ភាគទី២ : ទាសករ

1.1K 132 2
                                    

          បុត្រាទីបីរបស់រាជវង្សចចកព្រៃ ញ័រដៃតតាត់ សម្លឹងមើលរាងកាយរបស់មនុស្សធម្មតាដែលប្រើកាំបិតគុជចាក់ផ្ដាច់បំពង់ខ្យល់ខ្លួនឯង ដួលស្លាប់នៅលើកម្រាលខាងក្រោម។ Taehyung បន្តជាប់មានស្នាមញញឹម ទោះបីរាងកាយលែងមានដង្ហើម វាជាហេតុផលដែលភ្លើងកំហឹងក្នុងទ្រូងរបស់ Jimin កាន់តែឆេះក្តៅឡើង ព្រះរាជបុត្រសម្លឹងមើលសាកសពប្អូនប្រុសដែលដាមដោយឈាម ហើយលុតចង្គង់ចុះលេងមានកម្លាំងឈរត្រង់ខ្លួន ទ្រង់ចង់ហូតសរសៃមនុស្សធម្មតាម្នាក់នេះឱ្យគេរងទុក្ខវេទនារាប់លានដង ដែលហ៊ានប្រហារចចករោមមាសរបស់ពូជពង្សទ្រង់។
          “អ្ហាក៎!!!”
          Jimin ស្រែកលាន់រំពងពេញប្រាសាទ ខណៈរាងកាយរបស់ទ្រង់ប្រែជាចចកម្ដងបន្តិចៗ កែវភ្នែកពណ៌មាសដាមដោយទឹកភ្នែករាប់លានដំណក់ ទ្រង់ប្រែជារូបរាងដើម ជាចចកពណ៌ត្នោតស្រាលលាយពណ៌ក្រហម រោមរបស់ទ្រង់នៅបញ្ចេញពន្លែលេចធ្លោដូចត្បូងទទឹម ទ្រង់បន្តស្រែកដោយក្តីឈឺចាប់ កម្លាំងពិឃាតរបស់ទ្រង់ បង្ខំឱ្យអ្នកបម្រើទាំងអស់ ក្រាបក្បាលដល់កម្រាល លែងហ៊ានមុខងើបឡើង។
         
          “ទៅយាងស្ដេចចចកមក!”
          Jimin ចេញបញ្ជា បន្ទាប់ពីសតិរបស់ទ្រង់ត្រឡប់មកធម្មតា ស្ងប់ស្ងាត់ជាងមុនបន្តិច ព្រោះស្ដេចចចកបានសន្យាថាទ្រង់មិនព្រមឲ្យ Jungkook ស្លាប់ឡើយ ដូច្នេះទ្រង់ច្បាស់ជាមានវិធីជួយអោយ Jungkook រស់ឡើងវិញមិនខាន។
          “វាកើតឡើងពិតមែន...”
          ស្ដេចចចកបញ្ចេញប្រអប់កែវ ដែលទ្រង់លួចយកវិញ្ញាណពាក់កណ្ដាល របស់បុត្រាពៅទុកនោះ ចេញមកជាមួយ ដំណកដង្ហើមធំ នៅពេល Jimin ទាយទុក ទ្រង់ដឹងយ៉ាងច្បាស់ ថាវានឹងកើតឡើង ដូច្នេះនៅថ្ងៃជួប Taehyung ដំបូង ទ្រង់បានលួចយកវិញ្ញាណពណ៌មាសរបស់ Jungkook ពីថ្ងាសរបស់គេហើយលាក់វាទុក។
          “ឯងស្ងប់ចិត្តបន្តិចហើយមែនទេ?”
          ព្រះបិតាងាកទៅរកបុត្រាទីបីដែលឈរក្បែរគ្រែតម្កល់សាកសពរបស់បុត្រាពៅ ទ្រង់បានសម្អាតនិងផ្លាស់ប្ដូរសម្លៀកបំពាក់ឱ្យ Jungkook ព្រមទាំងប្រើរបាំងមុខបិទបាំងស្នាមខ្មៅលើភ្នែកនិងថ្ងាសរបស់ទ្រង់ផង ដែលវាផ្ទុយពីសាកសពរបស់ Taehyung ដែលត្រូវ Jimin ប្រើខ្សែតីចងព្យួរកនៅរបងប្រាសាទយ៉ាងអាណោចអាធ័ម។
          “បិតាអាចជួយគេបានត្រូវទេ?”
          “យើងបានអញ្ជើញមាតារបស់បុត្រមកទីនេះហើយ ជួយបានឬមិនបានសម្រេចទៅលើទ្រង់ហើយ”
          “ហេតុអ្វីបុត្រារបស់ខ្ញុំតែងតែរងទុក្ខដោយសេក្តីស្នេហា?”
          រូបរាងរបស់មនុស្សស្រីក្នុងសម្លៀកបំពាក់ស្បៃពណ៌សអណ្តែតឡើងចេញពីផ្សែងសៗ នាងមានពន្លឺប្រៀបដូចព្រះច័ន្ទនាពេលរាត្រី ជើងស្រឡូនដែលមិនបានពាក់អ្វីបិទបាំង អណ្តែតលើអាកាសមិនប៉ះកម្រាលសូម្បីបន្តិច។ ទ្រង់ជាមហេសីរបស់ស្ដេចចចក ព្រះនៃវិញ្ញាណបរិសុទ្ធ ទ្រង់ជាព្រះមួយអង្គក្នុងចំណោមព្រះខ្លាំងក្លាទាំងអស់លើឋានសួគ៌។
          “ព្រះមាតា...”
          ទាំង Jimin និងខ្ញុំបម្រើក្រាបក្បាលដល់កម្រាលខាងក្រោមបង្ហាញក្តីគោរពដល់ព្រះនៃវិញ្ញាណ
          “សូមមាតាជួយ Jungkook ផង”
          “ពុទ្ធោបុត្រមាតា...”
          ព្រះនាងបណ្ដែតខ្លួនទៅក្រសោបមុខសោះកក្រោះរបស់បុត្រា ដោយកអាណិតអាសូរ ហេតុអ្វីស្នេហាតែងតែបន្សល់ទុកស្លាកស្នាមឃោរឃៅ លើបេះដូងរបស់បុត្រារបស់ទ្រង់ច្រើនបែបនេះ? Jimin មានបេះដូងបរិសុទ្ធខ្លាំងណាស់ ក្នុងនាមជាម្ដាយទ្រង់អាចដឹង តែដោយសារបទពិសោធន៍ ដែលទទួលបានពីស្នេហារបស់បងប្អូនរបស់ទ្រង់ បន្តិចម្ដងៗបេះដូងដ៏កក់ក្តៅក៏ប្រែជាត្រជាក់ ថ្ងៃក្រោយ Jimin អាចនឹងលែងហ៊ានទទួលយកនរណាទាំងអស់ រឹតតែមិនហ៊ានសាកល្បង
          “ទឹកភ្នែករបស់បុត្រប្រៃដូចទឹកសមុទ្រដែលជះលើរបួសមាតា ដូច្នេះមាតាគួរតែទទួលយកសំណូមពររបស់បុត្រ”
          ព្រះនៃវិញ្ញាណប្រើយុទ្ធសិល្ប៍របស់ទ្រង់ដើម្បីដាស់រាងកាយរបស់បុត្រាពៅឲ្យភ្ញាក់ឡើង ដោយមានវិញ្ញាណតែពាក់កណ្ដាលប៉ុណ្ណោះ ជាការពិតដែលទ្រង់គ្មានសិទ្ធិធ្វើឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញ ទ្រង់នឹងត្រូវទទួលទោស តែដោយសារស្ដេចចចកបានរៀបចំបំបែកវិញ្ញាណរបស់ Jungkook តាំងពីដំបូង ដូច្នេះ Jungkook ពេលនេះគឺដូចជារាងកាយដែលត្រូវវិញ្ញាណឃ្លាតចេញពីខ្លួន មិនដូចមនុស្សស្លាប់នោះទេ។
          “រាងកាយមួយនេះគ្មានបេះដូងទេ?”
          “សុំទោស! បេះដូងរបស់គេត្រូវបានបំផ្លាញអស់ទៅហើយ”
          Jimin ក្តាប់ដៃតបនឹងមាតា បេះដូងរបស់ Jungkook ត្រូវបំផ្លាញទាំងស្រុងដោយកាំបិតគុជមួយនោះហើយ Kim Taehyung ជាអ្នកធ្វើវាដោយផ្ទាល់ដៃ
          “តែវាក៏ល្អ ថ្ងៃក្រោយគេមិនចាំបាច់ឱ្យនរណាពង្វក់បានទៀតនោះទេ”
          ស្ដេចចចកសម្លឹងមើលមុខបុត្រដោយអារម្មណ៍យល់ចិត្ត ភាពខឹងស្អប់របស់គេចំពោះពូជពង្សមនុស្សកាន់តែរីករាលដាលធំឡើងៗឥតឈប់ តែបន្ទោសគេមិនបានឡើយ។
          “មាតា!ពេលណាទើបគេដឹងខ្លួន?”
          “គេដឹងខ្លួនមួយសន្ទុះហើយ”
          ព្រះវិញ្ញាណក្រសោបដៃបុត្រាពៅធ្វើឲ្យទ្រង់បើកភ្នែកឡើងជាមួយទឹកមុខស្មើដូចមនុស្សយន្ត ហើយក្រោកចេញពីគ្រែដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។
          “Jungkook! ឯងយ៉ាងម៉េចហើយ?” Jimin ចោទសំនួរដោយក្តីបារម្ភ។
          “ខ្ញុំមិនអីទេ របួសក៏ជាសះស្បើយអដ៊ស់ដែរ”
          រាងក្រាស់ក្រាបក្បាលគោរពព្រះមាតា មុននឹងស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនតិចៗ វាគ្មានសម្លេងលោតដូចមុនទៀតនោះទេ តែទ្រង់នៅនឹកគេ នៅចង់ជួបគេ ចង់អោប ចង់ថ្នាក់ថ្នមគេឱ្យបានច្រើនជាងនេះ ទ្រង់នឹងកែប្រែខ្លួនដើម្បីគេ ហើយនឹងធ្វើគ្រប់យ៉ាងដើម្បីសុំក្តីអភ័យ ប៉ុន្តែ.... តើទ្រង់ស្លាប់បាត់យូរប៉ុណ្ណាហើយ? ពេលនេះ Jimin ច្បាស់ជាសម្លាប់ Taehyung ហើយបំផ្លាញសាកសពគេចោលរួចទៅហើយក៏មិនដឹង។
          “Taehung...នៅឯណា?”
          “ឈប់រំលឹកពីឈ្មោះវាទៀត!”
          Jimin ស្រែកគំហកតឹងសសៃ ព្រោះឈាមរបស់គេច្រាលឡើងគ្រប់ពេលនឹកឃើញដល់មុខមាត់ស្លូតបូតតែពិសពុលរបស់ Taehyung ទ្រង់មិនកាត់សាកសពគេជាកំណាត់ៗវាទុកថាបន្ធូរដៃពេកទៅហើយ។
          “គេនៅឯណា?”
          Jungkook ងាកទៅសួរខ្ញុំបម្រើ ព្រោះពួកគេស្មោះស្ម័គ្រនឹងទ្រង់ Jimin មិនអាចបញ្ជាពួកគេបានឡើយនេះជាច្បាប់ដែលខ្ញុំបម្រើស្តាប់តាមតែម្ចាស់របស់ពួកគេប៉ុណ្ណោះ។
          “ព្យួរនៅក្លោងទ្វារប្រាសាទ ក្រាបទូល”
          “ម្ចាស់បង!” កែវភ្នែកពោពេញដោយក្តីខឹងក្រោធ Jungkook គំហកដាក់ Jimin បណ្ដាលឱ្យទ្រង់អស់សំណើច។
          “ខឹងមែនទេដែលវាត្រូវព្យួរកដូចសត្វធាតុ? តែចង់ឱ្យឯងដឹងថាបងក៏ខឹងដូចគ្នាពេលវាសម្លាប់ប្អូនបង”
          ឃើញទឹកភ្នែកដក់ក្នុងកែវភ្នែកបងប្រុស Jungkook ហាក់មានអារម្មណ៍ថាខុស បើរឿងនេះកើតឡើងលើ Jimin ទ្រង់ក៏ទប់ខ្លួនឯងមិនជាប់ដូចគ្នា ទ្រង់ប្រហែលជាមិនស្ងប់ដូច Jimin ពេលនេះផង។
          “ខ្ញុំមិនខ្វល់ថាគេក្លាយជាអ្វីឬជានរណា ខ្ញុំចង់បានគេ”
          “ឯងកុំស្រម៉ៃ.... មនុស្សធម្មតាស្លាប់ហើយមិនអាចរស់ឡើងវិញទេ”
          “ព្រះមាតា!”
          រាងក្រាសក្រាបក្បាលដល់កម្រាលម្ដងទៀត ដើម្បីអង្វរករដល់ម្ដាយ ខណៈស្ដេចចចកគ្មានអ្វីនិយាយ តែវាហាក់ដូចទ្រង់ចង់បណ្ដោយឱ្យគេធ្វើរឿងល្ងីល្ងើឲ្យអស់ចិត្តច្រើនជាង ដរាបណាគេឈឺចាប់គ្រប់គ្រាន់គេនឹងឈប់ដោយខ្លួនឯង
          “សូមមាតាជួយ Taehyung ផង ទ្រង់ជាព្រះនៃវិញ្ញាណគេគ្រាន់តែជាមនុស្សធម្មតាម្នាក់ មាតាច្បាស់ជាអាចជួយគេបាន”
          “Jungkook ដឹងត្រូវទេថាពេលនេះខ្លួនឯងលែងមានបេះដូង?”
          “ដឹង!”
          “វាមិនមែនជាក្តីស្រឡាញ់ទេបុត្រមាតា... បុត្របានបាត់បង់ស្នេហាមួយនេះ តាំងពីពេលគេបំផ្លាញបេះដូងរបស់បុត្រម៉្លេះ”
          អ្នកជាម្ដាយស្រក់ទឹកភ្នែកពេលលើកដៃក្រសោបមុខរបស់បុត្រជាទីស្រឡាញ់ឡើង របាំងមុខពាក់កណ្ដាលនេះបិទបាំងភាពស្រស់សង្ហារបស់បុត្រាពៅទ្រង់អស់ហើយ តើមនុស្សធម្មតានោះមានអ្វីពិសេសទៅ? ទោះស្លាប់ទៅហើយក៏នៅតែបន្តធ្វើទារុណកម្មចចកមាសម្នាក់នេះទៀត។
          “បុត្រមិនខ្វល់ថាវាជាក្តីស្រលាញ់ឬអត់... ឱ្យគេមកបុត្រមក... មាតា...”
          “មាតានឹងទទួលទោស បើធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញ”  Jimin ប្រកែកហាក់ដាស់សតិគ្រប់គ្នាឲ្យគិតពីបញ្ហានេះ។
          “មិនចាំបាច់រស់ឡើងវិញក៏បាន ឱ្យតែគេអាចញញឹមនៅចំពោះមុខបុត្រ គឺគ្រប់គ្រាន់ហើយ” រាងក្រាស់បន្តអង្វរករ។
          “Jungkook ឯងមានសតិបន្តិចបានទេ?”
          “បងនិយាយថាខ្ញុំគ្មានបេះដូង ដូច្នេះខ្ញុំនឹងមិនចាំបាច់ងប់ងល់និងនរណាទៀតត្រូវទេ? បើបែបនោះពិតមែនហេតុអ្វីបងបារម្ភខ្លាចខ្ញុំទំរើស Tae ដល់គេបានដៃទៀត? ខ្ញុំជាចចក....ជាអនាគតរបស់ពូជពង្សចចក ចង់បានរបស់លេងខ្លះវាជារឿងធម្មតាទេ”
          សម្ដីរបស់ Jungkook ធ្វើឲ្យគ្រប់គ្នាតក់ស្លុតបន្តិច សូម្បីស្ដេចចចកផ្ទាល់ តាមធម្មតា Jungkook មិននិយាយលើកខ្លួនឯងខ្ពស់បែបនេះឡើយ រឹតតែមិនចាប់អារម្មណ៍រឿងក្លាយជាស្តេចចចក តែម្ដងនេះគេក៏ព្យាយាមបង្ហាញថាចចចករោមមាសអាចធ្វើអ្វីបានខ្លះ សូម្បីតែទុកគូគ្រងជាវត្ថុកំសាន្តអារម្មណ៍។
          “ដូច្នេះគេមិនចាំបាច់ជា Taehyung រូបពិតទេត្រូវទេ?”
          អ្នកជាម្ដាយញញឹមហើយកោះហៅខ្ញុំបំម្រើឲ្យរៀបចំសាកសពរបស់ Taehyung យ៉ាងស្រស់ស្អាតនិងប្រើថ្នាំសួគ៌ដើម្បីព្យាបាលរបួសលើបំពង់ករបស់គេ។
          ពិធីចាប់ផ្ដើមនៅក្នុងគុកក្រោមដី វាជាកន្លែងសម្ងាត់ដើម្បីដាក់អ្នកទោសសំខាន់ គ្រប់គ្នាមិនដឹងថា ហេតុអ្វីទើបព្រះនៃវិញ្ញាណធ្វើបែបនេះឡើយ តែទ្រង់ប្រើឈាមរបស់ Jungkook មកគូសរង្វង់ កោះហៅវិញ្ញាណដែលវាជាពិធីរបស់ពួកបិសាច ដើម្បីកោះហៅបិសាចថ្នាក់ខ្ពស់មកបម្រើអ្នកប្រារព្ធពិធី តែទ្រង់ជាព្រះបរិសុទ្ធធ្វើបែបនេះគឺសម្លែកណាស់។
          “ក្នុងនាមជាព្រះនៃវិញ្ញាណ យើងសុំកោះហៅវិញ្ញាណបរិសុទ្ធតែលតោលគ្មានទីពឹង ដែលចង់បានរាងកាយមួយនេះ សូមស្ដាប់តាមយើង ហើយក្លាយជាទាសកររបស់ចចករោមមាសពេញមួយជីវិត យើងនឹងបូជារាងកាយដ៏ស្រស់ស្អាតមួយនេះដល់ឯង”
          ពន្លឺរត់ជុំវិញសាកសពរបស់ Taehyung តែឈាមពណ៌ក្រហមរបស់ Jungkook ប្រែជាពន្លឺពណ៌សចិញ្ចាច មុននឹងមានពន្លឺថ្មតូចមួយ ធ្លាក់លើទ្រូងរបស់ Tae ហាក់ធ្វើឲ្យព្រះនៃវិញ្ញាណភ្ញាក់បន្តិច ព្រោះនេះជាពិធីបិសាច តើពន្លឺពណ៌សបរិសុទ្ធទាំងនេះចេញមកពីណាទៅ? នៅពេលពន្លឺបញ្ឈប់ Taehyung ក៏បើកភ្នែកឡើងសម្លឹងមុខ Jungkook តែអ្វីដែលគេទទួលបានដំបូងគេគឺ ក្រឡៅកវេទមន្តដែលស្រាប់តែលេចឡើងលើករបស់គេ ដោយភ្ជាប់ជាមួយច្រវ៉ាក់នៅលើបាតដៃ Jungkook រួមជាមួយសម្ដីរបស់ព្រះនៃវិញ្ញាណ។
          “សូមឱ្យឯងក្លាយជាទាសកររបស់ Jungkook ពេញមួយជីវិត”

មនុស្សចចក [Completed]Where stories live. Discover now