ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍ ផ្ដើមរឿង

17 0 0
                                        

ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍
ផ្ដើមរឿង

រដ្ឋវ៉ាស៊ីនតោន, សហរដ្ឋអាមេរិក
ឆូ...!
សម្លេងទឹកផ្កាឈូកស្រក់ចុះមកស្រោចស្រប់លើរាងកាយតូចច្រឡឹង តំណក់ទឹកហូរកាត់សាច់សភ្លឺរលោងម៉ដ្ឋខៃដូចជាព្រិល ដៃជើងតូចៗវែងស្រឡូន សក្តិសមជាមួយនឹងរាងកាយដ៏សែនភើហ្វិចថ៍មួយនេះ។ ម្រាមដៃតូចគួរណាស់តែកាន់ស្បៃហើយលើកមកអង្អែលត្រដុសតិចៗនៅលើដងខ្លួន ប៉ុន្តែនាងបែរជាត្រដុសខ្លាំងៗនៅលើរាងកាយរបស់នាងទៅវិញ ជាពិសេសគឺនៅលើដើម.កសខ្ចីដូចបណ្ដូលចេកដែលប្រាកដទៅដោយស្នាមក្រហមជាំដុំៗជាច្រើននោះ បបូរមាត់តូចត្រូវបានខាំសង្កត់ជាប់ដោយធ្មេញ ខណៈផ្ទៃមុខក្រហមដូចជាភ្លើងដោយការមួម៉ៅ ស្របពេលដៃគិតតែពីខំត្រដុសខ្លាំងៗទៅលើរាងកាយមិនឈប់ ។
"ស្នាមឆ្កួតអីទៅ ហេតុអីមិនជ្រះអ៊ីចឹង?" បបូរមាត់តូចបង្ហើបដំបូងជាមួយនឹងពាក្យត្អូចត្អែរទាំងល្វើយក្នុងខ្លួន គ្មានកម្លាំងហាក់ដូចទើបតែធ្វើការធ្ងន់ហើយអ៊ីចឹង ទាំងដែលការពិតនាងមិនបានធ្វើការងារអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែដើរលេងដាច់យប់ ផឹកគ្រឿងស្រវឹងជ្រុលបន្តិច ហើយក៏គេងយូរទើបតែងើបនេះឯង តែមិនដឹងហេតុអីក្នុងខ្លួននាងល្វើយណាស់ ។

******
មួយសប្ដាហ៍ក្រោយមក
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៃត្រកូលអែនជេឡា ត្រូវបានរៀបចំដោយភួងផ្កាស្រស់ក្រអូបជាច្រើនពណ៌ចម្រុះគ្នាយ៉ាងស្រស់ស្អាតត្រជាក់ភ្នែក ស្ទើរតែក្លាយទៅជាវាំងមួយទៅហើយ។ នៅខាងមុខភូមិគ្រឹះត្រូវបានរៀបចំជាសាលយ៉ាងធំសម្បើម មានឆាកវេទិកា មានកន្លែងទទួលភ្ញៀវ និងកន្លែងញ៉ាំអាហារជាមួយនឹងអាហារជាច្រើនមុខ ច្រើនរសជាតិ។ ចំណែកឯនៅក្នុងបន្ទប់មួយនៃភូមិគ្រឹះនេះក៏មានជាងសាឡនញាប់ដៃញាប់ជួយគ្នាតុបតែងខ្លួនប្រាណឲ្យនារីរូបស្រស់ដែលជាកូនស្រីនៃម្ចាស់ភូមិគ្រឹះនេះដូចគ្នា ។
ហ្វារ៉ា អែនជេឡា ជាកូនស្រីតែម្នាក់គត់របស់ម៉ាដាមអែនជេឡា នាងគ្មានឪពុកទេ ព្រោះម៉ាក់នាងបានប្រាប់នាងថា គាត់ទាំងពីរបានលែងលះគ្នាតាំងពីនាងមិនទាន់កើតមកម្ល៉េះ មុខមាត់ឪពុកនាងបែបណា នាងមិនដែលឃើញនិងស្គាល់នោះទេ។ នាងមានតែម្ដាយម្នាក់ដែលប្រៀបដូចជាម្ដាយផង ឪពុកផង បងស្រីផង បងប្រុសផង ហើយក៏ស្ទើរតែអាចជាមិត្តបានផងដែរ។ ម៉ាដាមអែនជេឡា មានវ័យត្រឹម៣៥ឆ្នាំប៉ុណ្ណោះ ខណៈ ហ្វារ៉ា មានអាយុ១៨ទៅហើយ ត្បិតជាម្ដាយនិងកូនមានវ័យខុសគ្នា១៧ឆ្នាំ តែម្ដាយនិងកូនពីរនាក់នេះសម្រស់មិនចាញ់គ្នាសោះហើយ ដូចនិយាយអ៊ីចឹងថា ពេលខ្លះម្ដាយកូនពីរនាក់នេះគឺប្រៀបដូចជាមិត្តភក្តិនឹងគ្នា ដែលមិនអាចខ្វះគ្នាបាន ។
នាងមិនបានដឹងពីមូលហេតុនៃការលែងលះរបស់ប៉ានិងម៉ាក់នាងនោះទេ តែម៉ាក់នាងធ្លាប់ប្រាប់នាងថា មិនបាច់ចង់ដឹងពីមូលហេតុនោះទេ ហេតុនេះនាងក៏មិនសួរនាំអ្វីច្រើនដែរ។ ពេលខ្លះនាងក៏ធ្លាប់ទទួលបានពាក្យថា ម្ដាយនាងជាស្រីភ្លើតភ្លើន មានកូនមុនការ មានកូនទាំងមិនទាន់ពេញវ័យ មានកូនដោយរកមុខឪមិនឃើញ មិនដឹងប្រុសម្នាក់ណាជាប៉ា ។
ពាក្យទាំងនេះពិតជាធ្ងន់ធ្ងរណាស់សម្រាប់នាង និងម្ដាយនាង ប៉ុន្តែម្ដាយរបស់នាងបែរជាញញឹមចេញដោយមិននខ្វល់អ្វីសោះ ហើយគ្មានអ្នកណាដឹងទេថាស្ត្រីដែលពពោះកូនទាំងវ័យក្មេងម្នាក់នេះភើហ្វិចថ៍ខ្លាំងប៉ុនណា និងអស្ចារ្យខ្លាំងប៉ុនណា នាងជាកូន នាងមិនដែលសោកស្ដាយ មិនដែលខូចចិត្តចំពោះរឿងទាំងនេះទេ អ្វីដែលនាងខ្វល់ តើម្ដាយនាងសប្បាយចិត្តឬក៏អត់ប៉ុណ្ណោះ ព្រោះម្ដាយនាងតស៊ូណាស់ទម្រាំតែអាចចិញ្ចឹមនាងបានមកដល់រាល់ថ្ងៃនេះ ។
«ថ្ងៃរៀបការទាំងមូល ធ្វើមុខដូចជុះមិនចេញ»
សម្លេងស្រួយស្រេសរបស់ស្ត្រីវ័យ៣៥ឆ្នាំស្ដីបន្ទោសឲ្យកូនស្រីតែម្នាក់ ខណៈនាងតូចធ្វើមុខជូរហួញមិនរីក មិនស្រស់សូម្បីតែបន្តិចនៅក្នុងថ្ងៃរៀបការ ។ ម៉ាដាមអែនជេឡា ចាប់ទាញថ្ពាល់កូនស្រីឲ្យញញឹមទាំងក្នក់ក្នាញ់ ។
«បងស្រីហ្អា៎មនុស្សមិនចង់រៀបការ ឲ្យសប្បាយអរស្រែកហ៊ោឬ?»
ហ្វារ៉ា លើកចិញ្ចើមសួរផ្ចាញ់ទៅម្ដាយខ្លួនវិញទាំងធុញថប់ក្នុងចិត្ត មនុស្សកំពុងតែស្ថិតនៅក្នុងវ័យពេញសប្បាយហ៊ឺហារបែរជាបង្ខំឲ្យយកប្ដី នាងស្ត្រេសស្លាប់មិនខានទេ ។
«បងស្រីខំគិតគូរដល់ឯង រកប្ដីអ្នកមានឲ្យឯង មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងសង្ហាទៀតផង ឯងមិនសប្បាយចិត្តទេឬ? ឯងគួរតែអរគុណបងស្រីទើបត្រូវ»
ម៉ាដាមអេនជេឡា ដាក់ដៃលើស្មាកូនស្រី ខណៈកែវភ្នែកសម្លឹងមើលមុខកូនតាមកញ្ចក់ទូរសម្អាង បបូរមាត់គ្រងដោយក្រែមពណ៌ក្រហមឆេះភ្ជាប់ទៅដោយស្នាមញញឹមមិនរសាយដាក់នាងតូចដែលកំពុងតែមើលមុខនាងតាមកញ្ចក់ដូចគ្នា តែទឹកមុខស្អុយប៉ែ ដូចគេយកទៅចងបាញ់ ។
«ម៉ាក់និយាយធ្វើដូចរាល់ថ្ងៃនេះគ្រួសារយើងរហាមណាស់អ៊ីចឹង លុយចាយមិនអស់»
ហ្វារ៉ា ពេបមាត់រអ៊ូដាក់ម្ដាយខ្លួន មុននឹងងើបចេញពីកៅអីតែងខ្លួន ឈរមើលរាងខ្លួនឯងទាំងសោកស្ដាយ មនុស្សប្រុសណាអីក៏សំណាងម្ល៉េះដែលបាននាងធ្វើជាប្រពន្ធនេះ? មិនដឹងថាប្រុសម្នាក់នោះសប្បាយចិត្តយ៉ាងណាដែលបានប្រពន្ធស្អាតគ្មានទាស់ដូចជានាងបែបនេះ គេម្នាក់នោះពិតជាធ្វើបុណ្យដល់ពិតមែន តែគិតៗទៅពិតជាស្ដាយភាពនៅលីវរបស់នាងខ្លាំងណាស់ មិនគួរណាឆាប់រៀបការយ៉ាងនេះទេ នៅសប្បាយមិនទាន់ឆ្អែតនៅឡើយផង ។
«ពឹងលើភាពខ្ជិលច្រអូសនិងពូកែបង្ហិនរបស់ឯងរាល់ថ្ងៃនេះ មិនយូរមិនឆាប់រលំរលាយអស់មិនខានទេ រកប្ដីអ្នកមានឲ្យឯង ដើម្បីកុំឲ្យឯងបាននៅបង្ហិនលុយខ្ញុំនោះអី»
ម៉ាដាមអែនជេឡា ដើរទៅអង្គុយលើសាឡុង ទាញទូរស័ព្ទស៊េរីទំនើបចុងក្រោយមកចុច ដោយមិនខ្ចីខ្វល់ពីទឹកមុខកូនស្រីនៅពេលនេះ
«ហ៊ើយ...មិនដឹងកូនប្រសាម៉ាក់មកឬអត់ទេ បើដល់ពេលនេះទៅហើយមិនទាន់ឃើញស្រមោលផង»
រាងតូចធ្វើជាដកដង្ហើមធំហាក់ដូចពិបាកចិត្តណាស់អ៊ីចឹង ទាំងដែលការពិតនាងសប្បាយចិត្តស្ទើរស្លាប់ បើបានកូនកំលោះមិនបង្ហាញខ្លួនពិតមែនកាន់តែល្អនាងនឹងមិនចាំបាច់រៀបការ។ លើលោកនេះប្រហែលគ្មានការរៀបការណា ហើយក៏ប្រហែលជាគ្មានកូនក្រមុំណាដូចជានាងនោះទេ នាងរៀបការជាមួយនឹងមនុស្សដែលនាងមិនស្គាល់គេ មិនធ្លាប់បានឃើញមុខ មិនធ្លាប់បានជួបគ្នាពីមុនមកសូម្បីតែម្ដង ថាទៅមើលតើមានដែរទេ? ម៉ាក់នាងនេះពិតជាកំពូលម៉ាក់ពិតមែន និយាយចរចារគ្នាតែតាមទូរស័ព្ទជាមួយម្ដាយខាងប្រុសរួចរាល់ក៏ចាប់បង្ខំនាងយកតែម្ដង ។
«រៀបចំខ្លួនឲ្យតែរួចរាល់ទៅ ដល់ម៉ោងគេច្បាស់ជាមកដល់មិនខានទេ»
ម៉ាដាមឆ្លើយតបជាមួយកូនស្រីទាំងមិនបានដកភ្នែកចេញពីទូរស័ព្ទ ដោយមិនបានភ័យខ្លាច ឬបារម្ភចំពោះអ្វីដែលកូនស្រីបាននិយាយឡើយ ព្រោះនាងដឹងថាច្បាស់ថាគ្រប់យ៉ាងវាប្រាកដជារលូន គ្មានអ្វីជាឧបសគ្គឡើយ ។
«ត្រូវហើយ ឯងមិនទាន់ប្រាប់ម៉ាក់ទេថាសប្ដាហ៍មុនឯងបាត់ទៅណាពេញមួយយប់?»
ម៉ាដាមទម្លាក់ទូរស័ព្ទចុះបែរទៅសួរកូនស្រីបែបប្រាកដប្រជា ខណៈរាងតូចធ្វើមុខង៉េមង៉ាម ភ្នែកឡេឡឺៗ ។
«ទៅក្លឹប»
ហ្វារ៉ា ដើរទៅដាក់បង្គុយក្បែរម្ដាយ តែនាងបែរជាមិនហ៊ានមើលមុខម្ដាយចំៗទៅវិញ ។
«ដឹងថាខ្លួនជិតរៀបការហើយ នៅតែធ្វើខ្លួនផ្ដេសផ្ដាស មើលទៅម៉ាក់គួរតែប្រាប់អនាគតប្ដីឯងឲ្យបង្ក្រាបឯងហើយទើបបាន»
ម៉ាដាមធ្វើជាមួលស្លឹកត្រចៀកកូនស្រីតិចៗទាំងខឹង មានដែរឬស្រីក្រមុំដឹងខ្លួនថាជិតរៀបការហើយ បែរជាដើរលេងចូលក្លឹបផឹកស៊ីរាំរែកដាច់យប់ ព្រលឹមឡើងទើបចូលផ្ទះបែបនេះ? នាងខ្លួនឯងជាមនុស្សទាន់សម័យ មិនហាមឃាត់កូនស្រីរឿងដើរលេង សប្បាយហ៊ឺហារអ្វីទេ តែថាកូនជិតរៀបការបែរជាទៅធ្វើខ្លួនបែបនោះ បើខាងនោះគេដឹងច្បាស់ណាស់ថាមិនមែនជារឿងល្អនោះទេ ។
«អ្នកណាប្រើឲ្យម៉ាក់បង្ខំខ្ញុំធ្វើអី?»
គិតដល់ថ្ងៃដែលនាងផឹកស្រវឹងរហូតដល់មិនបានចូលផ្ទះនោះ មូលហេតុក៏ព្រោះតែរឿងដែលម៉ាក់នាងបញ្ចុះបញ្ចូលនាងឲ្យរៀបការជាមួយមនុស្សដែលនាងមិនសូម្បីតែស្គាល់នេះហើយ ។
«ហ៊ឹម...ម៉ាក់និងម៉ាដាមអូស៊ីរីសធ្លាប់ស្គាល់គ្នា និងស្រឡាញ់គ្នាដូចបងប្អូនបង្កើតអ៊ីចឹង គាត់បានជួយម៉ាក់ច្រើនណាស់ ពេលគាត់បានឃើញរូបរបស់កូនហើយក៏ស្រឡាញ់និងចង់បានជាកូនប្រសា ហ្វារ៉ាម៉ាក់ក៏គិតដែរមុនពេលនិយាយជាមួយកូនពីរឿងនេះ រ៉ូស្ទៀនជាបុរសដែលអាចទុកចិត្តបាន ម៉ាក់ផ្ញើកូនទៅលើដៃគេម៉ាក់មានក្ដីសង្ឃឹមខ្ពស់ថាគេអាចមើលថែកូនបានល្អ ដូចដែលម៉ាក់មើលថែកូនកន្លងមក កូនអាចខឹងស្អប់ម៉ាក់នៅពេលនេះ ប៉ុន្តែពេលក្រោយកូននឹងយល់ថាហេតុអីម៉ាក់បង្ខំកូនបែបនេះ»
ម៉ាដាមទាញដៃកូនស្រីមកក្រសោបថ្នមៗ កែវភ្នែកស្រទន់ពេញដោយក្ដីស្រឡាញ់មើលទៅកូនស្រីដោយបញ្ចេញភាពកក់ក្ដៅនិងជំនឿជឿជាក់ដើម្បីឲ្យកូនស្រីបានយល់ពីចិត្ត ។
«ឆឹស! មកស្តាយល៍អីទៀតហើយ ខ្ញុំខ្ជិលចាញ់បោកម៉ាក់ណាស់»
ដឹងថាម្ដាយខ្លួននិយាយក្នុងបំណងល្អ តែនាងតូច ហ្វារ៉ា នៅតែផ្ចាញ់ផ្ចាល់មិនឈប់ បើមិនអ៊ីចឹងនាងច្បាស់យំមិនខាន ។
«កូននេះចំមែន មិនដឹងកាត់រកអ្នកណាទេ»
«ជាកូនអ្នកណា កាត់រកអ្នកនោះហើយ បានហើយម៉ាក់ ខ្ញុំមិនខឹងទេដែលម៉ាក់ឲ្យខ្ញុំរៀបការជាមួយគេម្នាក់នោះ ព្រោះខ្ញុំដឹងថាម៉ាក់តែងតែជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ»
ម៉ាដាមបន្ទោសចប់មិនទាន់ ហ្វារ៉ាហក់ឱបអ្នកម៉ាក់ខ្លួនដើម្បីលាក់បាំងទឹកភ្នែកដែលកំពុងតែចង់ស្រក់ចុះមក ឯអ្នកជាម្ដាយក៏អង្អែលខ្នងកូនស្រីវិញថ្នមៗជាការលួងលោម ស្របពេលគាត់កំពុងតែរលីងរលោងទៅហើយ ។
ផ្លឹប! ផ្លឹប!
សម្លេងបក់ផ្លឹបៗរបស់ហេលីខបទ័រ បង្ហាញឲ្យដឹងថាវាកំពុងតែចាកចេញពីចំណតចាស់ដើម្បីទៅចំណតថ្មីក្នុងវេលានេះ។ ម្ចាស់រាងកាយសង្ហាអង្គុយក្នុងហេលីខបទ័រយ៉ាងស្ងៀមស្ងាត់មុខមាំ កែវភ្នែករឹងដូចលិសា មុតដូចមុខកាំបិត មានអំណាចដូចរាជសីហ៍កំពុងសម្លឹងមើលចេញទៅខាងក្រៅដោយទឹកមុខត្រជាក់ស្រេបដូចទឹកកកនៅតំបន់ប៉ូល បុរសនេះត្រូវបានមនុស្សទូទាំងសហរដ្ឋអាមេរិកឲ្យនាមថាស្ដេចជំនួញដែលមានខ្លាំងបំផុតនៅឡាសវេហ្គាស់ គេគឺ រ៉ូស្ទៀន អូស៊ីរីស កូនប្រុសទីពីរនៃត្រកូលអូស៊ីរីស ។
ក្នុងវ័យ៣១ ឆ្នាំគេរាប់ថាជាបុរសដែលជោគជ័យបំផុតមិនចាញ់បងប្រុសធំរបស់គេនោះទេ ជំនួញផ្នែកហិរញ្ញវត្ថុរបស់គេរីកដុះដាលពាសពេញពិភពលោក បែងចែកសាខាឥតឈប់ឈរទៅតាមប្រទេសនានា មិនមែនល្បីល្បាញតែក្នុងប្រទេសនោះទេ ។
«បងធំមកចូលរួមដែរទេ?»
សម្លេងសួរនាំរបស់មនុស្សប្រុសម្នាក់ទៀតដែលកំពុងតែដើរចេញពីបន្ទប់សម្រាកដែលនៅផ្នែកខាងក្រោយ ជាមួយនឹងការរុញរទេះឲ្យនរណាម្នាក់ទៀតផងដែរ ។
«មិនដឹង!»
ចម្លើយបង្ហាញពីភាពធុញទ្រាន់របស់គេ ធ្វើឲ្យម្ចាស់សំណួរញញឹមចុងមាត់តិចៗ ។
«មនុស្សរបស់ខ្ញុំទាក់ទងទៅគាត់ហើយ តែមិនទទួលបានចម្លើយពីគាត់ទេ»
ប្រយោគបន្តបន្ទាប់របស់បុរសដែលអង្គុយលើរទេះស្ងៀមៗ ហើយពាក់វែនតាខ្មៅរហូតមិនដោះនោះបន្លឺឡើង តែសម្ដីនេះក៏នៅតែមិនបានទាញការចាប់អារម្មណ៍របស់ រ៉ូស្ទៀន ឲ្យបែរមកមើលគេដែរ គេហាក់ដូចជាមិនចាប់អារម្មណ៍ប៉ុន្មានទេ ។
«គ្រាន់តែជាពិធីអត់បានការមួយ គាត់មិនចូលរួមក៏គ្មានបញ្ហា»
រ៉ូស្ទៀន លើកដៃឆ្វេងដែលពាក់នាឡិកាតម្លៃថ្លៃដើម្បីមើលម៉ោង មិនមែនមើលម៉ោងព្រោះចង់ឲ្យដល់កន្លែង តែមើលម៉ោងព្រោះធុញថប់។
«អីយ៉ា ពិធីរៀបការទាំងមូល និយាយថាជាពិធីអត់បានការយ៉ាងម៉េចទៅ គិតទៅខ្ញុំសែនអាណិតកូនក្រមុំរបស់បងបំផុតហើយដែលត្រូវមករៀបការជាមួយមនុស្សគល់ឈើដូចជាបង»
អ្នកកំលោះម្ចាស់សម្ដីដើរទៅដាក់បង្គុយក្បែរម្ចាស់កាយសង្ហាជាមួយនឹងការចំអន់ បបូរមាត់សង្ហាមានមន្តស្នេហ៍ញញឹមមិនឈប់ ខុសពីមនុស្សប្រុសដែលនឹងក្លាយជាកូនកំលោះឆាប់ៗនេះដាច់ស្រឡះ ។
«ស្ងាត់ទៅ បើមិនចង់ឲ្យយើងចាប់ឯងបោះចេញតាមបង្អួច»
រ៉ូស្ទៀន ប្រើក្រសែភ្នែកពិឃាដសម្លឹងទៅអ្នកដែលហៅគេថាបងៗពេញមាត់មុននេះ ទាំងមិនពេញចិត្ត ។
«ជេយ៍ដិន ប្រយ័ត្នមាត់របស់ឯងបន្តិចទៅ ប្រយ័ត្នខូចទម្រង់ញ៉ែស្រីលែងបាន»

ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍Where stories live. Discover now