ភាគបញ្ចប់

1.4K 27 2
                                        

«អូនដឹងខ្លួនហើយឬប្រពន្ធសម្លាញ់? អូនមាននៅឈឺត្រង់កន្លែងណាទៀតទេ មានអារម្មណ៍ថាមិនស្រួលត្រង់កន្លែងណាឬក៏អត់?» មិនសួរនាំតែមាត់តែនៅមានយកដាទៅស្ទាបតាមរាងកាយភរិយាថ្នមៗដោយការចង់ដឹងថែមទៀត ទង្វើរបស់គេធ្វើឱ្យសាច់ទុំទាំងអស់គ្រវីហួសចិត្ត តែស្របពេលនោះក៏ញញឹមមានក្ដីសុខដែលឃើញគេស្រលាញ់បារម្ភប្រពន្ធកូនបែបនេះ។
«អូនធូរហើយមិនអីនោះទេ...ចុះឯណាកូនរបស់យើង?» ទាំងដែលរាងកាយកំពុងតែឈឺចាប់ខ្លាំងតែនាងចាំបាច់ត្រូវកុហកស្វាមី ព្រោះមិនចង់ឱ្យស្វាមីបារម្ភជាងនេះទៀត មើលមុខស្លេកស្លក់របស់គេក៏ដឹងថាមិនបានសម្រាកដែរ។
«កូននៅបន្ទប់របស់ទារក បន្តិចគ្រូពេទ្យយកកូនមកឱ្យអូនបំបៅហើយ» ហ្វ្រេង តបភរិយាសំឡេងស្រាលផ្អែម ទាំងមិនភ្លេចឱនទៅប្រថាប់ថ្ពាល់ស្លេកភរិយាមួយខ្សឺត។
ជុប!
«ពេលនេះគ្រីយ៉ាដឹងខ្លួនហើយ ម៉ាក់ថាកូនគួរតែទៅសម្រាកបានហើយ ទីនេះទុកឱ្យប៉ាម៉ាក់នៅមើលថែក៏បានដែរ នេះកូនមិនបានសម្រាកពេញមួយយប់ហើយ» ម៉ាដាមចូលមកនិយាយជាមួយនឹងកូនប្រុសដោយទឹកចិត្តព្រួយបារម្ភក្នុងនាមជាម្ដាយ ថាទៅកាត់មិនមែនទើបតែនិយាយនោះទេ គាត់បានដេញកូនឱ្យទៅសម្រាកតាំងពីយប់ម្ល៉េះ គ្រាន់តែកូនប្រុសក្បាលរឹងម្នាក់នេះមិនព្រមទៅ ថានៅរង់ចាំទាល់តែប្រពន្ធភ្ញាក់ដឹងខ្លួនសិន តែចាំមើលពេលនេះប្រពន្ធដឹងខ្លួនហើយក៏មិនព្រមទៅដេកដែរគាត់ហ៊ានដាក់ក្បាលធានា។
«ខ្ញុំមិនអីទេអ្នកម៉ាក់ ត្រឹមប្រពន្ធកូនពីរនាក់ខ្ញុំអាចមើលថែបាន ម៉ាក់កុំធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សគ្មានបានការ សូម្បីតែប្រពន្ធកូនក៏គ្មានសមត្ថភាពមើលថែ» គេដឹងថាឪពុកម្ដាយព្រួយបារម្ភ តែក្នុងនាមជាស្វាមីជាឪពុកម្នាក់គេត្រូវធ្វើតួនាទីដោយខ្លួនឯង មិនត្រូវការអ្នកណាមកធ្វើជំនួសនោះទេ គ្រប់សម្ដីរបស់គេមុននេះធ្វើឱ្យអ្នកជាភរិយាញញឹមរំភើបមានក្ដីសុខ។
«ម៉ាក់ឯងមិនបានមានន័យថាឯងគ្មានសមត្ថភាពនោះទេ ប៉ាម៉ាក់គ្រាន់តែបារម្ភពីឯង ចង់ជួយសម្រាលទុក្ខធុរៈរបស់ឯងតែប៉ុណ្ណោះ» ប្រមុខដែលទ្រាំស្ដាប់ភរិយារអ៊ូបារម្ភពីកូនប្រុសតាំងពីម្សិលរហូតមកដល់ពេលនេះ អត់ចេញមុខមិនបានព្រោះកូនម្នាក់នេះក្បាលរឹងខ្លាំងកម្រិតណា។
«មើលថែប្រពន្ធកូនមិនមែនជាភារៈដែលធ្ងន់ធ្ងរនោះទេលោកប៉ា...» ទ្រាំឃើញភាពចចេសរឹងរូសរបស់ស្វាមីបន្តទៀតមិនបាន គ្រីយ៉ាត្រូវលូកមាត់មកដោយខានមិនបាន។
«តែយ៉ាងណាបងក៏ត្រូវតែសម្រាកខ្លះដែរ បងមិនដេកមិនពួនបែបនេះបើសុខៗបងស្រាប់តែដួលបាត់ តើបានអ្នកណាមើលថែអូននិងកូន? អូននិងកូនទៅទីពឹងនឹងអ្នកណា? បងត្រូវមានតួនាទីមើលថែអូននិងកូនយូរទៀត» នាងចង់នៅរួមរស់ជាមួយគេមិនមែនត្រឹមតែ១ថ្ងៃ១ខែឬក៏១ឆ្នាំនោះទេ តែនាងចង់មានគេនៅក្បែរអស់១ជីវិតរហូតដល់នាងអស់ដង្ហើម។
«ពេលនេះសម្ដីរបស់ម៉ាក់កូនលែងស្ដាប់ហើយ ប៉ុន្តែសង្ឃឹមថាកូនមិនជំទាស់បញ្ជារបស់ប្រពន្ធឱ្យសោះណា៎ហ្វ្រេង» ម៉ាដាមនិយាយឡើងក្នុងគោលបំណងឌឺដងកូនប្រុសចំៗកណ្ដាលមុខ សាងឱ្យសាមីខ្លួនចង់ហាមាត់តវ៉ាក៏មិនបាន។
«អ្នកម៉ាក់...»
«បងត្រូវត្រលប់ទៅវិញសម្រាក!» ម្ដងនេះគ្រីយ៉ាត្រូវដំឡើងសំឡេងធ្ងន់ជាងមុន ធ្វើឱ្យអ្នកជាស្វាមីត្រូវឆ្លើយយល់ព្រមដោយសំឡេងផ្អែម។
«បាទទទួលបញ្ជាប្រពន្ធសម្លាញ់ រង់ចាំអូនបំបៅកូនរួចសឹមបងទៅសម្រាកពីរបីម៉ោងក៏បាន»
«មិនមែនពីរបីម៉ោងទេ តែបងត្រូវគេងឱ្យឆ្អែត»
«អូខេៗ អ្នកស្រីប្រពន្ធ...» ឃើញកូនប្រុសដែលធ្លាប់តែជាខ្លាតែក៏ប្រែជាឆ្មាបែបនេះ ធ្វើឱ្យមនុស្សចំណាស់ទាំងអស់អត់អស់សំណើចមិនបាន។
«នៅមានទៀត! បងត្រូវទៅសម្រាកមិនមែនទៅលួចធ្វើការនោះទេ» គ្រីយ៉ាគំរាមស្វាមីសំឡេងធ្ងន់ៗម្ដងទៀត។
«បងដឹងហើយ មិនហ៊ានឱ្យល្មើសបញ្ជារបស់ប្រពន្ធនោះទេ»
«អូនស្រលាញ់បង ប្ដីសម្លាញ់...»
«បងក៏ស្រលាញ់ប្រពន្ធរបស់បងដែរ» ហ្វ្រេង ឱនប្រថាប់បបូរមាត់ភរិយាដូចគ្នានឹងអ្នកម៉ាក់ក៏ថើបតបយ៉ាងផ្អែមល្ហែមមកវិញ។
«ពួកកូនស្រលាញ់គ្នាឱ្យខ្លាំងៗទៅ ចៅរបស់ម៉ាក់ទុកឱ្យពួកម៉ាក់ស្រលាញ់ក៏បានដែរ» ប្រយោគរបស់ម៉ាដាមសាងឱ្យគ្រប់គ្នាអស់សំណើចខ្លាំងៗព្រមគ្នាតែម្ដង។
នាងពិតជាមានក្ដីសុខខ្លាំងណាស់ ដែលមានគ្រួសារពេញដោយក្ដីស្រលាញ់នឹងភាពកក់ក្ដៅបែបនេះ ហើយរឹតតែមានសំណាងដែលបានស្វាមីល្អឥតខ្ចោះម្នាក់នេះមករួមចំណែកនៅក្នុងជីវិតរបស់នាង។
៣ខែក្រោយមក
រាងតូចច្រឡឹងគ្រង់ឈុតដំណេក ដែលនៅតែស្រស់ទាំងដេលទើបតែសម្រាលកូនបានប៉ុន្មានខែ ឈរលំហែអារម្មណ៍នៅត្រង់រានហាលបន្ទប់គេង ខ្យល់អាកាសនាពេលយប់ចាប់ផ្ដើមចុះត្រជាក់ នៅមានបក់មកប់ះនឹងរាងកាយតូចធ្វើឱ្យសាមីខ្លួនត្រូវលើកដៃមកអង្អែលដើមដៃរបស់ខ្លួនតិចកាត់បន្ថយភាពត្រជាក់ ប៉ុន្តែវាក៏មិនបានជួយឱ្យរាងកាយនាងកក់ក្ដៅស្មើនឹងរង្វង់ដៃដ៏កក់ក្ដៅរបស់ស្វាមីដែលកំពុងតែលូកមកឱបក្រសោបនាងពីក្រោយនៅពេលនេះទេ។
«ម៉េចក៏មិនឈរត្រង់នេះ មេឃចាប់ផ្ដើមចុះត្រជាក់ហើយប្រយ័ត្នទៅជាផ្ដាសាយ» ហ្វ្រេង ឱបក្រសោបភរិយាណែនណាន់ក្នុងរង្វង់ដៃ នៅមានយកចង្កាមាំដាក់នៅក្បាលតូចរបស់ភរិយាព្រមទាំងយោកខ្លួនតិចៗហាក់កំពុងបំពេរលួងលោមដល់នាង។
«មានរង្វង់ដៃកក់ក្ដៅរបស់បងឱបបែបនេះហើយ ធានាថាអូននឹងគ្មានថ្ងៃឈឺជាដាច់ខាត» គ្រីយ៉ាតបសំឡេងផ្អែមស្រទន់មកកាន់អ្នកជាស្វាមី។
«ហ៊ឹសៗ» ហ្វ្រេង អស់សំណើចនៅដើម.កស្របពេលបេះដូងក៏រីកមាឌពោរពេញទៅដោយសេចក្ដីសុខ។
«ហ្វ្រេង...»
«បាទប្រពន្ធសម្លាញ់» មិនដឹងយ៉ាងម៉េចមួយរយៈនេះតាំងពីក្លាយជាឪពុកគេហើយ គេចេះតែចង់និយាយផ្អែមដាក់ភរិយាកាន់តែខ្លាំងឡើង ហើយគេក៏ជឿថានាងចូលចិត្តស្ដាប់វាដូចគ្នា។
«អូនមានរឿងចង់និយាយជាមួយបង» គ្រីយ៉ាងាកខ្លួនមកឈរទល់មុខស្វាមីទាំងមិនភ្លេចលូកដៃឱបចង្កេះមាំរបស់គេ។
«អូនមានរឿងអីឬ?»
«អូនចង់និយាយជាមួយបងពីរឿងរបស់កូន...» គ្រីយ៉ានិយាយបែបមិនពេញសំឡេង ព្រោះនេះមិនមែនលើកទីមួយនោះទេដែលនាងនិយាយរឿងនេះជាមួយស្វាមី ប៉ុន្តែរាល់លើកដេលនិយាយពេលណាក៏ត្រូវស្វាមីបដិសេធរហូត។
«បើជារឿងនេះបងនិយាយហើយថាមិនបានទេ!» ហ្រ្វេងតបទាំងសំឡេងរឹងដាក់ប្រពន្ធក្បាលរឹង។
«ហេតុអីក៏មិនបាន! ឬមួយបងគិតថាអូនគ្មានសមត្ថភាពនឹងបង្កើតកូនឱ្យបង?» គ្រីយ៉ាសួរស្វាមីទាំងសំឡេងងរង៉ក់ ណោមានរុញច្រានមិនឱ្យគេបានឱបខ្លួនថែមទៀត។
«បងមិនបានមានគំនិតបែបហ្នឹងទេប្រពន្ធសម្លាញ់ ប៉ុន្តែអូនក៏ដឹងបងមិនចង់ឃើញអូនឈឺ មិនចង់ឃើញអូនវេទនាព្រោះតែបង្កើតកូនឱ្យបងទៀតទេ ត្រឹមតែកូនម្នាក់នេះ... ត្រឹមមានអូននិងកូនប៉ុណ្ណឹងជីវិតបងទៅក្រោយក៏មានក្ដីសុខណាស់ទៅហើយ» គេមិនបានទាមទារអ្វីច្រើនលើសពីហ្នឹង ត្រឹមប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់គេ។
«ដើម្បីបងនិងកូនមិនថាអូនត្រូវឈឺចាប់វេទនាប៉ុណ្ណា ក៏អូនអាចជំនះវាបានដែរ...» នាងអាចធ្វើបានគ្រប់យ៉ាងសូមត្រឹមតែគ្រួសារមួយនេះមានក្ដីសុខទៅគឺបានហើយ។
«បងថាមិនបានគឺមិនបានហើយ!» ហ្វ្រេង នៅបន្តបដិសេធយ៉ាងដាច់អហង្ការដូចដើម។
«តែម្នាក់ទៀតទេណា៎លោកប្ដី...» គ្រីយ៉ាចូលមកម្ញ៉ិកម្ញ៉ក់ដាក់ស្វាមីដោយការលើកដៃមកស្ទាបអង្អែលផែនទ្រូងហាប់ណែនតិចៗ។
«មិនថាម្នាក់ឬប៉ុន្មាននាក់ក៏បងមិនសហការដែរ»
«បើបងមិនព្រមមានកូនជាមួយអូន អ៊ីចឹងអូនទៅមានកូនជាមួយអ្នកផ្សេងក៏បាន» គ្រីយ៉ាគំរាមស្វាមីឱ្យអ្នកខ្លះស្ដាប់ហើយសឹងតែដួលដាច់ផ្ងារ។
«គ្រីយ៉ា! នេះអូនចង់ឈ្នះបងឱ្យបានថ្នាក់នេះឬ?»
«នេះមិនមែនហៅការចង់ឈ្នះនោះទេ តែគេហៅថារកក្ដីសុខឱ្យគ្រួសារ» គ្រីយ៉ា ញញឹមស្រស់ដាក់ស្វាមីពេលដឹងថាពាក្យគំរាមរបស់ខ្លួនមុននេះបានផលហើយ។
តាមពិតនាងចេះតែគំរាមទៅ ព្រោះបើស្វាមីមិនព្រមនាងក៏មិនទៅធ្វើរឿងទាំងនោះដែរ... តែនាងដឹងថាយ៉ាងណាការគំរាមរបស់នាងក៏ត្រូវតែបានផលដូចគ្នា ហុហុ...!
«ឬមួយថាបងមិនចង់មានកូនជាមួយអូនទេ?»
«អ្នកណាថា! សម្រេចថាពួកយើងយកកូនតែម្នាក់ទៀតទេណា៎»
«ចាស»
«អ៊ីចឹងរង់ចាំឱ្យ ហ្វេក គេបាន៥ឆ្នាំចាំយើងយកប្អួនឱ្យកូន»
«៥ឆ្នាំឬ! ម៉េចក៏យូរយ៉ាងនេះ? តែ៣ឆ្នាំបានហើយ»
«៥ឆ្នាំ»
«៣ឆ្នាំបានហើយ» ប្ដីប្រពន្ធទាំងពីរឈរតវ៉ាគ្នារឿងយកកូនដូចជាកំពុងតែតវ៉ាថ្លៃទំនិញក្នុងផ្សារ។
«បងថា៥ឆ្នាំគឺ៥ឆ្នាំហើយ»
«ក៏បាន! អ៊ីចឹងចាប់ពីយប់នេះទៅបងនិងអូនត្រូវគេងបែកបន្ទប់គ្នា រង់ចាំដល់៥ឆ្នាំក្រោយសឹមពួកយើងគេងបន្ទប់រួមគ្នា... ហើយរយៈពេល៥ឆ្នាំនេះបងក៏គ្មានសិទ្ធប៉ះពាល់អូនដូចគ្នា» គ្រីយ៉ាគំរាមស្វាមីជាលើកទីពីរម្ដងទៀត ហើយនាងក៏ជឿថាម្ដងនេះវាក៏ទទួលបានលទ្ធផលដូចមុននេះដូចគ្នា។
«ពុទ្ធោគ្រីយ៉ា! អូខេៗបងព្រមចុះចាញ់អូនហើយ» នេះគេពិតជាមិនអាចយកឈ្នះប្រពន្ធម្នាក់នេះបានមែនឬ?
ហ៊ើយ! ថាទៅគេមិនដែលគិតចង់ឈ្នះនាងស្រាប់ទៅហើយ ប៉ុន្តែលេងសុទ្ធតែគំរាមគេគ្រប់រឿងបែបហ្នឹង គេមិនដាច់ខ្យល់ស្លាប់ទៅហើយទេហ្អេស ឱ្យធ្វើស្អីគេធ្វើបានតែឱ្យមកដេកឆ្ងាញប្រពន្ធយកកាំបិតមកចាក់.កគេឱ្យស្លាប់ទៅល្អជាង។
«អូនស្រលាញ់បងប្ដីសម្លាញ់!» គ្រីយ៉ាលូកដៃទៅឱបកស្វាមីទាំងមិនភ្លេចចំទើតជើងទៅថើបថ្ពាល់គ្រើមស្វាមីឱ្យជារង្វាន់។
«ស្រលាញ់ប្រពន្ធរបស់បងខ្លាំងណាស់ កូនរបស់យើងផងដែរ» ហ្វ្រេង អៀងចំពិតថ្ពាល់ទន់មួយខ្សឺតទាំងមិនភ្លេចដៀងសម្លឹងមើលទៅកូនប្រុសដែលកំពុងគេងលក់ស្កប់ស្កល់នៅក្នុងអង្រឹងរបស់ទារក។
ជុប!
លោកប៉ាអ្នកម៉ាក់ឱបក្រសោបគ្នាណែនដៃ នៅក្រោមជំនោរខ្យល់ត្រជាក់នៃរាត្រីកាល មិនខ្វល់ថាថ្ងៃក្រោយទៅជាយ៉ាងណា ចួបរាល់ឧបសគ្គលំបាកប៉ុណ្ណា សុំត្រឹមបាននៅក្នុងរង្វង់ដៃរវាងគ្នានឹងគ្នា ពួកគេក៏មិនឃ្លាតនឹងជំនះឧបសគ្គទាំងនោះជាមួយគ្នាដែរ។
ក្ដីស្រលាញ់មួយនេះនឹងស្ថិតស្ថេរជានិរន្តររហូតទៅ...

ធ្លាប់ឮគេនិយាយថាស្អប់ជំពប់លើដែរទេ? ពេលនេះគេបានចួបវាហើយ... ស្អប់ខ្លាំងប៉ុណ្ណា ស្រលាញ់ខ្លាំងទ្វេដងប៉ុណ្ណឹង!
ពេលខ្លះយើងគ្រាន់តែនិយាយថាស្អប់ ប៉ុន្តែបើយើងរៀនបើកចិត្តរៀនយល់ពីវា យើងនឹងរកឃើញរឿងរ៉ាវពិតប្រាកដនៅពីក្រោយពាក្យថា «ស្អប់» ទាំងអស់នោះ។

ជាកិត្តិយសពីនាងខ្ញុំ មេលលី នាងខ្ញុំសូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រិយមិត្តអ្នកអានជាទីស្រលាញ់ ដែលបានធ្វើការតាមដាននូវសាច់រឿងរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់។ នាងខ្ញុំក៏ព្រមទទួលយកនូវមតិរិះគន់ពីអ្នកទាំងអស់គ្នា ដើម្បីធ្វើការស្ថាបនានៅសាច់រឿងក្រោយៗទៀត ឱ្យកាន់តែមានភាពរីកចម្រើនជាងនេះ សូមអរគុណសម្រាប់ការគាំទ្រ។
ពីនាងខ្ញុំ.....មេលលី

Has llegado al final de las partes publicadas.

⏰ Última actualización: Mar 27 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

កំហិត​ស្នេហ៍ចៅហ្វាយចិត្តព្រានDonde viven las historias. Descúbrelo ahora