កាវធូបានធ្វើដំណើរមកដល់ក្លឹបកំសាន្តជាមួយវិនឡាងនិងកូនចៅជំនិតម្នាក់ទៀត។ កាវធូដើរចូលទៅមើលកន្លែងកើតហេតុទាំងទឹកមុខត្រជាក់ កន្លែងដែលត្រូវភ្លើងឆេះមិនបានធ្ងន់ធ្ងរទេហើយក៏មិនប៉ះពាល់ខ្លាំងដល់ការរកស៊ីដែររបស់ពួកគេដែរ។
" មើលទៅពួកវាដូចជាចាប់ផ្ដើមហើយ " កាវធូនិយាយធ្វើឲ្យវិនឡាងដែលមិនទាន់ដឹងរឿងមានការសង្ស័យ
" ចៅហ្វាយចង់និយាយពីអី? " វិនឡាងសួរទៅកាន់កាវធូទាំងសម្លេងមាំ ឥលូវនេះចេះកាចដាក់ចៅហ្វាយហើយ
"..." កាវធូមិនតបគ្រាន់តែមើលមុខវិនឡាងបន្តិចក៏ងាកទៅមើលកន្លែងកើតហេតុវិញ
" ឯងក៏ដឹងរឿងនេះដែរ? " កាវធូសួរទៅកាន់មនុស្សក្រោមបង្គាប់របស់ខ្លួនដោយក្រសែភ្នែកកាច
" សុំទោសចៅហ្វាយ "
" កុំបន្ទោសគេគឺយើងជាអ្នកហាមគេមិនឲ្យប្រាប់លោកដោយខ្លួនឯងទេ " ថាហើយកាវធូក៏ដើរទៅបន្ទប់ធ្វើការរបស់ខ្លួនដោយទុកទីនេះឲ្យកូនចៅចាត់ការ ព្រោះថាវាមិនបានខូចខាតអ្វីធ្ងន់ធ្ងរឡើយ
" រៀបចំទីនេះឲ្យរួចរាល់ ធ្វើយ៉ាងណាកុំភ្ញៀវដែលមកលេងទីនេះភ័យ " វិនឡាងដាក់បញ្ជាទៅមនុស្សក្រោមបង្គាប់របស់ខ្លួនរួចទើបដើរទៅតាមកាវធូ។
អ្នកទាំងពីរក៏ដើរមកដល់បន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់កាវធូដោយមិនទាន់មានអ្នកណានិយាយអ្វីឡើយ។ កាវធូដើរទៅអង្គុយនៅតុធ្វើការរបស់ខ្លួន ចំណែកវិនឡាងក៏បិទទ្វារចាក់សោរមុននឹងដើរមករកចៅហ្វាយរបស់គេ។
" ហេតុអ្វីចៅហ្វាយមិនប្រាប់ឲ្យខ្ញុំដឹងរឿងផង? " វិនឡាងសួរទៅកាន់ចៅហ្វាយរបស់ខ្លួនទាំងកែវភ្នែកមាំ ពេលនេះគេពិតជាខឹងខ្លាំងណាស់
" លោកនៅមានរបួសយើងមិនចង់ឲ្យលោកបារម្ភទើបយើងមិនប្រាប់ " កាវធូតបទាំងសម្លេងស្មើធេង ទោះដឹងថាវិនឡាងខឹងតែក៏មិនគិតបកស្រាយឲ្យច្រើនជាងនេះទេ ហេតុអ្វីត្រូវបកស្រាយគេជាចៅហ្វាយណា
" ហេតុអ្វីក៏ចៅហ្វាយចូលចិត្តធ្វើរឿងគ្រោះថ្នាក់ខ្លាំងម៉្លេះ? " វិនឡាងសួរទាំងបារម្ភ ចៅហ្វាយគេម្នាក់នេះពិតជាក្បាលរឹងពិតមែនហើយ
" យើងមិនបានទៅធ្វើអីដែលមានគ្រោះថ្នាក់ទេ គ្រាន់តែឲ្យកូនចៅទៅស៊ើបរឿងខ្លះប៉ុណ្ណោះ ហើយបើទោះជាយើងមិនស៊ើបក៏ពួកគេនៅតែធ្វើរឿងនេះដដែលទេ " ចុងក្រោយកាវធូនៅតែបកស្រាយឲ្យកូនចៅម្នាក់នេះស្ដាប់ដដែល
" ហើយចៅហ្វាយចង់ធ្វើយ៉ាងម៉េចបន្ត? " គ្មានជម្រើសផ្សេងឡើយដល់ដំណាក់កាលនេះទៅហើយមានតែជួយចៅហ្វាយរបស់គេប៉ុណ្ណោះ ព្រោះបើហាមក៏ចៅហ្វាយរបស់គេមិនស្ដាប់ដែរ
" គ្រាន់តែចាំឃ្លាំមើលសិនទៅ កុំទាន់អាលធ្វើអីផ្ដេសផ្ដាស់ជៀសវាងពួកគេដឹងខ្លួនមុននាំឲ្យខូចផែនការ " បើពួកគេធ្វើអ្វីនៅពេលនេះច្បាស់ជាខូចផែនការមិនខានទេ
" ចុះគោលបំណងរបស់ពួកគេជាអ្វី? " ព្រោះតែមិនទាន់បានដឹងរឿងលម្អិតនៅឡើយទើបវិនឡាងសួរឡើងទាំងឆ្ងល់
" ធ្វើឲ្យត្រកូលទាំងពីរសម្លាប់គ្នាហើយគេក៏ជាអ្នកចាំទទួលផល " កាវធូនិយាដោយទឹកមុខត្រជាក់
" ចៅហ្វាយចង់មានន័យថារាល់បញ្ហាកន្លងមកជាស្នាដៃរបស់ពួកគេ " វិនឡាងអាចយល់សាច់រឿងបានខ្លះហើយ បែបនេះសោះទើបពួកវាបន្សល់ដានក្លែងក្លាយឲ្យពួកគេមានចេតនាយល់ខុសចំពោះអ្នកម្ខាងទៀត។
តែវិនឡាងនៅតែមិនទាន់យល់ថាហេតុអ្វីហ័រយ៉ុងស្អប់ចៅហ្វាយរបស់ខ្លួនខ្លាំងដល់ថ្នាក់នេះ សូម្បីតែកាវធូខ្លួនឯងក៏មិនទាន់យល់ពីដើមហេតុនៃរឿងនេះដែរ និយាយរួមទៅមានតែត្រកូលហ័រប៉ុណ្ណោះដែលដឹងរឿងនេះ។
កាវធូក៏បានរៀបរាប់រឿងរ៉ាវលម្អិតឲ្យវិនឡាងបានដឹងរួមទាំងរឿងដែលគេកំពុងតែសង្ស័យ ព្រោះតែវិនឡាងជាមនុស្សតែម្នាក់គត់ដែលកាវធូអាចជឿទុកចិត្តបាន។
ESTÁS LEYENDO
គំនុំស្នេហ៍ម៉ាហ្វៀ
Romance《 គេជាមនុស្សឈាមត្រជាក់ គ្មានធម៌មេត្តាចំពោះមនុស្សដែលគេស្អប់ឡើយ ហើយអ្វីដែលគេស្អប់ខ្លាំងបំផុតគឺទឹកភ្នែកព្រោះវាជានិមិត្តរូបនៃភាពទន់ជ្រាយ មនុស្សដែលយំមនុស្សចំពោះមុខរបស់គេអាចត្រូវគេសម្លាប់ក៏ថាបាន ព្រោះទឹកភ្នែកជារបស់ដែលរំខានចិត្តគេបំផុត 》 《 គេធំធាត់ឡើងដោយក...
