Short Novel💫

736 18 1
                                        

រឿង ជួបស្នេហ៍នាពេលរាត្រី💫💖
    ព្រះអាទិត្យចាប់ផ្ដើមអស្ដង្គតម្ដងបន្តិចៗរហូតបាត់ស្រមោលសូន្យឈឹង។ផ្ទៃមេឃដែលកំពុងងងឹតក៏ចាប់ផ្ដើមមានពពកខ្មៅខ្មួលខ្មាញ់ពេញលំហរអាកាសជាមួយនឹងផ្លេកបន្ទោរបញ្ចេញរស្មីព្រៀកៗដែលជាសញ្ញាបង្ហាញថាមេឃកំពុងតែជិតភ្លៀងហើយ។មនុស្សម្នាចាប់ផ្ដើមរត់ប្រញេប្រញាប់ទៅយកខោអាវដែលខ្លួនបានហាលមកក្នុងផ្ទះជៀសវាងការសើមប្រឡាក់សម្លៀកបំពាក់។ មេឃចេះតែបន្តនូវសកម្មភាពរបស់ខ្លួនម្ដងបន្តិចៗរហូតទឹកភ្លៀងជាច្រើនដំណក់ស្រក់ចុះមកគ្របទីក្រុងទាំងមូល។
    ក្នុងផ្ទះដែលស្ងាត់ជ្រងំ ងងឹតសូន្យឈឹងដូចគ្មានមនុស្សរស់នៅតែតាមពិតទៅក៏មានក្មេងស្រីវ័យជំទង់ប្រហែលអាយុ20ឆ្នាំកំពុងអង្គុយអោបក្បាលជង្គង់មើលរឿងខ្មោចលើកញ្ចក់ទូរទស្សន៍គួរឲ្យរន្ធត់ព្រឺព្រួចអមជាមួយមេឃដែលកំពុងភ្លៀងផងដែរ។
   "អាយ!!!!"ភ្លាមៗនោះសម្លេងស្រែកមួយអស់សម្លេងរបស់ស៊ូអ៊ីបានបន្លឺឡើងបន្ទាប់ពីបានមើលដល់វគ្គដែលខ្មោចកំពុងចេញលង។
   "ស្អីគេនឹង?"អារម្មណ៍ភ័យខ្លាចក៏ចាប់ផ្ដើមឡើងម្ដងទៀតបន្ទាប់ពីនាងបានឃើញស្រមោលខ្មៅនៅកន្ទុយភ្នែក។ស៊ូអ៊ីងើបដើរចេញទៅរកដំបងមួយទុកការពារខ្លួនមុននឹងដើររកមើលអ្នកដែលជាម្ចាស់ស្រមោលខ្មៅនោះ។
   "ឯងជាអ្នកណា ឆាប់ចេញមុខមក!!"ដោយដើររកមួយសន្ទុះទៅហើយនៅមិនឃើញទៀត នាងក៏បានស្រែកហៅគេម្នាក់នោះតែម្ដងព្រោះនាងច្បាស់ណាស់ថានាងបានឃើញស្រមោលនោះពិតមែន។ដើរចុះដើរឡើងនាងតូចក៏បានមកដល់បន្ទប់ទទួលភ្ញៀវរបស់ខ្លួនម្ដងទៀតតែនាងស្រាប់តែឃើញបុរសសង្ហារម្នាក់កំពុងអង្គុយលើសាឡុងតែថាគេម្នាក់នោះគ្មានជើងទេ ចឹងមានន័យថាគេជា៖
   "ខ្ម...ខ្មោច...!!!!!!"អារម្មណ៍ភ្ញាក់ផ្អើលបូករួមជាមួយការភ័យខ្លាចផងនោះ ស៊ូអ៊ីបានសម្លប់បាត់ស្មារតីពេលនោះទៅ។
ព្រឹកថ្ងៃថ្មីបានចូលមកដល់ រាងតូចច្រលឹងកំពុងគេងលង់លក់លើគ្រែរបស់ខ្លួន ប៉ុន្តែដោយសារតែក្លិនអ្វីម៉្យាងបានធ្វើឲ្យនាងភ្ញាក់ដឹងខ្លួនភ្លាមៗរួចដើរទៅតាមប្រភពក្លិននោះរហូតមកដល់ផ្ទះបាយ។
   "លោកជាអ្នកណា?"ពេលដើរមកដល់ស៊ូអ៊ីបានឃើញបុរសម្នាក់កំពុងឈរធ្វើម្ហូបជះរាងសង្ហាររបស់ខ្លួនមកកាន់នាង តែថានាងអាចប្រមូលស្មារតីរបស់ខ្លួនមកវិញបានភ្លាមៗរួចចោទសួរគេទាំងមុខងឿងឆ្ងល់។
   "ចង់ដឹងធ្វើអី?"គេម្នាក់នោះអោនមុខមកជិតមុខនាងសឹងប៉ះគ្នាទៅហើយ តែនាងបានគេចចេញ។
   "មិនឲ្យចង់ដឹងយ៉ាងម៉េច?នេះលោកសុខៗក៏មកនៅក្នុងផ្ទះខ្ញុំនៀក!!"ស៊ូអ៊ីនិយាយរៀបរាប់ដោយមិនភ្លេចជាមួយនឹងកាយវិការរស់រវើករបស់នាងធ្វើឲ្យគេម្នាក់នោះអត់មិនបាននឹងលេចសំណើចសើចចេញមក។
   "បើនាងដឹង នាងនឹងសន្លប់មិនខាន"
   "សន្លប់?ហេតុអីខ្ញុំត្រូវសន្លប់?"
   "ព្រោះខ្ញុំជាខ្មោចនោះអី"បុរសចម្លែកម្នាក់នោះក៏បានដើរមកជិតស៊ូអ៊ីរួចខ្សឹបដាក់ត្រចៀកខាងឆ្វេងរបស់នាងធ្វើឲ្យនាងមិនអាចនឹងមិនភ្ញាក់ផ្អើល។តើរឿងយប់មិញមិនមែនជាការយលសប្តិទេឬ?
   "ហ៉ើយ...ព្រឹកនេះអីក៏ភ្ញាក់លឿនម្លេស?"ពេលនោះដែរបងប្រុសរបស់ស៊ូអ៊ីក៏បានដើរចេញមកពីបន្ទប់របស់គាត់ទាំងស្ងាបម្ហបៗមិនទាន់អស់ងងុយនឹងការគេងដោយសារគាត់ជាអ្នកធ្វើការវេនយប់ដូចនេះហើយទើបពេលថ្ងៃគាត់ត្រូវគេង។
   "បងមានឃើញបុរសម្នាក់នេះទេ?"ស៊ូអ៊ីចង្អុលទៅគេម្នាក់នោះធ្វើឲ្យគាត់ងាកមើលតាមដៃរបស់នាង។
   "បុរសណា?ឯងមមើរមែនទេ?"ជីហ៊ុនដោយគិតថាប្អូនមមើរក៏រុញនាងឲ្យទៅដេកក្នុងបន្ទប់វិញ។ឃើញបែបនេះស៊ូអ៊ីកាន់តែច្បាស់ហើយថាគេម្នាក់នោះពិតជាខ្មោចពិតមែន។
ពេលជីហ៊ុនចេញទៅវិញបាត់ ស៊ូអ៊ីក៏រហ័សរត់ទៅចាក់គន្លឹះទ្វាតែហួសពេលទៅហើយបុរសម្នាក់នោះកំពុងអង្គុយលើគ្រែលើកដៃហាយមកនាងយ៉ាងប្រងើយធ្វើឲ្យនាងសឹងសន្លប់ម្ដងទៀតតែបុរសម្នាក់នោះបានរត់ទៅទ្រទាន់។
   "កុំខ្លាចខ្ញុំអី ខ្ញុំមិនមែនជាវិញ្ញាណអាក្រក់ដូចនាងគិតនោះទេ"ដោយសារតែឃើញស៊ូអ៊ីហាក់ខ្លាចរអានឹងខ្លួនគេក៏ពន្យល់បកស្រាយប្រាប់នាងតាមលំដាប់លំដោយ។
   "តែលោកជាខ្មោចមិនឲ្យខ្ញុំខ្លាចយ៉ាងម៉េចបាន?"
   "ជឿជាក់លើខ្ញុំទៅ!!"ពេលឃើញទឹកមុខប្រាកដប្រជារបស់គេហើយ អារម្មណ៍ភ័យខ្លាចរបស់ស៊ូអ៊ីក៏រលាយបាត់ម្ដងបន្តិចៗរួចនាងក៏ដើរទៅអង្គុយលើគ្រែសញ្ជឹងគិតអ្វីម្យ៉ាង។
   "ហេតុអីបានជាលោកមកដល់ទីនេះ?"ស៊ូអ៊ីងាកទៅសួរបុរសម្នាក់នោះតែក៏បាត់ស្រមោលគេសូន្យឈឹង ទើបនាងងាកមកវិញក៏ស្រាប់តែឃើញគេកំពុងអង្គុយជិតនាងទៅវិញធ្វើឲ្យនាងភ្ញាក់លស់ព្រលឹងសឹងគាំងបេះដូង។
   "ខ្ញុំក៏មិនដឹងថាមកទីនេះបានដោយរបៀបណាដូចគ្នាដឹងត្រឹមថាខ្ញុំមិនអាចចេញពីទីនេះបានទេ!!"
   "លោកមកទីនេះត្រូវការជំនួយមែនទេ?ចង់ឲ្យខ្ញុំធ្វើបុណ្យទៅឲ្យឬជួយរកសាច់ញាតិឬរកមូលហេតុស្លាប់?"ស៊ូអ៊ីរៀបរាប់ពីអ្វីដែលនាងត្រូវជួយតាមសាច់រឿងដែលបានលេងក្នុងទូរទស្សន៍ទាំងដែលគេមិនបាននិយាយសុំជំនួយពីនាងមួយម៉ាត់សោះ។
   "អត់ទេ ខ្ញុំដឹងត្រឹមថាខ្ញុំមកទីនេះដើម្បីនៅជាមួយនាងតែប៉ុណ្ណោះ"គេក្រវីក្បាលបដិសេធរួចនិយាយពីភារកិច្ចរបស់ខ្លួន។
   "នៅជាមួយខ្ញុំ?"នាងសួរទាំងភ្ញាក់ផ្អើលនិងយកដៃមកចង្អុលខ្លួនឯង។
   "មែនហើយ!!"
   "ចុះលោកឈ្មោះអីវិញ?"
   "ខ្ញុំឈ្មោះ...ឈ្មោះ...មិនដឹង"គេហាក់សញ្ចឹងគិតឈ្មោះខ្លួនឯងតែនៅតែមិនអាចចាំបានថាខ្លួនឈ្មោះអ្វី។
   "អៅ សូម្បីឈ្មោះក៏មិនដឹងផងឲ្យខ្ញុំហៅលោកថាម៉េចទៅ?"ស៊ូអ៊ីបើកភ្នែកធំៗព្រោះរឿងវាកាន់តែយ៉ាប់ទៅៗ។
   "ខ្ញុំ......."គេអោនមុខចុះហាក់ដឹងថាខ្លួនធ្វើឲ្យនាងឈឺក្បាលព្រោះតែរឿងខ្លួន។
   "អីឡូវខ្ញុំដាក់ឈ្មោះឲ្យលោកថា ជីមីនទៅចុះ!!អូខេ?"ដោយឃើញទឹកមុខរបស់គេហាក់ស្រពាប់ស្រពោន ស៊ូអ៊ីក៏សម្រេចចិត្តដាក់ឈ្មោះឲ្យគេដោយខ្លួនឯងរួចសួរយោបល់ទៅសមីខ្លួន។
   "អូខេ"ជីមីនយល់ព្រមរួចញញឹមយ៉ាងស្រស់ទៅកាន់ស៊ូអ៊ីធ្វើឲ្យនាងអៀនសឹងជ្រែកភពទៅហើយដែលសុខៗក៏មានខ្មោចប្រុសស្អាតមករស់នៅជាមួយអីបែបនេះ។
   "ចឹងចេញទៅក្រៅសិនទៅខ្ញុំរៀបចំខ្លួនទៅរៀនសិន!!"ស៊ូអ៊ីរុញខ្លួនរបស់ជីមីនចេញពីបន្ទប់រួចចាប់ផ្ដើមរៀបចំខ្លួនទៅរៀនដូចសព្វដង។
    មួយសន្ទុះក្រោយមក ស៊ូអ៊ីបានរៀបចំខ្លួនរួចហើយក៏ដើរចេញមកពីក្នុងបន្ទប់ ស្រាប់តែឃើញកម្លោះសង្ហារជីមីនកំពុងឈររៀបចំអាហារថ្ងៃត្រង់ឲ្យនាងយកទៅញ៉ាំនៅសាលា។
   "នេះយកទៅ!!"ជីមីនហុចប្រអប់បាយមកកាន់ស៊ូអ៊ីទាំងញញឹមសប្បាយចិត្ត។
   "ចាប់ពីពេលនេះទៅនាងគឺជាមេរបស់ខ្ញុំហើយ ទោះមិនបានមើលថែនាងនៅខាងក្រៅផ្ទះក៏អាចជួយសម្រាលការងារនាងបានដែរ"ជីមីនរៀបរាប់មិនដាច់ពីមាត់ធ្វើឲ្យស៊ូអ៊ីមិនញញឹមមិនបាននូវឫកពាររបស់គេដែលធ្វើមកកាន់ខ្លួន។
   "ចឹងខ្ញុំទៅសិនហើយ ល្ងាចជួបគ្នា!!"ស៊ូអ៊ីទទួលយកប្រអប់បាយនោះហើយនិយាយលាទៅកាន់ជីមីនមុននឹងដើរចេញទៅ។
    រយៈពេលមួយថ្ងៃពេញរបស់ជីមីនដែលស្ថិតនៅតែក្នុងផ្ទះពេលនេះកំពុងរវល់ដៃរវល់ជើងរៀបចំផ្ទះទាំងមូលឲ្យមានរបៀបរៀបរយជាងមុន។បន្ទាប់ពីរៀបចំរួចអស់ហើយជីមីនក៏ដាក់ខ្លួនមួយទំហឹងទៅលើសាឡុងព្រោះនឿយហត់នឹងការងារ។មួយសន្ទុះក្រោយមកសម្លេងបើកទ្វារបានបន្លឺឡើងធ្វើឲ្យជីមីនស្ទុះក្រោកឡើងងាកទៅរកប្រភពសម្លេងរួចញញឹមនឹងវត្តមានរបស់ស៊ូអ៊ីដែលនាងទើបតែមកពីសិក្សាវិញ។ស៊ូអ៊ីសម្លឹងមើលផ្ទះទាំងមូលរបស់ខ្លួនដោយដឹងច្បាស់ក្នុងចិត្តថាជីមីនជាអ្នកធ្វើវា។
   "ហត់ទេ?"ស៊ូអ៊ីដាក់ខ្លួនអង្គុយចុះជិតជីមីនរួចសួរគេភ្លាម។
   "អត់ទេ ឲ្យតែធ្វើវាដើម្បីនាង"ជីមីនញញឹមទៅកាន់នាងជាមួយក្រសែភ្នែកគួរឲ្យទាក់ទាញធ្វើឲ្យស៊ូអ៊ីអៀនឡើងមុខក្រហមដូចប៉េងប៉ោះទៅហើយ។
   "នេះញ៉ាំទៅ!!"ស៊ូអ៊ីហុចថង់ប្រហិតសាច់គោដែលនាងទិញមកពីសាលាមកឲ្យជីមីនជាមួយនឹងទឹកដោះគោសូកូឡាមួយដបផងដែរ។
   "ខ្ញុំមិនអាចញ៉ាំបានទេប្រសិនបើនាងមិនសែនឲ្យខ្ញុំ"
   "អរមែន ចាំបន្តិច"លឺបែបនេះស៊ូអ៊ីក៏រត់លឿនស្លេវទៅរកធូបមកសែនឲ្យជីមីន។
    មួយសន្ទុះក្រោយមកអាហារដែលនាងសែននោះក៏បានមកដល់ដៃជីមីនរួចនាយក៏ញ៉ាំទាំងទឹកភ្នែកកំពុងហូរ។
   "ហេតុអីក៏លោកយំ?"ដោយឃើញទឹកភ្នែក2_3ដំណក់បានស្រក់ចុះមកលើផែថ្ពាល់របស់ជីមីននាងក៏ប្រញាប់សួរទៅកាន់គេ។
   "គឺវាឆ្ងាញ់ទើបខ្ញុំយំបែបនេះ!!"ជីមីនរកលេសដោះសារដូចខ្លាចនាងដឹងពីការពិតយ៉ាងដូច្នោះ។
   "អរ ចឹងញ៉ាំទៀតទៅ"ស៊ូអ៊ីលឺបែបនេះហើយក៏ធូរចិត្តបន្តិចរួចឈប់រំខានការញ៉ាំរបស់ជីមីនទៅផ្លាស់សម្លៀកបំពាក់វិញ។
    ពេលវេលាចេះតែបន្តដំណើរទៅមុខ វេលានេះពេលយប់ក៏បានមកដល់។ស៊ូអ៊ីកំពុងតែអង្គុយធ្វើកិច្ចការរបស់ខ្លួននៅក្នុងបន្ទប់តែម្នាក់ឯង ពេលនោះដែរជីមីនបានដើរចូលមកជាមួយនឹងទឹកដោះគោមួយកែវមកដាក់លើតុរបស់នាង។
   "ញ៉ាំទឹកដោះគោសិនទៅ"ជីមីនឈរច្រត់ដៃមើលស៊ូអ៊ីទាំងទឹកមុខអាណិតនាងពន់ពេកព្រោះនាងមើលទៅដូចខិតខំប្រឹងរៀនខ្លាំងណាស់។ស៊ូអ៊ីមិនតបតរអ្វីឡើយ នាងយកទឹកដោះគោមកផឹករហូតអស់មួយកែវនោះ។
   "ម៉េចក៏នាងខំប្រឹងខ្លាំងម្លេស?"
   "ខ្ញុំក៏មិនដឹងដែរតែអារម្មណ៍វាដូចជាចង់តែរៀន"ស៊ូអ៊ីផ្អាករៀនបន្តិចរួចងាកមកនិយាយជាមួយជីមីនដែលកំពុងឈរមើលនាង។
   "ហើយឲ្យតែពេលយប់នាងនៅម្នាក់ឯងបែបនេះរហូតឬ?"
   "មែនហើយ បងជីហ៊ុនយប់ឡើងគាត់ធ្វើការព្រឹកគាត់នៅផ្ទះ ចំណែកខ្ញុំព្រឹកមិននៅតែយប់នៅវិញម្ដង"ស៊ូអ៊ីបកស្រាយប្រាប់ជីមីនពីទំនៀមទម្លាប់គ្រួសាររបស់ខ្លួន។
   "ចុះម៉ាក់ប៉ា?"
   "ម៉ាក់ប៉ាគាត់នៅស្រុក"ស៊ូអ៊ីឆ្លើយគ្រប់សំណួររបស់ជីមីនរួចចាប់ផ្ដើមរៀនម្ដងទៀត។
   "ឈប់សិន កុំទាន់រៀនយើងទៅលេងហ្គេមសិនតើល្អទេ?"ដោយសារតែឃើញស៊ូអ៊ីនាងរៀនរហូតបែបនេះជីមីនបានបបួលនាងមកលេងហ្គេមដើម្បីកាត់បន្ថយការស្រ្តេសបន្តិចទៅ។
   "អូខេ ល្អតាស៎"ស៊ូអ៊ីយល់ព្រមរួចងើបដើរចេញទៅលេងហ្គេមជាមួយជីមីនក្នុងទូរស័ព្ទដៃដោយនាងបានទៅលួចយកទូរស័ព្ទរបស់បងនាងមួយមកឲ្យជីមីនលេងជាមួយនាង។
    ពីមួយថ្ងៃទៅមួយថ្ងៃភាពជិតស្និតរវាងពួកគេក៏ចាប់ផ្ដើមមានកាន់តែខ្លាំងឡើងៗដោយសារតែពួកគេមានអត្តចរិកនិងចំណង់ចំណូលចិត្តស្រដៀងគ្នាផងដែរនោះទើបធ្វើឲ្យពួកគេអាចរស់នៅជាមួយគ្នាយ៉ាងស្រុះស្រួល។
    ថ្ងៃនេះជាថ្ងៃគម្រប់ខួបមួយខែរបស់ជីមីនដែលបានមករស់នៅទីនេះ។ពេលចេញពីរៀនស៊ូអ៊ីក៏បានឆៀងចូលទៅទិញនំខេកមួយមកសឺប្រាយជីមីនផងដែរ។
   "ជីមីនអា៎....!!"គ្រាន់តែដើរចូលមកដល់ក្នុងផ្ទះភ្លាមស៊ូអ៊ីក៏ស្រែកហៅជីមីនមួយអស់សម្លេងរបស់ខ្លួនព្រោះគិតថាបងប្រុសរបស់ខ្លួនចេញទៅធ្វើការបាត់ហើយតែអ្វីដែលចម្លែកនោះគឺបងនាងកំពុងអង្គុយមើលទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវសោះ។
   "ជីមីនស្អីឯង?បងឈ្មោះជីហ៊ុនណា៎!!"ដោយលឺប្អូនស្រែកហៅឈ្មោះជីមីនដែលមិនមែនជាឈ្មោះរបស់ខ្លួនគាត់ក៏ងឿងឆ្ងល់បន្តិចដែរ។
   "អ៉ើ...អ៉ើ...ខ្ញុំច្រឡំនឹងហា៎!!ហើយថ្ងៃនេះបងមិនទៅធ្វើការទេឬ?"ស៊ូអ៊ីឆ្លើយទាំងរដាក់រដុបរួចសួរបង្វែររឿងកុំឲ្យជីហ៊ុនចាប់អារម្មណ៍។
   "ថ្ងៃនឹងមេឲ្យឈប់!!"គាត់ឆ្លើយនឹងសំណួររបស់ស៊ូអ៊ីរួចក៏ងាកមកមើលទូរទស្សន៍វិញធ្វើឲ្យនាងមានឱកាសដើរចូលទៅក្នុងបន្ទប់របស់ខ្លួនបានសម្រេច។
    ពេលមកដល់ក្នុងបន្ទប់ស៊ូអ៊ីដកដង្ហើមធំបន្តិចព្រោះអម្បាញ់មិញនាងស្ទើរដាច់ខ្យល់ទៅហើយព្រោះភ័យខ្លាំងពេក។តែអ្វីដែលចម្លែកនោះនាងដូចជាមិនឃើញជីមីនទាល់តែសោះទើបនាងស្រែកហៅឈ្មោះគេតិចៗតែទោះជាយ៉ាងណាក៏មិនឃើញជីមីនមករកនាងដែរ ទើបនាងអង្គុយអោបក្បាលជង្គង់យំនៅកៀនគ្រែព្រោះគិតថាជីមីនទៅចោលនាងហើយ។
   "ហេតុអីបានជាយំបែបនេះ?"ពេលនោះសម្លេងរបស់ជីមីនបានបន្លឺឡើងធ្វើឲ្យនាងប្រញាប់ងើបមុខឡើងរួចដឹងថាគេពិតជាជីមីនពិតមែន ទើបនាងរហ័សស្ទុះទៅអោបគេរួចនិយាយទាំងយំខ្សឹកខ្សួល៖
   "មិញលោកទៅណាហាស៎?"ស៊ូអ៊ីសួរទៅកាន់ជីមីនទាំងដៃនៅអោបជីមីនមិនព្រមលែង។
   "ខ្ញុំ...ស៊ូអ៊ីស្ដាប់ខ្ញុំណា៎!!"ជីមីនទាញខ្លួនប្រាណស៊ូអ៊ីចេញពីខ្លួនបន្តិចរួចនិយាយប្រាប់ទៅស៊ូអ៊ីយ៉ាងប្រាកដប្រជាថា៖
   "ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ពួកយើងហើយ ខ្ញុំមិនអាចនៅជាមួយនាងបានរហូតនោះទេ!!ចំណែកហេតុផលដែលខ្ញុំបានមកដល់ទីនោះមកពីវាជាបំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំ"ជីមីននិយាយបកស្រាយមួយៗច្បាស់ៗប្រាប់ទៅកាន់ស៊ូអ៊ីដែលទឹកភ្នែកហូរមកមិនចេះឈប់។
   "ហើយបំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំនោះគឺបានរស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់!!"និយាយមកដល់ចំណុចនេះជីមីនក៏អោនមុខចុះហាក់អស់សង្ឃឹម។
   "នេះមានន័យថាម៉េច?ប្រាប់ខ្ញុំមក!!"ដោយមិនលឺជីមីននិយាយអ្វីបន្តទៀតស៊ូអ៊ីក៏អង្រួនស្មាររបស់ជីមីនឲ្យនាយនិយាយតែគ្រប់យ៉ាងហាក់មិនបានការទាល់តែសោះជីមីននៅតែមិនព្រមនិយាយដដែល។
    ~ក្រាក~
    សម្លេងបើកទ្វារបន្ទប់បានបន្លឺឡើងហើយអ្នកដែលបើកទ្វារបន្ទប់នោះគឺជីហ៊ុនបងប្រុសរបស់ស៊ូអ៊ី។
   "បើមកដល់ចំណុចនេះទៅហើយ បងប្រាប់ឯងការពិតទៅចុះ...តាមពិតទៅបងបានមើលឃើញជីមីនដូចឯងអញ្ចឹងតែបងមិននិយាយព្រោះមិនចង់រំខានពេលវេលារបស់ពួកឯង ឯងដឹងទេថាជីមីនមិនមែនជាខ្មោចអនាថាដូចឯងគិតទេតែគេជាវិញ្ញាណដែលមកបំពេញបំណងប្រាថ្នាចុងក្រោយរបស់ខ្លួនព្រោះអ្នកដែលគេស្រឡាញ់គឺជាឯង ឯងនឹងគេជាសង្សារនឹងគ្នា គេបានលះបង់ជីវិតរបស់គេទៅឲ្យឯងនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កាលពី1ខែមុន ហើយលទ្ធផលគឺគេស្លាប់ឯងរស់តែឯងបានបាត់បង់ការចងចាំពីគេអស់ទៅហើយទើបឯងមិនដឹងថាគេជាអ្នកណា មកពីណានោះ ហើយពេលនេះពេលវេលារបស់ជីមីនបានមកដល់ហើយគេអស់ភារកិច្ចនឹងនៅលើភពផែនដីនេះទៀតហើយ"ជីហ៊ុននិយាយបកស្រាយរឿងគ្រប់យ៉ាងប្រាប់ទៅកាន់ស៊ូអ៊ីស្របពេលដែលខ្លួនប្រាណរបស់ជីមីនបានរលាយបាត់ម្ដងបន្តិចៗរហូតបាត់ស្រមោលសូន្យឆឹង។
   "ជីមីន!!!!!!"បន្ទាប់ពីដឹងការពិតអស់ហើយការចងចាំនិងអនុស្សាវរីយ៍ទាំងប៉ុន្មានរបស់ខ្លួននិងជីមីនក៏បានលេចឡើងនៅក្នុងខួរក្បាលរបស់នាងតែពេលនេះហួសពេលហើយជីមីនបានទៅបាត់ទៅហើយ។ពេលនេះទើបនាងដឹងថាហេតុអីបានជាជីមីនតែងតែយំនៅពេលញ៉ាំប្រហិតសាច់គោព្រោះទោះជានាងបានបាត់បង់ការចងចាំពីគេតែនាងនៅតែដឹងពីចំណង់ចំណូលរបស់គេជានិច្ច។
                                    ~ចប់ដោយបរិបូរណ៍~
អរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអានរឿងខ្លឺដែលជាស្នាដៃរបស់នាងខ្ញុំ☺️បើមានកំហុសខុសឆ្គងសូមខន្តីអភ័យទោស🙏

🎉 Du hast រឿង ជួបស្នេហ៍នាពេលរាត្រី💫🌃 (Complete) fertig gelesen 🎉
រឿង ជួបស្នេហ៍នាពេលរាត្រី💫🌃 (Complete)Wo Geschichten leben. Entdecke jetzt