«ហ៊ឹស យើងនឹងធ្វើឱ្យនាងទ័លច្រក ហើយមករកយើងដោយខ្លួនឯងស្រីតូច» សាន់ញោចញញឹមចុងមាត់ដោយការពេញចិត្ត មុននឹងបញ្ជាមនុស្សខ្លួន ឱ្យបើកតាមនាងក្រមុំរហូតទាល់តែដល់ កន្លែងស្នាក់នៅរបស់អ្នកម្ខាងទៀត ដែលខ្លួនធ្លាប់មកម្ដងរួចទៅហើយ។
សៀវអ៊ីធ្វើដំណើរមកដល់ផ្ទះដោយអារម្មណ៍មិននៅក្នុងខ្លួន ព្រោះរវល់តែគិតពីជីវិតដ៏សែនស្មុគស្មាញមួយនេះ ទើបនាងមិនបានដឹងទេថាមានមនុស្សតាមដានខ្លួន ហើយក៏គ្មានអ្នកណាក្រៅពីមនុស្សកំណាចដែលរុញនាងឱ្យតែលតោលម្នាក់នោះឯង។
«ទៅវិញ!» ក្រោយពីឃើញអ្នកម្ខាងទៀត ត្រលប់មកផ្ទះដោយមានសុវត្ថិភាពរួចរាល់ ទើបអ្នកកំលោះព្រមចាកចេញទៅវិញ ដោយមិនភ្លេចងាកមើលកន្លែងទ្រុឌទ្រោមរបស់នាងក្រមុំជាលើកចុងក្រោយ ព្រមទាំងញោចញញឹមពេញចិត្តចេញមក។
សៀវអ៊ីដើរចេញពីបន្ទប់ទឹក ដោយទឹកមុខស្លេកស្លាំងខុសពីធម្មតា មុននឹងទម្លាក់ខ្លួនគេងទាំងគ្មានកម្លាំង រង់ចាំព្រឹកថ្ងៃថ្មី ដើម្បីរកការងារថ្មីសម្រាប់ខ្លួន រាងតូចដេកគិតទាំងល្វើយ ហើយក៏បណ្ដោយឱ្យខ្លួនគេងលក់ទាំងមិនខ្លួន។
ព្រឹកថ្ងៃថ្មី!
រាងកាយតូចដើរមកឈប់នៅពីមុខក្លឹបមួយកន្លែង បិទប្រកាសជ្រើសរើសបុគ្គលិកទាំងស្នាមញញឹមមិនរសាយ បន្ទាប់ពីត្រូវកន្លែងជាច្រើនបដិសេធខ្លួន។ នាងក៏មិនដឹងដែលថាហេតុអ្វី គេបដិសេធមិនទទួលយកនាង តែយ៉ាងណានាងក៏មិនបានអស់សង្ឃឹម ព្រោះនៅមានកន្លែងផ្សេងទៀត ដែលនាងក៏ជឿជាក់ថា នឹងជ្រើសរើសយកនាងជាបុគ្គលិក។
«សួស្ដីអ្នកនាង» ត្រឹមចូលមកដល់ខាងក្នុង សៀវអ៊ីក៏ឱនទៅរាក់ទាក់បុគ្គលិកសម្អាតប៉ុន្មាននាក់ ដែលកំពុងតែមមាញឹកនឹងការងាររបស់ខ្លួន មុននឹងនាំគ្នាងាកមកមើលនាង ពេលបានឮសំឡេងស្រទន់បន្លឺឡើង។
«បាទ អ្នកនាងមករកអ្នកណាដែរ?»
«អឺ! សុំសួរថា អ្នកចាត់ការនៅដែរទេចាស?»
«មករកអ្នកចាត់ការមែនទេ?»
«ចាស»
«អ្នកនាងដើរទៅត្រង់ រួចបត់ឆ្វេងបន្តិចនឹងដល់់់ហើយ» បន្ទាប់ពីប្រាប់ពីអ្វីដែលនាងក្រមុំត្រូវការរួចមក ពួកគេក៏នាំគ្នាធ្វើតួនាទីរបស់ខ្លួនវិញ។
«ចាស អរគុណ» មិនរង់ចាំយូរ រាងតូចក៏ដើរទៅតាមផ្លូវដែលអ្នកម្ខាងទៀតបានប្រាប់មុននេះហើយមិនយូរប៉ុន្មាន នាងក៏អាចនាំខ្លួនអាចមកឈរពីមុខបន្ទប់របស់អ្នកចាត់ការនៅទីនេះ។ សៀវអ៊ីសម្រួលអារម្មណ៍របស់ខ្លួន ដោយការដកដង្ហើមធំ មុននឹងដាច់ចិត្តគោះទ្វារអ្នកម្ខាងទៀត រង់ចាំទាល់តែមានការអនុញ្ញាត ទើបព្រមចូលទៅខាងក្នុង។
«សួស្ដីលោក» នាងក្រមុំញញឹមស្រស់ដាក់អ្នកចំពោះមុខ ដែលអ្នកម្ខាងទៀតក៏ញញឹមតបវិញបែបរាក់ទាក់ ដោយគ្មានឫកពាដាក់សម្ពាធដល់រាងតូច ដែលធ្វើឱ្យនាងក្រមុំមានអារម្មណ៍ធូរស្រាលបានខ្លះ។
«មកដាក់ពាក្យធ្វើការមែនទេ?»
«ចាស» សៀវអ៊ីតបទាំងប្រញាប់ប្រញាល់ មុននឹងហុចឯកសាររបស់ខ្លួនឱ្យអ្នកចំពោះមុខត្រួតពិនិត្យមិនរង់ចាំយូរ ហើយក៏សង្ឃឹមថាខ្លួននឹងមិនត្រូវ គេបដិសេធដូចកាលពីព្រឹកមិញទៀតទៅចុះ មិនចឹងពេញមួយថ្ងៃនៃថ្ងៃឈប់សម្រាកនេះ នាងច្បាស់ជាចំណាយពេលវេលា ឥតប្រយោជន៍ជាមិនខានទេ។
អ្នកចាត់ការកំលោះក៏មិនបាននិយាយអ្វី ក្រៅពីទទួលឯកសារពីនាងក្រមុំមកមើល ភាពស្ងប់ស្ងាត់ក៏ជ្រាបចូលមក ពេលអ្នកម្ខាងទៀតត្រួតពិនិត្យប្រវត្តិរូបរបស់នាងក្រមុំ តែហើយមិនទាន់បានអ្វីផង ត្រឹមតែបានឃើញឈ្មោះរបស់នាងក្រមុំ ក៏ធ្វើឱ្យអ្នកម្ខាងទៀតបើកភ្នែកដោយការភ្ញាក់ផ្អើល មុននឹងងើយសម្លឹងមើលរាងតូចចំពោះមុខបន្តិច តែត្រឹមតែមួយភ្លែតក៏ងាកមកចាប់អារម្មណ៍ឯកសារវិញ ហើយក៏បិទវាភ្លាមៗ ដោយមិនមើលអ្វីច្រើនតទៅទៀត។ តើអាចមើលអ្វីទៀតទៅ បើអ្នកម្ខាងទៀតជាគោលដៅមិនអាចទទួលយកមកធ្វើការបានទៅហើយ ដូច្នេះទោះបីជាមើលឬក៏អត់ក៏គ្មានអ្វីសំខាន់ដែរ តែអ្វីដែលសំខាន់នោះ គឺត្រូវរកហេតុផលបដិសេធនាងក្រមុំមុនពេលកន្លែងមួយនេះទៅជាខ្ទេចខ្ទី គ្មានសភាពល្អឱ្យមើលបន្តទៀត។
«សុំទោសផង ខាងពួកយើងមិនអាចទទួលយកអ្នកនាង មកធ្វើការបានទេ» កំលោះសង្ហាឆ្លើយតបទាំងញញឹមខ្សោះ ព្រមទាំងរុញឯកសារចំពោះមុខមកឱ្យនាងក្រមុំវិញ ទាំងអារម្មណ៍អាណិត តាមពិតអ្នកម្ខាងទៀតក៏ជាជម្រើស ដែលកន្លែងរបស់គេត្រូវការដែរ តែបើជ្រើសរើសនាងក្រមុំ ហើយត្រូវរលាយកន្លែងមួយនេះ គេសុខចិត្តមិនធ្វើល្អជាង។
«ហេ... ហេតុអីទៅ លោកអាចប្រាប់ខ្ញុំបានទេ?» ជាថ្មីម្ដងទៀតដែលធ្វើឱ្យនាងក្រមុំអស់សង្ឃឹម ព្រោះថាគ្រប់កន្លែង សុទ្ធតែគ្មានអ្នកណាទទួលយកខ្លួន ព្រមទាំងផ្ដល់ហេតុផលមិនច្បាស់លាស់ថែមទៀត។
ក្រោយឮសំណួររបស់នាងក្រមុំ ក៏ធ្វើឱ្យអ្នកចាត់ការកំលោះទៅជានិយាយអ្វីមិនចេញព្រោះមិនដឹងថាត្រូវផ្ដល់ ហេតុផលបែបណា ដែលសាកសម ក្នុងការមិនអាចទទួលយកនាងក្រមុំបាន។
«គឺថាអ៊ីចេះអ្នកនាង កន្លែងរបស់ពួកខ្ញុំ មិនទទួលជនជាតិអាស៊ី មកធ្វើការនោះទេ» និយាយចប់កំលោះសង្ហាព្យាយាមសម្រួលអារម្មណ៍របស់ខ្លួន ព្រោះមិនចង់ឱ្យរំជើបរំជួល នឹងទឹកមុខគួរឱ្យអាណិតរបស់នាងក្រមុំចំពោះមុខ។
«ថាម៉េច! មិនអាចទេដឹង... មិនទទួលជនជាតិអាស៊ី បែបនេះគឺរើសអើងពូជសាសន៍ច្បាស់ណាស់!»
«មិនមែនចឹងទេអ្នកនាង គឺថាកន្លែងនេះជាក្លឹបកម្សាន្ដសេរី អាចមានរូបភាពមិនល្អកើតឡើង ហើយសម្រាប់ជនជាតិអាស៊ីដែលប្រកាន់នូវប្រពៃណីត្រឹមត្រូវ ទើបពួកយើងមិនហ៊ានទទួលមកធ្វើការនោះទេ»
«បើជារឿងនោះ ខ្ញុំមិនប្រកាន់នោះទេ ខ្ញុំអាចធ្វើបាន ព្រោះខ្ញុំធ្លាប់ធ្វើការកន្លែងបែបនេះរួចមកហើយ»
«យ៉ាងណាក៏មិនបានដែរអ្នកនាង វាជាលក្ខខណ្ឌនៅទីនេះ» ប្រុសកំលោះព្យាយាមរកហេតុផលមកបដិសេធនាងក្រមុំ ព្រោះដឹងហេតុផលដែលខ្លួននិយាយចេញទៅវាមិនសមហេតុផលប៉ុន្មានតែក៏សង្ឃឹមថានាងក្រមុំយល់នឹងព្រមបញ្ឈប់គំនិតរបស់ខ្លួន។
«ចាស អរគុណ» ហើយនៅទីបំផុតអ្វីដែលអ្នកម្ខាងទៀតចង់បាន ក៏បានសម្រេចពេលរាងតូចមិនបានទទូចដេញដោលអ្វីតទៅទៀត តែក៏ព្រមបញ្ឈប់គំនិតរបស់ខ្លួន ដោយការទាញយកឯកសារ ព្រមចាកចេញទៅដោយទឹកមុខស្រពាប់ស្រពោនមិនរសាយ។
សៀវអ៊ីដើរតាមដងវិថីទាំងទឹកមុខក្រៀមក្រំពេលមិនទទួលបានជោគជ័យអ្វីសោះនៅក្នុងថ្ងៃនេះ តែយ៉ាងណានាងក៏មិនបានអស់សង្ឃឹម សម្រាប់នាងគ្រប់យ៉ាងមិនបានល្អប្រសើរ ដោយមិនបានឆ្លងកាត់ភាពជោគជ័យនោះទេ ដូច្នេះហើយនាងក៏មិនត្រឹមអស់សង្ឃឹម ត្រឹមរឿងប៉ុណ្ណឹងដូចគ្នា។
«ចៅហ្វាយ គ្រប់យ៉ាងតាមផែនការល្អណាស់» អ្នកដែលតាមដាន រាងតូចជាប់តាំងពីព្រឹករហូតដល់រសៀល ក៏រាយការណ៍ស្ថានភាពគ្រប់យ៉ាង ឱ្យអ្នកណាម្នាក់បានដឹង។
(ល្អណាស់ រារាំងនាងបន្តទៀតទៅ) មនុស្សកំណាចញោចញញឹមចុងមាត់បន្តិច ទម្លាក់ទូរសព្ទចុះដោយងាកមកចាប់អារម្មណ៍នឹងការងាររបស់ខ្លួនវិញដោយឫកពាសប្បាយៗតាមបែបអ្នកទទួលបានជ័យជម្នះ។
រាងកាយតូចស្រីក្រមុំដើរមកឈប់ ពីមុខហាងកាហ្វេមួយកន្លែង ដែលជាទីតាំងចុងក្រោយសម្រាប់ខ្លួននៅថ្ងៃនេះ កែវភ្នែកសម្លឹងមើលទៅគ្រប់យ៉ាងចំពោះមុខ ព្រមទាំងដកដង្ហើមធំចូលជ្រៅ ដើម្បីហៅភាពជឿជាក់មកឱ្យខ្លួន ហើយក៏សង្ឃឹមនឹងមិនត្រូវគេបដិសេធទៀតទៅចុះ។
«អុ អូយ» សៀវអ៊ីដែលរៀបនឹងដើរចូលហាងទៅហើយ ក៏ទៅបុកនឹងអ្នកណាម្នាក់ដែលដើរចេញមកទាំងប្រញាប់ប្រញាល់ ដែលធ្វើឱ្យប៉ះទង្គិចគ្នាមួយទំហឹង។
«សុំទោស» សម្ដីរឹងកំព្រឹស របស់អ្នកម្ខាងទៀតបន្លឺឡើងបន្តិច មុននឹងប្រញាប់ចាកចេញទៅ ដោយមិនចាប់អារម្មណ៍នឹងនាងក្រមុំតទៅទៀត។
រាងតូចតាមមើលអ្នកម្ខាងទៀត ដោយការងឿងឆ្ងល់ ព្រោះតាំងពីព្រឹករហូតមកដល់ពេលនេះ នាងតែងតែចួបគេគ្រប់កន្លែងដែលនាងទៅដាក់ពាក្យធ្វើការ ហើយគេក៏មានឬកពាប្រញាប់បែបនេះដូចគ្នា គ្រាន់តែមិនដឹងថាមនុស្សម្នាក់នោះបានប្រព្រឹត្តិអ្វីតែប៉ុណ្ណោះ ហើយនាងក៏មិនបានដឹងថាគេជាអ្នកណាដែរ ព្រោះគ្រប់គេម្នាក់នោះតែងតែពាក់ម៉ាស ពាក់វ៉ែនតាខ្មៅ ធ្វើខ្លួនអាថ៌កំបាំងគ្រប់ពេល។ ហើយព្រោះមិនចង់ឱ្យខ្លួន ទៅជាប់ពាក់ព័ន្ធនឹងមនុស្សបែបនេះ ទើបនាងក្រមុំបង្វែរអារម្មណ៍របស់ខ្លួនឱ្យងាកមករឿងរបស់ខ្លួនវិញ។
«សួស្ដី ខ្ញុំមកដាក់ពាក្យធ្វើការ» សៀវអ៊ីញញឹមស្រស់តាមទម្លាប់ មុននឹងហុចឯកសាររបស់ខ្លួន ឱ្យអ្នកម្ខាងទៀតដោយមិនរង់ចាំយូរ។
អ្នកគ្រប់គ្រងចំណាយពេលបន្តិចក្នុងការត្រួតពិនិត្យឯកសារស្រីតូច បន្ទាប់មកក៏ដកដង្ហើមធំបន្តិច ព្រមទាំងរុញឯកសារឱ្យអ្នកចំពោះមុខវិញ ដែលធ្វើឱ្យអ្នកញញឹមមុននេះ ទៅជាទម្លាក់ទឹកមុខចុះ ហាក់ដាក់ពីរឿងរ៉ាវមុនទៅហើយ។ ត្រូវហើយ បើមិនដឹងទើបចម្លែក ព្រោះតាំងពីព្រឹកមក នាងចួបនឹងរឿងរ៉ាវបែបនេះ ទឹកមុខមួយនេះ ឡើងសាំទៅហើយ។
«សុំទោសផង ខាងយើង...»
«មិនអាចទទួលយកខ្ញុំតើមែនទេ?» មិនរង់ចាំឱ្យអ្នកម្ខាងទៀតប្រាប់ទាន់ សៀវអ៊ីក៏ដណ្ដើមនិយាយបានមុន ហាក់ទាយដឹងថាអ្នកម្ខាងទៀតចង់ប្រាប់ខ្លួនពីអ្វី។
«ចាស» អ្នកគ្រប់គ្រង ក៏បានតែឆ្លើយតបព្រមទាំងងក់ក្បាលជាចម្លើយ ពេលដែលសៀវអ៊ីនិយាយពីអ្វីដែលខ្លួនចង់ប្រាប់ ចឹងក៏បញ្ជាក់មិនមែនមានតែកន្លែងរបស់ខ្លួននោះទេ សូម្បីតែកន្លែងផ្សេងក៏បដិសេធនាងដូចគ្នា ទើបធ្វើឱ្យ មានអារម្មណ៍សង្ស័យ តែក៏មិនហ៊ាននិយាយអ្វី ព្រោះខ្លាចថាខ្លួនត្រូវអស់អាយុមុនកំណត់។
«ខ្ញុំមានគុណវិបត្តិអ្វី អ្នកនាងអាចប្រាប់ខ្ញុំបានទេ?» ព្រោះមិនអស់ចិត្តដែលកន្លែងណាក៏មិនអាចទទួលយកខ្លួន ទើបនាងក្រមុំសួរនាំដោយការចង់ដឹង គ្រប់កន្លែងនាងអាចចាកចេញដោយមិនសួរនាំអ្វី ព្រោះគិតថានៅមានកន្លែងផ្សេងទៀតសម្រាប់នាង តែនេះជាកន្លែងចុងក្រោយហើយ បើនាងមិនសួរនាំរកហេតុផល ធ្វើម៉េចទើបនាងអាចកែចំណុចខ្វះខាតរបស់ខ្លួនបានទៅ ហើយដែលសំខាន់នាងក៏ចង់ដឹងដូចគ្នា ថាអ្វីគេមិនអាចទទួលយកនាងបាន ទាំងដែលនាងសឹងតែគ្មានចន្លោះ នៃភាពខ្វះខាតអ្វីមួយក្នុងការធ្វើការងារទាំងនេះ។
YOU ARE READING
អន្ទាក់ស្នេហ៍ម៉ាហ្វៀ
Romanceជីវិតជាម៉ាហ្វៀ ទាំងឃោឃៅ មានអំណាច កំណាច សាហាវព្រៃផ្សៃ ដែលអ្នកណាៗក៏ខ្លាចក្រែង ហើយទាំងនេះក៏មាននៅក្នុងខ្លួនគេដូចគ្នា។សម្រាប់គេគ្រប់យ៉ាងងាយយកមកគ្រប់គ្រង ត្រឹមកម្ទេចប្រាក់របស់គេ ហើយអ្វីដែលគេចង់បានគឺត្រូវតែបាន។ ចំណែកនាងគឺជាគោលដៅដែលគេចង់បាន ហើយក៏គិតថានឹងគ្រ...
