បុរសក្នុងសុបិន

Beginne am Anfang
                                        

"តេីខ្ញុំអាចសួរលោកប៉ុន្មានសំណួរបានទេ?"

ខ្ញុំសួរទៅបុរសឈុតពណ៌សដែលមានទឹកមុខរាបស្មេីហាក់មានអ្វីដែលលាក់បាំងនៅក្នុងចិត្ត។ សង្ឃឹមថាគេនឹងយល់ព្រមឆ្លើយអ្វីដែលខ្ញុំសួរ។

គេដកដង្ហើមធំ រួចងក់ក្បាលបញ្ជាក់ថាអាចសួរបាន។ ខ្ញុំត្រេកអរក្នុងចិត្តមិនស្ទេីរ ព្រោះគេជាមនុស្សតែម្នាក់គត់ដែលអាចស្រាយចម្ងល់របស់ខ្ញុំ។

"លោកគឺជាអ្នកណា? មានឈ្មោះអី? ហើយហេតុអីខ្ញុំជួបលោកនៅទីកន្លែងនេះ? ហើយទីនេះជាកន្លែងណា?"

"កំពុងសូត្រកំណាព្យមែនទេ?"

គេសួរបកបែបហួសចិត្ត។ ខ្ញុំអស់សំណើចនឹងខ្លួនឯងដែលភ្លេចខ្លួនសួរគេមិនដកឃ្លា មិនទុកពេលឲ្យគេឆ្លេីយសំណួរមួយឲ្យចប់សិនចាំសួរបន្តឡេីយ។

"ឥឡូវលោកឆ្លើយសិនមកថាលោកជាអ្នកណា?"

"ខ្ញុំឈ្មោះ Jay ជាវិញ្ញាណ!"

"ហាស!! ថាម៉េច?"

ខ្ញុំស្លុតចិត្តបន្តិចនៅពេលឮថាគេជាវិញ្ញាណ។ នេះបានន័យថាគេមិនមែនជាមនុស្ស អញ្ចឹងខ្ញុំកំពុងនៅជាមួយខ្មោច ហើយទីនេះជាឋានខ្មោចហ្អេស?! តែថាម៉េចក៏ស្អាតដូចឋានសួគ៌អញ្ចឹង?

"នេះ នេះ! លោកជាវិញ្ញាណហ្អេស?!"

ខ្ញុំនិយាយទាំងញ័រមាត់ ព្រោះមានអារម្មណ៍ញញេីតនឹងបុរសដែលនៅក្បែរ។ គេញញឹមស្រាលៗបែបអស់សំណេីចនឹងរឹកពារបស់ខ្ញុំ ហើយភ្លាមនោះគេរហ័សនិយាយបន្ត

"ខ្ញុំមិនធ្វើបាបឯងទេ! ហើយពេលនេះឯងក៏ជាវិញ្ញាណដូចខ្ញុំដែរ ទាស់ត្រង់ថាឯងជាវិញ្ញាណបណ្ដោះអាសន្ន!"

ពាក្យសម្ដីរបស់គេធ្វេីឲ្យខ្ញុំស្ដាប់ឡេីងចំហរមាត់។ ខ្ញុំជាវិញ្ញាណបណ្ដោះអាសន្នឬ? តេីមានន័យថាម៉េច ខ្ញុំមិនយល់អ្វីដែលគេកំពុងប្រាប់ទាល់តែសោះ។ ជាព្រលឹងខ្មោចបណ្ដោះអាសន្នមែនទេ?!!

"ឯងមិនទាន់ស្លាប់នៅឡេីយទេ ឯងគ្រាន់តែបាត់បង់ស្មារតីមួយរយៈទេីបមកដល់កន្លែងនេះ!"

"អញ្ចឹងខ្ញុំអាចទៅវិញតាមវិធីណា?"

ខ្ញុំរហ័សសួរគេយ៉ាងលឿន តែអ្វីដែលទទួលបានជាភាពស្ងៀមស្ងាត់។ មិនមែនគេមិនចង់ឆ្លើយ តែមកពីគេក៏មិនដឹងដូចគ្នា។

"ខ្ញុំមិនដឹងទេ តែខ្ញុំគិតថាឯងនឹងត្រឡប់ទៅកន្លែងដេីមវិញនៅពេលដែលឯងដឹងខ្លួន!"

នេះបានន័យថា ខ្ញុំនឹងត្រឡប់ទៅវិញដោយខ្លួនឯងនៅពេលដល់វេលាកំណត់។

"និយាយអញ្ចឹងពួកយេីងធ្លាប់ស្គាល់គ្នាពីមុនដែរទេ?"

បេះដូងរបស់ខ្ញុំលោតញាប់នៅពេលបោះសំណួរមួយនេះ។ ទឹកមុខរបស់គេប្រែប្រួលមួយរំពេច ហាក់សោកសៅយ៉ាងចម្លែក។

"លោកធ្លាប់បង្ហាញខ្លួនក្នុងយល់សប្តិរបស់ខ្ញុំដែរឬអត់?"

ខ្ញុំបន្តសួរទៅគេ។ បរិយាកាសប្រែជាស្ងប់ស្ងាត់ឮតែសម្លេងដកដង្ហើមរបស់ពួកយេីងទាំងពីរ។

បន្ទាប់ពីស្ងាត់អស់ជាយូរ គេដាច់ចិត្តឆ្លើយតបនឹងសំណួររបស់ខ្ញុំ ប៉ុន្តែខ្ញុំអាចដឹងថាមិនមែនជាការពិត គេកំពុងកុហក និងព្យាយាមលាក់បាំងអំពីអ្វីម្យ៉ាង។

"ឯងប្រហែលច្រឡំហើយ ខ្ញុំម៉េចនឹងអាចបង្ហាញខ្លួនក្នុងសុបិនរបស់ឯងបានទៅ? ខ្ញុំមិនដែលស្គាល់ឯងពីមុនទេ!"

ឮបែបនេះ បេះដូងរបស់ខ្ញុំឈឺចាប់ដោយគ្មានមូលហេតុ។ វាឈឺឆៀបៗ ដូចមានអ្វីកំពុងចាក់ទម្លុះ តែខ្ញុំនៅតែជឿជាក់ថាគេជាបុរសម្នាក់នោះ បុរសដែលបង្ហាញខ្លួននៅក្នុងសុបិនស្រពិចស្រពិលរបស់ខ្ញុំ។ ជាពិសេសអារម្មណ៍ប្រាប់ថា ពួកយើងធ្លាប់ស្គាល់គ្នា និងមានទំនាក់ទំនងជាមួយគ្នា។

ខ្ញុំនឹងស្វែងរកការពិតឲ្យឃេីញ!











ការចងចាំដ៏ស្រស់ស្អាត (ចប់)Wo Geschichten leben. Entdecke jetzt