សុបិននិមិត្ត

Start from the beginning
                                        

- ឆេះហើយៗ លឿនៗយកចូលមក

គេយកទៀនដែលបំភ្លឺនោះចូលមកក្នុងវិមានវិញរួចដាក់តាំងលើជើងពានពណ៌មាសទុកមួយអន្លើ។

មិនបង្អង់យូរគ្រប់គ្នាក៏អង្គុយចុះហើយសូត្រមន្តអ្វីក៏មិនដឹងកងរំពងពេញផ្ទៃវិមាន ទីនេះមិនសូវភ្លឺខ្លាំងទេព្រោះថ្មើរនេះវាគួរតែជាពេលយប់ ម្យ៉ាងក្នុងវិមានអាសនៈនេះគឺមានតែពន្លឺភ្លឺពីទៀននិងចង្កៀងបែបបុរាណតែប៉ុណ្ណោះ។

- នែ៎ៗ ឮថាទៀនដែលអុចនោះនឹងបញ្ចេញសំឡេងដូចទៅនឹងសំឡេងខ្លុយណាធ្លាប់ដឹងទេ?

ការឆ្លងឆ្លើយសួរគ្នារវាងចាស់ទុំដែលអង្គុយសូត្រមន្តពីរបីនាក់បានបន្លឺឡើង។ គ្រាន់តែឮពួកគាត់និយាយបែបនេះខ្ញុំដូចជាឆ្ងល់ចងចញ្ចើមមិនរលាទៀតហើយ វាទៅរួចបានយ៉ាងម៉េច???

រំពេចនោះស្រាប់តែ....

ទៀននៅលើជើងពានពណ៌មាសនោះសុខៗបានប្ដូររូបរាងដូចទៅនឹងអំពូលអគ្គិសនីបែបបុរាណដែលមានរូបរាងដូចកូនសត្វនាគទៅវិញ ពណ៌មាសរបស់វត្ថុចម្លែកនោះភ្លឺឡើងចិញ្ចាចស្រស់ស្អាតណាស់ ពិតជាមិនគួរឱ្យជឿ...

រឹតតែមិនគួរឱ្យជឿវាចេះរេរាំដូចសត្វមានជីវិតរស់រវើក រួចបញ្ចេញសំឡេងស្រដៀងទៅនឹងឧបករណ៍ខ្លុយដូចចាស់ៗនិយាយពិតមែន។ ខ្ញុំបើកភ្នែកធំៗវាពិតជាប្លែកខ្លាំងពេកសម្រាប់ខ្ញុំ ពិតជាមិនធ្លាប់ជួបប្រទះទាល់តែសោះ...

- អម្ព! អម្ព!

នរណាម្នាក់ហៅឈ្មោះនេះ ខ្ញុំងាករកមើលម្ចាស់សំឡេង គាត់សម្លឹងមើលមកខ្ញុំព្រមទាំងញញឹម ឈ្មោះនេះវាស្រដៀងឈ្មោះខ្ញុំទើបខ្ញុំខំងាករកមើលអ្នកហៅ។ បន្ទាប់មកគាត់ស្រាប់តែសម្លឹងខ្ញុំឥតព្រិច រួចហាក់បញ្ចេញកាយវិការរបៀបហួសចិត្តនឹងខ្លួនឯងទើបកែឈ្មោះដែលហៅមុននេះមកជា...

- សុំទោសមិនមែនអម្ពទេ! អប្សរ! គឺអប្សរ!

- គឺខ្ញុំ?
ខ្ញុំដាក់ដៃចង្អុលមកខ្លួនឯង
បុរសនោះងក់ក្បាលរួចបក់ដៃហៅខ្ញុំឱ្យចូលទៅក្បែរគាត់។ ខ្ញុំរំកិលខ្លួនដោយក្បាលជង្គង់ទៅរកគាត់តាមការហៅ។ បុរសនេះស្លៀកពាក់សពេញមួយតួខ្លួនសម្បុរមុខមាត់សជ្រះថ្លាមានពន្លឺ ខ្ញុំស្រាប់តែយល់ថាគាត់ដូចជាអ្នកមានបុណ្យម្នាក់ ព្រោះម្យ៉ាងគាត់អង្គុយខ្ពស់ជាងគេផង។

- សូមគោរព...!
ខ្ញុំលោកដៃសំពះ និយាយទាំងអាក់ព្រោះមិនដឹងថាគួរហៅគាត់ថាយ៉ាងម៉េចឱ្យសម? គាត់ញញឹមស្រស់

- គោរពលោកពូ!
ខ្ញុំបែរជាហៅគាត់ថាពូព្រោះមើលមុខគាត់ឃើញនៅក្មេងដែរ តែគាត់អស់សំណើច យកដៃមកអង្អែលក្បាលខ្ញុំតិចៗ រួចនិយាយ៖

- ឯងនេះប៉ុន្មានថ្ងៃមុនចូលមកក្អក គ្រហែមដល់ផ្ទះយើងតែម្ដង...!

ខ្ញុំស្ដាប់គាត់និយាយទាំងជ្រួញចិញ្ចើមឆ្ងល់ មកផ្ទះគាត់? មកពីពេលណា?

- តើខ្ញុំមកពីពេលណាទៅ?

ខ្ញុំសួរទៅគាត់ គាត់មិនឆ្លើយបានត្រឹមញញឹម រួចនិយាយប្រកាសប្រាប់ទៅគ្រប់គ្នាក្នុងប្រធានបទមួយផ្សេង៖

- គ្រប់គ្នាថ្ងៃនេះយើងនឹងមានពិធីមួយទៀតគឺពិធីប្រក់នាគ!

ខ្ញុំស្ដាប់ការប្រកាសរបស់គាត់ទាំងមិងមាំង អ្នកផ្សេងទៀតស្រែកឡើង៖

- ថាម៉េច? ប្រក់នាគ? តើនាគណាទៅ?

លោកពូស្លៀកពាក់សនោះទះស្មាខ្ញុំតិចៗ រួចស្រដីឆ្លើយទៅគ្រប់គ្នា៖
- គេគឺនៅទីនេះ! នេះហើយគឺកូននាគតូច គេជានត្តារបស់ស្ដេចនាគពត្តិ!
.................

តឹង! តឹង!
ខ្ញុំបើកភ្នែកភ្ញាក់ដឹងខ្លួនឡើងដោយសំឡេងសារទូរស័ព្ទលោត
- យល់សប្តិទេ? យល់សប្តិអីក៏ចម្លែកម្ល៉េះ?

~~~~~

• នត្តា : ចៅ

_____

យ៉ាងម៉េចដែរមិត្តអ្នកអាន រឿងខ្លីនេះប្លែកឬអត់?

Whispers of a Strange Dream 💫Where stories live. Discover now