ព្រឹកស្អែក
ហាងកាត់ដេរលោកស្រី ហ្គូហ្សិន ជាប់រវល់ជជែកវែងញែកជាមួយនឹងជាងកាត់ដេរយ៉ាងមមាញឹក ដ្បិតគាត់ចង់បានឈុតអាពាហ៍ពិពាហ៍ដែលស្រស់ស្អាតលេចធ្លោបំផុតសម្រាប់កូនប្រសារនិងកូនប្រុសបង្កើតរបស់គាត់ស្ថិតក្នុងថ្ងៃមង្គលដ៏ពិសេសទៀតផងដែរ។
រឿងបែបនេះក្នុងមួយជីវិតមិនអាចកើតមាន ២ ឬ ៣ ដងទេ ដូច្នេះហើយមានម្តងគាត់គួរតែរៀបចំឱ្យបានធំដុំឱ្យស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះ កិត្តិយស វង្សត្រកូលគីម មិនឱ្យចំណាយលើមាត់ញាតិយកទៅនិយាយដើមទេ។“អត់ទេ..ខ្ញុំថាណាថ្ងៃរៀបការកូនប្រុសរបស់ខ្ញុំ គួរតែ..អើរគួរតែ..ពាក់ឈុតពណ៌ទឹកដោះគោមួយនេះ វាប្លែក ហើយក៏..ក៏គួរតែមានប៊ូផ្កា..ពណ៌សលើហោប៉ាវអាវខាងឆ្វេងដែរ!” គាត់ពិនិត្យមើលហើយមើលទៀតយ៉ាងផ្ចិតផ្ចង់មែនទេន មិនឱ្យខ្វះមិនឱ្យលើសពីចំនួនដែលគាត់ចង់បានទេ ទៀតសោតគាត់ក៏ជាអ្នកមានជំនាញខាងមើលឈុតសម្លៀកបំពាក់ដែរ ទាំងស្អាត ឆ្លាត ហើយនិងមាន លោកស្រីជាមនុស្សមានគំនិតវាងវៃណាស់ថែមទាំងពូកែរៀបចំរឿងទំនុកបម្រុង សម្លៀកបំពាក់ ស្លៀកពាក់ឱ្យកូនបានស្អាតៗថែមទៀតផង។
“អឺ..មែនហើយ នេះ.. ជួយដេរថ្នេរ រឹបរាងឱ្យសមល្មមនឹងទំហំចង្កេះកូនប្រុសខ្ញុំផង ឃើញទេ? ឃើញដែរទេនៀក ចង្កេះតូចស្រឡូនអង្ក្រងអ៊ីចឹងណា កុំឱ្យធំរលុងពេកក្រែងវាមិនស្អាត!”
“លោកស្រីពូកែមើលថែទាំកូនប្រុសណាស់.. មើលចុះខ្លាចតែកូនមិនស្អាត!”
“កូនខ្ញុំគឺត្រូវបែបហ្នឹង..កុំនិយាយច្រើន ធ្វើការរបស់នាងទៅនៅសេសសល់ប៉ុន្មាន ចាំខ្ញុំរ៉ាប់រង់ចេញថ្លៃឱ្យពេញៗចិត្តតែម្តង!”
“ហិហិ..ចាសអ្នកស្រី!!” លោកស្រីហ្គូហ្សិនញ៉ាក់ចិញ្ចើមដាក់ជាងកាត់ដេរ រួចបែរមកសម្លឹងមុខកូនកំលោះដែលអង្គុយអន្ទាក់ខ្លា បង្ហាញចរិតស៊ីវីល័យ ប្របក្បែរអនាគតស្វាមីយ៉ាងឡូយឆាយ គ្រាន់តែមើលពីចម្ងាយ ក៏ដឹងថាគេនេះកោងកាងឃុំឃាំងស្វាមី ពីខ្សែភ្នែកមនុស្សស្រីដទៃខ្លាំងប៉ុណ្ណានោះដែរ។