ភាគទី២:បងមិនទៅណាចោលអូនដាច់ខាតហើយអូនក៏មិនត្រូវទៅណាចោលបងដូចគ្នា

208 24 16
                                    

   ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរចំណែកឯជេយ៉ុននិងថេសានក៏លូតលាស់ធំធាត់ឡើងចេះដើរនិងរត់ព្រមទាំងនិយាយបានច្រើនគួរសមផងដែរ សុងហ៊ុននៅជាមួយស៊ុននូមួយរយៈធំទម្រាំតែពួកគេសម្រេចចិត្តជ្រើសរើសថ្ងៃពិសេសសម្រាប់រៀបការ។ក៏ដូចជាសុងហ៊ុននិងស៊ុននូដែរគឺលីសានិងជេននីក៏សម្រេចចិត្តកាន់ដៃគ្នាដើរលើផ្លូវរួមគ្នាអស់មួយជីវិតដែរលីសាមិនខ្វល់ថាជេយ៉ុនកូនប្រុសរបស់ជេននីមានឪពុកជានរណានោះទេអ្វីដែលនាងខ្វល់និងចង់ធ្វើគឺមើលថែជេននីនិងជេយ៉ុនឲ្យបានល្អបំផុត។
   ចំពោះជេយ៍និងជុងវ៉ុនវិញតាំងពីថ្ងៃនោះមកអ្នកទាំងពីរក៏ចាប់ផ្ដើមរាងស្និទ្ធប្លែកទៅណាក៏ទៅជាមួយគ្នាចង់ញុាំអីក៏ញុាំដូចគ្នាទៀតហើយគ្រប់ទង្វើឬសកម្មភាពរបស់ពួកគេក៏ត្រូវបានសមាជិកក្នុងផ្ទះចាប់បានដូចគ្នា។តាមពិតទៅមិនថាស៊ុននូសុងហ៊ុនឬក៏លីសានិងជេននីទេពួកគេគឺដឹងតាំងពីដំបូងទៅហើយថាពីរនាក់នេះមានចិត្តលើគ្នាគ្រាន់តែថាមាត់រឹងរាងខ្លួន ហើយបើរឿងយប់នោះវិញមិនបាច់សួរក៏ដឹងថាគេបានបឿករួចហើយដែរ🌚។
   ព្រឹកនេះបន្ទាប់ពីញុាំអាហារពេលព្រឹកជុំគ្នារួចជុងវ៉ុនក៏ត្រូវចេញទៅភូមិចាស់មួយដែលជាភូមិបុរាណបន្សល់ទុកតាំងពីមុនស.វទី1ហើយជេយ៍ក៏ស្ម័គ្រចិត្តធ្វើជាអ្នកជូនដំណើរប្រុសតូចទៅដើម្បីបានជាគ្នានិងការពារសុវត្ថិភាព។ជុងវ៉ុនមិនត្រឹមតែជាសិស្សអក្សរសាស្រ្តអង់គ្លេសនោះទេគេក៏ជាអ្នករៀនផ្នែកបុរេប្រវត្តិសាស្រ្តផងដែរអញ្ចឹងបើសិនជាមានព័ត៌មានឬក៏ដំណឹងថ្មីៗទាក់ទងនឹងទីតាំងភូមិសាស្រ្តបុរាណគេប្រាកដជាទៅភ្លាម។ មុននឹងចេញដំណើរស៊ុននូក៏បានជួយលីសារៀបចំម្ហូបអាហារសម្រាប់ជេយ៍និងជុងវ៉ុនទុកញុាំតាមផ្លូវព្រោះក្នុងនាមជាមិត្តសម្លាញ់របស់ជុងវ៉ុនក៏ដូចជាប្អូនថ្លៃដ៏ល្អរបស់ជេយ៍ស៊ុននូត្រូវតែត្រៀមគ្រប់យ៉ាងឲ្យរួចរាល់។មិនមែននៅតាមផ្លូវគ្មានហាងអាហារទេតែស៊ុននូបារម្ភខ្លាចថារសជាតិអាហារនៅទីនោះធ្វើឲ្យជុងវ៉ុនពិបាកលេបព្រោះនាយតូចជុងវ៉ុននេះណារើសចំណីខ្លាំងណាស់បើនិយាយពីជេយ៍វិញរឹតតែយ៉ាប់ទៀតព្រោះគេចូលចិត្តតែម្ហូបរសជាតិបែបកូរ៉េៗ។ រៀបចំរួចរាល់ស៊ុននូក៏ឲ្យសុងហ៊ុនលើកឥវ៉ាន់ទាំងនោះដាក់ចូលក្នុងឡានរបស់ជេយ៍។
   “បងសុងហ៊ុនហា៎ជួយលើកអានេះដាក់ឡានបន្តិច”
   “បាទអូនសម្លាញ់...ជុប!!!”សុងហ៊ុនតបដោយដើរទៅថើបថ្ពាល់ស៊ុននូមួយខ្សឺតមុននឹងលើកឥវ៉ាន់ដាក់ឡានរបស់ជេយ៍។
   “ឆឹសផ្អែមល្ហែមដល់ហើយណ៎”ជេយ៍លាន់មាត់ពេលឃើញប្អូនៗរបស់ខ្លួនស្វីតនៅចំពោះមុខខ្លួនមើលយ៉ាងណាក៏ចង់ជ្រេញឡើងមក។
   “រួចរាល់ហើយបងជេយ៍”សុងហ៊ុនដើរមកដាក់ដៃលើស្មាជេយ៍យ៉ាងទំនងធ្វើដូចមិត្តភក្តិ
   “នែគោរពយយើងជាបងឯងខ្លះផង”ជេយ៍និយាយឡើងស្របពេលដែលដៃប្អូនប្រុសជើងល្អរបស់ខ្លួនដាក់លើស្មាខ្លួន
   “ខ្ញុំគោរពតាស៎ យ៉ាងណាបងក៏មិនដែលប្រកាន់នឹងប្អូនម្នាក់នេះស្រាប់ហើយត្រូវទេ?”
   “អើៗក៏ព្រោះតែប្រកាន់ឯងទៅវាគ្មានបានប្រយោជន៍អីមកវិញហ្នឹងណា៎”
   “អេហ៍ គួរតែដល់ម៉ោងចេញដំណើរហើយមែនទេ?”ស៊ុននូមើលនាឡិកានិងនិយាយទៅកាន់ជុងវ៉ុនដែលកំពុងតែអង្គុយលេងជាមួយជេយ៉ុននិងថេសាន។
   “អូហ៍មែនហើយ អញ្ចឹងខ្ញុំសូមជម្រាបលាបងលីសបងជេនទៅសិនហើយ លាហើយក្មួយយ៉ុនក្មួយថេ”ជុងវ៉ុននិយាយទៅកាន់លីសានិងជេននីហើយក៏មិនភ្លេចនិយាយលាទៅកាន់ក្មេងឆ្លាតគួរឲ្យស្រឡាញ់ទាំងពីរ។
   “មកវិញកុំភ្លេចយកកូនមកផងវ៉ើយ”ស៊ុននូខ្សឹបដាក់ត្រចៀកជុងវ៉ុនតិចៗធ្វើឲ្យជុងវ៉ុនអៀនទះគូទស៊ុននូឮសូរផ្លាច់។
   ផ្លាច់!!!
   “អា៎ក!!!ឈឺណា៎”ស៊ុននូអង្អែលគូទធ្វើមុខជូរស្របពេលដែលជុងវ៉ុនដើរចេញដោយលៀនអណ្ដាតដាក់គេភ្លែមៗ។
   “ឲ្យអញ្ចឹងចុះប៉ិនញ៉ោះគេពេក”ជេននីនិយាយព្រមទាំងសើចទើបនាយតូចស៊ុននូនិយាយដោយអការៈអន់ចិត្ត
   “បងកាន់ជើងអ្នកដទៃណាស់”
   “ហៃយ៉ាបើបងកាន់ជើងជុងវ៉ុនច្បាស់ជាដួលដាច់ផ្ងារបាត់ហើយស៊ុនៗ”
   “...”
   ស៊ុននូមិននិយាយអ្វីតជាមួយជេននីទេគេដើរត្រុយទៅកាន់សួនច្បារខាងមុខផ្ទះដោយកាន់ថេបប្លេតទៅជាមួយផង(Tablet:ប្រភេទដូចជាIpadដែរ)។ឃើញសំណព្វចិត្តដើរចេញទៅសុងហ៊ុនក៏អស់សំណើចនៅក្នុងចិត្តមិននឹកស្មានថានាយតូចចេះមានចរឹតង៉ក់ងរបែបនេះសោះព្រោះតែសុងហ៊ុនមិនដែលបានឃើញនាយតូចមានចរឹតបែបនេះពីមុនមក។
(ម៉េចក៏ពេលង៉ក់ងរគួរឲ្យស្រឡាញ់ម្ល៉េះគ្រូពេទ្យច្រម៉ក់?)សុងហ៊ុនគិតក្នុងចិត្តរួចក៏និយាយទៅកាន់ជេននីនិងលីសា។
   “បងៗអញ្ចឹងខ្ញុំផ្ញើមើលកូនថេបន្តផងខ្ញុំរកទៅតាមស៊ុននូសិន”
   “ទៅចុះបងឮថាគេកំពុងចង់រកមើលហាងកាត់ខោអាវទុកpreweddingបើបានមើលជាមួយគ្នាក៏ល្អ”
   “បាទ” និយាយរួចសុងហ៊ុនក៏ដើរទៅតាមស៊ុននូហើយគេក៏ឃើញនាយតូចកំពុងអង្គយចុចលើអេក្រង់ថេបប្លេតដោយសម្លឹងយ៉ាងយកចិត្តទុកដាក់។មិនថាមើលយ៉ាងណាស៊ុននូពេលនេះគឺកាន់តែគួរឲ្យស្រឡាញ់នៅក្នុងភ្នែករបស់សុងហ៊ុនណាស់ គេស្ទើរតែភ្លេចទៅហើយថាគេជាម៉ាហ្វៀដែលមានឈាមត្រជាក់បំផុត តែគេក៏មិនអាចប្រកែកបានថាពេលនៅជាមួយគ្រួសារបែបនេះគេពិតជាមានក្ដីសុខនិងកក់ក្ដៅយ៉ាងខ្លាំង ខ្លាំងរហូតគេលែងចង់ទៅខាងក្រៅ។តាំងពីថ្ងៃដែលគេព្យាយាមដកខ្លួននៅឆ្ងាយពីវិថីអ្នកលេងម៉ាហ្វៀមកគេមានអារម្មណ៍ថាដូចជាបានដកបន្លារាប់ពាន់រាប់ម៉ឺនចេញពីក្នុងទ្រូង បើកាលពីមុនវិញការនៅផ្ទះគឺជារឿងស្មុគស្មាញនិងធុញថប់បំផុតសម្រាប់គេតែពេលនេះវិញគេមិនចង់ទៅណាក្រៅពីផ្ទះសោះសូម្បីតែទៅចម្ការក៏គេចង់បានមនុស្សខ្លួនតូចម្នាក់នេះដើរអមផ្លូវទៅជាមួយគេដែរ។
   “ធ្វើអីហ្នឹង???”សុងហ៊ុនចូលមកឱវចង្កេះនាយតូចពីខាងក្រោយធ្វើឲ្យនាយតូចភ្ញាក់ព្រើត។
   “ចុមយក្ស!!!ហួចមកអត់ប្រាប់មួយម៉ាត់ទេបងហ៊ុន ដឹងអត់ថាអូនប៊ិះគាំងបេះដូងទៅហើយ”ស៊ុននូបន្ទោសសុងហ៊ុនដែលលេងអីតាណើបៗ
   “ហៃយ៉ាប្រញាប់គាំងទៅណាមិនទាន់បានស្គាល់ជាតិរៀបការបឿកនឹងគេផង”សុងហ៊ុនតបយ៉ាងច្រឡើមទើបស៊ុននូយកដៃញ៉ឹងស្លឹកត្រចៀកប្រុសក្បាលខូចនេះមួយចាស់សៃរហូតដល់សុងហ៊ុនស្រែករកពុទ្ធោពុទ្ធាំង។
    “អូយៗឈឺណាស់ណា៎...ស៊ុនៗលែងបងឈឺណាស់”
    “ឈប់និយាយស្អីឆ្កួតៗទៅ ទោះរៀបការក៏មិនឲ្យបងឯងបឿកដែរបើបឿកម្ដងៗខ្ញុំដើរមិនរួចផង”
   ស៊ុននូតបទាំងក្រហមមុខអៀនផងខឹងផង នាយតូចចាំមិនភ្លេចនោះទេនូវរឿងរ៉ាវដែលបានកើតឡើងកាលពីមួយឆ្នាំមុនរហូតឈានដល់មានថេសាននេះ។នាយតូចសឹងតែស្បថទៅហើយថាមិនចង់មានសម្ព័ន្ធភាពជ្រាលជ្រៅផ្អែមល្ហែមជាមួយអ្នកណាឡើយព្រោះក្រៅតែពីសុងហ៊ុនគេមិនដឹងទេថាអ្នកផ្សេងនឹងឃោរឃៅជាងសុងហ៊ុនឬក៏ដូចសុងហ៊ុន។ពេលដែលនៅឆ្ងាយពីសុងហ៊ុនក៏មិនខ្វះអាល់ហ្វាមកញ៉ែញ៉ងស៊ុននូចង់ធ្វើបាបស៊ុននូដែរក៏ប៉ុន្តែបានជេយ៍ចេញមុខជួយដោយព្យាយាមរកអង្គរក្សពូកែៗមកការពារនាយតូច។
   “ម៉េចអញ្ចឹង???អូនដាច់ចិត្តមើលប្ដីអូនឃ្លានដាច់ពោះស្លាប់ហ៎?”សុងហ៊ុននិយាយដោយធ្វើមុខរបៀបអន់ចិត្ត
   “ស្លាប់ក៏ស្លាប់ចុះបើបឿកមិនចេះគិត”
   “បងនឹងថ្នមៗ”សុងហ៊ុននិយាយដោយយកដៃឱបចង្កេះនាយតូចម្ដងទៀតឯនាយតូចវិញអៀនសឹងតែចង់ជ្រែកដីទៅហើយ។ម្យ៉ាងទៀតពួកគេខានមានអីៗជាមួយគ្នាយូរណាស់ទៅហើយ ការដែលនៅជិតគ្នាផ្អែមល្ហែមបែបនេះវាធ្វើឲ្យក្នុងខ្លួនវាចេះតែរមួលម៉េចមិនដឹង។នាយតូចក៏ប្រញាប់បន្លប់បរិយាកាស
   “ម៉ោះកុំឆ្កួតច្រើនពេក មកជួយរើសឈុតអូនវិញ”
   “ឈុតអី?ខ្សឺត!!!”សុងហ៊ុនសួរបែបមិនដឹងអីហើយក៏ឆ្លៀតថើបថ្ពាល់នាយតូចមួយខ្សឺត
   “គឺឈុតរៀបការនិងឈុតpreweddingហ្នឹងណា៎”
    “អូហ៍ម៉ត់ចត់ដល់ហើយ”
   “ត្រូវតែអញ្ចឹងហើយព្រោះមួយជីវិតនេះរៀបការតែម្ដងទេ”
   “ពិតមែន?”សុងហ៊ុនសួរបញ្ជាក់ព្រោះខ្លាចថាខ្លួនស្ដាប់ច្រឡំ
   “ប្រាកដហើយ”
   “ហេតុអី?”សុងហ៊ុនសួររកហេតុផលម្ដងទៀតហើយក៏ត្រូវស៊ុននូក្ដិចភ្លៅមួយទំហឹងរហូតដល់សុងហ៊ុនស្រែកភ្លាម
   “អូយៗឈឺប្រពន្ធសម្លាញ់”
   “បើដឹងថាឈឺអញ្ចឹងឈប់សួរទៀតព្រោះប្ដីអូនមានតែបងម្នាក់ទេត្រូវចាំ តែបើបងធ្វើឲ្យអូនឆ្អែតចិត្តអូនសុខចិត្តចិញ្ចឹមកូនតែម្នាក់ឯងក៏មិនព្រមជួបមុខប្រុសដូចបងដែរ”ស៊ុននូនិយាយបែបប្រាកដប្រជាទើបសុងហ៊ុនអត់មិនលាន់មាត់មិនបាន
   “អូនពេទ្យរបស់បងឥឡូវកាចដល់ហើយមិនសុភាពៗដូចកាលនៅស៊ីនសោះ”
   “នែ៎ប្រយ័ត្នមាត់បងបន្តិច!!!”
   “បាទម៉ែប្រពន្ធ”សុងហ៊ុនតបដោយឱបលួងលោមប្រពន្ធដោយធ្វើចរឹតម្ញ៉ិកម្ញ៉ក់ដើម្បីឲ្យប្រពន្ធត្រជាក់ចិត្ត។ស៊ុននូនិងសុងហ៊ុននៅអង្គុយរើសឈុតជាមួយគ្នារហូតដល់ថ្ងៃត្រង់ទើបពួកគេរើសបានឈុតដែលត្រូវចិត្តក៏ព្រោះតែស៊ុននូនេះចេះតែថាខ្វះអញ្ចេះខ្វះអញ្ចោះមិនស្អាតត្រង់នេះមិនស្អាតត្រង់នោះ អ្វីដែលស៊ុននុចង់បានគឺទាល់តែស្អាតគ្មានកន្លែងទាស់ចំណែកឯឈុតរៀបការនៅក្នុងព្រះវិហារស៊ុននូបែរជារើសយកឈុតពណ៌សមានបូនៅលើ.កឯសុងហ៊ុ វិញពណ៌ខ្មៅព្រោះឈុតនេះមើលទៅសាកសមនឹងពួកគេជាខ្លាំងហើយក៏មានភាពលេចធ្លោទាក់ភ្នែក។អ្នកទាំងពីរសម្រេចចិត្តថានឹងទៅល.វានៅថ្ងៃចុងសប្ដាហ៍នេះ។
    .....
   នៅតាមផ្លូវទៅភូមិបុរាណនោះវាមានចម្ងាយឆ្ងាយខ្លាំងហើយត្រួវឆ្លងកាត់ទីក្រុងធំៗនិងតំបន់ជនបទដែលមានផ្លូវពិបាកៗជាច្រើន។ផ្លូវមកដំបូងសម្បូរហាងអាហារនិងផ្ទះសំណាក់តែយូរៗទៅក៏លែងសូវមានជួនកាលរាប់សិបគីឡូមានមួយអីអញ្ចឹងទៅចំណែកឯជុងវ៉ុនក៏ដកដង្ហើមធំបន្តិចហាក់ដូចជាហត់នឿយខ្លាំង។
   “ហ៉ើយ!!!”
   “កើតអីហ៎?”ជេយ៍សួរពេលឃើញនាយតូចដកដង្ហើមបែបនឿយណាយក្នុងការធ្វើដំណើរ។
   “មិនគិតថាវាឆ្ងាយខ្លាំងហ្នឹងណា៎ ហើយចុះលោកបើកឡានរាប់ម៉ោងហើយមិនហត់ខ្លះទេ?”
   “ហត់គឺហត់ហើយតែពេលមានប្រុសខ្លួនតូចម្នាក់នេះនៅក្បែរខ្ញុំអាចមានកម្លាំងបើកឡានដល់ជាតិក្រោយ”
   “និយាយដូចចង់ស្លាប់ឆាប់អញ្ចឹងលោកនេះ”
   “មិនបានចង់ស្លាប់ទេ មិនទាន់មានកូនពរនឹងគេផង”
   ជេយ៍តបដោយញញឹមយ៉ាងប្រិមប្រិយធ្វើឲ្យជុងវ៉ុនស្រៀវខ្លួនខ្លាចរអាប្រុសម្នាក់នេះឡើងមក។
   “នែភ្ញាក់ឡើងកុំស្រម៉ៃទាំងថ្ងៃអីខ្ញុំមិនអាចមានកូនបានទេ”
   “យ៉ាងម៉េចក៏ថាមិនអាចមានកូនបាន?”ជេយ៍ឈប់ឡានង៉ក់ពេលឮជុងវ៉ុននិយាយថាមិនអាចមានកូន។
   “គឺ...គឺ....”ជុងវ៉ុនតបទាំងរដាក់រដុបរាងភ័យៗព្រោះគេដឹងថាបើសិនជាគេនិងជេយ៍រៀបការជាមួយគ្នាតែមិនអាចមានកូនបាននោះជេយ៍ច្បាស់ជាឈឺចាប់និងខកចិត្តខ្លាំងជាមិនខាន។
   “គឺអី? ឆាប់និយាយមក?”
   “ហឹក....ខ្ញុំ...ខ្ញុំមិនចង់អញ្ចឹងទេតែ...លោកជេយ៍ហា៎
..ខ្ញុំមានជំងឺម្យ៉ាងដែលខ្ញុំពិបាកនឹងមានកូនខ្លាំងណាស់ទោះបីខ្ញុំជាអូមេហ្កាក៏ដោយការមានកូនគឺពិបាកណាស់សម្រាប់ខ្ញុំ”ជុងវ៉ុនតបទាំងរលីងរលោងទឹកភ្នែកធ្វើឲ្យជេយ៍ពិបាកនឹងទប់ចិត្តខ្លាំងណាស់គេដោះខ្សែក្រវ៉ាត់ឡានចេញពីខ្លួនហើយក៏យកដៃទាំងពីរក្រសោបមុខរបស់នាយតូច។
   “ឯងឈឺអី?ហេតុអីមិនប្រាប់ខ្ញុំ?ហេតុអីបានជាឯងចង់លាក់ពីអ្នកគ្រប់គ្នាមិនថាស៊ុននូជេននីនិងលីសា?”
   “ហឹកៗ...ខ្ញុំមិនចង់ទេហឹក...ខ្ញុំមិនចង់ឲ្យពួកគេឈឺចាប់និងទទួលយកមិនបាននោះទេ...ខ្ញុំ....ខ្ញុំចង់ចាកចេញទៅស្ងាត់ៗមិនចង់ឲ្យពួកគេដឹងនោះទេ”
   “ជុងវ៉ុនហា៎...អញ្ចឹងតើឯងអាចប្រាប់ខ្ញុំបានទេថាឯងឈឺអី?”ជេយ៍អង្អែលថ្ពាល់ជុងវ៉ុនថ្នមៗ តំណក់ទឹកភ្នែកថ្លាក្ដៅឧណ្ឌៗបានរមៀលចុះមកប៉ះនឹងដៃរបស់ជេយ៍វាហាក់ដូចជាកាំបិតត្រៀមពុះច្រៀកបេះដូងជេយ៍ឲ្យរហែកខ្ទេចខ្ទីអញ្ចឹង។បបូរមាត់តូចកម្រើកតិចៗនិងពោលពាក្យស្រាលៗសឹងតែស្ដាប់មិនចង់ឮតែវាក៏អាចប្រហារចិត្តរបស់ជេយ៍ឲ្យឈឺខ្ទោកៗ។
   “ខ្ញុំកើតមហារីកខួរឆ្អឹងខ្នង...ហឹកៗហ៉ឺ”
   វឹប!!! ជេយ៍ស្រវាឱបនាយតូចចូលក្នុងរវង្វង់ដៃនៅទីបំផុតនាយតូចក៏បានទម្លាយរឿងដែលខ្លួនខំលាក់រាប់ឆ្នាំមក ឲ្យជេយ៍បានដឹង។
   ត្រឡប់ទៅកាលពីប្រាំមួយឆ្នាំមុន...
   ក្មេងប្រុសតូចអង្គុយយំគឃូកឱបរូបថតរបស់ដូនចាស់ដែលទើបតែអនិច្ចកម្មទៅថ្មីៗ។ក្រៅពីដូនចាស់នាយតូចគ្មានអ្នកណាជាទីពឹងនោះទេក្រៅពីតែពីផ្ទះដ៏ធំទូលាយគ្មានមនុស្សរស់នៅសូម្បីតែម្នាក់។មនុស្សគ្រប់គ្នាដែលបានមកចូលរួមពិធីបុណ្យសពពិតជាអាណិតជុងវ៉ុនខ្លាំងណាស់ ហើយក៏មានអ៊ុំស្រីម្នាក់បានសុំឲ្យជុងវ៉ុនទៅរស់នៅជាមួយគាត់។
   “ជុងវ៉ុនហា៎ មកនៅជាមួយអ៊ុំមកណា៎ក្មួយនៅក្មេងបែបនេះមិនអាចនៅតែម្នាក់ឯងបានទេ”
   ឮសម្ដីរបស់អ៊ុំស្រីហើយជុងវ៉ុនក៏ងើបមុខមកទាំងទឹកភ្នែកហូររហាមតបទៅអ៊ុំស្រីវិញ។
   “អត់ទេខ្ញុំចង់នៅជាមួយលោកយាយ...ហឹកៗ”
   “លោកយាយទៅបានសុខហើយបើក្មួយនៅតែអាឡោះអាល័យនឹងគាត់បែបនេះវិញ្ញាណរបស់គាត់មិនអាចទៅចាប់ជាតិបានទេណា៎”
   “តែ...”
   នាយតូចរកតែប្រកែកទៅហើយស្រាប់តែច្រមុះរបស់គេក៏ហូរឈាមមកច្រូចៗដូចជាទឹកបាក់ទំនប់គ្រាន់តែឃើញឈាមរបស់ខ្លួនហើយជុងវ៉ុនក៏ទន់ខ្លួនសន្លប់ភ្លាម គ្រប់គ្នាដែលបានមកចូលរួមពិធីបុណ្យសពលោកយាយរបស់ជុងវ៉ុនឃើញហើយក៏ឆោឡោស្ទុះស្ទាមកជួយនាយតូច។នាយតូចក៏ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យទាន់ពេលវេលាក្រោមការមើលថែរបស់អ៊ុំស្រីណាយ៉ុន។ បន្ទាប់ពីធ្វើការពិនិត្យរួចរាល់គ្រូពេទ្យក៏រកឃើញថានាយតូចជុងវ៉ុនមានជំងឺមហារីកខួរឆ្អឹងខ្នងហើយដើម្បីជាសះស្បើយលុះត្រាតែគេវះកាត់ប្ដូរឆ្អឹងខ្នង។គេអាចវះកាត់បានដរាបណាមានឆ្អឹងខ្នងដែលត្រូវគ្នាជាមួយគេហើយការវះកាត់ទៀតសោតក៏មិនប្រាកដថាជោគជ័យមួយរយភាគរយដែរទើបជុងវ៉ុនសុំអង្វរអ៊ុំស្រីណាយ៉ុនមិនឲ្យនិយាយប្រាប់អ្នកណាពីរឿងនេះហើយគេក៏បន្តរស់នៅទាំងបែបនេះដោយលេបថ្នាំបំបាត់ការឈឺចាប់នៅពេលដែលជំងឺរបស់គេធ្វើទុក្ខម្ដងៗ។
   កន្លងទៅជាច្រើនឆ្នាំរហូតមកដល់ពេលដែលជុងវ៉ុនត្រូវមើលថែជេននីដើម្បីឲ្យស៊ុននូបានធ្វើការដោយស្ងប់ចិត្តនោះ ជុងវ៉ុនតែងតែលួចជួបវេជ្ជបណ្ឌិតប្រចាំកាយរបស់គេដើម្បីពិនិត្យពីអាការៈជំងឺរបស់គេដែលយប់ណាក៏ដូចយប់ណាគឺជុងវ៉ុនគេងមិនលក់បក់មិនល្ហើយដោយសារតែជំងឺចេះតែធ្វើទុក្ខ។
   .....
   ត្រឡប់មកបច្ចុប្បន្នវិញ ជេយ៍ក្រសោបកាយតូចក្នុងរង្វង់ដៃកែវភ្នែករលីងរលោង។បើអាចប្ដូរបានជេយ៍សុខចិត្តឈឺជំនួសជុងវ៉ុន ព្រះពិតជាដាច់ធម៌មេត្តាពេកហើយឲ្យគ្នាកើតមកត្រូវកំព្រាឪពុកម្ដាយព្រាត់ស្លាប់លោកយាយទាំងនៅក្មេងហើយត្រូវពាំនាំមកនូវជំងឺប្រចាំកាយទៀត។ជុងវ៉ុនពិតជាតស៊ូច្រើនពេកហើយ គេមិនត្រឹមតែជួយខ្លួនឯងនៅជួយអ្នកដទៃទៀតមិត្តដូចជាគេគឺពិបាករកខ្លាំងណាស់ហើយគេក៏មិនប្រាប់មិត្តរបស់ខ្លួនសូម្បីតែមួយម៉ាត់ថាខ្លួនមានជំងឺព្រះខ្លាចមិត្តបារម្ភ ស៊ុននូរាប់អានជុងវ៉ុនពិតជាមិនខុសទេក្នុងជាតិនេះ។ នាយតូចរើខ្លួនបន្តិចដើម្បីដកដង្ហើមហើយជេយ៍ក៏បន្ធូររង្វង់ដៃដើម្បីឲ្យនាយតូចដកដង្ហើមបានស្រួល។ ជុងវ៉ុនងើបមុខមើលជេយ៍ព្រមទាំងនិយាយតិចៗ។
   “សន្យានឹងខ្ញុំបានទេថាលោកនឹងមិនទៅណាឆ្ងាយពីខ្ញុំ?”
   “ម៉េចក៏និយាយបែបនេះ?ខ្ញុំមិនដែលគិតថាចង់ទៅណាឆ្ងាយពីឯងតាំងតែពីដំបូងម្ល៉េះ”
   “លោក...”
   អ៊ុប!!! ជេយ៍ផ្ដិតបបូរមាត់ខ្លួនលើបបូរមាត់តូចថ្នមៗព្រមទាំងអង្អែលសក់នាយតូចដោយក្ដីស្រឡាញ់ហើយក៏និយាយពាក្យមួយឃ្លាចេញមកដែលស្ដាប់ហើយសឹងតែស្រក់ទឹកភ្នែក។
   “បងមិនទៅណាចោលអូនដាច់ខាតហើយអូនក៏មិនត្រូវទៅណាចោលបងដូចគ្នាយើងត្រូវតែកាន់ដៃគ្នាដើរលើផ្លូវតែមួយណា៎”
   “...”
   ឮសម្ដីជេយ៍ហើយជុងវ៉ុនយំខ្សឹកខ្សួលក្នុងចិត្តយ៉ាងខ្លាំង ការឈឺចាប់មួយនេះវាគ្មានសម្លេងនោះទេតែបេះដូងរបស់ពួកគេទាំងពីរគឺខ្ទេចខ្ទាំអស់ទៅហើយព្រោះម្នាក់ៗសុទ្ធតែបានដឹងពីពេលវេលាកំណត់មិនថាពួកគេព្យាយាមយ៉ាងណាក៏មិនអាចឃាត់ពេលវេលាដែរ។របស់ខ្លះយើងខំថែណាស់វាក៏កាន់តែឆាប់ខូចណាស់ឯរបស់ខ្លះទោះបីយើងមិនរវីរវល់ជាមួយវាក៏វាមិនខ្ចីខូចខាតទៅណាដែរ ជីវិតមនុស្សយើងក៏ដូចគ្នាពេលខ្លះយើងការពារណាស់ប្រយ័ត្នណាស់ក៏នៅតែអាចស្លាប់បានហើយជួនកាលយើងចង់ស្លាប់វាបែរជាពិបាកនឹងស្លាប់ក៏មានអញ្ចឹងហើយបើយើងមានជីវិតនៅរស់ចូរធ្វើអ្វីៗដែលខ្លួនចង់ធ្វើស្រឡាញ់ខ្លួនឯងឲ្យច្រើន នៅជាមួយគ្រួសារនៅជាមួយមនុស្សដែលខ្លួនស្រឡាញ់និងចេះមើលថែគ្នាកុំឲ្យពេលបាត់បង់ទើបមានវិប្បដិសារីតាមក្រោយ។
   ក្រោយពីមានអារម្មណ៍ថាធូរស្រាលច្រើនហើយជេយ៍ក៏បើកឡានបន្តដំណើរទៅមុខទៀតដោយស្ងៀមស្ងាត់គ្មានអ្នកណានិយាយអ្វីទៀតនោះទេ។ ជុងវ៉ុនសម្លឹងតាមបង្អួចមើលទេសភាពខាងក្រៅឲ្យដក់ជាប់ក្នុងខួរក្បាលឲ្យបានច្រើនៗ ពេលវេលារបស់គេប្រហែលជាមិនយូរទៀតទេគេចង់មានពេលវេលាល្អៗនៅជាមួយជេយ៍ឲ្យបានច្រើនមើលថែជេយ៍ដូចដែលស៊ុននូមើលថែសុងហ៊ុនចង់មានកូនតូចៗដូចជាពួកគេតែប្រហែលជាមិនអាចមានឱកាសនោះសម្រាប់គេទេ ពិភពលោកនេះឃោរឃៅពេកហើយ....។ មិនយូរប៉ុន្មានត្របកភ្នែកតូចស្ដើងក៏បានបិទលង់លក់ទៅដោយបន្សល់ទុកនៅស្នាមទឹកភ្នែកដក់នៅលើថ្ពាល់.សទន់រលោងនោះ ជេយ៍ក៏លើកដៃមកជូតថ្នមៗមិនឲ្យនាយតូចភ្ញាក់ឡើយ។
   ~~~~~
   មួយរយៈនេះឃ្មីនរវល់ផងឈឺផងទម្រាំតែបានបញ្ចប់មួយវគ្គនេះឲ្យអ្នកទាំងអស់គ្នា😓។សុំទោសណាដែលឲ្យរង់ចាំយូរ🥺🙏🌸។Leona(foxy🦊)

You're my world season IIWhere stories live. Discover now