ប្រអប់ដៃតូចរុញទ្វារបន្ទប់ចូលទៅ ដោយត្រចៀកទាំងគូរបស់ យូតា កំពុងតែលឺសម្លេងយំខ្សឹកខ្សួល របស់នរណាម្នាក់។ ទ្វារបន្ទប់ដែលធ្វើឡើងដោយឈើ ដ៏ល្អដាច់គេនៅក្នុងប្រទេស បានបើកឡើងបង្ហាញឲ្យ ឃើញបរិវេណបន្ទប់ដ៏ធំទូលាយរបស់ប្រមុខ ហ្វីសតុន។ នាងតូចបោះជំហ៊ានទៅរក ស្រ្តីវ័យចំណាស់ដែលកំពុងតែអង្គុយយំ ឥតស្រាក់ស្រាន ដោយដៃជ្រីយជ្រួញទាំងគូរបស់នាង កំពុងតែក្រសោបដៃរបស់ អ្នកដែលមាននាមជាស្វាមីជាប់។
"យូតា" ម៉ាដាម ហ្វីសតុន កំពុងតែព្រួយចិត្ត បារម្ភខ្វល់ខ្វាយ ពីអ្នកជាស្វាមី ដែលកំពុងតែគេងឈឺ នៅលើគ្រែដោយ ជំងឺរបស់គេមិនមានអការៈអន់ថយឡើយ។ កត្តានេះហើយ ធ្វើឲ្យម៉ាដាមយំខ្សឹកខ្សួលមិនឈប់។ ប្រអប់ដៃស្រឡូនទាំងសងខាង រហ័សលើកឡើងចាប់ស្មារទាំងគូរបស់ អ្នកដែលចិញ្ចឹមនាង តាំងពីនៅតូចក្រូចឆ្មារ ជាការលើកទឹកចិត្ត ស្ត្រីចំណាស់ឲ្យរឹងមាំជាងនេះ។
"យូតា..." សម្លេងស្អកៗរបស់ប្រមុខ ហ្វីសតុន បន្លឺឡើងហៅឈ្មោះ នាងក្រមុំតូចដែលកំពុងតែឈរក្បែរភរិយារបស់គាត់។ លឺបែបនេះ មិននៅរេរាចិត្តច្រើន យូតា ប្រញាប់បោះជំហ៊ានទៅរក អ្នកមានគុណរបស់នាងភ្លាម។ ហ្វីសតុន គឺជាគ្រួសារដែលមានគុណមកលើនាង តាំងពីនៅតូចមកម៉្លេះ បើសិនជាមិនបានទទួលការមើលថែ បីបាច់យ៉ាងយកចិត្តទុកដាក់ពីត្រកូល ហ្វីសតុន ទេ ម៉្លោះហើយមិនដឹងជាជីវិត ក្មេងកំព្រាដូចជានាងតូចនេះ នឹងទៅជាយ៉ាងណានោះទេ។
"យូតា ... ប៉ាសុំកូនរឿងមួយបានទេ?" ប្រមុខ ហ្វីសតុន ខំប្រឹងនិយាយទាំងលំបាក ក្នុងចិត្តចង់និយាយ នូវអ្វីដែលខ្លួនចង់ប្រាប់ ទៅនាងតូចឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន តែមើលទៅអការៈរបស់គេនៅពេលនេះគឺ មិនបានថមថយទៅវិញឡើយ ជាហេតុធ្វើឲ្យរាងចំណាស់ ពិបាកក្នុងការបង្ហើបមាត់និយាយ។
"លោកប៉ា ... លោកប៉ាសម្រាកសិនទៅណា កុំទាន់និយាយអ្វីទាំងអស់" យូតា ប្រញាប់កាត់សម្តីរបស់ឪពុក ដោយក្នុងទ្រូងរបស់ អ្នកដែលមាននាមជាកូនចិញ្ចឹមដូចជានាង ឈឺខ្ទោកៗនឹកបារម្ភពីឪពុកជាខ្លាំង។
"អត់ទេ ប៉ាសល់ពេលមិនយូរទេ" ប្រយោគរបស់បុរសចំណាស់ ធ្វើឲ្យអ្នកដែលស្តាប់លឺហើយ ត្រូវស្រក់ទឹកភ្នែកចុះមក ដោយមិនអាចទប់បាន។ ម៉ាដាម ហ្វីសតុន លើកដៃខ្ទប់មាត់យំយ៉ាងស្ងប់ស្ងាត់ ព្រោះមិនចង់រំខានដល់ការសន្ទនា រវាងឪពុកកូនទាំងពីរ ឯនាងតូច យូតា វិញព្យាយាម ខាំមាត់សង្កត់ចិត្ត ទប់ទឹកភ្នែករបស់នាងមិនឲ្យហូរចុះមក។
"លោកប៉ា កុំនិយាយបែបនេះអី" នាងស្រាប់តែពេបមាត់យំ តែម្តងគ្រាន់តែនិយាយចប់។ ពេលខ្លះនាងមិនអាចទប់ ទឹកភ្នែករបស់ខ្លួនបានឡើយ ព្រោះវាចេះតែហូរមក ឲ្យតែបារម្ភពីអ្នកនៅចំពោះមុខ។ រាងចំណាស់គឺជាអ្នកមានគុណ ដ៏ធំធេងសម្រាប់នាង ទោះជាចង់សងគុណត្រកូល ហ្វីសតុន ក៏ យូតា សងមិនអស់ដែរ ក្នុងមួយជាតិនេះ។
"រៀបការជាមួយនឹងប្រុស ហ្កេន តាមបណ្តាំមរតកណា លឺទេ?" ប្រមុខ ហ្វីសតុន ប្រឹងនិយាយទាំងលំបាក ប្រាប់ទៅកាន់កូនស្រីចិញ្ចឹម ដែលខ្លួនស្រឡាញ់ថ្នាក់ថ្នមដូចជាកូនបង្កើតម្នាក់ទៀត។ ខណៈពេលដែលរាងចំណាស់ រំលឹកដល់ឈ្មោះបុរសម្នាក់នោះ បេះដូងរបស់នាង ស្រាប់តែឈឺឡើង សារជាថ្មី ។ ទឹកភ្នែកចេះតែបន្តហូរចុះមក ដោយការបារម្ភពីឪពុកផង នឹកឃើញដល់ពាក្យសម្តី ឆ្អេះឆ្អាបរបស់អ្នកកំលោះដែលជាម្ចាស់ឈ្មោះផង។
"នាងក្មេងអត់ម៉ែឪ!"
"កុំមកប៉ះយើង គួរឲ្យរអើមណាស់!"
"ស្រីសណ្តានថោក"
"ស្រីថ្នាក់ទាបដូចជានាង កុំចងមកលេងជាមួយនឹងយើងឲ្យសោះ!"
"ចេញឲ្យឆ្ងាយទៅ នាងស្រីអបល័ក្ខ!" ពាក្យសម្តីដេះដៀល ជេរប្រមាថមើលងាយ ចេញពីមាត់បុរសដែលមានឈ្មោះថា ឡូហ្កេន ហ្វីសតុន តាំងពីនៅតូចៗ វាចេះតែលឺកងរំពង ពេញខួរក្បាលរបស់នាង គ្រប់ពេលគ្រប់វេលា ឲ្យតែមានអ្នករំលឹកដល់ឈ្មោះ បុរសម្នាក់នោះ វាធ្វើឲ្យបេះដូងដែលកំពុងតែទន់ជ្រាយ ត្រូវឈឺអួលណែនដូចគេច្របាច់។
"...បានទេ យូតា?" សំណួររបស់រាងចំណាស់ធ្វើ ឲ្យនាងតូចភ្ញាក់ពីអន្លង់គំនិត របស់ខ្លួនមុននេះ ដោយស្រីស្រស់ប្រែទៅជាញ័របបូរមាត់ មិនហ៊ានឆ្លើយនឹងសំណួរដែលប្រមុខ ហ្វីសតុន កំពុងតែសួរនាង។ បើសិនជានាងយល់ព្រម នូវអ្វីដែលអ្នកជាឪពុកចិញ្ចឹមស្នើរសុំ ច្បាស់ណាស់ថានាងនឹងត្រូវបាន ឡូហ្កេន មើលងាយស្អប់គុំកួន លើសដើមមិនខាននោះទេ ព្រោះកន្លងមករាងក្រាស់មិនដែល បន្ទាបខ្លួនរបស់គេឲ្យមកប្រឡូកប្រឡាក់ ជាមួយនឹងស្រីសំរាម ស្រីកំព្រាម៉ែឪ ស្រីអបល័ក្ខដូចជានាងឡើយ។
"ខ...ខ្ញុំ..." កូនចិត្តស្តួចស្តើងរបស់ យូតា ប្រែរអាក់រអួល មិនប្រាកដចិត្ត។ បើសិនជានាងបដិសេធ សំណើរបស់បុរសចំណាស់ ប្រៀបដូចជានាងកំពុងតែរមិលគុណ អ្នកមានគុណរបស់នាងយ៉ាងអញ្ចឹង តែបើសិនជានាងយល់ព្រម នាងនឹងត្រូវទទួលរងការជេរប្រមាថ មើលងាយ ជេរស្តី ថ្មេះដៀល ថាឲ្យសព្វសារពើ ពីមាត់របស់បុរសចិត្តអា្រកក់ម្នាក់នោះមិនខានទេ។ កែវភ្នែកពណ៌ថ្លា គ្រវាសទៅសម្លឹងមើលស្ត្រីចំណាស់ ដែលកំពុងតែអង្គុយជូតទឹកភ្នែករបស់ខ្លួនចេញ ទាំងដែលវាហូរមកមិនឈប់។ ឃើញនាងតូចងាកមករកខ្លួន ជាមួយនឹងកែវភ្នែក សុំយោបល់បែបនេះម៉ាដាម ហ្វីសតុន បានងក់ក្បាលដាក់ យូតា ជាសញ្ញាឲ្យនាងយល់ព្រម ចំពោះអ្វីដែលរាងចំណាស់កំពុងតែសុំនាង ព្រោះនាងដឹងពីជម្រៅចិត្តរបស់ស្វាមីច្បាស់ដោយរាងចំណាស់ធ្វើបែបនេះគឺមានមូលហេតុរបស់គេផ្ទាល់។
"បើកូនធ្វើតាមបណ្តាំមរតករបស់ប៉ា ប៉ាស្លាប់ទៅបិទភ្នែកជិតហើយ" ដៃជ្រីយជ្រួញលើកឡើង ទាំងញ័រញាក់ដោយប្រមុខ ហ្វីសតុន អង្អែលក្បាលកូនស្រីចិញ្ចឹមថ្នមៗ ពោរពេញទៅដោយក្តីស្រឡាញ់។ ទោះបីជាអ្នកម្ខាងទៀត មិនទាន់បានឆ្លើយនឹងសំណួរ របស់ខ្លួនក៏ដោយក៏គេ នៅមានកូនចិត្តបន្តិចបន្តួចសង្ឃឹមថា គ្រប់យ៉ាងនឹងប្រព្រឹត្តទៅយ៉ាងរលូន តាមបណ្តាំមរតក ដែលគេបានសសេរទុក មុននឹងប្រគល់ឲ្យមេធាវី ប្រចាំត្រកូល ហ្វីសតុន ដែរ។ គ្រាន់តែនិយាយពាក្យទាំងនោះចប់ ដៃជ្រីយជ្រួញដែលអង្អែលក្បាល យូតា មុននេះបានធ្លាក់ចុះទៅលើពូក មួយទំហឹងស្របពេលដែល កែវភ្នែកទាំងគូរបស់រាងចំណាស់បិទជិតដូចគ្នា។
...
ជួយ like ផេកថ្មីរបស់ខ្ញុំម្នាក់មួយមកណា🙏💜
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ESTÁS LEYENDO
កូនក្រមុំក្នុងបណ្តាំមរតក
Romanceយូតា គឺជាកូនស្រីចិញ្ចឹមតែមួយគត់របស់ វីលៀម ក្លារីតុន។ នាងជាក្មេងស្រីស្លូតត្រង់ ចិត្តល្អបរិសុទ្ធ មានអ្នកស្រឡាញ់រាប់អានស្ទើរគ្រប់គ្នា ប៉ុន្តែបែរជាត្រូវក្លាយទៅជាមនុស្សស្រីរំអ៊ួយ គួរឲ្យស្អប់នៅក្នុងក្រសែរបស់ ស៊ុកជីន ក្លារីតុន ទៅវិញ។ អ្វីដែលកាន់តែធ្វើឲ្យនា...
ភាគទី 1: ផ្តើមរឿង
Comenzar desde el principio
