ចាប់តាំងពីថ្ងៃនោះមកទល់ពេលនេះដែលកន្លងទៅមួយខែហើយ ស៊ុកជីនមិនដែលនាំខ្លួនទៅរកអាយរីសម្តងណាឡើយ ត្បិតតែពេលខ្លះនឹកដល់នាង នឹកសំឡេងនាង នឹកផ្ទៃមុខដែលតែងតែដាបដោយទឹកភ្នែករៀងរាល់ពេលដែលនៅជាមួយខ្លួន។ ពេលនេះទោះបីជាចង់ដឹងសុខទុក្ខនាងក៏គេមិនអាចធ្វើបាន ចង់ឃើញមុខនាងជាលើកចុងក្រោយមុនធ្វើដំណើរទៅអាមេរិក រឹតតែមិនអីទៅរួច ព្រោះសូម្បីតែដំណឹងទាក់ទងនឹងនាងក៏គេមិនដឹង នាងថែមទាំងផ្លាស់ប្តូរសាលាយ៉ាងទាន់ហន់ ដោយមិនបានបញ្ជាក់ពីព័ត៌មានថានាងទៅបន្តរការសិក្សានៅសាលាណា...
តុក! តុក
សំឡេងគោះទ្វារដាស់អារម្មណ៍អ្នកកំលោះដែលកំពុងអង្គុយផ្នែកខ្នងទៅនឹងបង្អែកកៅអី ងើយផ្ទៃមុខទៅសម្លឹងពិដាន ដៃទាំងយកមកជ្រោងសរសៃរសក់ ដូចមនុស្សពេញដោយសម្ពាធ។
« ចូលមក » ព្រោះតែគិតថាជាអ្នកបម្រើទើបគេនិយាយខ្លីៗគ្មានអារម្មណ៍ទៅអ្នកដែលនៅមុខបន្ទប់ តែក្រោយពីទ្វារបើកឡើងបែរជានាំវត្តមានលោកស្រីស៊ូជំនួសទៅវិញ។
« សល់តែប៉ុន្មានម៉ោងទៀតត្រូវធ្វើដំណើរហើយ កូននៅមិនទាន់រៀបចំអីវ៉ាន់ទៀត? » លោកស្រីសម្លឹងទៅមើលវ៉ាលីខ្មៅ ដែលទទេរមិនទាន់មានសម្លៀកបំពាក់នៅក្នុងនោះ ទើបស្ទុះទៅយកវ៉ាលីអូសទៅបន្ទប់ដាក់សម្លៀកបំពាក់ ចាត់ការរៀបចំខោអាវកូនប្រុសនៅក្នុងវ៉ាលី ក្នុងចិត្តលោកស្រីចង់នាំកូនប្រុសទៅអាមេរិកវិញឲ្យលឿនតាមដែលអាចធ្វើបាន ទោះបីជាទង្វើលោកស្រីធ្វើបាបចិត្តកូនប្រុសខ្លាំងប៉ុណ្ណាក៏ដោយ។
« ម៉ាក់រៀបចំឲ្យរួចហើយ ប្រញាប់ឡើងម៉ាក់ចុះទៅចាំខាងក្រោមជាមួយមីណាកុំធ្វើឲ្យប្អូនចាំ មិនល្អទេ »
« បាទ » សំឡេងតបស្តាប់ហើយដឹងភ្លាមថាម្ចាស់សំឡេងហត់នឿយនឹងឆ្លើយ ពេលលោកស្រីចេញទៅបាត់ស៊ុកជីនបើកថតតុយកសៀវភៅដែលបើកមកដល់សន្លឹកកណ្តាល ឃើញថាជារូបរបស់អាយរិសកំពុងញញឹមយ៉ាងស្រស់មកកាន់កាមេរ៉ា សឹងតែមិនជឿថាមនុស្សចូលចិត្តញញឹម មនុស្សដែលធ្លាប់តែមានក្តីសុខទាំងចិត្ត ទាំងកាយ ប្រែមកជាមនុស្សដែលរងទុក្ខមិនលុះថ្ងៃ។
ស៊ុកជីនលើករូបនោះមកកាន់ទាំងកែវភ្នែកនឹកនាផងឈឺចាប់ផង ហើយក៏ស្តាយក្រោយ រូបនេះគេបានមកតាំងពីថ្ងៃដំបូងដែលគេដឹងខ្លួនថាខ្លួនបានបំពានលើខ្លួនសិស្សសាលា ព្រោះនៅក្នុងកាតមិនត្រឹមតែមានឈ្មោះនាង នៅមានរូបថតមួសន្លឹកនេះស៊កចូលទៅជាមួយគ្នា។
« ពេលនេះនាងនៅកន្លែងណាទៅ អាយរីស? » គេសួរខ្សាវកែវភ្នែកដែលមើលទៅលើរូបនោះសម្តែងអារម្មណ៍ឈឺចាប់ឲ្យឃើញដោយមិនលាក់លៀម។ ស្របពេលនោះគេក៏ក្រោកទាំងយករូបថតនោះទៅដាក់នៅក្នុងវ៉ាលីខោអាវ មុននឹងរៀបចំខ្លួនធ្វើដំណើរទៅព្រលានយន្តហោះ
« អ្នកមីងជិតដល់ម៉ោងហើយ ម៉េចបងជីនមិនចុះមកទៀតចឹង មីណាខ្លាចតែថា... »
« ខ្លាចអី នោះចុះមកល្មម »
ឮបែបនេះមីណាប្រញាប់ងាកក្រោយ ឃើញស៊ុកជីនកំពុងចុះពីកាំជណ្តើរ នាងប្រឹងញញឹមញញែម ពត់ពែនខ្លួនដាក់ បែរជាត្រូវអ្នកកំលោះធ្វើមុខស្មើរដាក់ដដែល។ នេះនាងមិនយល់ពិតមែន នាងស្អាតប៉ុណ្ណឹងដែរបែរជាមិនយកភ្នែកមើល ទៅមើលក្មេងសម្រែៗដូចអាយរីសទៅវិញ តែថាពេលនេះក៏ដកបន្លារចេញពីទ្រូងបានសម្រេចហើយ ទោះស្រីនោះខ្ជាត់ព្រាត់រសាត់ទៅដល់ទីណាក៏មិនមែនជារឿងសំខាន់ ឲ្យតែនាងមុនមករញ៉េរញ៉ៃជាមួយប្រុសម្នាក់នេះទៀតទៅបានហើយ។
« បងជីនហា៎... » សំឡេងម្ញិកម្ញក់គួរឲ្យរំខានត្រចៀក ទើបអ្នកកំលោះឮហើយមិននៅស្តាប់ ថែមទាំងដើរទៅចាំក្នុងដៃ ទុកឲ្យមីណាឈឺចិត្តស្អិតទ្រូង
« អ្នកមីងមើលចុះ »
« កូនមីងតែប៉ុណ្ណឹង យូរៗទៅគង់តែស្នុិទគ្នាបានទេ តោះ! »
...
« អ៊ួក!! ខេះៗ » អាយរីសរត់ចេញពីលើគ្រែសម្តៅទៅបន្ទប់ទឹក លុតជង្គង់ទៅនឹងចានបង្គន់អោនទៅក្អូតនៅក្នុងនោះ តាំងពីព្រឹកមកដល់ពេលនេះនាងក្អូតឡើងរាប់លែងដឹងចំនួនទៅហើយ តែនៅមិនទាន់ដឹងពីមូលហេតុ ព្រោះមិនទាន់បានទៅពេទ្យនៅឡើយ...
« អ៊ួក!! » នាងសង្ងំបានបន្តិចក៏ក្អូតម្តងទៀតក្នុងមាត់ទៅជាល្វីង ក្បាលឈឺខ្ទោកៗហើយក៏ធ្ងន់ដូចគេយករបស់ធ្ងន់មកដាក់ពីលើ គ្រាន់តែគិតថាចង់ងើបដើរទៅលាងមាត់ ក៏រកកលចង់ងងឹតមុខ បើមិនទប់ទាល់ដឹងតែដួលបោកក្បាលក្នុងបន្ទប់ទឹកមិនខាន។
« ឈឺអីទៀតហើយ? ដឹងហើយថាមិនសូវមានលុយក៏ចេះតែឈឺរហូត » អាយរីសស្តីបន្ទោសឲ្យខ្លួនឯង តែដៃក៏រវល់រុករើក្នុងកាបូបយកលុយដែលបានមកពីការងារPart timeនៅតាមហាងអាហារ ព្រោះនាងត្រូវរៀនផង មិនអាចធ្វើការពេញម៉ោង តែការងារដែលនាងធ្វើរាល់ថ្ងៃក៏ល្មមនឹងបង់ថ្លៃបន្ទប់និងថ្លៃសាលា ដូចជាពេលនេះសល់លុយតែបន្តិចបន្តួចក៏ត្រូវយកទៅចំណាយលើថ្នាំពេទ្យទៀត
អាយរីសរៀបចំខ្លួនទៅមន្ទីរពេទ្យពេទ្យដោយពាក់អាវរងារធំៗជាងខ្លួន ព្រោះអាកាសធាតុចុះត្រជាក់ខ្លាំង ព្រោះនេះជាដើមខែ12 សល់ពេលមិនយូររដូវព្រិលធ្លាក់ក៏មកដល់
« សឺត រងារណាស់ » អាយរីសដើរនៅម្ខាងផ្លូវដៃទាំងពីក្តាប់ចូលគ្នាលើកមកដាក់ក្បែរមាត់មុននឹងផ្លុំខ្យល់ចូលទៅឲ្យមានកម្តៅឃុំៗខ្លះ តែរំពេចនោះនាងក៏មានអារម្មណ៍ដូចមានមនុស្សសម្លឹងមកនាងតាមកញ្ឆក់ឡាន ពេលងាកទៅមើលក៏បានឃើញឡានទំនើបបើកពីក្រោយនាង គ្រាន់តែកញ្ឆក់ឡាននោះបិទស្កុតខ្មៅទើបមិនអាចមើលឃើញអ្នកខាងក្នុងបាន មានតែអ្នកក្នុងប៉ុណ្ណោះទើបអាចមើលអ្នកខាងក្រៅបាន។
« អាយរីស!!! » រាងក្រាស់ក្នុងឡានឧទានឈ្មោះមួយនេះឮៗរហូតរសាត់ទៅដល់ត្រចៀកលោកស្រីស៊ូនិងមីណា ដែលឃើញច្បាស់ថាជាអាយរីសពិតមែន ក៏បញ្ជារឲ្យអ្នកបើកឡានបើកឲ្យលឿនជាងនេះ ធ្វើយ៉ាងណាឲ្យឡានរំលងឆ្ងាយពីស្រីថ្នាក់ទាបនោះ។
ស៊ុកជីនវិញនៅមិនសុខចង់តែបើកទ្វារឡានស្ទុះទៅអោបនាង ដឹងទេ គេសម្លឹងផែនខ្នងមួយនោះយូរមកហើយ រហូតទាល់តែនាងបែរមកមើលឡានមួយនេះ ទើបច្បាស់ក្នុងចិត្តថាជានាងពិតមែន...
« អាយ... »
« បងស្រវាំងភ្នែកទេដឹង!! » មីណានិយាយកាត់ថែមទាំងទាញមុខស៊ុកជីនដែលងាកមើលទៅក្រោយឡានឲ្យបែរមកខាងមុខវិញ ដោយទំលាក់ក្បាលទៅផ្តេកផ្តួលលើទ្រូងគេដើម្បីហាមមិនឲ្យងាកទៅមើលស្រីសម្រែនោះបានទៀត...
គេបំបែកអូនហើយនិងបង...🙃
