រឿង៖ បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត
ភាគទី០១៖ ចោរតាមចិញ្ចើមផ្លូវ.....
______________________________
វេលស៍ គឺជាប្រទេសមួយនៅភាគនិរតីនៃចក្រភពអង់គ្លេស ដែលត្រូវបានគេស្គាល់ដោយសារប្រទេសនេះសម្បូរឆ្នេរសមុទ្រដ៏ស្រស់ស្អាតនឹងសម្រស់នៃទេសភាពធម្មជាតិដែលគួរជាទីគយគន់ វេលស៍ជាប្រទេសដ៏ស្រស់ស្អាតសម្រាប់ការរស់នៅ ឬទៅលេង ទីមួយ វាមិនត្រឹមតែមានឆ្នេរដ៏ស្រស់ស្អាតបំផុតមួយចំនួននៅក្នុងពិភពលោកប៉ុណ្ណោះទេ ប្រជាជនវេលស៍ត្រូវបានគេស្គាល់ថាជាកន្លែងដែលមានភាពរួសរាយរាក់ទាក់បំផុត ទីក្រុង Cardiff ជាទីក្រុងឆ្នេរសមុទ្រដ៏ស្រស់បំព្រងដែលមានទេសភាពពេលរាត្រី និងប្រាសាទមជ្ឈិមសម័យដែលមានផ្ទៃខាងក្នុងបែបបុរាណយ៉ាងស្រស់ស្អាត ចំណែកឯ នៅភាគពាយ័ព្យ មានឧទ្យានជាតិ Snowdonia និងមានបឹង ទម្រង់ជាផ្ទាំងទឹកកក ហើយក៏ ផ្លូវឡើងភ្នំ និងផ្លូវរថភ្លើងឡើងដល់កំពូលភ្នំ Snowdon បើអោយនិយាយតាមត្រង់ទីនេះជាកន្លែងសាកថ្មជីវិតដែលល្អបំផុត ហើយវារឹតតែសាកសមសម្រាប់មនុស្សខកស្នេហ៍ដូចជា ជុង យ៉ុនពីង ឬហៅក្រៅថា អេដវើត ដែលជាឈ្មោះដែលគ្រប់គ្នាតែតែហៅគេ ព្រោះប្រុសកម្លោះមិនចូលចិត្តឈ្មោះដើមរបស់ខ្លួនជាខ្លាំងដែលស្ដាប់យ៉ាងណាក៏មិនសមនឹងគេសូម្បីតែបន្ដិច
នៅក្នុងផ្ទះធំស្កឹមស្កៃមួយដែលសាងសង់ឡើងក្នុងទម្រង់បែបបុរាណសម័យ ដែលយើងអាចឃើញសំណង់បែបនេះភាគច្រើននៅក្នុងចក្រភពអង់គ្លេស ទីនេះជាកន្លែងរស់នៅរបស់អ្នកជំនួញដែលមានដើមកំណើតវ៉េលស៍ ហើយក៏មានតួនាទីជាមន្រ្ដីបម្រើរការក្នុងជួររដ្ឋាភិបាលរបស់ប្រទេសដែរ ទើបគាត់ជាមនុស្សម្នាក់ដែល អេដវើត ត្រូវសុំជំនួយស្នាក់អាស្រ័យកំឡុងពេលឈានជើងចូលប្រទេសមួយនេះ នៅពេលដែលឪពុកដាស់តឿនហើយដាស់តឿនទៀត ថាគេត្រូវតែនៅទីនេះ មិនអាចដើរហើរស្នាក់នៅផ្ដេសផ្ដាសទេទើប អេដវើតត្រូវតែស្ដាប់គាត់ ធ្វើជាកូនល្អ១ខែ២ខែប្រហែលជាមិនអីទេ ប្រុសកម្លោះគិតក្នុងចិត្ត ម្នាក់ឯង ហើយអ្នកចំពោះមុខក៏ចិត្តល្អចំពោះគេណាស់ដែរព្រោះតែនៅក្នុងជួររដ្ឋាភិបាលដូចគ្នានិងមានទំនាក់ទំនងបែបអន្ដរជាតិទើបឪពុករបស់គេស្គាល់នឹងបុរសចំណាស់ចំពោះមុខ និងរាប់អានគ្នាយ៉ាងជិតស្និទ្ធិ
" ធ្វើខ្លួនតាមសប្បាយទៅ យ៉ុនពីង ទុកថាទីនេះជាផ្ទះសាច់ញាតិទៅចុះ "
" បាទអរគុណ រំខានលោកពូបន្ដិចហើយ "
" កុំនិយាយបែបនឹងអី ប៉ាឯងនិងខ្ញុំយើងស្និទ្ធិគ្នាណាស់ រឿងប៉ុណ្ណឹងតិចតួចទេ " មនុស្សចាស់មើលទៅប្រុសកម្លោះដោយក្រសែរភ្នែកចូលចិត្ត យ៉ុនពីង ជាបុរសវ័យកណ្ដាលឬហៅថាក្មេងក៏បានព្រោះមុខគេស្អាតបែបកម្លោះអាសុីមើលទៅដូចតារាច្រើនជាងការងារដែលគេកំពុងធ្វើ គាត់ដឹងមកថាគេមានសមត្ថភាពណាស់ ថែមទាំងមានចរិតល្អទៀតផង បើមានកូនស្រីពិតណាស់ថាគាត់មិនខ្មាសទេដែលចូលសួរខាងប្រុសមុន ព្រោះសម័យឥឡូវប្រុសបែបនេះពិបាករកសឹងស្លាប់ទៅហើយ
" បើលោកពូមានអ្វីអោយខ្ញុំជួយវិញប្រាប់បានណា ជាពិសេសរឿងប្រើកម្លាំងខ្ញុំជំនាញណាស់ "
" ហឺ... ខ្ញុំចូលចិត្តឯងណា យ៉ុនពីង ស្ដាយដែលខ្ញុំមានតែក្មួយស្រី អត់មានកូនស្រីទេ "
" នេះលោកប៉ាមិនបានប្រាប់លោកពូទេឬ ថាខ្ញុំទើបនឹងខកស្នេហ៍ មិនអាចទទួលយកអ្នកណាបានទៀតទេនៅពេលនេះ " ប្រុសកម្លោះនិយាយត្រង់ៗ បែបបង្កើតបរិយាកាសជាមួយមនុស្សចាស់ តាមធម្មតាគេមិនសូវនិយាយច្រើនទេ តែដើម្បីជាការគោរពទើបប្រុសកម្លោះព្យាយាមនិយាយអោយបានច្រើនតាមដែលអាចធ្វើបាន
" ទីនេះសម្បូរឆ្នេរស្អាតៗ ហើយក៏ភ្នំឬឧទ្យានសម្រាប់ដើរលេង មនុស្សចូលចិត្តទៅកន្លែងបែបនោះណាស់ ឯងសាកទៅមើលទៅ យ៉ុនពីង ក្រែងជួបអ្នកស្អំបេះដូងក៏ថាបាន "
" អូយ៎ មិនឆ្ងល់ទេថាហេតុអ្វីលោកពូនិងលោកប៉ារាប់គ្នាបាន អ្នកទាំង២ចរិតដូចគ្នាណាស់ដឹងខ្លួនទេ " រាងក្រាស់ប្រាប់មនុស្សចាស់ដោយសើចមិនសូវសម ស្អំបេះដូងឬ គេនេះរកអ្នកស្អំបេះដូង ? ទេ! វាយដល់ស្លាប់ក៏គេលែងចង់មានទៀតដែរ សុំរស់នៅបែបអ្នកនៅលីវអោយអស់ចិត្តអស់ចង់ម្ដងលើកនេះ ស្នេហាស្នេហ៍បោក យ៉ុនពីង សុំលាហើយ ប្រុសកម្លោះប្រាប់ខ្លួនឯងក្នុងចិត្ត
" ខ្ញុំនិយាយមែន ស្រីៗវ៉េលស៍ស្អាតមិនចាញ់ក្រមុំអាសុីទេ រកមើលទៅក្រែងជួបស្នេហ៍ពិតក៏ថាបាន "
" អរគុណបំណងល្អរបស់លោកពូហើយ ហឹម.. " យ៉ុនពីងលើកទឹកផឹកក្អឹកៗ រួចញញឹមមិនសូវសម និយាយស្នេហ៍ពិតជាមួយមនុស្សដែលត្រូវគេបោកថ្មីៗនេះឬ កំប្លែងពេកហើយ រាងក្រាស់ក្រញ៉េញខ្លួន គ្រាន់តែនឹកដល់ការចាប់ផ្ដើមថ្មីម្ដងទៀត
YOU ARE READING
បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត/Mrs Queen And Mr Knight
Romance#បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត (trailers 01) _____________________ " នែ ក្រៅពីកាន់កាំភ្លើង សម្លាប់មនុស្ស ចាប់ឧក្រិដ្ឋជន ពួកសង្គមងងឹត តើលោកចេះស្អីទៀតហាស យើងជិតទ្រាំលែងបានហើយ យើងធុញថប់ នៅជាមួយលោកមួយថ្ងៃដូចមួយឆ្នាំអញ្ចឹង យើងចង់ទៅវិញលឺទេថាយើងចង់ទៅវិញ " "...
