កន្លះម៉ោងក្រោយមក
នាងចេញពីបន្ទប់ទឹកមកវិញដោយមានកន្សែងនៅក្នុងដៃកំពុងសម្ងួតសក់ដែលសើម។ នាងឃើញថាគេនៅតែអង្គុយគែមគ្រែអានសៀវភៅដូចជាពេលដែលនាងចូលទៅបន្ទប់ទឹកកាលពីកន្លះម៉ោងមុនដដែល នាងមានអារម្មណ៍ថាមិនទាន់ចង់ទៅបន្ទប់វិញភ្លាមៗនោះទេ ព្រោះនាងមិនដែលបានចូលបន្ទប់របស់គេទេ ដោយសារតែច្បាប់ហាមឃាត់របស់គេ ហើយពេលនេះនាងមានឱកាសចូលមក នាងត្រូវតែដើរមើលបន្តិច។ នាងឃើញគេនៅតែផ្ដោតអារម្មណ៍លើសៀវភៅដែលកំពុងអាន ទើបនាងដើរយ៉ាងប្រយ័ត្នប្រយែងមិនឲ្យជើងរបស់នាងបញ្ចេញសំឡេងសូម្បីបន្តិច នាងឆ្លងកាត់ពីមុខគេហើយចូលទៅមើលរូបថតដែលដាក់នៅលើតុក្បែរក្បាលគ្រែរបស់គេ នាងញញឹមស្រស់ពេលឃើញ ខាលវីន អាយុប្រហែលដប់ឆ្នាំញញឹមស្រស់នៅចន្លោះលោកប៉ានិងអ្នកម៉ាក់របស់គេ គេមើលទៅជាក្មេងប្រុសដែលរីករាយបំផុតនៅពេលនោះ។
« នាងទៅបន្ទប់របស់ខ្លួនឯងវិញបានហើយឬនៅ? »
សំឡេងរបស់គេបន្លឺឡើងក្បែរត្រចៀករបស់នាង ធ្វើឲ្យនាងភ្ញាក់ព្រើតរហ័សងាកមកតាមសំឡេងរបស់គេ នាងបានបាត់បោះជំហរពេលនាងដឹងថាគេនៅជិតនាងប៉ុណ្ណា។ នាងដួលទៅក្រោយតែសំណាងល្អដែលមានតុជួយទប់នាង។ ឆេរ៍រី បើកភ្នែកធំៗបេះដូងលោតស្ទើរចេញមកខាងក្រៅ សម្លឹងមើលអ្នកដែលឈរនៅពីមុខនាង ខណៈពេលដែលនាងច្រត់ដៃនឹងតុខាងក្រោយដើម្បីធ្វើឲ្យរាងកាយរបស់នាងឆ្ងាយពីគេបន្តិច ប៉ុន្តែគេស្រាប់ឱនចូលមករកនាងធ្វើឲ្យបេះដូងរបស់នាងកាន់តែលោតឡើងទ្វេដង ហើយពេលនេះនាងមិនដឹងថាខ្លួនឯងគួរធ្វើយ៉ាងណាទេ ទើបនាងបិទភ្នែកពេលមុខរបស់គេចូលមកកាន់តែជិតនាងខ្លាំង
ប៉ុន្មានវិនាទីក្រោយមកគ្មានរឿងអ្វីកើតឡើងឡើយ ហើយពេលនាងបើកភ្នែកឡើងនាងក៏ប្រឈរមុខនឹងស្មាទូលាយរបស់គេ ក្លិនទឹកអប់របស់គេឆួលពេញច្រមុះរបស់នាងធ្វើឲ្យខួរក្បាលរបស់នាងវង្វេងវង្វាន់ ខណៈរាងកាយរបស់គេនៅជាប់នឹងរាងកាយរបស់នាង ប៉ុន្តែអ្វីដែលនាងដឹងបន្ទាប់គឺគេមិនមែនកំពុងឱបនាងនោះទេ តែគេគ្រាន់តែឈោងចាប់រូបថតដែលលើតុខាងក្រោយខ្នងរបស់នាងប៉ុណ្ណោះ។
« សំណាងហើយដែលមិនបែក » គេពិនិត្យរូបថតហើយក៏ដកខ្លួនចេញពីនាងវិញ ដោយកាន់រូបថតក្នុងដៃយ៉ាងប្រុងប្រយ័ត្ន។
ឆេរ៍រី ស្រូបដង្ហើមជ្រៅៗសម្រួលអារម្មណ៍លោតផ្លោះរបស់នាងឲ្យត្រឡប់មកប្រក្រតីវិញ រួចប្រញាប់ដកខ្លួនថយចេញពីតុនៅក្បែរក្បាលគ្រែយ៉ាងលឿន។
« ខ្ញុំនឹងទៅបន្ទប់វិញឥឡូវនេះ » នាងនិយាយឡើងពេលកំពុងឱនតម្រង់អាវខ្លួនឯង ធ្វើជាលេសគេចពីភ្នែករបស់គេ ព្រោះនាងមានអារម្មណ៍ថាភាពឆ្គងឆ្គាំងផ្ទុះឡើងពេញបន្ទប់បន្ទាប់ពីហេតុការណ៍មុននេះហើយ។
ទីងៗ
មុនពេល ខាលវីន អាចឆ្លើយតបបាន សំឡេងរោទ៍ពីទូរស័ព្ទរបស់គេបានបន្លឺឡើងពេញបន្ទប់ ទើបគេប្រញាប់ទៅលើកទូរស័ព្ទដែលមានលេខជំនួសការរបស់គេហៅចូលមក គេចុចទទួលហើយលើកមកស្តាប់នឹងត្រចៀកដោយភ្នែកសម្លឹងតាមដំណើររបស់ ឆេរ៍រី កំពុងដើរទៅរើសកន្សែងរបស់នាងដែលធ្លាក់នៅលើឥដ្ឋ។
« ឯងនិយាយថាម៉េច? » ខាលវីន ស្រែកឡើងដោយភាពតក់ស្លុតបង្ហាញពេញផ្ទៃមុខរបស់គេ ធ្វើឲ្យ ឆេរ៍រី ដែលរៀបដើរទៅមាត់ទ្វាឈប់ដំណើរហើយងាកមកមើលគេដោយក្តីបារម្ភ។
« ខ្ញុំនឹងទៅទីនោះឥឡូវនេះ » ខាលវីន ដាក់ទូរស័ព្ទចុះហើយប្រញាប់ប្រញាល់ទៅយកអាវក្រៅនៅក្នុងទូសម្លៀកបំពាក់ដើម្បីចេញទៅខាងក្រៅ ដោយទឹកមុខពេញដោយក្តីព្រួយបារម្ភខ្លាំង។
« តើមានរឿងអ្វីកើតឡើងមែនទេ? » ឆេរ៍រី សួរគេដោយក្តីបារម្ភ ។
« គឺអគារថែទាំកុមារដែលក្រុមហ៊ុនរបស់យើងទើបតែបញ្ចប់ការសាងសង់កាលពីសប្តាហ៍មុន បានដួលរលំ » ខាលវីន ក្តាប់អាវក្នុងដៃណែនពេលនិយាយប្រាប់ ឆេរ៍រី ដោយទឹកមុខសោកស្តាយនិងពិបាកចិត្តចំពោះរឿងដែលកើតឡើង។
« លោកនឹងទៅកន្លែងកើតហេតុអ្វីមែនទេ? ឲ្យខ្ញុំទៅជាមួយដែរ ខ្ញុំទៅយកអាវក្រៅឥឡូវនេះ » នាងប្រញាប់រត់ទៅបន្ទប់របស់នាងដើម្បីយកអាវក្រៅ ព្រោះអាកាសធាតុនៅខាងក្រៅត្រជាក់។
YOU ARE READING
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
ភាគ១៨
Start from the beginning
