ភាគ៣ (ខ្សែស្រឡាយរាជវង្ស)

33 3 1
                                    

~ផាច់!!!~
<<ឯងបាត់ទៅណា? ថ្មើរនេះហើយទើបតែត្រឡប់មកវិញ?តើឯងរវល់ធ្វើស្អី?>> ផ្ទៃមុខដ៏សរលោងរបស់អានយ៉ុងត្រូវបានងាកទៅម្ខាងតាមកម្លាំងដៃស្រីវ័យកណ្ដាលម្នាក់ដោយមិនអាចប្រកែកបាន!!
<<ខ្ញុំ-ខ្ញុំសុំទោសអ្នកមីង គឺ-គឺថាខ្ញុំមិនស្រួលខ្លួនក៏សន្លប់ហើយហ្គុនជីមិនបានប្រាប់មីងទេមែនទេ?>> អានយ៉ុងនិយាយទាំងញ័រខ្លួនមិនដឹងថានាងនិងមីងនាងមានរឿងអី្វនោះទេ ថ្ងៃនេះ!
<<នេះឯងចង់ថាខ្ញុំជាអ្នកខុសមែនទេ?>> ហ្គុនជីមិនដឹងចេញមកពីទីណាទេក៏បានមកឈរនៅទល់មុខអានយ៉ុងដ៏កំសត់តែម្ដង ធ្វើឱ្យនាងកាន់តែភ័យខ្លាចមួយកម្រិតទៀត មិនត្រឹមតែប៉ុណ្ណោះទេហ្គុនជីថែមទាំងបានដើរទៅរកអានយ៉ុងកាន់តែជិតទៅៗដើម្បីបំភ័យនាងទៀតផង ធ្វើឱ្យនាងត្រូវដើរថយក្រោយរហូតបិះនឹងដួលទៅហើយ ។
<<ខ្ញុំមិនមែនចង់បានន័យបែបនឹងទេ!! តែថាឯងក៏ដឹងដែរថាខ្ញុំសន្លប់មិនចឹង?>>
<<ត្រូវហើយ! ខ្ញុំដឹងតែខ្ញុំមិនមែនទំនេរ! ខ្ញុំត្រូវខំរៀនអាចនឹងភ្លេចខ្លះអ៊ីចឹងហើយ!>> ហ្គុនជីក៏ធ្វើជានិយាយទាំងទឹកមុខកំសត់សម្លឹងទៅមើលម្ដាយរបស់នាងធ្វើឱ្យម្ដាយរបស់នាងជ្រួញចិញ្ចើមខឹងនឹងអានយ៉ុងបន្ថែមទៀត។
<<កូនជីគ្មានចេតនាទេ! ឯងមិនបាច់និយាយទៀតទេឆាប់ទៅធ្វើការទៅ!>> ម្ដាយហ្គុនជីព្រោះមិនចង់ឱ្យកូនខ្លួនមានបញ្ហាក៏សុខចិត្តដេញអានយ៉ុងឱ្យចេញ ដោយបញ្ចប់ជម្លោះត្រឹមនេះអានយ៉ុងនាងក៏បានរៀបចំខ្លួនទៅធ្វើការនៅMartដែលជាកន្លែងធ្វើការក្រៅម៉ោងរបស់នាងដូចរាល់ដងបាត់ទៅទាំងដែលខ្លួនឯងនៅឈឺមិនទាន់ស្រួលខ្លួនស្រួលបួលនៅឡើយ ។
+++
ថ្ងៃនេះមេឃមើលទៅមិនសូវមានពន្លឺព្រះអាទិត្យប៉ុន្មានទេដូច្នេះវារៀងងងឹតបន្តិច ប៉ុន្តែមានភ្លៀងដែលធ្វើឱ្យអាកាសធាតុរៀងត្រជា តែថាបិសាចរាត្រីម្នាក់នេះមិនខ្លាចនឹងភាពងងឹតនិងរងារនោះទេ គេនៅអាចអង្គុយផឹកកាហ្វេមើលទេសភាពបានយ៉ាងធម្មតានិងស្ងប់ស្ងាត់បំផុត ។ អង្គុយនៅក្នុងហាងកាហ្វេមើលទេសភាពបូករួមនឹងរសជាតិកាហ្វេដ៏ឆ្ងាញ់ផងដែរលាយលំនឹងភ្លេងដែលគេចាក់តិចៗនៅក្នុងហាងធ្វើឱ្យឆាងមីនលន្លង់ល្លោចទៅតាមដែរ បន្ទាប់ពីមកក្រេបរសជាតិកាហ្វេអស់ហើយគេក៏បានដើរចេញពីហាងដើម្បីត្រឡប់ទៅវិញប៉ុន្តែនៅពេលបើកទ្វាហាងមកវាចៃដន្យអីក៏មានបុរសម្នាក់ដើរចូលមកផងដែរចំពេលជាមួយនេះពួកគេទាំងពីរក៏បានបុកគ្នាបន្តិចទៅ!
<<លោកដើរមិនចេះមើលទេយ៉ាង!!! ម៉េច!!>> រៀបនឹងងាកមកថាឱ្យគេទៅហើយប៉ុន្តែនៅពេលឃើញមុខរបស់បុរសម្នាក់នោះដែលបានបុកខ្លួនភ្លាមឆាងមីនបើកភ្នែកក្រឡង់សម្លឹងទៅគេទាំងរំភើបនិងភ្ញាក់ផ្អើល ចំណែកបុរសម្នាក់នោះវិញក៏ហាក់ដូចជាស្គាល់ឆាងមីនផងដែរក៏ប្រឹងសម្លឹងមើលឆាងមីនយ៉ាងយកចិត្តទុកដាក់បំផុត ។
<<ព្រ-ព្រះអង្គលីឆាង!?គឺជាព្រះអង្គមែនទេ?>> បុរសដែលឆាងមីនសួរនោះក៏ហាក់ដូចជាស្គាល់ឆាងមីនវិញដែរធ្វើឱ្យឆាងមីនកាន់តែភ្ញាក់ផ្អើលថែមមួយកម្រិតទៀត។
<<លោកចាំយើងបានឬ?>> ឮបុរសនោះនិយាយហើយឆាងមីនក៏ចង្អុលមុខខ្លួនឯងហើយឱនទៅសួរគេម្ដងទៀតនិងខំប្រឹងផ្ទៀងស្ដាប់ចម្លើយយ៉ាងយកចិត្តទុកដាក់បំផុត។
<<ក្រាបទូល!ទូលបង្គំចាំទ្រង់បាន ហើយក៏គ្មានថ្ងៃភ្លេចដូចគ្នា>>
<<មកនេះ!!>> ឮបែបនោះហើយឆាងមីន ក៏ងាកមើលចុះមើលឡើងបន្តិច ហើយទាញបុរសនោះឱ្យចូលទៅក្នុងឡានរបស់គេដើម្បីនិយាយគ្នាខ្លះៗ
<<នេះ!!ហេតុអីក៏លោកចាំយើងបាន?>> មកដល់ក្នុងឡានភ្លាមឆាងមីនក៏ប្រញាប់សួរភ្លាមតែម្ដង ចងចញ្ជើមចូលគ្នាឡើងដូចបូទៅហើយ អ្នកណាមិនឆ្ងល់បិសាចរាត្រីប្រាំរយឆ្នាំនៅមានអ្នកស្គាល់ អ្នកចាំបានទៀត?
<<ការពិតទៅទូលបង្គំក៏មិនមែនជាមនុស្សដែរ!>>
<<ដូច្នេះលោកជាបិសាចដូចយើងដែរមែនទេ?>>
<<ក្រាបទូលព្រះអង្គ! ទូលបង្គំមិនមែនជាបិសាចទេ!!>>
<<ចុះលោកជាស្អីវិញ?>> គ្រាន់តែឮគេថាមិនមែនជាបិសាចភ្លាមឆាងមីនកាន់តែឆ្ងល់លើសដើមតែម្ដង មិនមែនមនុស្សហើយក៏មិនមែនបិសាច ទេវតាមែនច៎ុះ!
<<ទូលបង្គំជាអ្នកចាប់ព្រលឹងមនុស្សស្លាប់!>>
<<ម៉េចក៏យើងមិនដែលឃើញលោក?>>
<<ទូលបង្គំទើបតែត្រូវបានដោះលែងទេក្រាបទូល!!>>
<<អ្នកណាចាប់លោក?ហេតុអី?>>
<<ខ្ញុំត្រូវបានដាក់ទោសឱ្យជាប់គាំងមិនអាចចាប់ជាតិបាន រៀបនឹងបញ្ចូនទៅកាន់ឋាននរកទៅហើយ ប៉ុន្តែសុខៗពួកគេក៏ស្រាប់តែដោះលែងទូលបង្គំឱ្យមកចាប់ព្រលឹងមនុស្សស្លាប់ឬហៅថាយមទូត!!>> និយាយរៀបរាប់បណ្ដើរចងចញ្ចើមឆ្ងល់បណ្ដើរធ្វើឱ្យអ្នកកំពុងស្ដាប់ក៏ឆ្ងល់ដូចគ្នា។
<<បានហើយ! ឈប់ហៅយើងថាព្រះអង្គទៅហៅយើងឆាងមីនមក ចំណែកយើងក៏ហៅលោកថាដាលស៊ុង>>
<<មិនបានទេក្រាបទូល! ទ្រង់ជាខ្សែរាជវង្សទូលបង្គំមិនហ៊ានប្រមាថនោះទេ! តែថាហេតុអ្វីបានជាទ្រង់ប្ដូរព្រះនាម?>>
<<យើងប្រាប់លោកទៅចុះ! យើងស្លាប់ប្រាំរយឆ្នាំហើយសុខៗក៏ក្លាយជាបិសាចមិនដឹងថាហេតុអ្វី!! ដឹងត្រឹមថានៅពេលនោះមានតាចាស់ម្នាក់ប្រាប់យើងថាយើងគឺជាបិសាចរាត្រី! ចំណែករឿងឈ្មោះវិញ យើងមិនអាចប្រើប្រាស់ឈ្មោះថាលី ឆាងបានទេ ម៉្យាងវិញទៀតយើងបានប្ដូរឈ្មោះនឹងអត្តសញ្ញាណច្រើនដងហើយ ដើម្បីកុំឱ្យមានអ្នកសង្ស័យ!>>
<<ចុះទ្រង់ចាំអ្វីបានខ្លះ?ឬមួយទ្រង់ចាំគ្រប់យ៉ាង?>>
<<យើង!!ចាំបានថាយើងជានរណា ស្នេហារបស់យើង យើងដូចជានៅចាំគ្រប់យ៉ាងមិនភ្លេចទេ!>>
<<ចុះទ្រង់ចាំបានទេថាហេតុអ្វីបានជាក៏ទ្រង់សុគត?>> ឮសំណួរនេះហើយឆាងមីនស្ងៀមបន្តិចព្រោះមិនដឹងគួរឆ្លើយយ៉ាងម៉េច ដោយសារគេមិនដឹងទេថាគេសុគតដោយសារអ្វីនោះទេប្រាំរយឆ្នាំមកនេះគេខំប្រឹងស្រាវជ្រាវពីប្រវត្តិរបស់ខ្លួនឯងជាច្រើន ដើម្បីចង់ដឹងពីមូលហេតុនៃការស្លាប់របស់ខ្លួនឯងក្រែងល៎អាចទៅចាប់កំណើតក្លាយជាមនុស្សវិញបាន តែមើលទៅគ្មានបានដំណឹងអ្វីបន្តិចសោះ ។
<<ចុះលោកនៅចាំបានទេ? ប្រាប់យើងបន្តិចមក!>>
<<ក្រាបទូលព្រះអង្គ! ទូលបង្គំចាំមិនបានទេ!>> គ្រាន់តែឮចម្លើយមួយនេះភ្លាមឆាងមីនអស់កម្លាំងពីខ្លួនរលីងព្រោះគេមិនអាចរកឃើញមូលហេតុនៃការស្លាប់របស់គេបាននោះទេ ព្រោះថាឯកសារទាក់ទងនឹងគេទាំងប៉ុន្មានគឺសឹងតែខ្ទេចគ្មានសល់តែម្ដងទោះបីគេធ្លាប់បានសោយរាជ្យជាស្ដេចក៏ដោយ! មានគេព្យាយាមបិទបាំងទេដឹង?
<<ដាលស៊ុង! ហៅយើងធម្មតាមក!! និយាយចឹងតើលោកនៅឯណាដែរ?>>
<<ទូលបង្គំគ្មានកន្លែងស្នាក់នៅទេ ព្រោះមិនចាំបាច់!!>>
<<មកនៅជាមួយយើងមក!!>> គេនិយាយទាំងសប្បាយចិត្តព្រោះថាបើមានដាលស៊ុងមកនៅជាមួយគេ គឺគេវាមិនសូវឯកា ។
<<ព្រះអង្គ! ទូលបង្គំ!!>>
<<យើងមិនបានឱ្យលោកសម្រេចទេ! នេះជាបញ្ជាលោកគ្មានសិទ្ធិបដិសេធទេ!!>>
<<មិនកើតទេដឹង!!ព្រះអង្គ!>>
<<ហៅយើងថាឆាងមីន!!>> ឆាងមីនសម្លក់ដាលស៊ុងថ្មែរធ្វើឱ្យដាលស៊ុងដែលចង់ប្រកែកក៏ប្រកែកលែងបានបន្តទៀត ក៏ងក់ក្បាលយល់ព្រម ក៏ធ្វើឱ្យកម្លោះចាស់ឆាងមីនញញឹមត្រេកអរព្រោះគេជាមនុស្សឯកាបែបនេះយូរឆ្នាំហើយសុខៗក៏មានគ្នាមកនៅជាមួយនរណាដែលថាមិមសប្បាយចិត្ត ។
<<ព្រះអង្គ!អូ!!ឆាងមីនចុះទ្រង់នៅចាំព្រះមហេសីបានទេ?>>
<<ព្រះមហេសីរបស់យើង?ទោះបីជាយើងចាំបាន តើបានប្រយោជន៍អី្វទៅ យើងគ្មានមុខទៅជួបនាងទេ!!>>
ឮសំណួរនេះហើយឆាងមីនឱនមុខចុះខូចចិត្តតែម្ដងមិនដឹងថាមានរឿងធ្វីនោះទេតែមើលទៅក៏ដឹងថាគេស្រឡាញ់មហេសីរបស់គេបុិនណាដែរ ។
<<ហេតុអីទ្រង់មានព្រសុវណ្ណីបែបនេះ?>>
<<យើងគ្មានមុខអីទៅជួបហុីយូទេ នាងប្រាកដជាមិនចង់ជួបយើងទេ!!>>
<<ហុីយូ?ព្រះអង្គ!!>> ដាលស៊ុងប្រុងនឹងនិយាយអ្វីមួយទៅហើយតែសុខៗស្រាប់តែឆាងមីនចុះពីលើឡានទៅរកស្រីម្នាក់ទើបធ្វើឱ្យដាលស៊ុងមិនបាននិយាយអ្វីបន្តទៀត ហើយគេក៏នៅអង្គុយក្នុងឡានមើលឆាងមីនដើរទៅរកស្រីម្នាក់នៅក្នុងMartមួយជិតនេះមិនដឹងមានរឿងអីបានជាគេប្រញាប់ថ្នាក់នេះ តែសំណាងមិនល្អដាលស៊ុងមិនបានឃើញមុខនាងទេ ។
<<សួស្តី!តើត្រូវការ!!..លោកគ្រូ?>> អានយ៉ុងដែលកំពុងធ្វើការសុខៗក៏ឃើញឆាងមីនទើបមានអារម្មណ៍ថារាងទើសទាល់បន្តិចធ្វើអ្វីមិនត្រូវសោះ ។
<<នាងមិនបាច់ទើសទាល់ទេ! ខ្ញុំមកទិញរបស់ខ្លះប៉ុណ្ណោះ!>> និយាយហើយគេក៏នៅរកមើលរបស់ដែលនៅជិតអានយ៉ុងមិនទៅរកឆ្ងាយទេព្រោះនៅជិតចឹងហើយងាយស្រួលសម្ភាស ។
<ច...ចា៎លោកគ្រូ!!>> ឃើញថាគេប្រាប់បែបនេះហើយនាងក៏ព្យាយាមធ្វើជាធម្មតាបន្តទៀត!
<<តើនាងធ្វើការនៅទីនេះមែនទេ?>>
<<ចា៎!!>>
<<ក្រែងនាងនៅឈឺមិនទាន់ជាស្រួលបួលទេ! ហេតុអីក៏មិនឈប់សិន?>>
<<ខ្ញុំមិនអាចឈប់ទេ! ព្រោះខ្ញុំត្រូវការប្រាក់!!>> អានយ៉ុងក៏តបទៅឆាងមីនវិញទាំងញញឹមស្ងួតនិងមុខមាត់ស្លេកស្លាំងព្រោះមិនទាន់ជាស្រួលបួលទេ!
<<បើអាច មើលថែសុខភាពខ្លួនឯងផង!!>> និយាយហើយក៏រើសបានឆ័ត្រពណ៌ក្រហមស្រាលមួយយកមកឱ្យអានយ៉ុងគិតលុយ ។
<<អរគុណហើយ!លោកគ្រូ>> នាងនៅតែបញ្ចេញស្នាមញញឹមដាក់ឆាងមីនហើយដៃវិញក៏ទាញយកឆ័ត្រនោះមកគិតលុយហើយក៏បានប្រាប់តម្លៃឆ័ត្រទៅឆាងមីន មិនចាំយូរបិសាចអ្នកមានក៏ទាញកាតធនាគារចេញមកដើម្បីគិតលុយ! មើលទៅគេប្រហែលគ្មានលុយសុទ្ធឬមួយក៏ចង់អួត!
<<នេះឆ័ត្ររបស់លោកគ្រូ!>> គិតលុយរួចរាល់ក៏បានហុចឆ័ត្រក្រហមនោះទៅកាន់ឆាងមីន ។
<<ខ្ញុំជូននាង! ទុកជ្រកពេលត្រឡប់ទៅផ្ទះវិញណា៎>>
គេក៏យកដៃរុញឆ័ត្រនោះទៅឱ្យនាងហើយញញឹមបន្តិច មុននឹងឆាកចេញទៅវិញ ទុកឱ្យអានយ៉ុងឆ្ងល់យ៉ាងខ្លាំងនិងបានសម្លឹងមើលឆាងមីនចាកចេញទាំងងឿងឆ្ងល់ ប៉ុន្តែនាងក៏សប្បាយចិត្តដែលមានអ្នកបារម្ភពីនាងបែបនេះ ។

បិសាចរាត្រីWhere stories live. Discover now