«ហ្អែម! អង្គុយចុះសិនម៉ោ! ហើយនេះនឹកឃើញអីបានជាមករកបងដល់ក្រុមហ៊ុន?» ដែលអញ្ជើញនេះមិនដឹងជាអញ្ជើញអ្នកណាឱ្យប្រាកដ ម្ចាស់បន្ទប់ដែលឆ្កួតនឹងការងារបំផុត ក៏ព្រមក្រោកពីកៅអីរបស់ខ្លួនដើរមកអង្គុយលើសាឡុងកណ្ដាលបន្ទប់ធ្វើការខណៈ នីយ៉ាក៏ដឹកដៃមិត្តសម្លាញ់ចូលមកអង្គុយទល់មុខបងប្រុសកំពូលព្រានរបស់ខ្លួននៅធ្វើមុខមាត់ដូចគ្មានទាស់អ្វីបានទៀត។
«មកពីខ្ញុំនឹកបងនឹងណា! បែកពីរអាទិត្យនឹកស្លាប់ទៅហើយ នឹកបងឡៃឡាដូចគ្នា» អ្នកនាងតូចចាប់ផ្ដើមញ៉ិកញ៉ក់បង្ហាញឫកពាគួរឱ្យស្រលាញ់ សាងឱ្យអ្នកជាបងប្រុសសើចហួសចិត្ត ស្របពេលគ្នាប៉ាយលីក៏ញញឹមស្រទន់បែបអស់សំណើចដែរ។
“សង្ហាណាស់!” ប៉ាយលីសរសើរអ្នកខ្លះនៅក្នុងចិត្តដូចកាលពីបានចួបគ្នាលើកដំបូងនៅក្នុងបរិវេណសាលា
“គួរឱ្យស្រលាញ់ដែរតើ” មិនមែនមានតែនាងទេ អ្នកកំលោះកំពូលព្រានពេលប្រទះនឹងស្នាមញញឹមស្រស់មួយនោះហើយ ក៏អត់លួចសរសើរអ្នកខ្លះក្នុងចិត្តមិនបានដូចគ្នា។
អីយ៉ាស់! កំលោះក្រមុំទាំងពីរនេះយ៉ាងម៉េចហ្នឹង? លួចចាប់អារម្មណ៍គ្នារៀងខ្លួនហើយតើនៀក! នៅលួចសរសើរគ្នាក្នុងចិត្តទៀត បើប្រាប់តែម្ដងទៅមិនល្អឬយ៉ាងម៉េច ហុ ហុ...
«ឡៃឡាក៏រអ៊ូថានឹកឯងដូចគ្នា ទំនេរក៏ខលទៅលេងនាងខ្លះទៅ» ដើម្បីបន្លប់អាកាៈរបស់ខ្លួន និកនិយាយជាមួយនឹងនីយ៉ាទាំងព្យាយាមបង្គាប់ភ្នែកមិនឱ្យដៀងមើលទៅអ្នកខ្លះដែលនៅក្បែរនោះ។
«ខលម្ដងណាក៏បងស្រីយំដែរ យំខ្លាំងជាងខ្ញុំទៅទៀត ហិហិ...» ឱ្យតែឃើញបងស្រីយំនាងក៏អត់ភ្នែកទន់តាមមិនបាន។
«ហើយនេះទំនេរឬយ៉ាងម៉េចបានជាមករកបង?» មាត់សួរនាំអ្នកប្អូនស្រីតែភ្នែកក៏ដៀងមើលអ្នកខ្លះ ដែលគិតតែពីឈ្ងោកមុខមិនព្រមហាស្ដីអ្វី មិនចាំបាច់រ៉ាយរ៉ាប់ប្រាប់ក៏ដឹងថានាងប្រហែលជាអៀនគេហ្នឹងឯង។
ទាំងក្រសែភ្នែកនិងឫកពាបងប្រុស ត្រូវប្អូនស្រីច្រឡើមមើលធ្លុះទាំងអស់តែក៏អត់ឃ្នើសចិត្តនឹងកំពូលបងមិនបាន ដែលសម្លឹងមើលមិត្តរបស់ខ្លួនដូចរាជសីហ៍ចង់ត្របាក់ចំណីបែបនេះ ធម្មតាទេសារជាតិជាព្រានតែអីចឹងរបស់ណាល្អគួរឱ្យចាប់អារម្មណ៍គឺជាប់ចិត្តចង់បានទាំងអស់ហ្នឹង។
«ថ្ងៃនេះចុងសប្ដាហ៍ទើបពួកខ្ញុំចង់សម្រាកលម្ហែខួរខ្លះ មិនមែនដូចជាបងគិតតែធ្វើការគ្មានថ្ងៃសម្រាកនោះទេ» នីយ៉ាមានចេតនាឡកឡាយឱ្យអ្នកខ្លះ ដែលសាមីខ្លួនក៏យល់ន័យ។
«បើបងមិនខំធ្វើការទេ ម៉េចនឹងមានប្រាក់ចិញ្ចឹមប្អូនស្រីពូកែញ៉ាំទៅ» និកញ៉ោះទៅមនុស្សពូកែឌឺវិញ។ មិនមែនតែឌឺធម្មតាទេ នៅថែមទាំងក្បាលរឹងពូកែងរង៉ក់រករឿងមិនឈប់ទៀត។
«ឆឹស! កុំចេះតែថាខ្ញុំមិនបានញ៉ាំច្រើនទេ...អេ៎! ត្រូវហើយមកយូរហើយភ្លេចណែនាំឱ្យស្គាល់នាងគឺប៉ាយលី មិត្តរួមបន្ទប់របស់ខ្ញុំ! ប៉ាយលីនេះបងនិកខូល យ៉ាងម៉េចដែរនៅខាងក្រៅសង្ហាទេ?» អ្នកនាងតូចកំពូលកូរអស់ពីទៅញ៉េះញ៉ោះបងប្រុស ក៏មកញ៉ោះអ្នកកំពុងអៀនវិញម្ដង ហើយក៏បានពិតមែនផលពេលថ្ពាល់ក្រហមប្រឿងៗប្រែជាក្រហមដូចប៉េងប៉ោះទុំទៅហើយ។
«នីយ៉ា!» ឮសម្ដីអ្នកខ្លះហើយប៉ាយលីស្រែកតិចៗឡើងមក នៅមានឱ្យកាដូមនុស្សពូកែស៊កសៀតទៀត។
ផាច់!
ប៉ាយលីឈ្ងោកមុខខ្មាសនៅវាយដៃអ្នកខ្លះមួយទំហឹង តែអ្នកខ្លះមិនឈឺបែរជាសើចស្រស់ដោយការសប្បាយចិត្តទៅវិញ ឫកពាអៀនប្រៀនគ្មានស្អីលាក់បាំងរបស់ស្រីក្រមុំ។ និកឯណេះវិញឃើញហើយ ក៏អត់ញញឹមពេញចិត្តមិនបានបន្ថែមដោយមោទនភាពនៃភាពសង្ហារបស់ខ្លួន យ៉ាងហោចណាស់ក៏បានដឹងថាស្រីតូចចំពោះមុខចាប់អារម្មណ៍នឹងគេដូចគ្នា បើមិនចាប់អារម្មណ៍នាងដែលអាចអៀនគេដល់មុខក្រហមបែបនេះឬ។
«ពួកយើងធ្លាប់ចួបគ្នា?» គេប្រាកដក្នុងចិត្តមួយពាន់ភាគម៉ឺន តែក៏សួរបែបប្រយោលទៅកាន់នាងតូច ចង់ដឹងថានាងនៅចងចាំគេដូចគេចងចាំនាងដែរទេ។ មិនមែនចាំធម្មតាទេ! ដល់ថ្នាក់ពេលគេងក៏យល់សប្ដិឃើញមុខតូចមួយនេះដែរ គ្រប់គ្នាអាចនិយាយថាគេឆ្កួតក៏បានដែរ ប៉ុន្តែសូម្បីតែគេខ្លួនឯងក៏មិនយល់ដូចគ្នា ថាហេតុអ្វីធ្លាក់ខ្លួនដល់ថ្នាក់នេះ។
«ចាស! នៅថ្ងៃនោះខ្ញុំដើរបុកលោក» អៀនគេហើយនឹងបានជាមិនហ៊ានងើបមុខមកឱ្យគេឃើញ ហ៊ានតែងើបមុខឡើងគ្រប់គ្នាច្បាស់ជាសើចចំអកនាងមិនខានទេ មិនប្រាប់ក៏ដឹងថានាងមុខក្រហមប៉ុណ្ណាដែរ ពេលនេះនាងកំពុងក្ដៅ មិនមែនតែមុខទេតាមដងខ្លួនក៏ដូចគ្នា។
«...» និកមិនតបក្រៅពីញញឹមមានមោទនាភាពកាន់តែខ្លាំង ហៅថាក្ដីសុខក៏ថាបានពេលក្ដាន់តូចនៅចងចាំខ្លួន បញ្ជាក់ឱ្យគេកាន់តែដឹងច្បាស់ថានាងក៏ចាប់អារម្មណ៍នឹងខ្លួនដូចគ្នា។
«នេះអ្នកទាំងពីរស្គាល់គ្នាដែរឬ?» ដឹងច្បាស់ហើយនៅមានមុខមកសួរទៀតអ្នកនាងតូចនេះយ៉ាប់ណាស់។
«មិនចំជាស្គាល់ទេ! តែបន្តិចទៀតអាចជាស្គាល់គ្នាកាន់តែច្បាស់ត្រូវទេ ប៉ាយលី?» ចុងប្រយោគនិកមានចេតនាសួរអ្នកចំពោះមុខប្រយោគរបស់គេមិនមែនក្នុងន័យគំរាមកំហែង បែបវាយលុកតាមចរិតព្រានរបស់ខ្លួន។ តែអ្នកណាទៅដឹងសម្រាប់ស្រីតូចមិនដឹងអីដូចជាប៉ាយលី ស្ដាប់ឮហើយទៅញ័រអស់ទាំងប្រាណតែម្ដង។
«គឺ!...» ជាលើកដំបូងតាំងពីមកដល់ដែលនាងហ៊ានសម្លឹងចំ មុខប្រុសកំលោះ ក៏ជាលើកដំបូងដែលនាងមានអារម្មណ៍ទទួលដឹងដល់ចំហាយប្រមាញ់ពីរាជសីហ៍ដូចគ្នា។
«បងប្រុសកុំធ្វើបាបប៉ាយលីរបស់ខ្ញុំមើល៍!» ដឹងថាអ្នកម្ខាងទៀតខ្លាចនឹងប្រយោគព្រានបងប្រុសមុននេះ នីយ៉ាអ្នកនាងកំពូលហួងហែងរបស់ ចេញមុខធ្វើជារនាំងពាំងការពារមិត្តសម្លាញ់ ពីការវាយលុករបស់ស្ដេចប្រយុទ្ធ ទាំងដែលខ្លួនឯងជាអ្នកនាំសួយសារអាករមកឱ្យស្ដេចត្រាញ់សោះហ្នឹង។
«ត្រង់ណាដែលថាបងធ្វើបាបមិត្តរបស់ឯង!» យ៉ាប់ខ្លាំងណាស់ប្អូនស្រីម្នាក់នេះ ទាំងដែលជាអ្នកបញ្ជូនកូនក្ដាន់មកឱ្យគេសោះហ្នឹង ឥលូវមកតាំងខ្លួនជាអ្នកអភិរក្សសត្វអីឯណា។
«បងប្រុស!!» នីយ៉ាខាំមាត់ដាក់អ្នកខ្លះ ដែលនិយាយបានទាំងមុខស្រស់គ្មានរអៀសចិត្តអីបន្តិចសោះហើយ។
តុក តុក!
សំឡេងគោះទ្វារមកព្រមជាមួយនឹង រាងកាយមាំសង្ហារបស់អ្នកណាម្នាក់ ដើរចូលមកតែមិនប៉ុន្មានជំហាន អ្នកខាងនោះបែរជាត្រូវបញ្ឈប់ជើងមួយខណៈនៅបង្ហាញឫកពាស្រឡាំងកាំង មិនខុសពីឫកពារបស់និកមុននេះ ចង់ដឹងណាស់ហ្អេសថាគេជាអ្នកណា? គឺពីទ័រនោះអីដែលដឹងច្បាស់ពីអារម្មណ៍របស់ចៅហ្វាយចំពោះស្រីតូចចំពោះមុខ ហើយដល់មកបានចួបគ្នាទល់មុខបែបនេះមានអារម្មណ៍យ៉ាងម៉េចទៅ ចង់ដឹងណាស់នៀក ហុ ហុ...!
«អឺ! ចៅហ្វាយ...» គេចង់សួរថាវាកើតឡើងដោយរបៀបណា តែគ្រប់យ៉ាងត្រូវកាត់ផ្ដាច់ដោយអ្នកខ្លះមុនទៅហើយ។
«ទុកឯកសារហើយទៅធ្វើការឯងវិញចុះ» និកមិនចង់និយាយអ្វីច្រើននាំតែកូនក្ដាន់ដឹងខ្លួនទាន់ ទើបបង្វែរសាច់រឿងនិយាយមុន។
ВЫ ЧИТАЕТЕ
ក្រសោបស្នេហ៍ ម្ចាស់កម្មពៀរ វគ្គ១
Любовные романыឈុតខ្លី ស្អាត រួសរាយ សុភាពរាបសា ជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នា ក៏ជាទីត្រូវការរបស់មនុស្សជុំវិញខ្លួនដូចគ្នា។ តែ...តែវាមិនមែនជារឿងល្អនោះទេ កាន់តែមានអ្នកស្រលាញ់ចូលចិត្តច្រើន ក៏មានមនុស្សច្រណែនស្អប់ច្រើនដូចគ្នា! តើនាងខុសទេគ្រាន់តែទទួលបានវា? ហេតុអី...
