ភាគ១៧

1.2K 89 2
                                    

ជុងហ្គុក សួរទាំងលើកចិញ្ចើមសើចញញឹមឌឺដងស្របពេលបញ្ជូនកែវភ្នែកមុតស្រួចទៅកាន់ នាយតូច ដោយការគំរាម គេគ្រឺតក្មេងឌឺម្នាក់នេះណាស់ មិនមាត់ៗ តែពេលចេះនិយាយជេរគេយកតែម្តង ឯថេយ៉ុង បានត្រឹមតែសម្លក់មុខគេទាំងហួសចិត្តហួសប្រមាណ ដៃទាំងគូត្រូវគេចាប់ជាប់មិនលែង ហើយបបូមាត់ត្រូវគេច្របាច់ក៏វាមិនគួរឲ្យឈឺចិត្តឈឺខ្លាំងដល់ពាក្យប្រមាថចេញពីមាត់គេឡើយ។
«លែងខ្ញុំឥឡូវនេះភ្លាម»ថេយ៉ុង ស្រែកគំហកដោយកំហឹងពេញទ្រូង ស្របពេលព្យាយាមរមួលដៃចេញពីការជំរិតចាប់ ខណៈនោះជុងហ្គុក ក៏ព្រមដោះលែងអោយមានសេរីភាពវិញ ទើបលូកដៃជ្រែកហោប៉ៅខោឈានថយក្រោយត្រឹមពីរជំហ៊ានប៉ុណ្ណោះ រួចឈរជ្រិមភ្នែកមើលមុខ រាងតូច មិនដាក់ ថែមទាំងធ្វើឫកពាឡូយៗគួរឲ្យចង់ហក់ដាល់ឲ្យបែកចិញ្ចើមឌឺ កាន់តែមើលមុខគេ កាន់តែមានអារម្មណ៍ថាស្អប់ទើប នាយតូច កញ្ឆក់ខ្លួនប្រុងដើរគេចចេញ ស្របពេល យ៉ុងប៊ីន ត្រឡប់មកវិញល្មម៖
«បងប្រុស របស់ដែលបងត្រូវការមកដល់ហើយ» ស្រីតូច រត់មករក ថេយ៉ុង ទាំងទឹកមុខរីកស្រស់ ហើយហុចដបសាប៊ូទៅឲ្យ នាយតូច ទទួលយកទាំងញញឹមយ៉ាងសោះកក្រោះ៖
«ហ្អឹម អរគុណហើយ» នៅពីក្រោយស្នាមញញឹមមួយនេះមានតែទុក្ខសោក និង ការឈឺចាប់ ជិនឆ្អន់ រហូតអួលណែនទ្រូងនិយាយលែងចេញ តែព្យាយាមលាក់បាំងមិនឲ្យប្អូនស្រីឡើយ ហើយពេលគេទទួលរបស់ពីដៃរួច នាងតូច ក៏ស្ទុះរត់ចេញវឹង ទៅតាម ជុងហ្គុក ដែលកំពុងតែដើរក្រឡឹងមើលជុំវិញផ្ទះតូចចង្អៀតមួយនេះ ហាក់ដូចគ្មានរឿងអ្វីកើតឡើយ។
«ខ្ញុំស្មានថាលោកពូឆាប់ត្រឡប់ទៅវិញ ទើបខំរត់មកឲ្យឆាប់ដល់ផ្ទះ តាមពិតពូមិនទាន់ទៅវិញផង»
«ពូដឹងថាឯងមិនចង់ឲ្យពូឆាប់ទៅទេ មែនអត់?» ជុងហ្គុក ឧទានសួរដោយទឹកមុខញញឹមយ៉ាងស្រស់សង្ហា ឯក្មេងតូចក៏ងក់ក្បាលញញឹមដាក់វិញ មើលទៅពួកគេហាក់ស្និតស្នាលនិងគ្នាខ្លាំងណាស់ តែនាងតូចមិនបានឡើយថា បងប្រុសដ៏កំសត់របស់នាងកំពុងតាមសម្លឹងមើលមកដោយក្រសែភ្នែកភ័យព្រួយ ហើយសុខៗស្រាប់តែស្ទុះដើរចេញមក កញ្ឆក់កដៃ យ៉ុងប៊ីន អូសនាងចេញទៅម្ខាងឲ្យឃ្លាតឆ្ងាយពីមនុស្សសម្តីផ្អែមតែចិត្តអាក្រក់ម្នាក់នោះ ធ្វើឲ្យ យ៉ុងប៊ីន ភ្ញាក់ផ្អើលជាខ្លាំង។
«ចេញទៅ»ថេយ៉ុង សម្លុតដេញគេដោយទឹកមុខមាំ ដេញព្រោះមិនចង់ឲ្យគេចូលមកពាក់ព័ន្ធជាមួយនាង នាងនៅក្មេង មិនទាន់យល់អ្វីដែលហៅថាទង្វើរបោកបញ្ជោត ត្រឹមតែចង់នាំនាងចេញពីចំហាយអាក្រក់ទាំងនោះ កាន់តែឆ្ងាយកាន់តែល្អ ក្រឡេកទៅជុងហ្គុក គេឈរធ្មឹង ពើងទ្រូងយ៉ាងអំនួត មិនខ្ចីហើបជើងដើរទៅណា ស្របពេលនោះ នាងតូច ដែលត្រូវបងប្រុសចាប់បំបែកពីលោកពូ ក៏សួរឡើង៖
«បងប្រុស តើបងកើតអី?មិចក៏ចេះតែដេញគាត់ចេញអ៊ីចឹង?»យ៉ុងប៊ីន ចងចិញ្ចើមសួរទាំងមុខឆ្ងល់ខ្លាំង មានអារម្មណ៍ថាបងប្រុសនាងប្លែកយ៉ាងមិចមិនដឹង តាំងពីជួបជាមួយលោកពូនោះមក ឃើញតែសម្លក់ គំហកកំហុលដាក់ ហើយពេលឮក្មេងសួរដូច្នោះ ជុងហ្គុក ក៏ដណ្តើមឆ្លើយមុន៖
«បងប្រុសឯងកើតជំងឺហួងហែងទេដឹង ប៉ុន្តែមិនថ្វីទេ ព្រោះពូស៊ាំនិងចរិករបស់គេទៅហើយ»
«លោកពូ និង បងប្រុស ធ្លាប់ស្គាល់គ្នាពីមុនមកឬ?»
«អត់ទេ...»ថេយ៉ុង រហ័សឆ្លើយបានតែពីរមាត់ ជុងហ្គុក ក៏លូកមាត់ម្តងទៀត
«ប្រាកដហើយយ៉ុងប៊ីន មិនត្រឹមតែស្គាល់គ្នាធម្មតាទេ គឺស្និតស្នាលទៀតផង»នៅចុងប្រយោគ រាងសង្ហា ដើរទៅក្រសោបឱបស្មានាយតូចយ៉ាងព្រហើន ធ្វើឲ្យអ្នកដែលមិនបានត្រៀមខ្លួនគេច ចាប់របេះដៃគេចេញទាំងទ្រូងឆាបឆួល មនុស្សប្រុសអីធ្វើឫកគួរស្អប់បែបនេះ?
«បើលោកមិនចេញទេ ខ្ញុំនឹងប៉ូលិស»នាយតូច និយាយដោយទឹកមុខកាច ប៉ុណ្ណឹងហើយ ជុងហ្គុក នៅតែអាចរក្សាស្នាមញញឹមបានដដែល ប៉ុន្តែពេលសម្លឹងមុខគេយូរ ហាក់គួរឲ្យខ្លាចទៅវិញ។
«ពូលាទៅវិញហើយណា ក្មេងតូច...»ជុងហ្គុក ដើរទៅអង្អែលសក់ក្បាល យ៉ុងប៊ីន តិចៗមុននឹងរេរក្រសែភ្នែកទៅរក ថេយ៉ុង រៀបនឹងនិយាយទៅហើយ អ្នកខាងនោះក៏បោះសម្តីឡើង៖
«ទៅហើយមិនបាច់មកវិញទេ»
«មិនមកមិចកើត?យ៉ុងប៊ីន ក៏ជាក្មួយខ្ញុំដែរ»សម្តី ជុងហ្គុក ធ្វើឲ្យនាយតូច នឹកគ្រឺតក្នាញ់ពេញទ្រូងពេលនឹកដល់រឿងដែលគេបង្ហើបប្រាប់នៅឯផ្ទះបាយមុននេះ គេហៅយ៉ុងប៊ីនថាក្មួយពេញៗមាត់ ទាំងក្រោយខ្នងគេចាត់ទុកនាងត្រឹមតែជាកាដោះដូរដើម្បីឲ្យបានចូលខ្លួនក្បែរ នាយតូច?គេសម្តែងសមពេកហើយ អ្នកដែលគួរឲ្យអាណិតជាងគេគឺ យ៉ុុងប៊ីនទៅវិញទេ ដែលនាងត្រឹមតែជាក្មេងរួសរាយ ចូលចិត្តរាប់អានគេតែប៉ុណ្ណោះ។
ក្រោយពេល ជុងហ្គុក ចេញទៅផុត ថេយ៉ុង ក៏បែរមករៀបចំទុកដាក់ផ្ទះសម្បែង ទាំងអារម្មណ៍វិលវល់ ព្រលឹងមិននៅជាប់ខ្លួន ខួរក្បាលរវល់តែគិតរឿងដែលស្មុគស្មាញ ខ្សែជីវិតហាក់ជាប់ជំពាក់ដូចសសៃអំបោះមួយដុំដែលរកផ្លូវស្រាយមិនឃើញ គេក៏មិនប្រាប់រឿងនេះទៅប្អូន សុខចិត្តលេបទុកម្នាក់ឯង ព្រោះគិតថានាងនៅក្មេង អាចនឹងប៉ះពាល់អារម្មណ៍ ធ្វើឲ្យខ្លបខ្លាចក៏ថាបាន។
ថ្ងៃបន្ទាប់
  ថេយ៉ុង បានដើរទៅបនល្បែងដែលគេធ្លាប់ទៅរាល់លើក ក្នុងបំណងចង់ជួបនិយាយមួយ ហ្រ្វេក ឲ្យបានដឹងរឿង។ គ្រាន់តែដើរចូលកន្លែងនោះភ្លាម អ្នកនៅទីនោះងាកមកមើល រាងតូច គ្រប់គ្នាៗក្នុងក្រសែភ្នែកមិនល្អ ព្រោះអ្នកណាៗក៏ដឹងថាឱពុករបស់គេជំពាក់បំណុលវាន់.កដល់ថ្នាក់ផ្តាច់ជីវិតខ្លួនឯងដើម្បីគេចវេស។
«ទៅប្រាប់ចៅហ្វាយឯង ថាយើងចង់ជួប»ថេយ៉ុង និយាយទៅកាន់កូនចៅរបស់ ហ្វ្រេក ពីរនាក់ដែរឈរយាមមុខបន្ទប់មួយយ៉ាងក្លាហាន ហើយម្នាក់ក្នុងចំណោមពួកគេក៏រុញទ្វារចូលទៅក្នុងបន្ទប់ មិនយូរប៉ុន្មានក៏លេចចេញវត្តមានម្ចាស់បនល្បែងមុខសង្ហាបែបមានអំណាច ដើរចេញមកដោយឫកពាព្រាន៖
«ហីយ៉ា ថ្ងៃនេះសំណព្វចិត្តទើបតែបង្ហាញមុខ យ៉ាងមិចហើយ កំលោះអ្នកមាននោះចាប់ធ្វើប្រពន្ធបានសម្រេចហើយមែនទេ?»ជួបភ្លាម ហ្រ្វេក ហ៊ានផ្លែផ្កាដោយស្នាមញញឹម គេដឹងមុនរួចហើយថា នាយតូច ច្បាស់ជាមក តែសម្តីគ្រប់ម៉ាត់របស់គេ ថេយ៉ុង មិនបានចាប់អារម្មណ៍ជាមួយ មានតែគំហកសួរភ្លាមៗ៖
«លោកមានសិទ្ធិអីលក់ប្អូនស្រីខ្ញុំឲ្យទៅគេ?»រាងតូច ស្រែកសួរទាំងខឹងសឹងដកដង្ហើមមិនដល់គ្នា ប្រអប់ដៃតូចៗទាំងគូក្តាប់ណែនដោយអារម្មណ៍ឈឺចាប់ តូចចិត្ត ហើយរំពេចនោះទឹកភ្នែកក៏ស្រក់ចុះម៉ាត់ៗទាំងមិនបានត្រៀម រីឯ ហ្វ្រេក បែរជាជ្រួញចិញ្ចើមឆ្ងល់ ព្រមទាំងឱនមុខចុះបន្តិច ហើយលូកដៃតើកចង្កាតូចបន្តិចហើយលាន់មាត់៖
«លក់? អ្នកណាថាយើងលក់នាងក្មេងល្អិតនោះ? ឯងឆ្កួតមែនទេ ហ្អាស់?»ហ្រ្វេក បន្ទន់សំឡេងសួរទាំងអស់សំណើច ហើយសំណួររបស់គេបានពន្ញាក់អារម្មណ៍ ថេយ៉ុង ឲ្យសម្លឹងមុខគេទាំងស្រឡាំងកាំង៖
«លោកចង់បានន័យថាម៉េច?»នាយតូច រលាស់ដៃគេចេញទាំងជ្រួញចិញ្ចើមមុខក្រញូវ
«ជុ៎ៗៗ...ក្មេងល្ងង់ ប្រុសអ្នកមាននោះបានសងបំណុលគ្រប់ចំនួនហើយ តើយើងទៅលក់នាងតូចនោះធ្វើស្អី? មិចក៏ចេញមកធ្វើខឹងៗអ៊ីចឹង ចំមែនហើយ» ហ្រ្វេក ជញ្ជក់មាត់ញឹកញាប់ទោះបីសម្តីគេព្រាន ទឹកមុខខូចខិល ក្រឡិចក្រឡុចក៏ពិតមែន តែលើកនេះក៏មានហេតុផលគួរឲ្យចង់ស្តាប់។
«កុហក អ្នកទាំងពីរមុខជាឃុបឃិតគ្នា ឬលោកស៊ីសំណូកដែលគេយកមកបំបិទមាត់ហើយមែនទេ?» ថេយ៉ុង នៅតែមិនទាន់ជឿទុកចិត្ត ហើយគិតថា ហ្វ្រេកក៏ជាប្រភេទមនុស្សតែមួយដែលពូកែបោកបញ្ឆោតដូចជុងហ្គុកដែរ ទើបភ្លាមនោះ អ្នកម្ខាងទៀតក្រឡេកភ្នែកមើលឆ្វេងស្តាំ មុននឹងឱនមកជិតត្រចៀក នាយតូច ហើយនិយាយខ្សឹបៗ៖
«ឯងដឹងទេ?គេមិនចង់បានការតបស្នងអ្វីពីឯងសូម្បីតែមួយកាក់មួយសេន ព្រោះគេគ្រាន់តែចង់បានឯងតែប៉ុណ្ណោះ កុំរឹងទទឹងពេកអី វាមិនល្អទេ...»

លន់តួស្នេហ៍Where stories live. Discover now