"តេីលោកគឺជាអ្នកណា? ហើយហេតុអីខ្ញុំមកដល់ទីនេះ?"
គេមិនបានឆ្លើយតបនឹងសំណួររបស់ខ្ញុំឡេីយព្រោះពេលនោះផ្សែងខ្មៅក្រាស់ខ្មឹកមកពីណាក៏មិនដឹងបក់កាត់ទីតាំងដែលខ្ញុំកំពុងឈរធ្វេីឲ្យខ្ញុំវិះដួលអស់ជំហរទៅលេីដី តែមានដៃមាំមួយគូមកជួយទប់ទាន់ពេលវេលា កុំអីខ្ញុំត្រូវដួលផ្កាប់មុខស៊ីដីផងក៏មិនដឹង។
"មិនអីទេឬ?"
សម្លេងស្រទន់គួបផ្សំនឹងក្រសែភ្នែកព្រួយបារម្ភរបស់គេធ្វេីឲ្យខ្ញុំរំភេីបចិត្ត ក្នុងពោះហាក់មានមេអំបៅរាប់រយកំពុងហេីរ។ គេដកដៃចេញពីចង្កេះរបស់ខ្ញុំហេីយទប់ខ្ញុំឲ្យមានលំនឹង។ ទង្វើបែបសុភាពបុរសរបស់គេបានឆក់យកបេះដូងរបស់ខ្ញុំបានមួយចំរៀកតូច។
"មានរឿងអីកេីតឡេីង?"
ខ្ញុំសួរគេទាំងភ័យបន្តិច ព្រោះសុខៗស្រាប់តែមានផ្សែងចម្លែកបក់កាត់។ គេរក្សាភាពស្ងៀមស្ងាត់ តែខ្ញុំអាចមេីលដឹងពីទុក្ខកង្វល់តាមរយៈទឹកមុខ និងខ្សែភ្នែករបស់គេ។
"មកតាមខ្ញុំ!"
រំពេចនោះ គេអូសដៃខ្ញុំឲ្យទៅជាមួយដេីរកាត់ព្រៃក្រាស់ខ្មឹកដែលរំលេចពណ៌ចម្រុះគ្នា។ ធ្លាប់តែឃេីញដេីមឈេីមានស្លឹកពណ៌បៃតង តែដេីមឈេីនៅទីនេះមានស្លឹកគ្រប់ពណ៌តែម្ដង ស្អាតហេីយប្លែកភ្នែកខ្លាំងណាស់។
ខ្ញុំដេីរតាមគេបណ្ដេីរនិងគយគន់ទេសភាពបណ្ដេីរ។ នៅពេលកាន់ដៃរបស់គេ អារម្មណ៍ប្រាប់ខ្ញុំថាខ្ញុំធ្លាប់ជិតស្និទ្ធជាមួយគេ ប៉ុន្តែខ្ញុំចាំគេមិនបានថាគេជាអ្នកណា មកពីណា ហើយមានអ្វីពាក់ព័ន្ធនឹងខ្ញុំ?!
សំណួរជាច្រើនផុសពេញខួរក្បាល ខ្ញុំចង់សួរគេឲ្យបាត់ឆ្ងល់ ប៉ុន្តែស្ថានភាពមិនទាន់អំណោយផលល្អ ដូច្នេះខ្ញុំត្រូវតែអត់ធ្មត់ដេីម្បីរង់ចាំពេលវេលាសាកសម។
មិនយូរប៉ុន្មានពួកយើងមកដល់ផ្ទះឈេីមួយដែលទំនងជាផ្ទះរបស់គេ។ វាស្អាតនិងមានរបៀប ហើយមានតាំងលំអនូវផ្កាជាច្រេីនប្រភេទនៅខាងមុខ។
គេអញ្ជើញខ្ញុំឲ្យចូលខាងក្នុង ហើយពេលនេះពួកយេីងកំពុងនៅកន្លែងទទួលភ្ញៀវនៃបរិវេណផ្ទះរបស់គេ។ ខ្ញុំអង្គុយលេីកៅអីឈេីមួយ និងលួចសម្លឹងមុខបុរសស្ងៀមស្ងាត់ដែលអង្គុយមិនឆ្ងាយពីខ្ញុំប៉ុន្មាន។
បុរសក្នុងសុបិន
Depuis le début
