(អ្នកមានគុណ)
ភូមិគ្រឹះ អាល់ដូហ្សិនស៍
ភូមិគ្រឹះប្រៀបដូចជាសេតវិមាន ស្ថិតលើដីរាប់រយហិចតា មានលម្អទៅដោយសួនផ្កាចម្រុះពណ៌ លាយឡំដើមឈើ ធម្មជាតិខៀវខ្ចី សាងឱ្យបរិយាកាសជុំវិញភូមិគ្រឹះមានតែភាពស្រស់បំព្រង។ ក្នុងភូមិគ្រឹះធំទូលាយ ត្រូវបានរៀបចំឡើងយ៉ាងល្អប្រណីត ទៅតាមងារជាមហាសេដ្ឋី ជាទីកន្លែងដែលគ្រប់គ្នាប្រាថ្នារស់នៅ ដែលប្រៀបបានជាឋានសួគ៌មនុស្សលោក។ សំឡេងអ៊ូអរអឺកងលាន់ឮខ្លាំងៗ តែវាមិនមែនជាជជែកគ្នារកភាពសប្បាយរីករាយនោះទេ ផ្ទុយមកវិញជាការស្រែកប្រណាំងប្រជែងយ៉ាងតឹងសរសៃក រវាងម្ដាយកូនទាំងពីរទៅវិញទេ។
«ខ្ញុំមិនរៀបការ ជាមួយស្រីបម្រើម្នាក់នោះជាដាច់ខាត!» ខាល៍ ស្រែកខ្លាំងៗ ដាក់ម្ដាយជាលើកដំបូង សាងឱ្យគ្រប់គ្នានៅទីនេះ មានការភ្ញាក់ផ្អើល ព្រោះមិនគិតថាអ្នកប្រុសដែលធ្លាប់តែស្ដាប់បង្គាប់ ហ៊ានស្រែកគំហកដាក់ម្ដាយបែបនេះ។
«ដាច់ខាតកូនត្រូវតែរៀបការ ម៉ាក់មិនចង់ក្លាយជាមនុស្សខុសសន្យា»
«វាជារឿងរបស់ម៉ាក់!»
«ពួកគេជាអ្នកមានគុណរបស់យើង»
«មានគុណចំពោះម៉ាក់ តែមិនមែនខ្ញុំ»
«ខាល៍!»
«បើពិបាកណាស់ ក៏ឱ្យលុយហើយដេញក្បាលនាងចោលទៅវាចប់ហើយ រស់នៅចាំតែបឺតជញ្ជក់ញើសឈាមអ្នកដទៃ» សម្ដីសន្ទនាបែបសង្គ្រាមរបស់ម្ដាយកូនទាំងពីរ ឮដល់រាងតូចដែលពួនស្ដាប់នៅក្បែរនោះ តែមិនមែនស្ដាប់ធម្មតា ស្ដាប់ទាំងទឹកភ្នែកឈឺចាប់មកជាមួយ។
"កុំយកស្រីរបស់កូន មកប្រៀបជាមួយ ឡាងសៀ របស់ម៉ាក់» នឹកឃើញដល់ ស៊ូអឺ មនុស្សចំណាស់ក៏ទៅជាខឹងភ្លាមៗ។
"ស៊ូអឺ មិនមែនមនុស្សបែបនោះ"
"ម៉េចក៏ថាមិនមែន ស្រីម្នាក់នោះស្រលាញ់កូន ក៏ព្រោះទ្រព្យរបស់កូននេះឯង"
"ក៏មិនខុសពីស្រីបម្រើរបស់ម៉ាក់ដូចគ្នា" ខាល៍ ឌឺដងអ្នកម្ដាយវិញ ទឹកមុខមាំសង្ហា ប្រែទៅជាគ្មានពណ៌ព្រោះកំហឹងក្នុងខ្លួនកំពុងតែដុតរោលសព្វអស់រាងកាយ។
"ឡាងសៀ មិនមែនអ្នកបម្រើទេ ខាល៍!" ម៉ាដាមព្យាយាមនិយាយការពារស្រីតូច ហើយក៏ត្រូវស្លុតចិត្ត ពេលប្រទះបានម្ចាស់ឈ្មោះកំពុងតែឈរសម្លឹងមើលមកទាំងទឹកភ្នែក សាងឱ្យមនុស្សកំណាច ត្រូវងាកទៅតាម មុននឹងញោចញញឹមយ៉ាងកំណាច។
"មិនមែនជាអ្នកបម្រើ តែក៏ជាកញ្ជះតណ្ហានោះអី" ខាល៍ ផ្ដល់ភាពសាហាវឃោឃៅ ដល់រាងតូចតាមរយៈសម្ដីនឹងទឹកមុខរបស់ខ្លួន។
"ខាល៍!" អ្នកម្ដាយសង្កត់ឈ្មោះកូនប្រុសខ្លាំងៗ ព្យាយាមហាមប្រាមមិនឱ្យកូនប្រុស និយាយអ្វីដែលធ្ងន់ធ្ងរជាងនេះ ខា្លចថានឹងប៉ះពាល់ដល់អារម្មណ៍ស្រីតូច។
"ខ្ញុំមិនចង់និយាយពីរឿងនេះទៀតទេ ហើយក៏រំលឹកម៉ាក់ម្ដងទៀត ថាខ្ញុំមិនរៀបការជាមួយស្រីតូចទាបម្នាក់នេះជាដាច់ខាត" ខាល៍ ដើរចេញទាំងស្នាមញញឹមចំអកឡកឡើយអ្នកណាម្នាក់ ដែលសម្លឹងមើលមកខ្លួនទាំងអារម្មណ៍ឈឺចាប់កម្រិតបរិយាយបាន។
បន្ទាប់ពីទ្រាំស្ដាប់សម្ដីគ្រប់ម៉ាត់ សម្ដីប្រៀបបាននឹងលំពែងដ៏មុតស្រួច ចាក់ដោតចាក់ទម្លុះបេះដូងនាង។ រាងតូចក៏បានតែមកសំងំអង្គុយទុក្ខសោកតែម្នាក់ឯង នៅក្បែរសួនច្បារ ជាកន្លែងដែលអាចឱ្យនាងរំសាយភាពសោកសៅបាន។
នាងមិនបាននៅព្រោះចង់ទាមទារសន្យាអ្វីទាំងអស់ ទោះជាដឹងថាគ្រប់យ៉ាងគ្រាន់តែជាសប្យាតាមរយៈសម្ដីទទេអាចលុបចោលពេលណាក៏បាន ប៉ុន្តែក្នុងនាមជាកូនត្កកញ្ញូនាងក៏មិនអាចប្រឆាំងនឹងគំនិតចាស់ទុំទាំងសងខាងបានទេ... បើមិនមានរឿងរ៉ាវនៅឆ្នាំនោះ ក៏មិនមានសន្យាមកដល់ពេលនេះដែរ។ ថាទៅឪពុកម្ដាយរបស់នាងគ្រាន់តែជាខ្ញុំបម្រើគេធម្មតាប៉ុណ្ណោះ ប៉ន្តែព្រោះភាពស្មោះត្រង់ មានសណ្ដានចិត្តល្អ ឪពុករបស់នាងហ៊ានលះបង់ជីវីតខ្លួនឯងទៅជួយម៉ាដាមចេញពីភ្នក់ភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតអាចជួយសង្គ្រោះជីវិតម៉ាដាមបានប៉ុន្តែត្រូវដោះដូរដោយជីវិតឪពុករបស់នាង ចាប់តាំងពីពេលនោះមកទើបម៉ាដាមសន្យាផ្សារភ្ជាប់រវាងសាច់ឈាមទាំពីរ ទាំងដែលកាលនោះនាងនៅក្នុងពោះនៅឡើយ។ ហើយក្រោយពីសម្រាលនាងមិនបានប៉ុន្មានម្ដាយនាងក៏លាចាកចោលនាងម្នាក់ទៀត ទុកឱ្យនាងរស់នៅក្នុងពិភពនេះតែម្នាក់ឯង បើមិនបានគុណបុណ្យរបស់ដាមទេនាងប្រហែលជារស់តែលតោលជាក្មេងកំព្រាយូរហើយ។
"ហ៊ឹកៗ ខ្ញុំខុសត្រង់ណា? ខ្ញុំមិនល្អមែនទេ? ខ្ញុំអាក្រក់ណាស់មែណទេ? ហ៊ឹក បាន...ហេតុអីបានជាបងស្អប់ខ្ញុំដល់ថ្នាក់នេះ? ហ៊ឹកៗ" ឡាងសៀ ទួញសោកខ្សឹបខ្សួល សួរខ្លួនឯងទាំងមិនដឹងកំហុសជាអ្វី។
សំឡេងយំសោក ដែលព្យាយាមលាក់បាំងតែមិនជិត សាយភាយដល់អ្នកណាម្នាក់ ដែលតាំងចិត្តមករករឿងនាងហ្នឹងឯង។
"ម៉ាក់ខ្ញុំមិននៅទីនេះ មិនបាច់សម្ដែងធ្វើជាមាយាទេ!" សម្ដីកំណាច សាកសមជាមួយរូបរាងជះចេញមក ទាំងគ្មានទឹកចិត្ត គ្មានភាពជាមនុស្សប្រុស។
ត្រឹមឮសម្ដីស៊ាំត្រចៀក ស្រីតូចក៏ស្ទុះក្រោកភ្លាមៗ ព្រមទាំងងាកមុខចេញ មិនហ៊ានសម្លឹងគេ ព្រោះនាងកាន់តែឈឺចាប់ គេកាន់តែជាន់នាងលើសដើម។
"យ៉ាងម៉េច? ឈប់សម្ដែងបានហើយ?" ខាល៍ ចំអកឡកឡើយដាក់រាងតូច ជើងរឹងមាំបោះជំហានកំណាចទៅមុខ ដែលនាងក្រមុំក៏បានតែថយគេចដោយការភ័យខ្លាច។
"ហ៊ឹកៗ ប..បងមានការអីជាមួយខ្ញុំមែនទេ?" នាងមិនដឹងថានិយាយអ្វី ទើបបានតែសួរបន្លប់សា្ថនការណ៍ពេលនេះ។
"ហ៊ឹស មនុស្សដូចនាងយើងមិនជ្រលក់ជាមួយទេ គ្រាន់តែមកផ្ដាំ ឱ្យយកខួរស្អុយរលួយរបស់នាងទៅគិតជាថ្មី កុំគិតចង់ទាក់យើងទៀត" ខាល៍ សម្លឹងកាចដាក់សម្ពាធលើនាង ចង់ឱ្យដឹងថាគ្រប់សម្ដីគេមិនបានលេងសើច។
"ហ៊ឹក ខ..ខ្ញុំមិនដែល...អូយ" មិនទាន់បានបកស្រាយផង ដៃតូចត្រូវច្របាច់ខ្លាំងៗ សឹងតែបាក់ឆ្អឹងទៅហើយ។
"សម្ដីនាងក្រៅពីអ្នកម៉ាក់ គ្មានអ្នកណាជឿទេ ស្រីពិសពុល...កុំគិតថាយើងមិនដឹងពីគំនិតថោកទាបរបស់នាង ធាន ឡាងសៀ" ខាល៍ ហៅពេញយសនាងក្រមុំ។
"ហ៊ឹក បង ល..លែងទៅ ហ៊ឹក ខ្ញុំឈឺ" ឡាងសៀ ព្យាយាមបេះដៃគេចេញ តែនាងកាន់តែប្រឆាំងគេកាន់តែបន្ថែមកម្លាំងមកលើនាង។
"ឈឺហ្នឹងហើយល្អ ឱ្យបានចាំក្នុងខួររបស់នាង" ខាល៍ កន្ត្រាក់ស្រីតូចឱ្យចូលមកក្បែរខ្លួន កែវភ្នែកកំណាច សម្លឹងមុតទៅទឹកភ្នែកហូរកាត់ផែនថ្ពាល់តូច ព្រមទាំងញោចញញឹមពេញចិត្ត។
"ហ៊ឹក..." ក្រៅពីសម្រក់ទឹកភ្នែក ឡាងសៀ ក៏មិនអាចតវ៉ាអ្វីបាន។ និយាយអ្វី? បកស្រាយអ្វី? ទោះនាងបកស្រាយដល់ស្លាប់ ក៏នាងនៅតែខុស ជាស្រីអាក្រក់ក្នុងកែវភ្នែកគេដដែលហ្នឹង។
ពេលស្រីតូចមិនតប ត ខ្លួនក្រៅពីសម្រក់ទឹកភ្នែក មនុស្សកំណាចក៏ដាក់មួយប្រយោគទៀតជាការដាស់តឿនដល់នាង។
"យើងប្រមាននាងជាលើកចុងក្រោយ កុំគិតចង់ទាមទារលើសប្រមាណ ស្រីតូចទាបដូចជានាង គ្មានថ្ងៃបានថ្កុំថ្កើនជាដាច់ខាត...បើនៅមិនព្រមបញ្ឈប់គំនិតស្មោគគ្រោករបស់នាងទេ យើងធ្វើឱ្យនាងដឹងថា ខាល៍វីន អាល់ដូហ្សិនស៍ ជាមនុស្សបែបណា!"
ព្រុស
ក្រោយពីគំរាមរាងតូចចប់ ដៃកំណាចរុញច្រានរាងតូចឱ្យដួលទៅដីគ្មានប្រណី។ ប្រណីហ្អេស គេគ្មានថ្ងៃប្រណីនាងនោះទេ ដរាបណានាងនៅតែជ្រៀតជ្រែកជីវិត ធ្វើឱ្យគេគ្មានក្ដីសុខ គេក៏គ្មានថ្ងៃឱ្យនាងបានសុខជាដាច់ខាត។ ឱ្យនាងស្គាល់ភាពឈឺចាប់ វេទនា ថាវាមានរសជាតិយ៉ាងណា។
ESTÁS LEYENDO
អាពាហ៍ពិពាហ៍ប្លន់បេះដូង
Romanceព្រោះតែពាក្យថា "មានគុណ" ទាញឱ្យស្រីតូចម្នាក់ ធ្លាក់ក្នុងនរកអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍ ដែលមានក្ដីសុខសម្រាប់ស្រីគ្រប់គ្នា តែជាភាពទុក្ខសោកវេទនារបស់នាង។ ការរៀបការជាមនុស្សខ្លួនស្រលាញ់គិតថាមានក្ដីសុខ ប៉ុន្តែអត់ទេ អ្វីដែលនាងទទួលបាន មានត្រឹមតែស្អប់ មើលងាយ ជា...
