ភាគ៣២

1.3K 75 1
                                    

«...»ថេយ៉ុង លែងសួរនាំ បានត្រឹមងក់ក្បាលតិចៗទាំងមុខស្ងួត ឯគេក៏កញ្ឆក់សោរឡាននៅលើតុហើយដើរចេញទៅបាត់ នាយតូច លបដើរតាមពីក្រោយខ្នងមិនឲ្យដឹង ហើយក៏ទច់ដំណើរឈប់ត្រឹមមុខទ្វារ ចិត្តចង់ជូនដំណើរគេដល់កន្លែងចតឡានដែរ ប៉ុន្តែខ្លាចរំខាន ទើបបានត្រឹមតែឈរសម្លឹងតាមបង្អួចកញ្ចក់មើលគេបើកឡានចាកចេញទៅ។
«បងប្រុស លោកពូទៅណាទាំងព្រឹកហ្នឹង?»យ៉ុងប៊ីនអង្គុយចាំយូរពេក ទើបដើរមកសួរ ខណៈនោះអ្នកជាបងប្រុស ក៏បែរមកតបទាំងមុខស្ងួត៖
«គេស្រាប់តែមានការសំខាន់ត្រូវធ្វើ»
«ចឹងពួកយើងញ៊ាំមុនទៅ ខ្ញុំឃ្លានហើយណា៎»នាងល្អិតពោលត្អូញត្អែរទាំងមុខជូ រួចក៏ចាប់អូសដៃថេយ៉ុងទៅជាមួយ នាយតូចក៏បណ្តោយខ្លួនដើរតាមនាង ហើយដាក់ខ្លួនអង្គុយមុខតុបាយទាំងគ្មានអារម្មណ៍ ឯទឹកមុខហាក់ស្រងូតស្រងាត់ខ្លាំង រហូតធ្វើឲ្យយ៉ុងប៊ីនអត់សង្ស័យមិនបាននិងសួរនាំ៖
«បងនិងលោកពូឈ្លោះគ្នាមែនទេ?»
«អត់ទេ»នាយតូចងើបមុខឆ្លើយ មុននិងយកចង្កឹះចាប់ម្ហូបមកញុកក្នុងមាត់ ព្យាយាមទំពារយ៉ាងជូរចត់ មែនហើយ..ពួកយើងមិនបានឈ្លោះគ្នាទេ ប៉ុន្តែហេតុអីគ្រាន់តែពាក្យសម្តីជុងហ្គុកនិយាយប៉ុន្មានម៉ាត់សោះ បែរជាប៉ះទង្គិចផ្លូវចិត្តខ្លាំងម៉្លេះ?ឬមកពីគេគិតច្រើនពេក? គិតដល់ត្រឹមហ្នឹង ចង្កឹះក្នុងដៃក៏របូតជ្រុះដោយអចេតនា ធ្វើឲ្យយ៉ុងប៊ីនភ្ញាក់ក្រញាង៖
«បងកើតអី?»
«បងមិនអីទេ ឯងញ៊ាំបន្តទៀតចុះ បង...ឆ្អែតហើយ» ចប់សម្តី នាយតូចក៏ក្រោកចេញពីតុអាហារ ហើយដើរទៅបន្ទប់បាត់ ចំណែកយ៉ុងប៊ីនអង្គុយចងចិញ្ចើមឆ្ងល់ជាមួយនិងឫកពាស្ងប់ស្ងៀមរបស់បងប្រុស។ថេយ៉ុង មិនដែលបែបនេះពីមុនមក ទោះគេពិបាកចិត្តរឿងអ្វីក៏ដោយ ក៏សុខចិត្តនៅកំដរប្អូនញ៊ាំបាយរាល់ថ្ងៃ មានរឿងអ្វីក៏និយាយប្រាប់ប្អូនទាំងអស់ មិនលាក់បាំងឡើយ តែថ្ងៃនេះនាងសួរអីក៏បានតែឆ្លើយថាមិនអីទេ!ប៉ុន្តែទឹកមុខវិញហាក់ដូចកំពុងតែអន់ចិត្តរឿងអ្វីមួយ។
...
នៅព្រលានយន្តហោះ
កំលោះតូចមាឌស្តើង ស្បែកសចែងចាំង ទម្រង់មុខពងក្រពើ ច្រមុះស្រួច ចិញ្ចើមក្រាស់ រោមភ្នែកងរអមកែវភ្នែកពណ៌ត្នោត រាងកាយស្រឡូនដៃជើងតូចៗ ហាក់ដូចមនុស្សស្រី កំពុងឈរកាន់វ៉ាលីសពណ៌ផ្កាឈូក រងចាំនរណាម្នាក់មកទទួលជាមួយនិងស្នាមញញឹម។
«ជុងហ្គុក...»សំឡេងស្រាលស្រទន់ពិរោះគួរឲ្យចង់ស្តាប់ បន្លឺហៅអ្នកដែលកំពុងដើរសំដៅមក ស្របពេលម្ចាស់សំឡេងរត់ទៅឱបរាងកាយមាំរបស់នាយកំលោះយ៉ាងណែននិងពោរពេញដោយក្តីនឹករលឹក។
«ក្បាលខូច ម៉េចក៏កុហកបង ក្រែងអូនថាមួយសប្តាហ៍ទៀតទើបមក?»ជុងហ្គុក លើកដៃអង្អែលខ្នងក្មេងប្រុសមាឌល្អិតនោះដោយភាពស្និតស្នាល ក្មេងនោះក៏ងើបមុខឆ្លើយទាំងញញឹមចេញថ្ពាល់ខួច៖
«អូនចង់ធ្វើឲ្យបងភ្ញាក់ផ្អើល បងមិនរំភើបចិត្តទេឬ ដែលអូនមកដល់មុនថ្ងៃដែលបានប្រាប់?»ស្តាប់តាមសម្តីដែលសាសងគ្នា ច្បាស់ហើយថាទំនាក់ទំនងរបស់ពួកគេជ្រាលជ្រៅកម្រិតណា។
«រំភើបណាស់»កំលោះសម្តីផ្អែម ឱននិយាយក្បែរត្រចៀកជាមួយនិងស្នាមញញឹមចុងមាត់ ឯទឹកមុខព្រានក៏បង្ហាញឡើងភ្លាម ពេលកំលោះតូច ជេអ៉ីន បង្ហាញឫកពាក្រម៉ិចក្រម៉ើម ហើយឱបគេយ៉ាងស្អិតហាក់មិនចង់លែង ព្រោះខានជួបគ្នាយូរហើយ ធ្វើឲ្យអារម្មណ៍នឹកនាកាន់តែកើនឡើងសឹងតែលេបគេទុកក្នុងពោះទៅហើយ។
«សម្តីផ្អែមដដែល»
«ចុះបងនៅសង្ហាដដែលទេ?»
«សង្ហាជាងមុន»ជេអ៉ីន លើកដៃក្រសោបមុខផ្ទៃរបស់គេដោយអារម្មណ៍ឈ្លក់វង្វេង ឯជុងហ្គុកក៏យកដៃអង្អែលម្រាមតូចៗទាំងញញឹម បន្ទាប់មកគេក៏ជួយកាន់វ៉ាលីសដែលនៅជិតនោះ រួចបណ្តើរជេអ៉ីនដើរទៅរកឡាន ហើយបើកចាកចេញពីទីនោះទៅ។
...
ត្រឡប់មកដល់ភូមិគ្រឹះភ្លាម អ្នកដែលចេញមកទទួលមុនគេគឺ មេដោះចេន គ្រាន់តែឮសន្ធឹកឡាន គាត់ក៏ស្ទុះវឹង រត់មកទាំងលើខ្លួននៅពាក់អាវអៀមចុងភៅនៅឡើយ ព្រោះគិតថា ថេយ៉ុងមកលេង ប៉ុន្តែពេលទៅដល់ ស្នាមញញឹមក៏រលាយបាត់ដូចផ្សែង ព្រោះគ្រប់យ៉ាងមិនដូចអ្វីដែលគាត់គិត សុខៗ ក្មេងប្រុសដែលមហារឹងរូសប្រចាំភូមិគ្រឹះកាលពីមួយឆ្នាំមុន បានបង្ហាញមុខឡើងម្តងទៀត...
«ជំរាបសួរមេដោះ ខានជួបមេដោះយូរហើយ តើសុខសប្បាយទេ?»ជេអ៉ីន ចុះចេញពីឡានភ្លាម ក៏ញញឹមរាក់ទាក់ ខណៈដែល មេដោះ ធ្វើមុខស្មើៗ គត់ឮហើយតែមិនចង់តប ថែមទាំងបែរទៅនិយាយជុងហ្គុកដែលឈរនៅពីក្រោយខ្នងឯណោះយ៉ាងព្រងើយ៖
«ម្ចាស់តូចធ្វើឲ្យមេដោះស្វាងទាំងព្រឹកតែម្តងហើយ»មេដោះសម្លឹងជុងហ្គុកដោយក្រសែភ្នែកនឹងធឹង គាត់ជាចាស់ទុំនៅទីនេះ គាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់ សូម្បីតែទំនាក់ទំនងរវាងក្មេងប្រុសម្នាក់នេះជាមួយនិងជុងហ្គុកផងដែរ គាត់ចំណាំមុខ ជេអ៉ីន ច្បាស់ណាស់ រឿងអីដែលមិនចាំ?! កូនប្រុសកំពូលទំនើងរបស់គ្រួសារអភិជន ដែលធ្លាប់បង្កររឿង នាំភាពរញ៉េរញ៉ៃដល់ផ្ទះនេះកន្លងមកនោះ? ហើយពេលនេះគាត់ជ្រើសស្ងប់ស្ងៀមមិនបង្ហើបរឿងអ្វីទាំងអស់។
«យកវ៉ាលីសទៅទុកទៅ»ជុងហ្គុក ងាកប្រាប់សុងហូ ដែលឈរក្បែរនោះ រួចក៏បណ្តើរជេអ៉ីន ចូលទៅខាងក្នុងផ្ទះកាត់មុខមនុស្សចាស់យ៉ាងជម្លើយ ធ្វើឲ្យមេដោះ ដកដង្ហើមធំទាំងក្រពុលមុខ តែគាត់មិនខឹងទេ ព្រោះគាត់ស្គាល់ចរិក ជុងហ្គុកច្បាស់ពេលខ្លះគេក៏ក្រអឺតក្រទមបែបនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យហួសចិត្ត គឺជេអ៉ីនមានឥទ្ធិពលលើជុងហ្គុកដល់ថ្នាក់ភ្លេចមនុស្សសំខាន់ម្នាក់ទៀត ដែលគាត់គិតប៉ងចេញមកទទួលមុននេះ។
  ពេលឈានជើងចូលមក ជេអ៉ីន កួចមាត់ញញឹមពព្រាយ ព្រោះក្នុងផ្ទះបាត់អ្នកបម្រើស្រីៗអស់ ហើយថែមទាំងដើរឡើងទៅបន្ទប់របស់ ជុងហ្គុក ភ្លាមៗ។ បន្ទប់គឺនៅដូចដើម គ្រាន់តែផ្លាស់ប្តូរគ្រឿងសង្ហារឹមខ្លះ ក្រឡេកទៅ ជុងហ្គុក ឈរផ្អែកស្មាមួយចំហៀងនៅមាត់ទ្វារធ្វើដូចគ្មានរឿងអ្វីកើតឡើង ទាំងដែលការពិត គេបាននាំមនុស្សម្នាក់ចាកចេញពីបន្ទប់នេះមុន រួចទៅហើយ។
...
ពេញមួយថ្ងៃ ដែលថេយ៉ុងសម្ងំលាក់ខ្លួនក្នុងបន្ទប់ ទន្ទឹងចាំផ្លូវមនុស្សជាទីស្រឡាញ់វិលវិញតាមពាក្យសន្យា ចាំតាំងពីព្រឹកដែលគេចាកចេញ រហូតដល់ព្រលប់ ឥឡូវក៏ឈានដល់យប់ពាក់កណ្តាលអាធ្រាត នៅតែមិនទាន់ឃើញស្រមោលគេ... រាងតូច អង្គុយឱបក្បាលជង្គង់លើពូ ក្បែរមាត់បង្អួច កែវភ្នែកសម្លឹងទៅទីក្រុងដែលមានពន្លឺភ្លឹបភ្លែតយ៉ាងស្រងូតស្រង៉ាត់ ខណៈខ្យល់ត្រជាក់ៗផាត់ចំផ្ទៃមុខដែលស្ងៀមស្ងួត ក្រៀមក្រោះហាក់ដូចកូលាបដែលត្រូវបានកាច់ពីទងទុកចោលយូរថ្ងៃ គិតថាមកនៅផ្ទះថ្មីនឹងបានសប្បាយចិត្ត បានរស់នៅជាមួយគេដោយភាពស្ងប់សុខ តែមើលចុះ ទើបតែផ្លាស់មកមិនបានប៉ុន្មានផង គេទុកចោលបាត់ទៅហើយ។នាយតូចទ្រាំចាំដោយការបារម្ភពេញទ្រូង ទូរស័ព្ទទៅក៏មិនចូល នាំឲ្យមានកូនចិត្តមួយលួចគិតថាខ្លួនឯងក្លាយជាមនុស្សរំខានសម្រាប់គេ ទើបដល់ថ្នាក់គេទុកចោលលែងអើពើបែបនេះ? នឹកឡើងក៏ឆួលចុងច្រមុះក្រហាយផ្សាពេញភ្នែក រំពេចនោះតំណក់ទឹកភ្នែកតូចៗ ហូរកាត់ផែនថ្ពាល់រលោងស្អាតដោយអារម្មណ៍តូចចិត្ត។
«យំធ្វើអី?គេគ្រាន់តែរវល់ការងារប៉ុណ្ណោះ...»ថេយ៉ុង រហ័សលើកដៃគ្រវាសទឹកភ្នែកចេញភ្លាម ថែមទាំងបន្ទោសខ្លួនឯងដែលទន់ខ្សោយ គ្រាន់តែរឿងប៉ុណ្ណឹងក៏បណ្តោយទឹកភ្នែកឲ្យហូរមកដែរ ហើយក៏សម្រូតខ្លួនចុះចេញពីពូកបម្រុងឈានដើរ ស្រាប់តែកែវភ្នែកប្រសព្វចំវត្តមានមនុស្សដែលគេរងចាំយ៉ាងយូរសែនយូរ។
«បងមកវិញហើយ»ម្ចាស់សំឡេង បន្លឺប្រាប់ពីមាត់ទ្វារលាយឡំដោយស្នាមញញឹមយ៉ាងស្រស់សង្ហា ឯថេយ៉ុងក៏រត់ទៅទទួលដោយការឱបក្រសោបរាងកាយគេ ជុុងហ្គុក ក៏ឱបតបវិញដោយភាពថ្នាក់ថ្នមស្របនិងប្រយោគ៖
«យប់ជ្រៅហើយ អូននៅមិនទាន់ចូលគេងទៀត»គេសួរហាក់ដូចបារម្ភ តែមានដឹងខ្លួនទេថាកំពុងតែបំពានសន្យា ឯណាថាឆាប់ត្រឡប់មកវិញ ឆាប់ពេកហើយ ដល់ថ្នាក់ថេយ៉ុងអង្គុយចាំចង់ស្ទះដង្ហើម ធ្វើឲ្យសំណួរទាំងនោះវាលែងមានន័យ លែងសំខាន់ទៀតហើយ នាយតូចក៏លែងចង់ឆ្លើយ ហើយគ្រាន់តែចង់សួរទៅកាន់គេវិញប៉ុន្មានម៉ាត់ដើម្បីឲ្យអស់ចិត្ត៖
«អូនគួរឲ្យធុញខ្លាំងណាស់មែនទេ?»
«អូន...»ជុងហ្គុកនិយាយបានមួយម៉ាត់ នាយតូចក៏កាត់សម្តីភ្លាមៗ៖
«ឆ្លើយមក បងធុញអូនហើយមែនទេ?»
គ្រាន់តែឃើញ ថេយ៉ុង សួរសង្កត់ចង់ដឹងលាយឡំដោយកែវភ្នែករលីងរលោង រាងក្រាស់ក៏រហ័សចាប់ទាញកាយតូចមកឱបក្រសោប ព្រមទាំងពោលលួងលោមស្របពេលឱនថើបសក់នាយតូចថើរៗ៖
«កូនឆ្មាតូចរបស់បង អូនកើតអី ម៉េចក៏សួរសំណួរប្លែកៗបែបនេះ?»
(បងទេដែលប្លែកនោះ ជុងហ្គុក...)

លន់តួស្នេហ៍Where stories live. Discover now