កម្តៅស្នេហ៍ដេស្ទឺនី
ផ្តើមរឿង
រដូវរងា ឆ្នាំ2034 ទីក្រុងឡុងន៍ ប្រទេសអង់គ្លេស
នៅដំណាក់ក្រោយថ្ងៃនេះមានភាពអ៊ូអរចម្លែក។ មនុស្សម្នាដើរចេញចូលមិនឈប់ ជាពិសេសនោះគឺមានក្រុមការងារផ្នែកអាហារនិងភេសជ្ជៈមកច្រើនប្រៀបបីដូចជាកំពុងតែមានកម្មវិធីអ្វីមួយ។ នៅកណ្តាលសាលមានសម្លេងហ៊ោកញ្ជ្រៀវជារង្វង់លាន់ឮសន្ធឹក ទាក់ទាញអោយមនុស្សម្នាក់ដែលមានងារខ្ពង់ខ្ពស់ម្នាក់នោះជ្រួញចិញ្ចើមឆ្ងល់ទាំងមិនពេញចិត្ត។ ទ្រង់បោះជំហានវែងៗចូលទៅមើលអោយច្បាស់ ព្រោះដំណាក់ធ្លាប់តែស្ងប់ស្ងាត់ជាងកន្លះឆ្នាំប្រែជាអ៊ូអរជាងមុន ធ្វើអោយទ្រង់នឹកដល់រឿងមួយ...
"មាតា?"
អ្នកអង្គម្ចាស់លូអ៊ីសឆ្ពោះទៅមុខកាន់តែជិត ទ្រង់កាន់តែយល់ថាទីនេះគឺខុសប្លែកណាស់។ មាតារបស់ទ្រង់មើលទៅមានក្តីសុខ ទ្រង់អង្គុយមើលឡើងភ្លឹក ភ្លឹកដល់ថ្នាក់ថាមិនជ្រាបពីវត្តមានរបស់បុត្រាជាទីស្រឡាញ់។
សម្លេងភ្លេងបាឡេ Svan Lake ដែលជាទូទៅអ្នកដែលរាំរបាំត្រូវនឹងចិត្តរបស់មាតារបស់ទ្រង់បានគឺមានតែម្នាក់ប៉ុណ្ណោះ។ រឿងនេះធ្វើអោយអ្នកអង្គម្ចាស់កាន់តែឆ្ងល់ ទើបងាកទៅអ្នកចំពោះមុខមាតា ក៏ឃើញថា...
"ម៉ារីន?"
សម្លេងហៅឈ្មោះរបស់នាងចេញពីបបូរមាត់ក្រាស់របស់ទ្រង់ធ្វើអោយព្រះមាតាចាប់ផ្តើមមិនពេញចិត្ត។
"នេះបុត្រ ទ្រង់បានឈ្មោះនេះមកពីណា?"
"ក្រែងនេះជាឈ្មោះនាង?"
"យល់ច្រឡំហើយ នាងគឺដេស្ទឺនី វ៉ាឡេអូ"
ភឹប!
ទ្រង់ឈរស្ងៀមទ្រឹងនៅនឹងមួយកន្លែង។ លើលោកនេះមានមនុស្សដូចគ្នា មុខដូចគ្នា កម្ពស់ប្រហែលគ្នា សក់ខ្លីកាត់ត្រឹមកដូចគ្នា ហើយចេះរាំរបាំដូចគ្នាដែរហ្អី?
អ្នកអង្គម្ចាស់លូអ៊ីស អេវេនឌឺ គ្រឺតធ្មេញមិនឈប់។ ក្មេងនេះចង់បានអី? ហេតុអីមកវិញ? នាងបំផ្លាញទំនុកចិត្តរបស់ទ្រង់មិនទាន់អស់ចិត្តឬ?
អ្នកអង្គម្ចាស់ក្តាប់ព្រហស្តណែន ទ្រង់កាន់តែស្អប់ពេលឃើញមុខនាង ស្អប់ក្មេងម្នាក់នេះកាន់តែខ្លាំងខណៈពេលដែលមាតារបស់ទ្រង់សព្វព្រះទ័យនឹងនាងទៅវិញ។
"មុខមិនអំណោយទាន មុខគួរអោយស្អប់!"
ទ្រង់បោះជើងវែងៗចេញពីទីនោះភ្លាម ដើម្បីអោយប្រាកដថា មិនឮសម្លេងភ្លេង មិនឮសម្លេងហ៊ោកញ្ច្រៀវ ឬសម្លេងមនុស្សសរសើរនាង ដោយមិនបានដឹងទេថាអ្នកដែលកំពុងរាំមិនបានចាប់អារម្មណ៍ទ្រង់។
ទ្រង់ជាអ្នកចាប់ភ្លឹកនាងតែម្ខាង។
កម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន ព្រោះព្រះមាតារបស់ទ្រង់សព្វព្រះទ័យខ្លាំង លើកលែងតែទ្រង់ដែលចាកចេញពាក់កណ្តាលទី។ អ្នកម្នាងអេវេនឌឺជ្រួញចិញ្ចើមចូលគ្នាមិនឈប់ ទើបអ្នកដែលមិនដឹងអីនោះនឹកស្មានថាទ្រង់មិនសព្វព្រះទ័យ។ នាងលួចព្រួចចិត្តមួយទំហឹង ព្រោះអ្នកម្នាងបានចេញសំបុត្រអញ្ជើញនាងមកដោយផ្ទាល់ ប្រសិនបើទ្រង់ទាស់ចិត្ត បានន័យថានាងគ្មានឱកាសម្តងទៀតទេ។ បានប្រហែលប៉ុន្មាននាទី នាងក៏ត្រូវបានអនុញ្ញាតិអោយចាកចេញពីសាល។ ម៉ាដាមមេការប្រាប់នាងអោយទៅសម្រាកនៅបន្ទប់ផ្សេង ព្រោះនាងត្រូវប្តូរសម្លៀកបំពាក់ ប្តូរម៉ូតសក់ និងលុបម្សៅចេញ។
នាងកំពុងតែដើរដោយរួយជើង ព្រោះខានរាំយូរ ម្យាងមិនសូវមានពេលពត់ខ្លួន ទើបត្រូវដោះស្បែកជើងដើរកាន់ ដើរដំណើរប៉ាំងខ្ញើកៗ។
ភ្លាមនោះ ស្រាប់តែមានស្រមោលមនុស្សខ្ពស់ដើរពីក្រោយនាង។ ដោយអំណាចនៃពន្លឺព្រះអាទិត្យផ្ទុយពីដំណើរ នាងបានត្រឹមឃើញស្រមោលស្ទង់ៗ ដែលអាចអោយសន្មតថា មនុស្សម្នាក់នោះមានមាឌធំ។
ស្រីស្រស់ងាកក្រោយ ដោយគ្រាន់តែជ្រាបដឹងថាជានរណា នាងក៏ជ្រុះស្បែកជើងពីដៃភ្លាម។
"នាងមកវិញក្នុងបំណងអី?" អ្នកអង្គម្ចាស់និយាយរួចព្រមទាំងកញ្ឆក់ដៃរបស់ដេស្ទឺនីមកបុកនឹងព្រះកាយទ្រង់។ ទ្រង់កាន់ដៃនាងច្របាច់ខ្លាំងដល់ថ្នាក់ថានារីរបាំបាឡេម្នាក់នេះមិនអាចរើរួច ចំណែកដៃក៏ឈឺ ព្រោះទ្រង់ប្រើកម្លាំងដៃសង្កត់ខ្លាំងៗនឹកស្មានមិនដល់។ ដៃរបស់នាងឡើងក្រហមជាំ វាឈឺជាងពេលនាងពត់ខ្លួន ឬចង់ជើងនឹងក្រណាត់ដើម្បីរាំថែមទៀត។
"លែងខ្ញុំម្ចាស់ អ្នកអង្គម្ចាស់គ្មានសិទ្ធមកធ្វើបែបនេះដាក់ខ្ញុំម្ចាស់ទេ!"
"ហ្អ៎! នាងឡើងចាងហើយហ្អេ៎ ម៉ារីន!"
"ខ្ញុំម្ចាស់មិនមែនម៉ារីន! ហើយអ្នកអង្គម្ចាស់គួរលែងដៃខ្ញុំម្ចាស់ទៅព្រះពរ"
ទ្រង់លែងដៃរបស់នាងមែន ដោយគ្រាន់តែលែងភ្លាម ជើងដែលទន់ព្រោះរាំយូរពេកនោះក៏ផុតផៃ វឹះនឹងដួល។
នាងឈឺជើងហើយមកត្រូវឈឺកដៃបន្ថែមទៀត។
"កុំគិតថាខ្ញុំប៉ះនាងព្រោះបំណងផ្សេង ខ្ញុំរអើម រអើមស្រីមានអាយុក្មេងតែប្រព្រឹត្តរឿងអសីលធម៌ខ្លាំងណាស់"
"នោះជាម៉ារីន! ខ្ញុំជាអ្នកផ្សេង អ្នកអង្គម្ចាស់សូមបំភ្លេចរឿងនោះទៅ"
"នាងយកសម្បកកាយម៉ារីនមកបន្លំមែនទេ? និយាយ!"
ទ្រង់ចាប់កដៃនាងជាថ្មី ទើបនាងត្រូវឈឺពឺតម្តងទៀត។
"អ... អួយ! ខ្ញុំម្ចាស់ឈឺព្រះពរ... ហ៊ឹក ទ្រង់លែងខ្ញុំម្ចាស់សិនទៅ"
"នាងគ្មានសិទ្ធមកបញ្ជាយើងទេម៉ារីន!"
"ខ្ញុំឈ្មោះដេស្ទឺនី! មិនមែនម៉ារីនដែលទ្រង់ធ្លាប់ស្គាល់ទេ!" និយាយដោយមាត់ ដេស្ទឺនីប្រឹងចេញពីទ្រង់ តែទ្រង់ច្របាច់ដៃនាងសឹងបែកសរសៃរឈាម។
"នាងជាស្អីក៏ដោយ តែត្រូវចាំថា ខ្ញុំស្អប់នាងហើយក៏គ្មានដៃទៅប្រឡូសជាមួយក្មេងមិនល្អដូចនាងដែរ"
