ភាគ២៨

834 35 0
                                        

     ថ្ពាល់ខាងឆ្វេងរបស់អាយរីសត្រូវងាកទៅម្ខាងដោយមិនបានព្រៀងទុកមុន។ នាងបែរមុខមកវិញសន្សឹមៗ ឃើញអ្នកដែលទើបនឹងទះនាងកំពុងញញឹមពេញចិត្តហាក់ស្កប់ស្កល់ជាមួយទង្វើរបស់ខ្លួន។ ប្រអប់ដៃអាយរីសក្តាប់ចូលគ្នា និងបានត្រឹមតែសម្លក់លោកស្រីជាមួយភាពឈឺចិត្ត ព្រោះនាងមិនអាចតតាំងក្នុងនាមជាគ្រូពេទ្យមានតែព្រមរក្សាមាឃាទមិនតបតទៅវិញ។
     "លោកស្រីនឹងស្តាយក្រោយជាក់ជាមិនខាន" នាងតូចពោលទាំងញ័របបូរមាត់ទាំងលើទាំងក្រោម ស្បងថាបើលោកស្រីមិនមែនជាមនុស្សចាស់នាងនឹងទះឲ្យខ្ទប់ជញ្ជាំងមិនខាន។
     "ឯងមានស្អីឲ្យយើងស្តាយក្រោយហា៎!"
     "ម៉ាក់ខ្ញុំប្រាប់ឲ្យឈប់ ហើយត្រឡប់ទៅវិញ មីណានាំគាត់ទៅវិញឥលូវនេះ" ស៊ុកជីនមិនអាចឈរអោបដៃមើលហេតុការណ៍ឆ្គួតឡប់នៅចំពោះមុខទៀតបានជាដាច់ខាត ម្ខាងជាម្តាយ ម្ខាងទៀតជាស្រីដែលខ្លួនធ្លាប់ស្គាល់យ៉ាងជិតដិតបំផុត ហើយមកឈ្លោះទាល់សម្តីវាយគ្នាបែបនេះ ឲ្យគេឈរស្ងៀមៗម៉េចនឹងបាន។
     "ចា៎? ចា៎សអ្នកមីងហា៎យើងត្រឡប់ទៅវិញសិនទៅណា៎ មីណាក៏ដូចជាចង់ទៅផ្ទះហើយ »  ជាការផ្គាប់ចិត្តស៊ុកជីន មីណាសុខចិត្តដើរទៅរកលោកស្រី ចាប់អោបស្មារគាត់និយាយលួងលោមដោយសម្តីផ្អែមជាងដុំស្ករ។
     "បានៗ នែ៎យើងប្រាប់ឲ្យច្បាស់កុំប៉ះពាល់លោកប្រុសយើង » មុននឹងទៅក៏មិនភ្លេចឆ្លៀតចង្អុលមុខអាយរីស ព្រមជាមួយសម្តីគំរាមបន្តិចបន្តួច។
     "ហ៊ឹស!! ខ្ញុំចង់ប៉ះងាប់ហើយ » អាយរីសធ្វើមុខហួសចិត្តងាកនិយាយស្ងាត់ៗម្នាក់ឯង តាមដោយក្រសែរភ្នែកជ្រេញឬកលោកស្រី ស្លាប់ហើយបើជាម៉ាក់នាងវិញបោកក្បាលឲ្យស្លាប់ល្អជាង។
     ក្រោយពេលលោកស្រីចេញទៅផុតកន្លែងដែលរញ៉េរញ៉ៃអំបាញ់មិញក៏នៅសល់តែនាងនិងស៊ុកជីន មិនចាំយូរនាងរហ័សប្រុងខ្លួនដើរចេញព្រោះធុំក្លិនចំហាយអាក្រក់ជះមកភាយៗ ហ៊ានតែនៅបន្តប្រាកដជាឆ្គួតស្លាប់មិនខាន។
     ទន្ទឹមនឹងពេលដែលនាងដើរចេញបែរជាត្រូវរាងក្រាស់ស្ទុះទៅអោបនាងពីក្រោយ សង្ស័យតែគិតថាធ្វើបែបនេះហើយនាងអត់ទោសឲ្យហើយមើលទៅ? តែគ្មានផ្លូវទេដរាបណា៎នាងមិនទាន់ឲ្យពួកគេឈឺចាប់នាងមិនអត់ទោសឲ្យអ្នកណាទាំងអស់។
     "កុំទៅ!! នៅបែបនេះបានទេ? ប្រាំនាទីក៏បាន ខ្ញុំនឹកនាងណាស់អាយរីស" ស៊ុកជីននិយាយដោយសំឡេងខ្សាវៗអ្នកមិនដឹងរឿងអីអាចនឹងអាណិតគេ ខណៈពេលដែលឃើញអាយរីសចង់រើបម្រះគេបន្ថែមកម្លាំងដៃក្រសោបខ្លួននាងតូចរហូតមុខរបួសប្រែជាហូរឈាម រង្វង់មុខសង្ហារអោនទៅជ្រប់លើស្មារនាងតូចតិចៗ ក្លិនក្រអូបនៃសក់ភាយចូលច្រមុះទម្លាយដល់បេះដូងឲ្យជ្រួលច្របល់ ពេលនេះគេចាប់ផ្តើមចង់បាននាងម្តងទៀតហើយ។
     "កោតលោកនិយាយចេញមករួច មិនគិតថារអៀសចិត្តខ្លះទេពេលដែលនិយាយថានឹកស្រីដែលលោកមិនចង់ជួបមុខម្តងទៀត? លោកពូកែណាស់ដឹងទេ? » អាយរីសចាប់ខឹងឡើងមកដោយប្រឹងរើរហូតរបូតពីរង្វង់ដៃស៊ុកជីន។ នាងបែរទៅសម្លក់មុខរបស់គេដោយកែវភ្នែកស្អប់លើស្អប់ មុននឹងដើរចេញទៅតែមិនបានសម្រេចព្រោះគេនៅតែតាមឆេឆាវនាងមិនឈប់។
     "យើងនិយាយគ្នាសិនទៅ" ស៊ុកជីនចាប់ប្រអប់ដៃទាំងពីរបស់អាយរីសក្តោបកាន់យ៉ាងណែន ពន្លឺរភ្នែកសុំអង្វរនាងឲ្យព្រមជាមួយសំណើរខ្លួន តែនាងហាក់ដូចជាចិត្តរឹងខុសពីមុនឆ្ងាយណាស់ ហើយមិនត្រឹមតែមិនព្រមស្តាប់ហើយលេងទះគេមួយកំផ្លៀងថែមទៀត។
    ផាច់!!!
    "ឈប់រំខានពេលធ្វើការរបស់ខ្ញុំទៀត!! យល់ល្អនៅឆ្ងាយៗពីខ្ញុំ បើបានប្តូរមន្ទីរពេទ្យកាន់តែល្អ ព្រោះវត្តមានលោកធ្វើឲ្យជីវិតខ្ញុំគ្មានន័យ ដូច្នេះហើយកុំមកក្បែរខ្ញុំទៀត..." អាយរីសចោលសម្តីផ្តាច់ការ ប្រាប់ឲ្យដឹងថានាងចិត្តដាច់មែនទែនតាមរយៈទឹកមុខរាបស្មើរ ហើយក៏គ្មានអារម្មណ៍ឈឺចាប់ឬសោកស្តាយពេលដែលនិយាយប្រយោគទាំងនេះ។
     "..." រាងក្រាស់អស់អ្វីសម្រាប់និយាយក៏ព្រមបណ្តោយឲ្យរាងស្តើងដើរចេញពីគេទៅរហូតផុតពីកន្ទុយ ឯគេវិញបែរមកត្រូវផ្តួលខ្លួនលន់ជង្គង់លើឥដ្ឋ បាតដៃខ្ទប់មុខរបួសដែលឈឺមែនតែតិចជាងនៅទ្រូងខាងឆ្វេងចេះតែលោតកន្ត្រាក់ បេះដូងឈឺឆ្គាបៗជាអាការៈដែលគេមិនធ្លាប់ជួបប្រទះពីមុនមក។

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now