ភាគទី ០១

45 1 0
                                    


ស្លឹកឈើពិតជាមិនអាចជ្រុះឆ្ងាយពីគល់មែន នាងកំពុងតែជាន់ដានប្រវត្តិសាស្ត្រដែលម្តាយរបស់នាងបានឆ្លងកាត់ ភាពឯកាដែលនៅជាមួយនាងអស់រយៈពេល២៣ ឆ្នាំ ការឈឺចាប់ដែលនាងទើបតែទទួលបានពីបុរសម្នាក់ដែលនាងស្រលាញ់អស់ពីបេះដូង វានឹងតាមលងបន្លាចនាងអស់មួយជីវិត...

មិនថាពេលវេលាដើរទៅមុខយូរយ៉ាងណា នាងក៏មិនអាចភ្លេចពេលវេលាដែលនាងត្រូវបាត់បង់គ្រប់យ៉ាង បាត់បង់អ្នកជាម្តាយជាទីស្រលាញ់ បាត់បង់លំនៅដែលធ្លាប់ជ្រកកោន តែនាងក៏ទទួលបាននូវក្តីសន្តោសមេត្តាពីសំណាក់ អ្នកមានគុណថ្មីដែលមានចិត្តបរិសុទ្ធ សន្តោសប្រណីចំពោះអ្នកទីទាល់ក្រដូចជានាង។
វ៉ៀវ... វ៉ៀវ... វ៉ៀវ...
សម្លេងរថយន្តសង្គ្រោះបន្ទាន់កំពុងបរយ៉ាងលឿនសំដៅទៅកាន់មន្ទីរពេទ្យ ថែមទាំងត្រូវប្រជ្រៀតចូលទៅផ្នែកខាងឆ្វេងទ្រូងផ្លូវទាំងដែលខ្លួនស្ថិតក្នុងប្រទេសដែលប្រកាន់ស្តាំ បញ្ជាក់បានថានេះជាករណីចាំបាច់បំផុតនៅពេលនេះ ព្រោះថាអ្នកជម្ងឺអាចនឹងគ្មានសង្ឃឹមក្នុងការរស់នៅប្រសិនបើមានការយឺតយ៉ាវតែបន្តិច។
"លោកគ្រូពេទ្យសូមមេត្តា សូមបើកឲ្យលឿនជាងនេះបានទេ ពេលនេះអ្នកម៉ាក់ខ្ញុំលែងដឹងខ្លួនទៅហើយ អ្ហឺៗ" សម្លេងយុវតីម្នាក់ក្នុងវ័យមិនលើសពី១៨ឆ្នាំ កំពុងហូរទឹកភ្នែករហាមកាន់ដៃម្តាយរបស់ខ្លួនដែលពេលនេះកំពុងតែបិទភ្នែកបញ្ជាក់ថាលែងទទួលដឹងឮ
"អ្នកម៉ាក់... ដឹងខ្លួនឡើង អ្នកម៉ាក់... អ្ហឺៗ ម៉ាក់មិនអាចទុកខ្ញុំឲ្យនៅតែម្នាក់ឯងបែបនេះទេ អត់ពីម៉ាក់ខ្ញុំសល់អ្នកណាទៀតទៅ?" តំណក់ទឹកភ្នែកដែលពេលនេះកំពុងតែស្រក់ចុះដោយមិនអាចឃាត់ឃាំងបាន ហេតអីទើបអ្នកទាំងអស់គ្នាសុទ្ធតែបោះបង់នាង? ហេតុអីអ្នកទាំងអស់គ្នាសុទ្ធតែទុកនាងចោល? តើនាងបានធ្វើអ្វីខុស? ឪពុកដែលផ្តល់កំណើតឲ្យនាងក៏មិនដែលស្គាល់សូម្បីតែមុខព្រោះអ្នកម៉ាក់ប្រាប់ថាគាត់ស្លាប់តាំងពីនាងនៅក្នុងផ្ទៃ ហើយពេលនេះអ្នកដែលនាងនៅសល់តែម្នាក់គត់នៅក្នុងជីវិតក៏កំពុងតែចង់បោះបង់នាងចោលទៀត តើនាងបានធ្វើអ្វីខុសទៅហេតុអ្វីជីវិតរបស់នាងជួបតែរឿងអាក្រក់ៗដល់ថ្នាក់នេះ?
តំណក់ទឹកភ្នែកដែលកំពុងស្រក់ប៉ះថ្ពាល់របស់អ្នកម្តាយធ្វើឲ្យកម្តៅនៅក្នុងដួងចិត្តរបស់អ្នកជាម្តាយកក់ក្តៅឡើងវិញ បន្ទាប់ពីកកជាកំណកសឹងតែមិនអាចដកដង្ហើមបាន​ តែពេលនេះគាត់កំពុងតែបើកភ្នែកមកសន្សឹមៗ បើកភ្នែកមកមើលកូនស្រីកំសត់ដែលខ្លួនដឹងច្បាស់ថាមិនអាចនៅមើលថែបន្តបាន។ គាត់មិនចង់ឲ្យអាថ៌កំបាំងដែលគាត់ខំលាក់មកអស់រយៈពេល១៨ឆ្នាំមកនេះត្រូវបើកកកាយ ទើបបានតែសម្លឹងមើលកូនស្រីដោយខ្សែភ្នែកដឹងខុស។ គាត់មិនអាចឲ្យអ្នកគ្រប់គ្នាដឹង កាន់តែមិនអាចឲ្យកូនស្រីត្រូវគេប្រមាថ ហេតុនេះមានតែបង្ខំចិត្តឲ្យអាថ៌កំបាំងនោះស្លាប់តាមខ្លួនប៉ុណ្ណោះ។ គាត់ខំប្រឹងលើកដៃដែលមានសភាពជ្រៀវជ្រួញលើសអាយុ ព្រោះតែត្រូវធ្វើការហត់នឿយជារៀងរាល់ថ្ងៃ ទៅប៉ះថ្ពាល់ទន់រលោងរបស់កូនស្រី ហើយសម្លឹងមើលទៅក្នុងកែវភ្នែករបស់កូនស្រីដែលមិនខុសពីបុរសដែលគាត់ស្រលាញ់អស់ពីបេះដូង មុននឹងប្រឹងនិយាយខ្សាវៗដោយអាការៈអស់កម្លាំង
"ម៉ាក់សុំទោស... ម៉ាក់ពិតជាសុំទោស គ្រប់យ៉ាងជាកំហុសរបស់ម៉ាក់" សម្លេងខ្សាវៗដែលបន្លឺឡើងរួមជាមួយតំណក់ទឹកភ្នែកហូរមកមិនដាច់ធ្វើឲ្យកូនស្រីរបស់គាត់ត្រូវយំតាម ហើយច្បាស់ណាស់ថាទឹកភ្នែកដែលមិនទាន់ស្ងួតអំបាញ់មិញនេះ ត្រូវបន្តស្រក់ចុះតាមដានចាស់មកជារឿយៗ
រថយន្តសង្គ្រោះបន្ទាន់មកដល់មុខមន្ទីរពេទ្យ គ្រូពេទ្យដែលនៅក្នុងឡានក៏ប្រញ៉ាប់ចុះមកដើម្បីយកអ្នកជម្ងឺទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ដើម្បីធ្វើការសង្គ្រោះព្រោះមិនអាចខកខានបន្តទៀតបានឡើយ ហើយស្រីតូចពេលនេះក៏កំពុងតែកាន់ដៃម្តាយរបស់ខ្លួនរត់តាមគ្រែដឹកអ្នកជម្ងឺដែលមានកង់រង្វិលស្របគ្នាបួននោះយ៉ាងអន្ទះសារនិងពោរពេញដោយការឈឺចាប់...
"កុំសុំទោសអីម៉ាក់ ម៉ាក់មិនបានធ្វើអ្វីខុសទេ ពេលនេះខ្ញុំសុំត្រឹមតែម៉ាក់នៅក្បែរបានហើយខ្ញុំមិនត្រូវការអ្វី សុំត្រឹមមានម៉ាក់ មានម៉ាក់តែម្នាក់គ្រប់គ្រាន់ហើយ កុំទៅណាចោលខ្ញុំអី" នាងស្រែកយំសុំអង្វរអ្នកម្តាយជាទីស្រលាញ់ មិនចង់ឲ្យម្តាយចាកចោលខ្លួនមិនចង់ឲ្យម្តាយទៅណាទាំងអស់ព្រោះថាពេលនេះនាងគ្មានសល់អ្នកណាទេ នាងនៅមានតែគាត់ម្នាក់សម្រាប់ហៅថាម៉ាក់ ចុះបើគាត់ទៅបាត់តើនាងសល់អ្នកណាទៀត?
"ម៉ាក់ពិតជាសុំទោស ដែលមិនអាច...អ្ហឺក...មើលថែកូនឲ្យដល់ទីបំផុត តែកូនត្រូវតែរស់ រស់នៅឲ្យមានសេចក្តីសុខ កុំរស់នៅដូចម៉ាក់...ឮទេ?" អ្នកជាម្តាយខំប្រឹងប្រវេប្រវារជាមួយរណ្តៅដង្ហើមដែលគាត់កំពុងតែធ្លាក់ចូលទៅក្នុងវា ហើយនិយាយទៅកាន់កូនស្រីដោយទឹកភ្នែកដាបថ្ពាល់។ បើទោះបីក្អកឈាមមកក៏ដោយ ក៏គាត់នៅតែចង់និយាយជាមួយកូនស្រីបណ្តូលចិត្ត និយាយជាលើកចុងក្រោយព្រោះគាត់ដឹងខ្លួនគាត់ច្បាស់ថាមិនអាចឆ្លងផុតពីដំណាក់កាលនេះបានឡើយ គាត់ប្រាកដចិត្តថាជិតរបូតដៃធ្លាក់ក្នុងរណ្តៅដង្ហើមហើយ ទើបគាត់និយាយទាំងទឹកភ្នែកចំពោះមុខកូនស្រីជាទីស្រលាញ់បែបនេះ ព្រោះតាមធម្មតារយៈពេល១៨ឆ្នាំកន្លងមកនេះ គាត់មិនដែលបង្ហាញភាពទន់ជ្រាយនៅចំពោះមុខកូនស្រីសូម្បីតែម្តង បើទោះគាត់ត្រូវឈឺចាប់ដោយសារជម្ងឺឬអ្វីក៏ដោយចុះ
"ម៉ាក់...ស្រលាញ់កូន" ដៃដែលចាប់មុខនាងនៅពេលនេះបានធ្លាក់ចុះ បញ្ជាក់បានយ៉ាងច្បាស់ថាម្ចាស់ដៃនោះលែងមានខ្យល់ដង្ហើមដកបន្តទៀតហើយ ប៉ុន្តែកែវភ្នែកឈឺចាប់នៅតែសម្លឹងមើលនាងនៅឡើយដោយមិនព្រមបិទហាក់មិនដាច់អាឡៃ
"ម៉ាក់ខ្ញុំស្រលាញ់ម៉ាក់ណាស់ កុំទៅចោលខ្ញុំអីម៉ាក់ អ្ហឺៗ"
នាងស្រែកយំៗខ្លាំងស្ទើរតែគាំងមិនអាចធ្វើអ្វីបន្តបានក្រៅពីឱបខ្លួនដែលគ្មានវិញ្ញាណរបស់ម្តាយស្រែកយំ មិនខ្វល់ទេថាមានអ្នកនៅជុំវិញខ្លួនកំពុងសម្លឹងមកបែបណា ព្រោះពេលនេះរឿងទាំងនោះលែងសំខាន់ហើយ នាងបាត់បង់អស់ហើយ មិនសល់អ្នកណាទេនៅក្នុងជីវិតមួយនេះ​ ឪពុកដែលស្លាប់តាំងពីនាងនៅក្នុងពោះម្តាយ នាងត្រូវរស់នៅជាមួយម្តាយយ៉ាងកំសត់តែពីរនាក់ ប៉ុន្តែពេលនេះនាងលែងទទួលបានសូម្បីតែក្តីស្រលាញ់របស់ម្តាយ​ នាងអស់ពីខ្លួនហើយមិនសល់សូម្បីតែម្តាយដែលនាងគោរពស្រលាញ់ស្មើជីវិត។​ គ្រប់គ្នានៅជុំវិញនោះសម្លឹងមើលនាងដោយខ្សែភ្នែកអាណិតអាសូរ។ គ្រប់គ្នានៅក្នុងលោកនេះសុទ្ធតែមិនចង់បាត់បង់មនុស្សដែលខ្លួនស្រលាញ់ គ្មាននរណាម្នាក់ដែលធ្លាប់ស្រមៃដល់ថ្ងៃដែលមនុស្សដែលយើងស្រលាញ់ត្រូវចាកចេញទៅ​ ប៉ុន្តែបើទោះបីមិនធ្លាប់នឹកស្មាន បើទោះបីមិនធ្លាប់រម្លឹកដល់រឿងនោះ ប៉ុន្តែសេចក្តីស្លាប់ ការនិរាស ព្រាត់ប្រាស់ពិតជាគ្មានក្តីអាណិតអាសូរដល់មនុស្សលោកឡើយ ក៏គ្មានចិត្តឬមានអំណាចអាចពន្យារពេលវេលាបានដែរ ហេតុនេះអ្វីដែលអ្នកនៅរស់ត្រូវធ្វើគឺខំប្រឹងកាត់ចិត្ត បើទោះមិនបំភ្លេចតែក៏ត្រូវកាត់ចិត្តឲ្យបាន...។
ក្រោយពិធីបុណ្យសពរបស់អ្នកម្តាយត្រូវបានប្រារពរួចរាល់ នាងក៏ត្រូវប្រើជីវិតជាក្មេងស្រីវ័យ១៨ឆ្នាំតែម្នាក់ឯង ថ្វីដ្បិតតែវាលំបាកបន្តិច ថ្វីដ្បិតថានាងមិនទាន់អាចភ្លេចការឈឺចាប់ដែលត្រូវបាត់បង់ម្តាយទៅ ប៉ុន្តែអ្វីដែលនាងអាចធ្វើបានគឺជំនះៗរាល់ឧបសគ្គទាំងឡាយនៅចំពោះមុខ ព្រោះមានតែវិធីមួយនេះប៉ុណ្ណោះដែលអាចឲ្យនាងរស់នៅក្នុងពិភពលោកដ៏សែនឃោរឃៅនេះបន្តទៀត។ នាងអាចធ្វើអ្វីបានទៅក្រៅពីសំងំយំយែកនៅលើបង់មុខផ្ទះដែលធ្លាប់គេងកើយភ្លៅម្តាយ នឹកដល់ពេលវេលាដែលមានម្តាយនៅជិត ពេលវេលាដែលពោរពេញទៅដោយភាពកក់ក្តៅ បើទោះគ្មានឪពុកនៅក្បែរប៉ុន្តែអ្នកជាម្តាយមិនដែលឲ្យនាងមានអារម្មណ៍ថាឯកា តែងតែដើរតួជាម្តាយផងឪពុកផងគ្រប់ពេល។
"នោះអីលោកសេម..." បុរសឈុតខ្មៅមាឌតូចជាងនិយាយទៅកាន់អ្នកដែលមានមាឌធំជាង នៅក្រៅរបងផ្ទះដែលមានផ្កាកុលាបសពាសពេញ
"ត្រូវហើយ" បុរសដែលមានមាឌធំជាងយករូបថតរបស់ក្មេងស្រី ពីក្នុងសារនៃគ្រឿងអេឡិចត្រូនិចមកមើល
ក្រោយពីបញ្ជាក់ច្បាស់ថាជាក្មេងស្រីម្នាក់នោះហើយពួកគេក៏ដើរចូលទៅក្នុងរបងផ្ទះដើម្បីជួបនាង...
"ពួកលោកមានការអ្វី?" ស្រីស្រស់ដែលអង្គុយលើបង់ក្រោមដើមឈើ ត្រូវងើបឈរសួរទៅកាន់ភ្ញៀវមិនបានអញ្ជើញដែលចូលមកក្នុងផ្ទះរបស់ខ្លួន
"អ្នកនាងឈ្មោះ ជុង សេរ៉ា ត្រូវទេ?" ភ្ញៀវមិនបានអញ្ជើញទាំងពីរមិនបានឆ្លើយនឹងសំណួររបស់ម្ចាស់ផ្ទះ តែបែរជាសួរឈ្មោះរបស់នាងទៅវិញ
នាងមើលមុខរបស់ពួកគេបន្តិច មុននឹងងក់ក្បាលនឹងអញ្ជើញពួកគេឲ្យអង្គុយចុះ ព្រមទាំងលើកទឹកយកមកឲ្យពួកគេ។
"ពេលនេះខ្ញុំដឹងបានហើយឬនៅថា ពួកលោកមានការអ្វី?"
ពួកគេមិនបានឆ្លើយសំណួររបស់នាងជាលើកទីពីរ ប៉ុន្តែបែរជាហុចសំណុំឯកសារមួយច្បាប់មកឲ្យនាង ដែលឯកសារនោះធ្វើឲ្យនាងស្រឡាំងកាំង។
"អ្នកនាងបានអានវាហើយ គិតថាអាចមានប្រាក់សងដែរឬទេ?"
"តើខ្ញុំអាចសុំពេលលោកច្រើនជាងនេះបានទេ?"
"តើនាងត្រូវការពេលប៉ុន្មាន?"
"គឺ...អាចមួយឆ្នាំ ខ្ញុំដឹងថាវាច្រើនប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសពិតមែន"
សេរ៉ា និយាយតិចៗទៅកាន់ម្ចាស់បំណុល ព្រោះដឹងច្បាស់ថាវាមិនអាចកើតឡើងបានទេ។ តើវាអាចទេដែលម្ចាស់បំណុលមានចិត្តសណ្តោះដល់ថ្នាក់ទុកពេលឲ្យនាងដល់ទៅមួយឆ្នាំ ហើយបើទោះបីជាគេមានក្តីមេត្តា ក៏មិនប្រាកដថានាងមានប្រាក់ដើម្បីសងគេដែរ។
"ពួកខ្ញុំមិនអាចឲ្យពេលនាងច្រើនដល់ម្លឹងទេ ប៉ុន្តែពួកខ្ញុំនឹងឲ្យពេលវេលាអ្នកនាង៣ខែ ក្នុងរយៈពេល៣ខែទៀតពួកខ្ញុំនឹងមកធ្វើតាមច្បាប់។ អ្នកនាងដឹងមែនទេថានេះជារឿងត្រឹមត្រូវតាមច្បាប់? ពួកខ្ញុំមិនបានធ្វើល្មើសច្បាប់"
"ចាស ដឹង អរគុណពួកលោកហើយ" នាងឆ្លើយហើយក៏ក្រោកឈរញញឹមទៅកាន់ម្ចាស់បំណុល មុននឹងជូនដំណើរពួកគេទៅកាន់ច្រកទ្វារ
"អ្នកនាង គួរតែបិទទ្វាររបងឲ្យបានល្អ ទ្វារមិនបានចាក់សោរបែបនេះអ្នកណាចូលមកក៏បាន" សេមនិយាយទៅកាន់ ស្រីស្រស់ បើទោះបីទើបតែជួបគ្នាជាលើកដំបូងប៉ុន្តែបេះដូងបែរជាលោតញ៉ាប់ប្លែកៗនឹកស្មានមិនដល់ អាចមកពីភាពគួរឲ្យស្រលាញ់នៃការនិយាយស្តី និងទឹកមុខដែលពោរពេញទៅដោយភាពទាក់ទាញនោះក៏ថាបាន។
"ចាស អរគុណម្តងទៀតដែលបារម្ភ" និយាយរួច សេរ៉ា ក៏ឱនបន្តិចជាការគំនាប់តាមសុជីវធម៌ រួចក៏បិទទ្វាររបងវិញតាមដែលអ្នកកម្លោះប្រាប់
សេរ៉ា ដើរចូលទៅក្នុងផ្ទះបណ្តើរទឹកភ្នែកក៏ស្រក់ចុះមកបណ្តើរ នាងនៅក្មេងយ៉ាងនេះមានលទ្ធភាពឯណារកលុយបានរហូតទៅដល់ជិត៧ម៊ឺនដុល្លាក្នុងរយៈពេល៣ខែនោះ​ វាប្រាកដណាស់ថារយៈពេល៣ខែក្រោយនាងនឹងត្រូវចាកចេញពីផ្ទះមួយនេះ ប៉ុន្តែបើទោះបីជាបែបនោះ នាងក៏នៅតែស្វះស្វែងរកដំណោះស្រាយដដែលព្រោះមិនចង់ឲ្យផ្ទះដែលម្តាយខិតខំយ៉ាងលំបាក ចំណាយទាំងញើសទាំងឈាម ដើម្បីផ្តល់ឲ្យនាងត្រូវរលាយបង់នោះទេ។​ នាងគិតហើយ គិតទៀត ប៉ុន្តែទោះជាគិតយ៉ាងណាក៏មិនអាចរកដំណោះស្រាយបាន នាងសុញគំនិតហើយពេលនេះ ម្តាយស្លាប់ទើបតែបានមួយសប្តាហ៍ នាងក៏ត្រូវម្ចាស់បំណុលមកទាមទាររកប្រាក់ជំពាក់បាត់ទៅហើយ។ ជីវិតនាងពេលនេះជួបតែវិបត្តិមិនចេះចប់មិនចេះហើយ។
"គិតយ៉ាងម៉េចទៅ សេរ៉ា​ គិត...គិត...គិត..." នាងនិយាយតិចៗហើយវាយក្បាលខ្លួនឯងជាមួយខ្នើយនៅលើគ្រែតូចរបស់នាង...

...ព្រឹកថ្ងៃថ្មី...
ក្មេងស្រីដែលទើបតែប្រលងចប់ថ្នាក់វិទ្យាល័យ ត្រូវប្រញាប់ដាក់ពាក្យធ្វើការងារយ៉ាងខ្វាត់ខ្វែង មិនថាហាងអាហារ ហាងសម្លៀកបំពាក់ ឬ ហាងកាហ្វេ ធ្វើយ៉ាងណាដើម្បីឲ្យប្រាកដថានាងមានបាយហូបសម្រាប់បន្តដង្ហើមរបស់ខ្លួន
"សុំទោសផងពួកយើងមិនអាចទទួលអ្នកនាងធ្វើការបានទេ ព្រោះយើងត្រូវការបុគ្គលិកធ្វើការវេនថ្ងៃ"
ប៉ុន្តែលទ្ធផលហាងណាក៏ដូចហាងណា គ្មានអ្នកណារើសយកនាងធ្វើការនោះទេ។ ការងារក្រៅម៉ោងដែលនាងរកគឺត្រូវការធ្វើនៅពេលព្រឹក ព្រោះនាងរៀននៅពេលថ្ងៃ ប៉ុន្តែគ្រប់ហាងទាំងអស់សុទ្ធតែត្រូវការបុគ្គលិកក្រៅម៉ោងនៅពេលថ្ងៃ ហើយច្រានចោលនាងទាំងអស់។ នាងមិនអាចអត់ការងារធ្វើ តែនាងក៏រឹតតែមិនអាចប្តូរវេនរៀន ព្រោះជាសិស្សអាហារូបករណ៍ត្រូវតែធ្វើតាមអ្វីដែលសាលាបានកំណត់ បើពុំនោះទេនឹងត្រូវដកឈ្មោះពីបេក្ខជនអាហារូបករណ៍ចោលមិនខាន។ នាងចាំបានយ៉ាងច្បាស់ពីទឹកមុខរីករាយរបស់ម្តាយនៅពេលដឹងថានាងទទួលបានអាហារូបករណ៍រៀននៅសាលាល្បីឈ្មោះ នោះជាមូលហេតុមួយក្នុងចំណោមមូលហេតុទាំងអស់ដែលនាងមិនអាចបោះបង់ចោលអាហារូបករណ៍នេះបាន។

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Mar 06, 2021 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

ភរិយាក្នុងអេតាស៊ីវិលOnde as histórias ganham vida. Descobre agora