ភាគទី០៧

145 4 0
                                        

«ច្បាស់ជាអ៊ីចឹងហើយ! ខ្ញុំនឹងរៀនញ៉ាំអាហារទាំងនេះ ក៏មិនព្រមឱ្យអ្នកណាដៀលបានងាយឡើយ ហ៊ឹសៗ» ក្រមុំទាំងពីរសើចស្រស់បង្ហាញស្នាមញញឹមស្រទន់ឫកពាគួរឱ្យស្រលាញ់ ទាក់ទាញក្រសែភ្នែកមនុស្សនៅជុំវិញនេះ មិនលើកលែងសូម្បីក្រសែភ្នែកកំណាចរាជសីហ៍ កំពុងមើលមកពួកនាងបែបហក់សង្គ្រុប តែក៏មិនដឹងថាក្រសែភ្នែកមួយគូនោះសម្លឹងទៅអ្នកណារវាងក្រមុំទាំងពីរ។
«នែ! ឯងមើលស្អីក៏មើលម្ល៉េះ? គិតចង់ត្របាក់សិស្សប្អូនឬយ៉ាងម៉េច?» ប៊ែកឃ្លី កេះមិត្តសម្លាញ់ជាមួយសម្ដីបង្អាប់បែបលេងសើច តាមចរិតព្រានរបស់ខ្លួនទាំងភ្នែកក៏មិនព្រមដកចេញពីមុខស្រទន់តូចទាំងពីរដូចគ្នា។
«គ្រាន់តែចាប់អារម្មណ៍តែប៉ុណ្ណោះ» រ៉ូណាល់ញាក់ស្មាបែបហីៗធ្វើជាមិនចាប់អារម្មណ៍បែបប្រុសស្អាតតាមរហ័សនាមដែលស្រីៗដាក់ឱ្យ ទាំងដែលការពិតក្នុងចិត្តកញ្ជ្រោលចង់ចូលទៅស្និទ្ធស្នាលនឹងអ្នកណាម្នាក់ឡើងញ័រខ្លួនទៅហើយ។
រ៉ូណាល់ ដេរ៉ូហ្វើ កំលោះសង្ហាចាយរាងទាំងសង្ហាទាំងពូកែកូនអ្នកមានស្ដុកស្ដម្ភ ហើយភាពអស្ចារ្យឥតខ្ចោះរបស់គេនេះឯងធ្វើឱ្យស្រីៗតាមចោមរោមមិនថាទាំងនៅមុខបន្ទប់គេងឬបន្ទប់រៀន។ ប៊ែកឃ្លី គីលដាន់តា ក៏មានរហ័សនាមមិនខុសពីមិត្តសម្លាញ់ប៉ុន្មានដែរ និយាយទៅពួកគេទាំងពីរទាំងឆ្លាតទាំងពូកែប្រហាក់ប្រហែលគ្នា ហើយអ្វីដែលកាន់តែដូចគ្នាបំផុតនោះគឺចរិតព្រាននារីនេះឯង គ្រាន់តែថាម្នាក់ព្រានបែបថ្លៃថ្នូរ ម្នាក់ព្រានបែបមិនសូវថ្លៃ។
ហួចយ៉ាងម៉េចទៅមិនសូវថ្លៃ! និយាយឱ្យចំទៅគឺថោកទាប ហុ ហុ...
រវាងពួកគេទាំងពីរគឺព្រានស្មើដៃគ្នា គ្រាន់តែថាម្នាក់លេងជាមួយមនុស្សដែលខ្លួនត្រូវការហើយអ្នកខាងនោះក៏ត្រូវការគេ ប៉ុន្តែម្នាក់ទៀតមិនថាគេត្រូវការឬស្រីទាំងនោះត្រូវការគេ គេនឹងស្ម័គ្រលេងជាមួយទាំងអស់។
បន្ទាប់ពីចាត់ការអាហារល្ងាចរួចរាល់ក្រមុំស្អាតទាំងពីរដែលគ្មានអ្វីត្រូវធ្វើស្រាប់ ក៏មិនដឹងទៅណាក្រៅពីត្រលប់មកបន្ទប់ស្នាក់របស់ខ្លួនវិញ មើលទៅគ្រប់យ៉ាងហាក់ដូចជាធម្មតា តែអ្វីដែលមិនធម្មតានោះគឺស្នាមញញឹមបែបក្ដីសុខដែលលម្អជាប់លើផ្ទៃមុខនីយ៉ា។ ទោះកន្លងផុតទៅជាច្រើននាទីក៏មិនព្រមរសាយសោះថ្នាក់អ្នកខ្លះអត់តាមមើលបែបសង្ស័យមិនបាន ដែលសុខៗនាងតូចក៏ញញឹមបែបគ្មានហេតុផលស្អីបែបនេះ។
«នីយ៉ា! ឯងកើតអីម៉េចក៏ញញឹមមិនឈប់បែបនេះ?» ទ្រាំមើលអ្នកម្ខាងទៀតបន្តលែងបាន នឹងការជាប់គាំងនឹងស្នាមញញឹម ប៉ាយលីដាច់ចិត្តសួរតែម្ដងហើយសំណួររបស់នាងក៏បានផល ពេលសាមីខ្លួនងាកមករកនាងទាំងបិទស្នាមញញឹម។
«គ្មានអីទេ!» មាត់តូចស្អាតខ្ជឹបចូលគ្នាណែនមិនមែនលាក់បាំងកំហុសតែកំពុងទប់ស្នាមញញឹមរបស់ខ្លួនទៅវិញទេ។
«គ្មាន! ចុះហេតុអីក៏ញញឹម? មានអីមែនទេប្រាប់ភ្លាម!» ទោះជាពួកនាងទើបតែស្គាល់គ្នាមិនប៉ុន្មានម៉ោង ប៉ុន្តែមិនដឹងថាហេតុអីក្រមុំទាំងពីរស្រាប់តែមានអារម្មណ៍ថាស្និទ្ធស្នាលដូចមនុស្សស្គាល់គ្នារាប់ឆ្នាំមកអីចឹង អាចថាមកពីពួកនាងមានចរិតច្រើនដែលស្រដៀងគ្នាក៏ថាបាន។
«បើប្រាប់ហើយកុំបង្អាប់ខ្ញុំណា៎!» នីយ៉ាងាកមកហាមជាមុន មុននឹងព្រមប្រាប់ពីមូលហេតុ ខ្លាចថាប្រាប់ហើយនឹងត្រូវអ្នកម្ខាងទៀតសើចនឹងភាពរវើរវាយរបស់ខ្លួន។
«អូខេ!» ប៉ាយលីងក់ក្បាលទាំងលើកដៃធ្វើជាសញ្ញាបញ្ជាក់ បង្ហាញទៅកាន់នីយ៉ាឱ្យអ្នកខ្លះស្ងប់ចិត្ត។
«គឺថា...នៅអាហារដ្ឋានមុននេះ ឯងមានឃើញសិស្សច្បងពីរនាក់ដែលអង្គុយទល់មុខពួកយើងទេ? ពួកគាត់ទាំងពីរសង្ហាខ្លាំងណាស់» មកដល់ចំណុចនេះអ្នកនាងតូចនីយ៉ា អត់បង្ហាញទឹកមុខរំភើបមិនបាន។
«អត់មានទេ!» ផ្ទុយពីអ្នកចំពោះមុខធ្វើមុខរំភើបដូចចង់ហោះ ប៉ាយលីបែរជាធ្វើមុខឡេឡឺមិនដឹងអីទៅវិញ អាចថាមកពីនាងមិនសូវជាចាប់អារម្មណ៍រឿងទាំងនេះក៏ថាបាន មិនមែនថានាងមិនចាប់អារម្មណ៍មនុស្សប្រុសទេ គ្រាន់តែគិតថារឿងទាំងនេះវាគ្មានប្រយោជន៍។
«ហូយ! ឯងនេះចំជាភ្នែកស្អុយមែន សង្ហាទាក់ភ្នែកគ្រប់គ្នាទៅហើយឯងម៉េចក៏មើលមិនឃើញ» នីយ៉ាអស់ពីធ្វើមុខរំភើបក៏ប្ដូរមកជាឃ្នើសចិត្តនឹងមិត្តថ្មីស្ទក់ៗម្នាក់នេះវិញ។
«ថាភ្នែកស្អុយក៏បាន» ថាចុះនាងមិនកំណាញ់នាងសុខចិត្តភ្នែកស្អុយនឹងប្រុសព្រានសង្ហាទាំងនោះ ប្រសើរជាងភ្នែកភ្លឺតែខ្វាក់ចិត្តប្រើបេះដូងទៅស្រលាញ់មនុស្សខុស។ «តែថាពួកគេសង្ហាមានទាក់ទងអីនឹងឯងដែរ? ម៉េចក៏ឯងដើរញញឹមមិនឈប់បែបនេះ?» នេះជាសំណួរដែលនាងត្រូវការចម្លើយពីអ្នកម្ខាងទៀត។
«ឯងមិនដឹងមែនឬពេលនៅកន្លែងញ៉ាំអីមុននេះ ខ្ញុំឃើញពួកគាត់សម្លឹងមើលមកពួកយើងរហូត» នីយ៉ាអត់រំជួលចិត្តម្ដងទៀតមិនបាន ទោះជាក្រសែភ្នែកមួយនោះសម្លឹងមកបែបមិនច្បាស់លាស់ក៏ដោយ តែក៏អាចឱ្យនាងដឹងថាពួកនាងគឺជាគោលដៅដែលគេសម្លឹងមក។
«ពិតមែនឬ!» សម្ដីរបស់នាងស្ដាប់ទៅដូចជាភ្ញាក់ផ្អើលបន្តិចរំភើបបន្តិច តែបើមើលទឹកមុខវិញគឺនាងកំពុងឆ្ងល់ច្រើនជាង មិនចាប់អារម្មណ៍ថាខ្លួនត្រូវបានគេសម្លឹង។
«អឹម! តែមិនដឹងថាមើលឯងឬក៏មើលខ្ញុំទេ! តែមើលអ្នកណាមិនសំខាន់ទេព្រោះពួកយើងសុទ្ធតែស្អាតដូចគ្នា» នីយ៉ាងនិយាយឡើងទាំងមានភាពជឿជាក់ពេញខ្លួន។
«ឯងចាប់អារម្មណ៍ប្រុសព្រានទាំងនោះឬ?» ប៉ាយលីសួរទាំងបង្ហាញទឹកមុខព្រឺរអានឹងសម្ដីរំភើបរបស់នីយ៉ា។
«ធម្មតាទេប្រុសសង្ហាធ្វើអ្វីក៏សម» នាងចេះតែនិយាយបែបនេះឯង ទាំងនាងដែលស្អប់ប្រុសព្រានជាងពីស្អីទៅទៀត។ អេ៎! តែបងប្រុសសង្ហារបស់នាងជាករណីលើកលែង ហុហុ...
«ហ៊ឹសៗ ឯងនេះ! ចេះស្រលាញ់ប្រុសសាវ៉ាទៅកើត» ប៉ាយលីមិនរំភើបជាមួយក្រៅពីបង្ហាញទឹកមុខរាបស្មើដូចកន្ទេល។
«នែ! ឯងមិនចូលចិត្តប្រុសសង្ហាទេឬ? ឬឯងជាប្រភេទស្រលាញ់ភេទដូចគ្នា...!» នីយ៉ាធ្វើជាដំឡើងសំឡេងចុងប្រយោគ លើកដៃឱបខ្លួនតូចរបស់ខ្លួន នៅមានបើកភ្នែកធំៗបែបភ្ញាក់ផ្អើលទៀត «នែ កុំណា៎! ខ្ញុំមិនបានរើសអើងទេ តែខ្ញុំស្រលាញ់មនុស្សប្រុសមិនមែនស្រី!» ចោទប្រកាន់គេដោយប្រយោលមិនអស់ចិត្តទេ ស្រីតូចនៅមានបង្ហាញឫកពាធ្វើដូចខ្លាចប៉ាយលីថែមទៀត។
«ហាសហា ឆ្កួតហើយ! ខ្ញុំមិនបានស្រលាញ់ស្រីគ្នាឯងទេ ឯងនេះកាន់តែផ្ដេសផ្ដាសសទៅហើយ» ប៉ាយលីបដិសេធទាំងមុខក្រហមរាល់ពេលដែលត្រូវគេបង្អាប់។
«ពិតមែនឬ?» អ្នកនាងតូចកំពូលច្រឡើម ឈ្ងោកមុខមកសួរធ្វើដូចមិនជឿជាក់អ្នកចំពោះមុខ ទាំងដែលតាមពិតចង់ញ៉ោះគេសោះហ្នឹង។
«អឹម! ខ្ញុំនៅគិតពីអនាគតមានប្ដីមានកូនទៀត» ប៉ាយលីងក់ក្បាលព្រមទាំងនិយាយនូវគំនិតទៅថ្ងៃអនាគតរបស់ខ្លួនឱ្យអ្នកខ្លះបានដឹង។
«ហ្វូ! ខំតែភ័យ» នីយ៉ានិយាយព្រមទាំងធ្វើពុតជាលើកដៃអង្អែលទ្រូងបង្ហាញអាការៈធូរទ្រូងមកវិញ ទង្វើមួយនេះទាញសំណើចអ្នកខ្លះឱ្យសើចមិនឈប់។ «តែថាទៅពួកគេសង្ហាយ៉ាងណា ក៏ធៀបមិនបានបងប្រុសរបស់ខ្ញុំដែរ» លើកលោកនេះមិនថាមានអ្នកល្អអស្ចារ្យប៉ុណ្ណា ក៏មិនអាចប្រៀបស្មើបងប្រុសរបស់នាងដែរ គ្មានថ្ងៃជាដាច់ខាត។
«និយាយបែបនេះ ខ្ញុំដូចជាចង់ឃើញមុខបងប្រុសរបស់ឯងហើយនៀក» ប៉ាយលីឌឺដងលេងសើចមិត្តសម្លាញ់តែអ្នកម្ខាងទៀតបែរជាធ្វើមែន។
«ចាំខ្ញុំឱ្យមើល...» មិននិយាយតែមាត់នីយ៉ាបើកកាបូបបម្រុងនឹងយកទូរសព្ទចេញមក ប៉ុន្តែក៏...
តុក តុក
មិនទាន់បានទាញទូរសព្ទចេញមកផង សំឡេងគោះទ្វារពីខាងក្រៅក៏បន្លឺឡើងមុនទៅហើយ ទាញឱ្យក្រមុំទាំងពីរត្រូវងាកទៅតាមប្រភពសំឡេងដោយខានមិនបានទាំងមិនភ្លេចជ្រួញចិញ្ចើមចងជាប់គ្នា។
«អ្នកណាគេមកឬ?»  នាងតូចនីយ៉ាឱនខ្សឹបសួរស្រីក្រមុំចំពោះមុខឆ្លាស់គ្នាមើលទៅទ្វារម្ដងម្កាល។
«ខ្ញុំក៏មិនដឹងដែរ! ចាំខ្ញុំទៅបើក» ចប់សម្ដីក្រមុំប៉ាយលីសំដៅទៅមាត់ទ្វារបន្ទប់គេង ព្រមទាំងបើកទ្វារភ្លាមមិនអេះអុញច្រើន ខ្លាចថានឹងធ្វើឱ្យអ្នកខាងក្រៅរង់ចាំយូរ។
រាងកាយស្អាតស្រឡៅស្រឡូនរបស់ស្រីក្រមុំឆើតឆាយពីរនាក់ លេចរូបរាងឡើងនៅពីមុខប៉ាយលី ព្រមជាមួយស្នាមញញឹមបែបរីករាយរាក់ទាក់ជាមិត្តតែម្ដង មិនខុសពីអ្នកចំពោះមុខ ប៉ាយលីក៏ញញឹមជាមិត្តតបវិញ។
«សួស្ដី/សួស្ដី» ក្រមុំរូបស្រស់ទាំងពីរនិយាយឡើងដំណាលគ្នា ត្រឹមបានឃើញអ្នកខាងក្នុងបើកទ្វារបន្ទប់ចេញមក។
«ចាសសួស្ដី» ប៉ាយលីដែលរួសរាយស្រាប់ ក៏ប្រញាប់ញញឹមរាក់ទាក់ទៅអ្នកនៅមុខបន្ទប់វិញ នៅមានភ្នែកសម្លឹងពួកនាងមិនដាក់ភ្នែកទាំងនឹកសរសើរនិងសង្ស័យព្រមគ្នា។

ក្រសោបស្នេហ៍ ម្ចាស់កម្មពៀរ វគ្គ១Donde viven las historias. Descúbrelo ahora