Part 5 : កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!

Começar do início
                                        

    ៙ ៙ ៙

     នៅឯទីក្រុងសេអ៊ូល ធ្វើដំណើរមិនយូរឡើយសម្រាប់មនុស្សអន្ទះសាដូចជា Jungkook ។ រាងសង្ហាគ្រងដោយឈុតកូនកម្លោះត្រហេបត្រហបសម្ដៅមកមន្ទីរពេទ្យដែល Chaisa បានប្រាប់ ។ មុខនាយឡើងក្រហមព្រោះតែហត់ គួបផ្សំនឹងភាពភ័យខ្លាចសម្រុកមកពេញប្រព័ន្ធប្រសាទតែម្ដង។

«ជាន់ទី 12!!»Jungkook ឡើងតាមជណ្ដើរយន្តទាំងហត់គឃូស គ្រាន់តែទ្វារបើកភ្លាមនាយស្ទុះម្នីម្នារត់ទៅរកបន្ទប់លេខ 1445 ទាំងប្រញាប់ប្រញាល់ រត់សឹងព័ន្ធជើង។

ក្រាក~ ទ្វារបើកមិនទាន់នឹងស្រួលបួលផង ក៏បង្ហាញអោយឃើញនូវគ្រែដែលកំពុងតែផ្ទុកសាកសពគ្របដោយក្រណាត់សរទៅហើយ។

«Natsu...ដឹប~»Jungkook ដើរចូលមកមិនទាន់នឹងបានបីជំហានស្រួលបួលផង កណ្ដាប់ដៃធ្ងន់កណ្ដុកក៏លើកវាត់មកលើ Jungkook មួយទំហឹងដល់នាយដួលខ្ពោកនឹងដី។

«អាចង្រៃឯងមកទីនេះធ្វើអី»Seijun ប្រៀបដូចជាមនុស្សខ្មោចចូល កម្រោលទៅចាប់កអាវរាងសង្ហាលើកឡើង ចោទសួរគេទាំងភ្នែកក្រហមច្រាល។

«ហេតុអីយើងមកមិនបាន? ព្រោះយើងជាសង្សាររបស់ Natsu»Jungkook មិនចុះញ៉ម ដោះដៃរបស់មិត្តដោយការច្រានគេចេញមុននឹងស្រែកបកទៅវិញ។

«ឯងនៅមានមុខមកនិយាយថាឯងជាសង្សារនាងទៀតហេស៎ ឯងមើលទៅ!! មើលទៅថានាងអាចក្រោកមកនិយាយពាក្យរីករាយចំពោះឯងឬអត់? ឬចង់ឲ្យនាងក្រោកមកនិយាយពាក្យជូនពរអោយឯងជាមួយនឹងមនុស្សថ្មី?»សម្ដីចាក់ដោត ធ្វើឱ្យបេះដូងអ្នកកម្លោះស្ពឹកកម្រើកខ្លួនមិនរួច សម្លឹងទៅសង្សារកម្សត់ត្រូវមកដេកស្លាប់តាំងពីពេលណាមិនដឹង។

«Natsu!!»

«ឯងចេញទៅ!»Seijun ច្រានគេចេញមិនឱ្យចូលទៅជិតនាង។

«ឯងហ្នឹងហើយដែលគួរចេញ យើងចង់នៅជាមួយ Natsu»

«ឈប់បន្ថែមភាពឈឺចាប់អោយនាងបានហើយ ក្រែងឯងរៀបការមានគ្រួសារថ្មីមិនអញ្ចឹង? តើបកមករកនាងដើម្បីអ្វី? គិតថាបេះដូងស្រីម្នាក់នេះជាថ្មឬយ៉ាងម៉េច? ឯងមានអាណិតដល់ចិត្តនាងខ្លះទេ?»

«ឯងគិតថាយើងចង់ហេស៎? យើងត្រូវគ្រួសារបង្ខំ យើងប្រាប់ហើយតើ ថាគ្រាន់តែរៀបការមួយរយៈ»

«ចុះលទ្ធផលចេញមកបែបណា? Natsu ត្រូវធ្លាក់កូដ នាងធ្លាក់ក្នុងសភាពដ៏យ៉ាប់បំផុត កំឡុងពេលដែលនាងស្ថិតនៅចំណុចសូន្យ តើឯងនៅឯណា? ឯងរវល់តែពិធីមង្គលការដើម្បីបំពេញមុខមាត់ ទុកនាងចោលរហូតក្លាយជាបែបនេះ សូម្បីមុនពេលដែលនាងស្លាប់នាងនៅតែរត់ទៅរកឯង ទាំងដែលយើងក៏នៅទីនោះដូចគ្នា តើហេតុអី?»ហេតុអ្វីមនុស្សដែលនាងត្រូវការមិនមែនជាខ្លួន? បើ Natsu មិនរត់ចេញទៅរក Jungkook នាងក៏មិនក្លាយជាបែបនេះដែរ។

   Seijun ច្រានរាងក្រាស់មួយទំហឹងកំឡុងពេលដែល Jungkook កំពុងនឹងភាន់ភាំងជាមួយនឹងសម្ដីរបស់គេ Seijun បម្រុងចូលមកវាយគេបន្ថែមទៅហើយ តែ Chaisa បែរជាមកទាន់រហ័សឃាត់គេជាប់។

«Seijun លោកចង់ធ្វើស្អី!!»

«លែងខ្ញុំ Chaisa ខ្ញុំនឹងវាយអាមនុស្សគម្រក់នេះ សងភាពឈឺចាប់អោយ Natsu»

«បានហើយ ទោះលោកចង់វាយគេដល់ស្លាប់ ក៏ Natsu មិនអាចក្រោកមកវិញបានដែរ នាងស្លាប់ហើយ លោកយល់ទេ?»

«តាំងពីពេលណា? ហេតុអ្វីគ្មាននរណាប្រាប់យើង»Jungkook បន្ថយសម្លេងមកជាខ្សោយ កម្សួលអួលដើម.ករកនិយាយមិនចេញ។

«យប់មិញនេះ! នាងទៅហើយ... Natsu នាងទៅរហូតហើយ»Siejun ស្រែកខ្លាំងៗប្រាប់ទៅមិត្ត ស្របជាមួយនឹងទឹកភ្នែកដែលស្រក់មកព្រមគ្នា។

    Jungkook និយាយអ្វីលែងចេញក្រៅពីដើរយឺតៗតម្រង់ទៅរកមនុស្សជាទីស្រឡាញ់ដែលនាយពុះពារកាន់ដៃមកអស់ពីរឆ្នាំ ចុងក្រោយទំនាក់ទំនងពួកគេត្រូវបានបញ្ចប់ត្រឹមទឹកភ្នែក ជាមួយនឹងការចាកចេញដែលមិនបានលារ។

«Nat ឱ្យបងសូមទោស»កាយធ្ងន់កណ្ដុកទម្លាក់ក្បែរកាយស្រី ដៃបើកក្រណាត់សឡើងបង្ហាញវង់ភ័ក្ត្រដែលស្លេកស្លាំងគ្មានឈាម ជាហេតុអោយចិត្តអ្នកកម្លោះកាន់តែឈឺផ្សា បណ្ដាលឱ្យទឹកនេត្រាស្រក់មកដោយហាមពុំបាន។

«ហ្ហឹក បងសូមទោស!!»Jungkook ដាក់ថ្ងាសផ្អឹបនឹងនាង យំយែកដោយក្ដីអាណិតនារីជាសង្សារ ហេតុអ្វីមេឃដីដាច់ធម៍មេត្តាចំពោះពួកគេម្ល៉េះ ស្នេហាមានឧបសគ្គមិនថ្វី តែបែរជាមកចាញ់នឹងសេចក្ដីស្លាប់ទៅវិញ។

     កំឡុងពេលនេះតើគួរអាណិតអ្នកណាទៅ? ម្នាក់ៗសុទ្ធតែឈឺចាប់ ដំបៅក្នុងទ្រូងមិនងាយនឹងរលុបឡើយ ភាពគុំគួនក៏កើតមានឡើងក្នុងចិត្តអ្នកកម្លោះចាប់ផ្ដើមទម្លាក់កំហុសដោយកំហឹង ភាពឈឺចាប់មួយនេះគឺត្រូវតែមានសំណង។ នរណាជាដើមហេតុអ្នកនោះជាអ្នកសងហើយ។

To be continued

Lie Naa

ប្រពន្ធក្រៅបេះដូង (ចប់✓)Onde histórias criam vida. Descubra agora