រ៉ូណាល់ៈ ខ្ញុំមិនដឹងថានាងបាននិយាយអ្វីខ្លះជាមួយនឹងប៉ាយលីទេ ទើបបានជាប៉ាយលីបដិសេធនឹងខ្ញុំហើយជ្រើសរើសរុញនាងមកឱ្យខ្ញុំ តែខ្ញុំសុំប្រាប់នាងឱ្យច្បាស់នៅថ្ងៃនេះ ថាមនុស្សស្រីដែលខ្ញុំស្រលាញ់គឺមានតែប៉ាយលីម្នាក់គត់... ខ្ញុំគ្មានថ្ងៃស្រលាញ់នាងមិនថាជាតិនេះឬជាតិណាខ្ញុំ ក៏នៅតែមិនអាចស្រលាញ់នាង ហើយកុំមករញ៉េរញ៉ៃនឹងខ្ញុំទៀត បើមិនចង់ឱ្យខ្ញុំរឹតតែស្អប់នាងជាងនេះ...
YOU ARE READING
ក្រសោបស្នេហ៍ ម្ចាស់កម្មពៀរ វគ្គ១
Romanceឈុតខ្លី ស្អាត រួសរាយ សុភាពរាបសា ជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នា ក៏ជាទីត្រូវការរបស់មនុស្សជុំវិញខ្លួនដូចគ្នា។ តែ...តែវាមិនមែនជារឿងល្អនោះទេ កាន់តែមានអ្នកស្រលាញ់ចូលចិត្តច្រើន ក៏មានមនុស្សច្រណែនស្អប់ច្រើនដូចគ្នា! តើនាងខុសទេគ្រាន់តែទទួលបានវា? ហេតុអី...
