ភាគទី 63 : ការពិតគ្រប់យ៉ាង

3.8K 244 13
                                    

       កន្លងផុតទៅមួយថ្ងៃពីរយប់ លុះដល់រសៀលថ្ងៃបន្ទាប់ទើប Kyosuke ដឹងខ្លួន។ ត្របកភ្នែកសស្លេកដោយអាការៈខ្សោះខ្សោយគ្មានកម្លាំង ប្រឹងបើកយឺតៗរហូតដល់អាចមើលឃើញទិដ្ឋភាពខាងក្រៅដែលមានពន្លឺធម្មតាតែគេបែរជាមានអារម្មណ៍ថាភ្លឺខ្លាំងរហូតដល់ឈឺភ្នែក ព្រោះដោយសារត្រូវសន្លប់យូរពេកទើបភ្នែកមិនស៊ាំនឹងពន្លឺធម្មតា គេត្រូវចាំមួយសន្លុះទម្រាំភ្នែកទាំងគូអាចបើកឡើងដូចធម្មតាវិញ។
       Kyosuke ផ្អៀងខ្លួនបន្តិចដើម្បីសម្លឹងមើលម្តាយឪពុកដែលឈរតម្រៀបគ្នារង់ចាំការដឹងខ្លួនរបស់គេ តើគេសន្លប់អស់ប៉ុន្មានថ្ងៃទើបមើលទៅពួកគាត់ដូចជាព្រួយបារម្ភដល់ថ្នាក់នេះ? មិនលេងសើចទេ គេគិតថាខ្លួនឯងស្លាប់បាត់ទៅហើយ មិននឹកស្មានថានៅមានជីវិតសោះ បើស្លាប់បាត់គេច្បាស់ជាគ្មានឱកាសលឺពាក្យស្រឡាញ់ចេញពីមាត់ Simon នោះទេ។
       « លោកដុកទ័រ! » Mizuki និង Kyoji ងាកទៅរកគ្រូពេទ្យពីរនាក់ដែលដើរចូលមកជាមួយរទេះថ្នាំ ពួកគាត់មិនបានសួរនាំអ្វីទេពេល Kyosuke ព្រោះមើលទៅគេដូចជានៅភ្លឹកៗមិនទាន់ដឹងខ្លួនមែនទែន។
       « ដឹងខ្លួនលឿនជាងការដៅទុកទៅទៀត » លោកដុកទ័រពិនិត្យមើលឧបករណ៍វាស់ឈាមនិងចង្វាក់បេះដូងនៅម្ខាងគ្រែហើយបែរមកសួរនាំអ្នកជំងឺវិញ។
       « លោកអាចនិយាយបានទេ? »
       « បាន! » អ្នកជំងឺឆ្លើយតបជាមួយសម្លេងស្អកៗនិងនៅដេកលើគ្រែនៅឡើយព្រោះមិនទាន់អាចក្រោកអង្គុយបាន។
       « លោកចាំបានទេថាខ្លួនឯងមានឈ្មោះអ្វី? »
       ដុកទ័រចាប់ផ្តើមសួរសំណួរដោយមានគ្រូពេទ្យជំនួយចាំកត់ចម្លើយទុកផ្ទៀងផ្ទាត់ ព្រោះការប៉ះទង្គិចប៉ះពាល់ដល់របួសចាស់ វាអាចបង្ករជាបញ្ហា ទីមួយអាចធ្វើឱ្យគេបាត់ការចងចាំម្តងទៀត ទីពីរគេអាចនឹងមានការចងចាំឡើងវិញ តែក៏មានភាគរយដែលគេនៅមានសភាពធម្មតាដែរ តែជាភាគរយដែលទាបបំផុត។
       « Munakata.. Kyosuke »
       « ឪពុក? »
       « Munakata Kyoji »
       « ម្តាយ? »
       « Ashiha Mizuki » Kyosuke ឆ្លើយតិចៗព្រមទាំងងាកមើលឪពុកម្តាយដែលឈរក្បែរចុងគ្រែ គេដឹងថាខ្លួនឯងមិនបានបាត់ការចងចាំនោះទេ គ្រាន់តែមានអារម្មណ៍ចម្លែកៗឥតឈប់។
       « លោកចាំបានព្រឹត្តិការណ៍ពេលកើតហេតុទេ? »
       « ព្រឹត្តិការណ៍.. ពេលកើតហេតុ...? »
       រាងតូចញ័រមាត់ចំប្រប់ពេលនឹកឃើញដល់អ្វីដែលបានកើតឡើងក្នុងបន្ទប់អាងហែលទឹកតែព្យាយាមបង្គាប់ខ្លួនឱ្យធ្វើធម្មតា ហេតុការណ៍មួយនោះគេនៅអាចចាំបានយ៉ាងច្បាស់ សូម្បីតែភាពឈឺចាប់ដែលលិចបាត់ទៅក្នុងទឹកជាមួយខ្លួនប្រាណរបស់គេ តែពេលនោះ Simon ក៏លិចទៅជាមួយគ្នាដែរ ពេលនេះគេនៅឯណា? គេយ៉ាងម៉េចទៅហើយ។
       « Simon... គេ...? »
       « Simon មិនអីឡើយ គេកំពុងចាក់ថ្នាំព្យាបាលជំងឺផ្លូវចិត្តរបស់គេ ដូច្នេះមិនចាំបាច់បារម្ភពីគេទេ លោកឆ្លើយនឹងសំណួររបស់ខ្ញុំសិនមក »
       « ... ខ្ញុំស្រពិចស្រពិល.. មិនចាំ..អ្វីដែលបានកើតឡើងទេ »
       ម្រាមដៃក្តាប់ចូលគ្នាជាប់ពេលម្ចាស់ខ្លួនពោលពាក្យកុហក គេមិនអាចនិយាយថា Simon បានធ្វើអ្វីខ្លះនោះទេ ប៉ាម៉ាក់របស់គេនឹងមិនលើកលែងឱ្យ Simon ឡើយ។
       « ចម្លែកណាស់ » លោកដុកទ័រអង្អែលចង្កាបន្តិចពេលនឹកមិនឃើញហេតុផលពីដែលធ្វើឱ្យ Kyosuke មិនអាចចងចាំហេតុការណ៍មួយនោះ វាអាចប្រហែលជាគេស្លុតចិត្តពេកទើបក្លាយជាបែបនេះ។
       « ចុះលោកចងចាំពេលមានគ្រោះថ្នាក់ចរាចរណ៍កាលពីក្មេងទេ? »
       « ចាំ- »
       Kyosuke ភ្ញាក់ព្រើតពេលអណ្តាតរបស់គេគ្រលាស់និយាយដោយខ្លួនឯង ខណៈខួរក្បាលកំពុងបង្ហាញការចងចាំចាស់ៗជាច្រើនប្រៀបដូចចាក់វីដេអូទាញថយក្រោយ។ ទិដ្ឋភាពឡានបុកគ្នាខ្ទាយខ្ចាយទៅបុកនឹងទ្រូងផ្លូវលើស្ពានធំ ឈាមហូររហាមហាក់ទើបនឹងកន្លងផុតទៅថ្មីៗ កំពុងអណ្តែងឡើងពេញខួរក្បាលអ្នកជំងឺដែលទើបនឹងភ្ញាក់ដឹងខ្លួន។
       « មុននេះ... ត្រឡប់ទៅមុននេះ... »
       Kyosuke ក្តាប់ដៃនឹងជាយអាវកាន់តែខ្លាំង ស្របពេលបញ្ជាឱ្យខួរក្បាលសើរើរករឿងរ៉ាវដែលកើតឡើងមុនពេលគេត្រឡប់ទៅជប៉ុន រូបភាពរបស់ Simon ការវិការ សូម្បីតែសម្លេងក៏គេអាចចាំបាន ជាពិសេសស្នាមញញឹមចេញពីបេះដូងរបស់ Simon ដែលគេអាចនឹកឃើញ ថ្ងៃនោះមុននឹងត្រឡប់ទៅជប៉ុន គេបានជូនចិញ្ចៀនដែលដាក់សូកនឹងខ្សែកប្រាក់អ៊ីតាលីតម្លៃមិនសូវថ្លៃដូចចិញ្ចៀនដែលគេសន្សំប្រាក់ទុកដើម្បីទិញយ៉ាងលំបាកព្រោះមិនចង់ឱ្យអ្នកម៉ាក់ដឹងឱ្យទៅ Simon ដោយសន្យាថានឹងត្រឡប់មករកគេវិញនៅថ្ងៃណាមួយ។ ត្រឡប់ទៅអតីតកាលពួកគេពិតជាមានជីវិតស្រស់ស្អាតខ្លាំងណាស់ អាចញញឹមនិងរីករាយរាល់ថ្ងៃ។
       មិនគួរឱ្យឆ្ងល់នោះទេថាហេតុអ្វី Simon ខឹងស្អប់គេដល់ថ្នាក់នេះ ព្រោះជាគេជាមនុស្សតែម្នាក់ដែលបង្កើតសន្យាហើយក៏បំភ្លេចចោល Simon នៅចងចាំគ្រប់យ៉ាង គេមិនដែលចង់ដោះចិញ្ចៀនចេញពីដៃនោះទេ សូម្បីតែពេលវាវៀចខូចខុសទម្រង់ក៏គេសុខចិត្តយកទៅពត់ឡើងវិញហើយយកមកពាក់ទៀតទោះបីតម្លៃជួសជុលថ្លៃជាងតម្លៃដើមរបស់ចិញ្ចៀនក៏ដោយ ចិញ្ចៀនមួយនោះស្ទើរតែរលាយរូបរាងបាត់ព្រោះតែគេខឹងមួយឆាវហើយបោះវាទៅលើផ្លូវឱ្យឡានកិន Simon ស្ទើរតែរត់ចូលឡានព្រោះតែចង់ការពារវត្ថុតែមួយគត់ដែលគេបន្សល់ទុកបន្ទាប់ពីសន្យាដែលត្រូវបំភ្លេចចោល គ្រប់យ៉ាងគឺព្រោះតែខួរក្បាលទន់ខ្សោយរបស់គេដែលមិនអាចចងចាំសូម្បីតែរឿងសំខាន់បែបនោះ តែមើលមកគេចុះ ចិញ្ចៀនត្រូវយកទៅដាក់ក្នុងទូរដែកនៅជប៉ុនក្នុងបន្ទប់របស់គេ បន្ទាប់ពីបាត់ការចងចាំគេស្ទើរតែយកវាទៅបោះចោលទៅហើយព្រោះគិតថាជាចិញ្ចៀនធម្មតាគ្មានតម្លៃហើយក៏ធំជាងម្រាមដៃទៀត តែព្រះជាម្ចាស់ពិតជាប្រណីដល់គេ ទើបគេមិនហ៊ានយកវាទៅបោះចោល ដោយទុកវាក្នុងបន្ទប់ដាក់ឥវ៉ាន់។ កាលនោះគេនិយាយថាចង់រៀបការជាមួយ Simon គេពិតជានិយាយយកជាការ មិនបានលេងសើចឬនិយាយឱ្យរួចតែពីមាត់នោះទេ សូម្បីតែពេលនេះ... គេក៏នៅតែចង់ធ្វើបែបនោះដដែល តើវានឹងមានអារម្មណ៍បែបណាពេលក្លាយជាមនុស្សមានសំណាងដែលអាចគ្រប់គ្រងមនុស្សដែលខ្លួនឯងស្រឡាញ់? តើអាចទេ?
       « Kyosuke! » Mizuki ហៅឈ្មោះកូនប្រុសពេលឃើញគេអង្គុយភ្លឹកសម្លឹងម្រាមដៃខ្លួនឯង។
       « ....អ្នកម៉ាក់... លោកប៉ា.. » រាងតូចលើកដៃស្រវារកអ្នកមានគុណទាំងទាំងពីរដែលឈរនៅម្ខាងនោះ ទើបគាត់ចូលមកចាប់ដៃគេហើយញញឹមលួងចិត្ត។
       « ម៉ាក់នៅទីនេះហើយ! »
       « Kyosuke ចាំប៉ាបានទេ? » Kyoji អោនសម្លឹងមុខកូនប្រុសទើបគេសើចដោយធូរចិត្ត។
       « ការចងចាំរបស់ខ្ញុំត្រឡប់មកវិញហើយ ខ្ញុំចាំបានរឿងគ្រប់យ៉ាងវិញហើយ! »
       Kyosuke ងាកទៅប្រាប់លោកដុកទ័រធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង សូម្បីតែ Mizuki ដែលនៅក្បែរបានលឺផ្ទាល់ត្រចៀកក៏បង្ហាញទឹកមុខសស្លេកចេញមក។
       « ដុកទ័រ! » នាងជាម្តាយពោលឡើងទាំងក្តីព្រួយបារម្ភ ទើបគ្រូពេទ្យយកដៃទៅស្ទាបថ្ងាស់អ្នកជំងឺដោយសញ្ជឹងគិត។
       « ក្បាលរបស់លោកមានឈឺទៀតទេ? »
       « អត់ទេ! »
       « មិនអីទេ វាអាចជាការប្រសើរទៅវិញទេ ពួកយើងនឹងធ្វើការពិនិត្យខួរក្បាលម្តងទៀតដើម្បីឱ្យប្រាកដចិត្ត » លោកដុកទ័រ ញញឹមផ្តល់ទំនុកចិត្តឱ្យឪពុកម្តាយអ្នកជំងឺមុននឹងលាចាកចេញទៅវិញ។
       « Kyosuke កូនមិនអីទេត្រូវទេ? »
       « មិនអីពិតមែន! » Kyosuke សើចហើយច្រត់ដៃក្រោកអង្គុយដោយមាន Mizuki ជួយទប់។
       « ប៉ានឹងនាំឯងទៅព្យាបាលនៅជប៉ុនវិញបន្ទាប់ពីឯងរឹងមាំជាងនេះ »
       លឺសម្តី Kyoji ជាឪពុកបណ្តាលឱ្យអ្នកជំងឺប្រែទឹកមុខមួយរំពេច ទឹកមុខដែលរីករាយដោយសារមានការចងចាំត្រឡប់មកវិញប្រែជារាបស្មើហាក់គ្មានអារម្មណ៍។
       « ខ្ញុំមិនទាន់ចង់ត្រឡប់ទៅវិញទេ »
       « តែកូនត្រូវតែទៅ »
       « ចុះរឿងរៀន? នេះមិនទាន់ចង់មួយឆមាសនៅឡើយទេ » Kyosuke ប្រកែកដោយមិនបន្ទន់គំនិត ដោយសារចិត្តមានះមិនចង់ត្រឡប់ទៅជប៉ុនវិញទើបធ្វើឱ្យគេនឹកឃើញបញ្ហាដែលចេះតែលើកយកមកដាក់បាំងមុខដើម្បីជម្លៀសខ្លួនចេញពីការបង្ខំចិត្តយល់ព្រម។
       « រឿងរៀនឯងអាចរៀនសាលាឯកជននៅទីនោះបន្តបាន ចាំប៉ារៀបចំឱ្យ »
       « តែ- »
       « គ្មានតែគ្មានស្ករទេ Kyosuke... កូនចង់នៅទីនេះឱ្យគេធ្វើបាបទៀតអ្ហេស? ហេតុអី? កូនកុហកថាមិនចាំរឿងមុនពេលធ្លាក់ចូលទឹក ហេតុអីកូននៅព្យាយាមការពារគេទាំងដែលគេជាអ្នកធ្វើឱ្យកូនឈរលើខ្សែស្លាប់-រស់ក៏ពុកផុយបែបនេះ? » Mizuki និយាយកាត់សម្តីកូនជាមួយទឹកភ្នែកដែលអួលណែនមិនព្រមស្រក់ចុះ ពេលនេះទោះគេប្រកែកក៏នាងមិនយល់ព្រមដែរ។
       « ... បាន.. ខ្ញុំនឹងទៅ! »
       Kyosuke អោនមុខចុះដោយក្តីសោកសៅមុននឹងប្រាស់ខ្លួនដេកទៅវិញហាក់គ្មានកម្លាំង គេត្រឡប់ទៅវិញក៏ល្អដែរ ថាមិនត្រូវគេនឹងអាចកាត់ចិត្តពី Simon បានលឿនបន្តិច យ៉ាងហោចណាស់គេក៏គ្មានហេតុផលដែលត្រូវនៅទីនេះទៀតដែរ។
       « ចន្លោះពេលពីរបីថ្ងៃនេះ ប៉ានឹងប្រញាប់រៀបចំឯកសារ ចំណែករឿងផ្ទះនៅទីនេះមិនចាំបាច់បារម្ភទេ ប៉ានឹងជួលមនុស្សឱ្យបៅមើលថែព្រោះ Mizuki ប្រហែលជាមិនងាយនឹងបានត្រឡប់មកលេងកូរ៉េទៀតទេ »
      
       បន្ទាប់ពីបានលឺដំណឹងថា Kyosuke ដឹងខ្លួនឡើងវិញ Simon ក៌ប្រញាប់ប្រញាល់ទៅរកដើម្បីនិយាយគ្នាឱ្យបានដឹងរឿង។ មនុស្សដែលគ្រប់គ្នាស្អប់និងជាដើមហេតុនៃកំហុសគ្រប់យ៉ាង ឈានជើងយឺតៗដើរសម្តៅទៅបន្ទប់ជនរងគ្រោះដែលត្រូវគេវាយរហូតដល់សន្លប់មិនដឺងខ្លួនពីរយប់ពីរថ្ងៃ ទាំងទឺកមុខមិនសូវមានជំនឿចិត្តលើខ្លួនឯង ចុះប្រសិនបើគេចូលទៅហើយ Kyosuke ស្រាប់តែខឺងច្រឡោតដាក់គេវិញនោះ? គេច្បាស់ជាទទួលយកស្ថានភាពបែបនេះមិនបាននោះទេ តាមធម្មតាពេលនៅក្បែរ Kyosuke គេមានអារម្មណ៍មិនស្ងប់ស្រាប់ទៅហើយ ពេលនេះទៅជួបគេដើម្បីសុំទោស តើគួរចាប់ផ្តើមនិយាយពីចំណុចណាទៅចំណុចណា? គេមិនធ្លាប់មានអារម្មណ៍ថាខុសនិងតានតឺងដល់ថ្នាក់នេះពីមុនមកនោះទេ។
       Simon ដកដង្ហើមធំបន្ធូរអារម្មណ៍មុននឹងបើកទ្វារចូលទៅក្នុងដោយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងកែវភ្នែកពិឃាដរបស់គ្រួសារ Munakata ទាំងមូល ពិសេសគឺអ្នកមីង Mizuki តែបន្ទោសគាត់មិនបាននោះទេ ព្រោះគ្មានម្តាយឯណាចិត្តព្រះមិនខឹងនឹងមនុស្សដែលវាយកូនរបស់ខ្លួនជិតស្លាប់នោះទេ ដូចការរំពឹងទុក Mizuki មិនបាននិយាយអ្វីដែលប៉ះពាល់ដល់អារម្មណ៍ Simon នោះទេ គ្រាន់តែបបួល Kyoji ជាស្វាមីឱ្យចាកចេញទៅជាមួយដើម្បីទុកពេលឱ្យគេមានឱកាសបាននិយាយជាមួយ Kyosuke តែពីរនាក់ និងមិនចាំបាច់ត្រូវខ្លាចចិត្តឬលាក់លៀមផង។
       « យ៉ាងម៉េចហើយ? » រាងក្រាស់ដើរមកឈរក្បែរគ្រែជាមួយសំណួរដែលកំបុតកំបុយគ្មានសូម្បីតែឈ្មោះបញ្ជាក់។
       « ដូចដែលឃើញថាមិនអី- »
       « មិនចាំបាច់ឌឺដងទេ Kyosuke បើឯងឈឺឬខឹងនឹងខ្ញុំគ្រាន់តែនិយាយវាចេញមក កុំធ្វើឱ្យខ្ញុំមើលទៅគួរឱ្យសង្វេគជាងនេះទៀតអី »
       Kyosuke ស្ងាត់មាត់បន្ទាប់ពីព្យាយាមកុហកថាមិនអីតែបែរជាត្រូវអ្នកម្ខាងទៀតស្រែកគំហកដាក់ Simon កំពុងតែមកសុំទោសដូចពាក្យម្តាយរបស់គេនិយាយឬក៏មកស្តីថាឱ្យគេឈឺចាប់ដូចពេលមុនៗទៀតឱ្យប្រាកដ? តែប្រហែលជាគេទៅវិញទេដែលត្រូវសុំទោស សុំទោសដែលមិនអាចចងចាំពាក្យសន្យាដែលដូចជាចំណងភ្ជាប់ដ៏សំខាន់មួយនោះ គេសមតែលុតជង្គង់សុំអភ័យទោសទើបត្រូវ។
       « Simon ខ្ញុំធ្វើឱ្យឯងឈឺចាប់ណាស់មែនទេ? »
       « ឯងនិយាយអី? ត្រូវខ្ញុំវាយរហូតបាត់បង់សតិហើយមែនទេ? » ម្ចាស់ឈ្មោះមិនដឹងថាគួរនិយាយថាម៉េចព្រោះមិនយល់ពីអ្វីដែលអ្នកម្ខាងទៀតព្យាយាមលើកឡើង។
       « ប៉ុន្មានឆ្នាំនេះឯងខឹងស្អប់ខ្ញុំណាស់មែនទេដែលសូម្បីតែពាក្យមួយម៉ត់ក៏មិនធ្លាប់ទាក់ទងមក តើឯងស្អប់ខ្ញុំព្រោះតែរឿងនេះអ្ហេស? »
       « ឯងនិយាយឱ្យងាយយល់ជាងនេះបន្តិចបានទេ? »
       « ខ្ញុំចងចាំរឿងរបស់ពួកយើងបានឡើងវិញហើយ »
       « ...... » Simon គាំងឆ្កឹងនិយាយអ្វីមិនចេញពេលលឺសម្តី Kyosuke តើគេគួរសប្បាយចិត្តឬក៏អៀនខ្មាស់នឹងទង្វើដែលធ្លាប់ធ្វើ ទើបសមជាង? នៅចំពោះមុខ Kyosuke គេការពារចិញ្ចៀនមួយវង់នោះដូចសត្វសុនខកាងឆ្អឹង បើ Kyosuke មានការចងចាំពិតមែន វាគួរឱ្យខ្មាស់ខ្លាំងណាស់។
       « ... »
       « Simon.... » រាងតូចអង្គុយលើគ្រែដោយមានភួយគ្របលើជើងសម្លឹងមើលទៅម្ចាស់ឈ្មោះដែលដូចជាភ័ន្តភាំងមិនទាន់ប្រាកដថាពាក្យដែលបានលឺជាការពិតឬគ្រាន់តែគេគិតខ្លួនឯង មុននឹងនិយាយបន្ត « ពួកយើងចាប់ផ្តើមម្តងទៀតបានទេ? »
       « .... »
       Simon ងើបមុខឡើងដោយការភ្ញាក់ផ្អើល កន្លងមកនេះគេតែងតែរំពៃគិតក្នុងចិត្តថា Kyosuke ច្បាស់ជាស្អប់មិនចង់ជួបមុខគេនោះទេ រឹតតែមិនអាចលើកលែងទោសឱ្យគេទៀតផង តែនេះជាអ្វី? គេបែរជាមកសុំចាប់ផ្តើមជាថ្មីទៅវិញ វាមិនកំប្លែងនោះទេ ដែលយករឿងបែបនេះមកលេងសើច។
       « ខ្ញុំមកគ្រាន់តែចង់សុំទោសឯង Kyosuke... ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងលែងធ្វើឱ្យឯងឈឺចាប់ហើយ ដូច្នេះ... ខ្ញុំសុំទោស ឯងមិនចាំបាច់លើកលែងទោសឱ្យខ្ញុំក៏បានដែរ... » Simon ក្តាប់ដៃជាប់ព្រោះគេនិយាយចប់ទៅហើយតែ Kyosuke បែរជាអង្គុយធ្មឹង ឬក៏គេនិយាយមិនទាន់បានច្បាស់នៅឡើយទេ? « ខ្ញុំលឺថាឯងនឹងត្រឡប់ទៅជប៉ុនវិញ... សុវត្ថិភាពតាមផ្លូវ លាហើយ » រាងក្រាស់ខាំអណ្តាតខ្លួនឯងឱ្យនិយាយពាក្យលាមុននឹងបើកទ្វារត្រឡប់ទៅវិញតែ Kyosuke ក៏រត់មកចាំដៃឃាត់។
       « ពួកយើងពិតជា.. មិនអាច.... ពិតមែនអ្ហេស? »
       កែវភ្នែកពណ៌ត្នោតចាស់មួយគូនោះសម្រក់ទឹកភ្នែករហាមខណៈម្ចាស់របស់វាអួលដើមកនិយាយមិនចង់ចេញ ទោះបីព្យាយាមប្រាប់ខ្លួនឯងថាត្រូវធ្វើថោកដើម្បីឃាត់គេឱ្យនៅ តែក្នុងទ្រូងនៅតែមិនអនុញ្ញាតឱ្យពាក្យទាំងនោះឆ្លងកាត់អណ្តាតរបស់គេចេញមកដោយងាយឡើយ។
       « មែន... ពួកយើងមិនអាចទេ »
       Simon ងាកក្រោយដោយមិនបេះដៃចេញពីការចាប់ គេមិនចង់ធ្វើបាប Kyosuke ទៀតឡើយ ជាពិសេសចិត្តដែលមិននឹងនររបស់គេ បើថ្ងៃណាមួយគេស្រាប់តែប្រាកដក្នុងចិត្តថាគេស្រឡាញ់ Tae មិនមែន Kyosuke វិញនោះ? គេនឹងសាងកំហុសដ៏ធំម្តងទៀត ហើយបង្ខំ Kyosuke ឱ្យឈឺជាងនេះរាប់សិបដង ដូច្នេះ ឈឺប៉ុណ្ណឹងបានហើយ ដោះលែងខ្លួនឯងឱ្យមានសេរីភាពទៅ Munakata Kyosuke ។
       « ចុះបើខ្ញុំថាអាច? » Kyosuke ជូតទឹកភ្នែកចេញមិនព្រមចុះចាញ់ដោយងាយៗ។
       « ខ្ញុំនឹងនៅតែប្រកាន់គំនិតថាមិនអាចដដែល »
       « ចុះហេតុអីឯងនៅតែពាក់ចិញ្ចៀនមួយនេះទៀត? វាព្រោះតែឯងនៅចាំសន្យាត្រូវទេ? ឯងស្រឡាញ់ខ្ញុំ... ឈប់បដិសេធទៀតទៅ »
       « ឯងទៅវិញទេដែលត្រូវឈប់ ខ្ញុំធ្លាប់ឆ្លើយប្រាប់ឯងរួចហើយ គ្រាប់យ៉ាងវាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ដូច្នេះប៉ុណ្ណឹងបានហើយ ដោះលែងខ្លួនឯង ឈប់ធ្វើឱ្យខ្លួនឯងឈឺចាប់ទៀតទៅ Kyosuke »
       Simon បេះដៃ Kyosuke ចេញហើយដើរចេញទៅក្រៅមុននឹងទាញទ្វារបិទស្របពេលអ្នកនៅខាងក្នុងទន់ជើងសម្រូតខ្លួនចុះផ្អែកនឹងទ្វារដោយក្តីអស់សង្ឃឹម គេមិនចង់ជឿនោះទេថានឹងត្រូវបញ្ចប់ដោយបែបនេះខណៈបេះដូងគេកាន់តែជ្រួតជ្រាបនឹងស្នេហាមួយនេះ អារម្មណ៍មហិច្ឆតាដែលចង់បានគេតាំងពីក្មេងក៏កាន់តែកើនឡើងឥតឈប់ រហូតមកទល់ពេលនេះគេកាន់តែមិនអាចដកចិត្តបាន ថែមទាំងរឹតតែគ្មានសិទ្ធិឃាត់ Simon ឱ្យនៅ ពួកគេពិតជាចង់ដោយបែបនេះមែនឬ?
      
       ប៉ុន្មានថ្ងៃកន្លងផុតទៅយ៉ាងរហ័ស Simon ទាមទារចេញពីមន្ទីពេទ្យឱ្យបានមុន Kyosuke ព្រោះគេខ្លាចថាមិនអាចហាមខ្លួនឯងមិនឱ្យទៅរក Kyosuke នៅពេលយប់ដែលគេងមិនលក់ ដូច្នេះទើបសម្រេចចិត្តចេញពីមន្ទីពេទ្យឱ្យបានឆាប់បំផុត សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ខណៈគេកំពុងស្ថិតក្នុងការព្យាបាលរបស់ដុកទ័រ Kang នៅឡើយ។
       ប៉ុន្តែថ្ងៃនេះក៏បានលឺមកថា Kyosuke ចេញពីមន្ទីពេទ្យហើយត្រឡប់ទៅផ្ទះរបស់គេ ទើបគេប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញដែរ។
       Simon ត្រឡប់មកដល់ផ្ទះភ្លាម ក៏រហ័សរហួនឡើងទៅជាន់លើរក Kyosuke ក្នុងបន្ទប់របស់គេ តែរកមិនឃើញអ្វីសោះក្រៅពីបន្ទប់ដែលរៀបចំយ៉ាងរៀបរយ សម្លៀកបំពាក់ត្រូវដកចេញពីទូរ របស់របរប្រើប្រាស់របស់ Kyosuke ក៏បាត់អស់ដែរ។
       « អ្នកម៉ាក់! អ្នកម៉ាក់ឃើញ Kyosuke ទេ? » រាងក្រាស់ដើរចេញពីបន្ទប់មកអោនក្បាលនឹងភ្នាក់ដៃសួរស្ត្រីវ័យកណ្តាលដែលនៅជាន់ក្រោម។
       « គេត្រឡប់ទៅជប៉ុនវិញហើយ យ៉ាងម៉េច? » Suhee ងើយមុខមើលកូនប្រុស ប្រហែលជា Kyosuke ទៅមិនបានផ្តល់ដំណឹងបញ្ជាក់ពេលវេលាមុនទើបធ្វើឱ្យគេស្លន់ស្លោ តែមនុស្សឈាមត្រជាក់ដូចគេ ប្រហែលជាកាន់តែរីករាយផងទេដឹង ដែល Kyosuke ចាកចេញ។
       « មិនមានអីទេ! » Simon ងើបឈរត្រង់ខ្លួនហើយដើរតម្រង់បន្ទប់ដែល Kyosuke ធ្លាប់ប្រើ មុននឹងទូរស័ព្ទគេរោទ៍ឡើងដោយសារមានសារផ្ញើចូល។
       រាងក្រាស់រហ័សចុចមើលពេលឃើញថាជាសាររបស់ Kyosuke ។
       ( Simon សុំទោសដែលខ្ញុំមិនបានប្រាប់ឯងថាខ្ញុំចាកចេញយប់នេះ ខ្ញុំមិនអាចជំទាស់បំណងអ្នកម៉ាក់បានទេ គាត់បញ្ជាឱ្យត្រឡប់ទៅវិញ ខ្ញុំត្រូវតែទៅ ហើយឯងក៏មិនចង់ឱ្យខ្ញុំនៅដែរ ខ្ញុំដឹងក្នុងចិត្តច្បាស់ណាស់ តែខ្ញុំមិនជឿហើយនៅតែចង់ដឹងពីចម្លើយរបស់ឯងម្តងទៀត តើឯងនៅតែត្រូវការខ្ញុំទៀតទេ? ហាសហា.. សួរបែបនេះខ្ញុំដូចជាលើកតម្កើងខ្លួនឯងពេកហើយ ឯងលែងស្រឡាញ់ខ្ញុំយូរហើយ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលព្យាយាមកុហកខ្លួនឯងពីមួយវិនាទីទៅមួយវិនាទីថាពួកយើងនៅតែមានចិត្តដូចគ្នា តែខ្ញុំបានសម្រេចចិត្តហើយ យន្តហោះចេញដំណើរម៉ោង 11យប់នេះ នៅសល់ពេលមិនយូរទៀតទេ បើឯងបង្ហាញខ្លួននៅចំពោះមុខខ្ញុំមុនយន្តហោះចេញដំណើរ ខ្ញុំនឹងលុបជើងហោះហើរហើយត្រឡប់ទៅនៅក្បែរឯង តែបើឯងមិនបង្ហាញខ្លួន មានន័យថាឯងលែងត្រូវការខ្ញុំហើយ ដូច្នេះបើឯងមានអារម្មណ៍បែបនោះមែន ពួកយើងបញ្ចប់ត្រឹមនេះចុះ ឱ្យលែងតោងទាមឯងតទៅទៀតហើយ »
       Simon អានសារចប់ក៏សម្រូតខ្លួនអង្គុយចុះក្បែរជើងគ្រែ ហើយអោនមុខចូលប្រឡោះជើងដែលកំពុងបញ្ឈរជង្គង់ដោយភាពស្មុគស្មាញ ខណៈដៃក្តាប់ទូរស័ព្ទជាប់យ៉ាងណែន។ រាងក្រាស់សម្លឹងចិញ្ចៀនដែលពាក់លើម្រាមដៃមិនព្រមដោះចេញ មុននឹងសំណួរជាច្រើនលោតឡើងពេញខួរក្បាលរបស់គេ តើគេពិតជាត្រូវការ Kyosuke មែនទេ? គេបានសម្រេចចិត្តរួចហើយថានឹងដោះលែង Kyosuke ប៉ុន្តែហេតុអីថ្ងៃនេះគ្រាន់តែលឺថា Kyosuke ចេញពីមន្ទីពេទ្យគេបែរជារត់ត្រហេបត្រហបខ្លាំងបែបនេះ? តើគួរធ្វើបែបណា?
      
       Jungkook អង្គុយរៀបចំរបស់របរដែលទាក់ទងនឹង K ដាក់ចូលក្នុងកេសក្រដាសធំមួយបំណងថានឹងបំផ្លាញវាចោលឱ្យអស់ ប៉ុន្មានថ្ងៃនេះ Taehyung ព្រងើយកន្តើយនឹងគេខ្លាំងណាស់ គេខ្លាចថាបើត្រូវចាប់បានអ្វីម្តងទៀតសមាសភាពរបស់គេនឹងបែកធ្លាយដូច្នេះបំបែកខ្លួនចេញពី K មកធ្វើជា Jungkook គឺល្អបំផុតហើយ។
       Ring.... Ring....
       ទូរស័ព្ទក្នុងហោប៉ៅរោទ៍ឡើងខណៈគេកំពុងកាន់ទូរស័ព្ទដែលគេប្រើពេលនៅជា K បម្រុងដាក់ក្នុងកេស។ Jungkook យកទូរស័ព្ទពីហោប៉ៅមកមើល ពេលឃើញថាជាលេខ Tae ទើបរហ័សលើកនិយាយទាំងត្រេកអរ។
       « Tae! »
       ( បងនៅមុខផ្ទះឯង បើកទ្វារឱ្យបងបន្តិចមក )
       « បា-បាទ?... អ... ខ្ញុំទៅបើកឥឡូវហើយ ចាំបន្តិច »
       អ្នកកម្លោះនិយាយបណ្តើរមើលនាឡិកាលើដៃបណ្តើរ នេះម៉ោង 10យប់ជាងហើយ ហេតុអ្វី Taehyung មករកគេថ្មើរនេះ? តែមិនថ្វីទេ គេត្រូវតែប្រញាប់ទៅបើកទ្វារ គិតឃើញបែបនេះឡើងប្រមូលរបររបស់ដាក់ចូលកេសហើយរុញវាចូលទៅក្រោមគ្រែ មុននឹងរត់ទៅបើកទ្វារឱ្យភ្ញៀវពិសេសចូល។
       « ខ្ញុំនឹកបងណាស់! » បើកទ្វារភ្លាម Jungkook ក៏ឧទានភ្លែត ទាំងមនុស្សមិនទាន់ដើរចូលមកដល់ដល់ក្នុងបន្ទប់ទទួលភ្ញៀវផង។
       « យល់ថាប៉ុន្មានថ្ងៃនេះបងឃោរឃៅដាក់ឯងទើបទិញនំមកលួងចិត្ត » Tae សើចហើយហុចថង់នំដែលគេទិញមកសំពោងសម្ពាយឱ្យ Jungkook កាន់ ទើបអ្នកម្ខាងទៀតដាក់ទូរស័ព្ទទៅលើតុជួយទទួលថង់នំ។
       « អញ្ចឹងខ្ញុំយកនំទៅដាក់ចានហើយណា »
       « អឹម! » រាងតូចងក់ក្បាលតិចៗទើប Jungkook ប្រញាប់យកថង់នំទៅរៀបចំនៅផ្ទះបាយ។
      
       Ting! Ting!
       សារលោតចេញពីទូរស័ព្ទរបស់ Jungkook ដែលទុកចោលលើតុ Taehyung ដែលកំពុងអង្គុយមើលទូរទស្សន៍ក៏លោក្បាលទៅមើលសារមួយនោះ ព្រោះចង់ដឹងថា Jungkook មានអ្វីលាក់បាំងនឹងគេខ្លះខណៈសមីខ្លួនកំពុងរវល់នៅផ្ទះបាយ។
       សារពីរជួរនោះផ្ញើមកពីលេខដែល save ឈ្មោះថា “ Riv ”
       ( K ខ្ញុំត្រឡប់ទៅជប៉ុនវិញហើយ សុំទោសដែលមិនបានប្រាប់មុន ចំណែករឿង Spycho ខ្ញុំសុំដកខ្លួនចេញពីក្រុមត្រឹមនេះហើយ Bye )
       « !!? »
       Taehyung ញ័រដៃទទ្រើកពេលឃើញសារ K? Spycho? នេះមានន័យថាម៉េច? រាងតូចទាញទូរស័ព្ទមកចុចឆែកមើលសារចាស់ៗ Riv ហៅ Jungkook ថា K ពេលខ្លះក៏ហៅល្បង ឬក៏ហៅ Jungkook ពេញៗមាត់ មើលទៅពួកគេស្និតស្នាលនឹងគ្នាខ្លាំងណាស់ Tae ចុចចេញពីប្រអប់សារចូលមកក្នុងកម្មវិធីវីដេអូ តែដូចជាការគិតដែលនឹកស្មានមិនដល់ វីដេអូដែលគេត្រូវ K ធ្វើបាបនិងរូបភាពជាច្រើនមានពេញក្នុងទូរស័ព្ទរហូតដល់រករូបនិងវីដេអូផ្សេងទៀតមិនឃើញ វាច្រើនរហូតដល់គេត្រូវចំហរមាត់ដោយមិនដឹងខ្លួន។
       « រួចរាល់ហើយ » Jungkook លើកនំនិងទឹកដោះគោមកដាក់លើតុហើយដើរចូលទៅអង្គុយលើសាឡុងក្បែរ Tae ។
       « Tae ហេតុអីធ្វើមុខបែបន- »
       ផាច់!!!

You're FAKE [Complete]Where stories live. Discover now