បន្ទាប់ពីថ្ងៃដែលស៊ុននូស្រវឹងព្រោះតែគេសាកស្រាដែលមានអាយុកាល៤០ឆ្នាំនោះមក គេមានអារម្មណ៍ថារីគីមិនសូវធ្វើបាបគេដូចមុន អត់ទេមិនមែនធ្វើបាបអ្វីទេណាគឺរីគីមិនសូវគម្រាមគេឬក៏ពាក់មុខយក្សអីជាមួយគេដូចមុនទៀតឡើយ...
ពេលនេះរីគីក៏បានឲ្យគេរៀបចំបន្ទប់ថ្មីឲ្យស៊ុននូទៀតផង ដោយឲ្យរាងល្អិតមកស្នាក់នៅក្នុងវិមានធំនេះតែម្ដង ដែលជាទម្លាប់អ្នកបម្រើគឺមានផ្ទះផ្សេងដែលនៅក្រោយវិមានឲ្យពួកគេស្នាក់នៅ អ្នកដែលនៅក្នុងវិមានមួយនេះបានមានតែអ្នកស្និតស្នាលជាមួយនឹងម្ចាស់វិមានប៉ុណ្ណោះ ដូចជាម៉ាម៉ារូកា និង ហាគីរូជាដើម ប៉ុន្តែពេលនេះក៏មានស៊ុននូដែលជាអ្នកបម្រើចូលថ្មីដែលមានសិទ្ធិមករស់នៅក្នុងវិមានមួយនេះ តើអ្នកណាមិនច្រណែនទៅ? ជាពិសេសគឺអ្នកបម្រើដែលនៅចាស់ៗមកយូរហើយនោះ ប៉ុន្តែទោះបីជាច្រណែនក៏មិនអាចធ្វើអ្វីបាន បានត្រឹមម្ចាស់វិមានឲ្យរស់នៅនិងបើកប្រាក់ខែឲ្យវាល្អណាស់ទៅហើយ...
បន្ទប់ថ្មីរបស់ស៊ុននូគឺនៅជាន់ជាមួយបន្ទប់រីគីគ្រាន់តែបន្ទប់ស៊ុននូនៅខាងចុងទល់មុខជាមួយបន្ទប់ម៉ាម៉ារូកា សភាពក្នុងបន្ទប់គឺខុសពីបន្ទប់របស់គេនៅផ្ទះអ្នកបម្រើដាច់តែម្ដង...
«ស្រស់ស្អាតខ្លាំងណាស់» ស៊ុននូសម្លឹងមើលសភាពក្នុងបន្ទប់ទាំងរំភើបនៅក្នុងចិត្ត វាស្អាត ស្អាតខ្លាំងលើសពីអ្វីដែលគេរំពឹងទុកទៅទៀត បន្ទប់ពណ៌មាសស្រាលឡើងចែងចាំ របស់របរនៅក្នុងបន្ទប់មានសព្វគ្រប់មិនឲ្យខ្វះ សម្លៀកបំពាក់មានពេញទូ បែងចែកជាផ្នែកសម្រាប់ងាយស្រួលរក គ្រែគេងធំទូលាយ មានតុដាក់គ្រឿងសម្អាងដែលមាននៅលើតុនោះរួចជាស្រេច...
ជីវិតរបស់គេត្រូវផ្លាស់ប្ដូរភ្លាមៗដល់ថ្នាក់នេះមែនទេ? គេសួររកហេតុផលពីរីគីថាហេតុអ្វីបានជាឲ្យគេមករស់នៅទីនេះប៉ុន្តែរាងក្រាស់បានត្រឹមតែឆ្លើយថា"បំពេញបំណងរបស់ឯង"
ស៊ុននូក៏ឆ្ងល់ដូចគ្នាបំពេញបំណងអីគេ? គេមានដែលប្រាប់បំណងរបស់គេទៅកាន់រីគីពីពេលណាមក? ទាំងដែលគេមិនបានដឹងខ្លួនថាថ្ងៃនោះគេរៀបរាប់ប្រាប់រីគីយ៉ាងម៉េចខ្លះ...
