ដំណើរអមដោយទឹកមុខរាបស្មើរមើលមិនដឹងថាអ្នកកំលោះកំពុងគិតអ្វី តែក៏អាចស្មានដឹងតាមរយៈកែវភ្នែកដែលពេញដោយកង្វល់កល់ពេញខួរក្បាល។ គេពីមុនមិនមែនជាមនុស្សដែលខ្វល់ច្រើនគិតច្រើន ជាបុរសដែលមានសេរីភាព យល់ថាមនុស្សស្រីគ្រាន់តែជារបស់លេងមួយរាត្រី តែមកដល់ពេលនេះ ពេលដែលឃើញបានប៉ះពាល់អាយរីស ស្រីចិត្តរឹងមានះ ចចេសមិនត្រូវការអ្វីពីគេ រឹតតែមិនចង់ឲ្យគេទៅនៅក្បែរនាង ធ្វើឲ្យក្នុងទ្រូងតឹងណែនព្រោះមិនចង់បាត់បង់នាង តែពេលខ្លះបែរជាមិនអាចនិយាយល្អៗនឹងនាង ហេតុអ្វី?
"ទើបមក កូនដឹងថាស្រីជើងល្អនោះរត់បាត់ទៅហើយ ថែមទាំងមិនទៅតែខ្លួនទៀត ឆ្លៀតលួចរបស់ទៅតាម ម៉ាក់ប្រាប់ហើយកុំសម្លឹងមនុស្សតែសំបកក្រៅ ឃើញធ្វើខ្លួនកំសត់បែបនេះ តែក្នុងគំនិតវិញស្អុយរលួយអស់ទៅហើយ" លោកស្រីស៊ូប្រញាប់ស្ទុះទៅរកកូនប្រុសដែលឈានជើងចូលភូមិគ្រឹះ តែគ្រាន់តែបានឮសម្តីអ្នកជាម្តាយក៏ស្ទុះឡើងទៅបន្ទប់ ឃើញថាគ្រប់យ៉ាងទទេរស្អាត មិនបានមាននារីដែលដក់ជាប់ក្នុងខួរក្បាលគេតទៀត។ ខណៈពេលនោះលោកស៊ូក៏ឡើងមកដល់ លើកដៃប៉ះស្មារកូនប្រុសតិចៗ ហាក់ចង់កូនប្រុសស្អប់អាយរីស ដែលសម្លឹងឃើញលុយច្រើនជាង។
"នេះជាសំបុត្រនាងទេដឹង?" លោកស្រីស៊ូ
ស៊ុកជីនបែរទៅតាមសំឡេងរបស់ម្តាយ មុននឹងចាប់យកកូនក្រដាសមានតួអក្សរនៅក្នុងនោះ តែវាមិនមែនជាអក្សរដែលកើតចេញពីការសរសេរដោយដៃរបស់អាយរីសនោះទេ គ្រប់យ៉ាងសុទ្ធតែជាផែនការរបស់លោកស្រីស៊ូ ហ៊ានសូម្បីតែសរសេពាក្យមិនពិត ផ្លាស់ប្តូរក្មេងស្រីម្នាក់ពីសទៅខ្មៅតាមតែចិត្តឯង។
[រឿងរបស់លោកនិងខ្ញុំអាចចប់ទៅបានហើយ លុយដែលខ្ញុំយកទៅវាល្មម និងសាកសមរាល់ទង្វើរបស់លោក]
រាងក្រាស់ខាំធ្មេញក្រោយពីអាចអក្សរនៅក្នុងសំបុត្រ ប្រអប់ដៃច្របាច់សំបុត្រមួយនោះឡើងទក់ទី ក្រោមក្រសែរភ្នែកពេញចិត្តពីលោកស្រីស៊ូ។
"ស្អប់វាទៅ ស្អប់ទៅ!!" ជាពាក្យដែលលោកស្រីនិយាយក្នុងចិត្ត រឹតតែបានធូរទ្រូងមួយកម្រិតយ៉ាងណា កូនប្រុសតែមួយរបស់ខ្លួនមិនអាចទៅស្រវាយកស្រីបែបៗនោះ។
"កុំទៅគិតច្រើនអី ឲ្យចប់ត្រឹមនេះចុះ កូនក៏មិនមែនអត់ស្រីបែបនោះហើយ មិនអាចអត់ជីវិតគូរឯណា ជឿម៉ាក់បំភ្លេចស្រីគ្មានបានការនោះចោលទៅ មកសម្លឹងរបស់ល្អៗក្បែរខ្លួន ដូចមីណាជាដើមម៉ាក់ថានាងនិងកូនសាកសមគ្នាបំផុតហើយ" មិនថាលោកស្រីខំនិយាយប៉ុណ្ណាក៏សម្តីដែលឮពីត្រចៀកឆ្វេងចេញត្រចៀកស្តាំដដែល ព្រោះដូចដែលថា ក្រៅពីនាង គេមិនចង់បានអ្នកណាទៀតទេ!! ក្រៅពីនាងគ្មានអ្នកណាធ្វើឲ្យគេរញ្ជួលចិត្តទៀតទេ ហើយក្រៅពីនាងក៏គ្មានអ្នកណាដែលធ្វើឲ្យគេមានអារម្មណ៍ថាខុសៗធ្ងន់បំផុត តែហេតុអ្វីនាងមិនព្យាយាមយល់ពីគេខ្លះ ឬគិតថាឲ្យតែអ្នកដែលខុសគ្មានអារម្មណ៍ឈឺចាប់?
"ខ្ញុំមិនព្រមចប់ត្រឹមនេះទេ!!"
"ហេតុអ្វីកូនចចេសចង់បានស្រីបែបនោះម្លេះ ម៉ាក់សួរពិតមែន នាងមានស្អីដែលប្រៀបនឹងកូនបានទៅ?" អ្នកជាម្តាយចាប់ផ្តើមបញ្ចេញកំហឹង មុននេះខំយល់ថាខ្លួនឯងធ្វើឲ្យកូនប្រុសស្អប់ហើយព្រមបំភ្លេចនាង តែចុងក្រោយបែរជាចង់ទៅរកនាងទៀត!!
"ខ្ញុំស្រឡាញ់អាយរីស" ទីបំផុតគេព្រមខ្ជាក់សម្តីចេញពីអារម្មណ៍ពិតទៅឲ្យម្តាយបានដឹង ហើយក៏ធ្វើឲ្យគាត់ស្រឡាំងកាំង តែគាត់មិនបោះបង់គំនិតរបស់ខ្លួនជាដាច់ខាត ស្រឡាញ់បានគាត់ក៏ធ្វើឲ្យឈប់ស្រឡាញ់បានដូចគ្នា កុំគិតថាស្នេហាធំធេងជាងអំណាចរបស់គាត់ឲ្យសោះ។
ស៊ុកជីនក្តាប់សំបុត្រស្ទុះចេញពីបន្ទប់មិនថាលោកស្រីខំស្រែកឲ្យឈប់ក៏គេមិនស្តាប់ គិតតែបោះជំហានចេញផុតពីភូមិគ្រឹះទៅដល់ឡានទំនើប ស្ទុះបើកទ្វាររួចក៏បើកចេញទៅទាំងកម្រោលបំផុត។ ឡានរបស់ស៊ុកជីនបើករហូតមកដល់មាត់ច្រក កន្លែងដែលអាយរីសរស់នៅ គេបើកទ្វារឡាន មុននឹងរត់ទៅដល់បន្ទប់ជួលដែលគេធ្លាប់មករកនាងពីមុន។
"អ្នកកំលោះមករកអ្នកណា?" អ៊ំស្រីម្ចាស់ផ្ទះដើរមកសួរនាំ ជាពិសេសមនុស្សដែលតែងខ្លួនឡូយឆាយបែបនេះ កម្រនឹងមកបន្ទប់ជួលតូចប៉ុនរងកណ្តុរណាស់ មុខជាមានរឿងអ្វីមិនខាន។
"ម្ចាស់បន្ទប់នេះ!" ស៊ុកជីនចង្អុលទៅទ្វារ អ៊ំស្រីក៏នឹកឃើញទៅថា មុននឹងអាយរីសចេញទៅក៏បានសុំឲ្យជួយរឿងមួយ គឺបើអ្នកណាមករកសុំឲ្យប្រាប់ថាមិនដឹងទៅបានហើយ។
"រើចេញបាត់ហើយ"
"ដឹងទេថានាងរើទៅណា?"
"មិនដឹងទេ"
"ចង្រៃយ៎!!" ស៊ុកជីនឆាបឆួលពេលទ្រូង លើកជើងទៅធាក់ទ្វាររហូតរបើក បង្ហាញបន្ទប់ដែលធ្លាប់តែមានរបស់របរស្តុក ពេលនេះប្រែមកជាទូលំទូលាយ ល្ហល្ហេមៗដូចខ្លួនគេនៅពេលនេះ។
"បាក់ទ្វារហើយអ្នកកំលោះសងលុយមក"
"..." ស៊ុកជីនបិទភ្នែកលើកដៃជ្រោងសក់ មុននឹងលូកទៅយកលុយពីកាបូប ហុចទៅឲ្យអ៊ំស្រី ដែលចំនួនលុយច្រើនរហូត បើទិញទ្វារវិញអាចបានរហូត១០០ទ្វារក៏ថាបាន។
"ច្រើនណាស់!" អ៊ំស្រីថើបលុយចំពោះមុខស៊ុកជីន ឃើញបែបនេះគេក៏ប្រញាប់សួរ។
"បើចង់បានច្រើនជាងនេះ ប្រាប់មកថាអាយរីសរើទៅនៅឯណា?" គេនិយាយយឺតៗច្បាស់ៗរហូតអ៊ំស្រីលួចលេបទឹកមាត់ព្រោះហាក់ដូចជាព្រឺរសម្បុរនឹងសម្តីដែលចេញមកជាមួយទឹកមុខគួរឲ្យខ្លាច។
"មិនដឹងទេ ដឹងតែថានាងរើចេញមុននេះ រើទៅលឿនៗអ្នកណាសួរនាំទាន់" ត្បិតតែមនុស្សស្រឡាញ់លុយ តែធ្វើយ៉ាងម៉េចបើទទួលពាក្យអង្វរពីអាយរីសហើយ គាត់ក៏មិនចង់ក្បត់សម្តី ណាមួយចម្លើយលោកស្រីសមគួរឲ្យជឿ ទើបគេមិនជីកកកាយដដែលៗ ដោយនាំខ្លួនចេញពីកន្លែងដ៏ស្តុកមួយនេះ

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now