ប្តូរកាយវង្វេងស្នេហ៍(៥៣)

227 4 0
                                        



” ថេហ៊ូ...”

   ក្រោយចំណាយពេលធ្វើដំណើរអស់រយះពេលបីទៅបួនម៉ោង ទីបំផុតអ្នកស្រី ជីអានិងរីកគី ក៏បានមកដល់កន្លែងដែល ហាន់ស៊ូ យេរីននិងដាអេ ធ្វើការងារសង្គម។ ឡានទំនើបពណ៌ខ្មៅចតនៅចិញ្ចើមផ្លូវធ្វើឲ្យយុវជនដែលដើរចូលកន្លែងស្នាក់នៅដោយនឿយហត់បន្ទាប់ពីធ្វើការងារសង្គមពេញមួយថ្ងៃ នាំគ្នាចោលភ្នែកមកសម្លឹងមើលអ្នកដែលចេញពីឡានដោយភាពភ្ញាក់ផ្អើល។
    « រីកគី! » យេរីន ស្រែកហៅឈ្មោះអតីតមិត្តប្រុសហើយរហ័សរត់ទៅរកគេដោយទឹកមុខរីករាយបាត់ភាពនឿយហត់មុននេះអស់រលីង។
    « អ្នកស្រី ជីអា » ហាន់ស៊ូនិងដាអេ លាន់មាត់ឡើងទាំងភ្ញាក់ផ្អើលពេលបានឃើញអ្នកដែលមកជាមួយ រីកគី ហើយ។
     « រីកគី បងមកលេងខ្ញុំមែនទេ? » យេរីន ឱបដៃគេហើយដាក់ក្បាលផ្អែកស្មាគេដោយទឹកមុខរីករាយ ប៉ុន្តែ បែរជាត្រូវ រីកគី រុញនាងចេញពីគេយឺតៗដោយគួរសម ទើបនាងដឹងខ្លួនហើយថយចេញពីគេទាំងមុខក្រញូវទៅឈរជាមួយ ហាន់ស៊ូនិងដាអេ វិញ។
     « ពួកយើងមានរឿងចង់និយាយជាមួយអ្នកទាំងបី » អ្នកស្រី ជីអា ចេញមកនិយាយជាមួយពួកគេជាមួយទឹកមុខមុឺងម៉ាត់។
     « តើអ្នកស្រីចង់និយាយរឿងអ្វីជាមួយពួកយើង? » ហាន់ស៊ូ សួរទៅរាងចំណាស់វិញដោយទឹកមុខភ័យព្រួយ។
     « យើងចង់ដឹងថាអនុប្រធានក្លឹបសិក្សាពិសេសជាអ្នកណា? »
     សំណួររបស់អ្នកស្រី ជីអា ធ្វើឲ្យពួកគេទាំងបីនាក់ក្រឡេកមើលមុខគ្នាដោយទឹកមុខភិតភ័យហាក់ដូចជារឿងនេះជាអាថ៍កំបាំងធំដែលពួកគេមិនហ៊ានហាមាត់និយាយ។
     « អ្នកទាំងបីដឹងមែនទេ? ឆាប់ប្រាប់មក ព្រោះពេលនេះពួកយើងត្រូវទៅជួយ អារ៉ាន់ » រីកគី បង្ខំពួកគេទាំងបីនាក់ឲ្យនិយាយប្រាប់គេនិងអ្នកស្រី ជីអា ដោយចិត្តអន្ទះសារ ព្រោះគេកាន់តែបារម្ភពី អារ៉ាន់ ខ្លាំងណាស់ហើយ។
     « ពួកយើងមិនអាចប្រាប់បានទេ សុំទោសផង » ហាន់ស៊ូ តបហើយក៏អូសដៃ ដាអេនិងយេរីន ចេញទៅ ប៉ុន្តែក៏ត្រូវឈប់ព្រោះសម្តីរបស់អ្នកស្រី ជីអា។
     « ពួកឯងគិតទុកឲ្យមនុស្សម្នាក់នោះមានជីវិតរស់នៅសុខស្រួលតទៅទៀត ខណៈពេលដែលពួកឯងទាំងបីនាក់កំពុងតែរងទុក្ខនៅទីនេះចឹងមែនទេ? មិនយល់ថាអយុត្តិធម៌ខ្លះទេឬ? ព្រោះគេជាអ្នករៀបចំគ្រប់យ៉ាងហើយពួកឯងគ្រាន់តែធ្វើតាមគេប៉ុណ្ណោះ ប៉ុន្តែបែរជារងទុក្ខជំនួសគេទៅវិញ »
      ដាអេ ទាញដៃចេញពីការក្តាប់របស់ ហាន់ស៊ូ ហើយរត់មករកអ្នកស្រី ជីអា វិញ។
      « ពិតមែនហើយ ខ្ញុំមិនឲ្យមនុស្សម្នាក់នោះរស់នៅសុខស្រួលនោះទេ ទោះខ្ញុំត្រូវគេសម្លាប់ក៏ដោយក៏ខ្ញុំត្រូវតែទាញគេឲ្យធ្លាក់ពីទីខ្ពស់នោះមុនពេលដែលខ្ញុំស្លាប់ដែរ » ដាអេ បញ្ចេញកំហឹងដែលលាក់នៅក្នុងចិត្តជាយូចេញមក។
       « គេគំរាមសម្លាប់ពួកឯងមែនទេ? » រីកគី សួរដោយភ្ញាក់ផ្អើលចំពោះព័ត៌មានដែលទើបទទួលបានពី ដាអេ។
        « ពិតមែនហើយ គេថានឹងឲ្យមនុស្សមកសម្លាប់ពួកយើងនិងធ្វើបាបគ្រួសាររបស់ពួកយើងបើយើងហ៊ាននិយាយពីគេ » ហាន់ស៊ូ ទីបំផុតព្រមសារភាពដោយទឹកមុខភ័យខ្លាចនិងបារម្ភ។
         « ខ្ញុំមានប្អូនរៀននៅសាលាសាន់ហ៊ូម្នាក់ទៀត ហើយគេបានវាយធ្វើបាបប្អូនរបស់ខ្ញុំ រួចប្រាប់ខ្ញុំឲ្យបិទមាត់បើមិនអញ្ចឹងគេនឹងធ្វើបាបប្អូនរបស់ខ្ញុំ » យេរីន យំខ្លាំងៗដោយភាពភ័យខ្លាចពេលនឹកឃើញប្អូនរបស់នាងដែលត្រូវគេវាយធ្វើបាប។
          « ឥឡូវប្រាប់ខ្ញុំថាមនុស្សម្នាក់នោះជាអ្នកណា? ខ្ញុំនឹងយកសាន់ហ៊ូគ្រុបមកធានាថានឹងមិនធ្វើឲ្យគ្រួសាររបស់ពួកឯងឬក៏ពួកឯងមានគ្រោះថ្នាក់នោះទេ » អ្នកស្រី ជីអា ចេញមុខធានាពួកគេហើយនាងក៏មិនបានធានាតែមាត់ដែរ ពេលនោះនាងលើកទូរស័ព្ទមកហើយទាក់ទងទៅក្រុមការពារសុវត្ថិភាព រួចបញ្ចូលទៅការពារគ្រួសាររបស់ពួកគេទាំងបីនាក់និងពួកគេនៅទីនេះផងដែរ។ ពេលធ្វើការទាក់ទងក្រុមការពារសុវត្ថិភាពរួចនាងក៏លើកទូរស័ព្ទបង្ហាញព័ត៌មាននោះដល់ក្មេងទាំងបីនាក់ដើម្បីឲ្យពួកគេដឹងថាពេលនេះពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីនិយាយគ្រប់យ៉ាងចេញមកដោយមិនមានការភ័យខ្លាចទៀតឡើយ។
    « មួយទៀតពួកឯងអាចធ្វើជាសាក្សីនៅតុលាការក្រោយពេលគេចាប់ខ្លួនមនុស្សម្នាក់នោះបាន ហើយពួកឯងនឹងទទួលបានការកាត់បន្ថយពេលវេលាធ្វើការងារសង្គមនេះ »
     « អរគុណអ្នកស្រី ជីអា » ហាន់ស៊ូ ឱនគោរពរាងចំណាស់ដោយដឹងគុណហើយ យេរីននិងដាអេ ក៏ធ្វើដូចគ្នា។
     « ឥឡូវប្រាប់បានហើយឬនៅថាគេជាអ្នកណា? » រីកគី សួរម្តងទៀតដោយចិត្តអន្ទះសារលើសដើម។
     « គេគឺ...»

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now