រាងក្រាស់លើកដៃខ្លួនឯងដែលទើបតែប៉ះដៃ នាយតូច មុននេះ យកមកមើល រួចក៏ប្រើដៃម្ខាងទៀតមកបបោសចេញ ហាក់ដូចកំពុងបោសធូលីដី គេចង់បង្ហាញថា គេមិនសមយកដៃដ៏មានតម្លៃរបស់គេទៅប៉ះពាល់មនុស្សដែលគេកំពុងស្អប់ឡើយ។
«កុំសាំញ៊ាំពេក ឆាប់ប្រាប់មក លោកយក មីលខ៍ ទៅទុកនៅឯណា?»ថេយ៉ុង គំហកម៉ាត់ៗ កាន់តែឃើញឫកពា កាន់តែជ្រក់ជ្រេញមិនចង់ឃើញមុខគេបន្តិចសោះឡើយ។
  ចំណែក ជុងហ្គុក ពេលបានសំណួរដដែលៗនោះហើយ ក៏បង្វែរខ្លួន បែរខ្នងដាក់ នាយតូច យ៉ាងព្រងើយ ធ្វើដូចគ្មានវត្តមាន នាយតូច នៅទីនេះយ៉ាងអ៊ីចឹង។ ថេយ៉ុង ខំខាំមាត់សង្កត់ចិត្ត ចង់ចេញយំ តែមិនហ៊ាន ខំស្កាត់មកទាំងមិនខ្វល់អ្វីទាំងអស់ តែមកដល់ ក៏នៅតែកម្ចាយពេលឥតប្រយោជន៍ជាមួយមនុស្សដូចជាគេទៅវិញ។

កំលោះសង្ហាមាឌមាំដាក់បង្គុយលើសាឡុងពណ៌ខ្មៅ ផ្អែកខ្នងបន្តិច ឯនាយតូចក៏ឈរត្រង់នោះមិនចេញទៅណា...
«មិនខ្វល់ថាឯងមករកឆ្មាឬស្អីផ្សេងទេ សំខាន់ទីនេះមិនអនុញ្ញាតឲ្យនរណាមកចេញចូលតាមចិត្ត»បន្ទាប់ពីបាត់សំឡេងយ៉ាងយូរ រាងក្រាស់ក៏បង្ហើបសម្តី ធ្វើឲ្យអ្នកស្តាប់ឮភ្លាម ក៏ឃ្នើសចិត្តភ្លែត ទើបប្រញាប់តប មិនទុកយូរ
«ក្រែងលោកអ្នកឲ្យខ្ញុំចូលមក?»
«ចុះខ្ញុំមានប្រាប់ឲ្យចេញវិញទេ?»ជុងហ្គុក ងាកសម្លក់មុខកាចៗ។ មែនហើយ មុននេះគេប្រាប់ឲ្យចូល តែមិនបានឲ្យចេញទេ។
«ខ្ញុំចង់ទៅវិញ ទីនេះគ្មានស្អីអស្ចារ្យផង...»ដោយហេតុថាចង់យកឈ្នះសម្តីគេ ក៏ធ្លោយមាត់បែបនេះ ទាំងដែលពេលចូលមក ហាក់ជក់ចិត្តដិតអារម្មណ៍ទៅហើយ។
«សាកគេងនៅទីនេះមួយយប់ទៅ នឹងមានរឿងអស្ចារ្យកើតឡើងមិនខាន...»
«ឆ្កួតមែនទេ?» មិនអាចទៅរួច គឺមិនអាចជាដាច់ខាត គេមិនចេះនៅជាមួយមនុស្សស្អីចរិកក្រអឺតបែបនេះទេ ទោះជួលលុយប៉ុន្មានក៏មិននៅដែរ តែគិតឬថា ជុងហ្គុក គេខ្វល់?
គេមិនខ្វល់ ថែមទាំងក្រោកដើរចេញ ធ្វើឲ្យ ថេយ៉ុង ស្ទុះឆ្លេឆ្លាទៅពាំងផ្លូវ
«ចាត់ទុកថាខ្ញុំអង្វរចុះ ឲ្យមីលខ៍មកខ្ញុំវិញមក ណា៎» និយាយដំបូងខ្មឺតដាក់គេណាស់ តែចុងក្រោយទឹកមុខតួកំសត់ ក្មេងតូច បញ្ចេញមកដដែល...
«ង៉ាវ៎វវវ...» សុខៗ ស្រាប់តែឮសំឡេងខ្សាវៗរបស់ មីលខ៍ ចេញពីបន្ទប់ ថេយ៉ុង ខំងាកមើលជុំវិញមិនឃើញ តែបើតាមស្តាប់ វាប្រហែលជានៅជាន់លើហើយ ខណៈនោះ នាយតូច ស្ទុះវឹង រត់ឡើងតាមកាំជណ្តើរ ទាំងមិនបានគិតដល់ម្ចាស់ផ្ទះ ដែលគេពុំទាន់អនុញ្ញាតឲ្យឡើងទៅ ក្រឡេកមក ជុងហ្គុក ឈរសម្លក់ កាយតូច សឹងជ្រុះគ្រាប់ភ្នែកដល់ដី។

ក្នុងបន្ទប់

«មីលខ៍ មកនេះមក» ថេយ៉ុង លាដៃចាំទទួល ខណៈ កូនឆ្មាពណ៍ទឹកដោះ លោតចុះពីលើពូក រត់វឹងមករកម្ចាស់។ នាយតូច ឱបផង ថើបផង ថែមទាំងបបោសអង្អែលរោមរបស់ មីលខ៍ ដោយក្តីស្រឡាញ់និងនឹករឮកជាខ្លាំង។
«តោះទៅផ្ទះយើងវិញណា៎» នាយតូច ជ្រុបមុខឈ្មុលថើបឆ្មាបណ្តើរ និយាយប្រាប់បណ្តើរ រួចប្រុងដើរចេញពីបន្ទប់ ស្រាប់តែ...
«ក្រឹប!!!»
សំឡេងនោះធ្វើឲ្យ នាយតូច ភ័យញាប់ញ័រ សឹងតែរបូតឆ្មាពីដៃ...ទ្វារបន្ទប់ត្រូវបានបិទ ស្របពេលគេក៏ដើរចូលមក...

To be continued💜💚

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now