« អាយយយ! » ស្រីតូចស្រែកឡើងភ្លាត់សំឡេង នាងភ្ញាក់ស្រឡាំងកាំង ពេលត្រូវគេទាញកាយរបស់ខ្លួនយកទៅឱបរឹតពេញរង្វង់ដៃ អៃវីជ្រួញចិញ្ចើម បេះដូងលោតឌឹបៗដោយក្តីអៀនប្រៀន ខំច្រានខ្លួនគេចេញតែគេឱបនាងរឹតតែណែន ច្រមុះដល់កំហិលបានឈ្មុលស្រង់ក្លិនមិនឈប់រួចនិយាយដូចកំពុងយល់សប្តិ
« ហ្អឹម~ ខ្នើយឱបសម័យនេះចំជាល្អអស្ចារ្យពិតមែន មិនត្រឹមតែមានសាច់ទន់ៗឱ្យឱបបានយ៉ាងកក់ក្តៅហើយ ថែមទាំងមានក្លិនក្រអូបដូចក្នុងសួនផ្កាអញ្ចឹងលោកអ៉ើយ » និយាយផងគេញញឹមយ៉ាងស្រស់ទាំងនៅបិទភ្នែកមិនព្រមបើក ធ្វើឱ្យនាងក្រមុំកាន់តែខឹងក្នាញ់នឹងគេខ្លាំងឡើង
« មនុស្សឆ្លៀតឱកាស ខំជាកំហូចខ្លាំងណាស់ សុងហាន ឆាប់លែងខ្ញុំភ្លាមទៅ! » នាងស្តីឱ្យគេតិចៗទាំងអៀនឡើងថ្ពាល់ក្រហមចង់ដូចផ្លែពុទ្រាទុំ ដៃតូចប្រឹងក្តាប់វ៉ៃគេតត់ៗ ពេលទទួលកម្លាំងវ៉ៃពីនាងហើយ សុងហានចង់តែសើចព្រោះគេមានអារម្មណ៍ដូចនាងកំពុងធ្វើសរសៃឱ្យគេអញ្ចឹង មិនដឹងជាខំវ៉ៃអីបើឈឺមិនស្មើនឹងស្រមោចខាំផង បើជេរគេវិញនិយាយពីថាសំឡេងឡើងស្រាលស្ងើកគ្មានទម្ងន់សូម្បីបន្តិច ចឹងៗអីអ្នកណាគេខ្លាច? មានតែចង់ញ៉ោះបន្ថែមអីថា ។ សុងហានបន្ថែមកម្លាំងដៃឱបរឹតខ្លាំងឡើងធ្វើឱ្យអៃវីកាន់តែខឹងហើយក៏ខ្មាសឡាយឡំគ្នាចង់យំបន្តិចអីបន្តិច នាងខំដាក់ដៃទាំងពីរជារនាំងនៅត្រង់ទ្រូង ព្រោះគេរឹតនាងឡើងចង់រលាយចូលទៅក្នុងខ្លួនគេហើយ បើនាងមិនដាក់ដៃទាន់ទេម្ល៉េះផ្នែកទ្រូងរបស់នាងពិតជាបានផ្អឹបយ៉ាងជិតជាប់ជាមួយទ្រូងគេមិនខានទេ
« សុងហាន ផាក សុងហាន! ឆាប់លែងខ្ញុំភ្លាម! មិនអញ្ចឹងទេ ខ្ញុំពិតជាខឹងលោកមែនទែនហើយ ហុឹក! » ស្រីតូចច្រឡឹងធ្វើមុខជូរចង់យំព្រោះនឹកខឹងចិត្តនឹងគេ ដែលព្រហើនហ៊ានចាប់នាងឱបរឹតឡើងស្អិតរមួតទាំងដែលនាងនិងគេមិនត្រូវជាអ្វីនឹងគ្នាសូម្បីបន្តិច នាងខំរើមិនឈប់ខណៈគេគិតតែខំរឹតជាប់មិនលែង ពេលនេះគេពិតជាមានក្តីសុខពេញក្នុងចិត្តហើយក៏សែនរំភើបពេញបេះដូងដូចគ្នា ងាយណាបានឱបក្រសោបប្រាណនាងនែបនិត្យជាប់នឹងទ្រូងបែបនេះនោះ តាំងពីដើមមក សុងហានមិនដែលបានប៉ះពាល់កាយដ៏ល្អផូរផង់របស់នាងទេ សូម្បីតែដៃក៏សឹងនឹងមិនបានប៉ះផង ធ្លាប់សុំធ្វើសង្សាររាប់ដងមិនអស់ តែក៏ត្រូវនាងបដិសេដមករហូត ព្រោះនាងនៅក្មេង ហើយនាងក៏ជាកូនស្រីដែលស្តាប់បង្គាប់អ្នកម៉ាក់ណាស់ ដោយសារតែម៉ាក់នាងហាមមិនឱ្យមានសង្សារ ទើបនាងមិនហ៊ានទទួលយកគេជាសង្សារ ប៉ុន្តែការពិត គេអាចមើលដឹងថានាងក៏មានចិត្តលើគេដូចគ្នាដែរ តែក៏នៅសុំរក្សាទំនាក់ទំនងត្រឹមជាមិត្តសិន ដែលវាធ្វើឱ្យគេពិបាកលុកលុយ ឥឡូវបានជាប់ក្នុងដៃគេអញ្ចឹងគេមិនខ្វល់ទេ ត្រឹមជាមិត្តក៏ដោយក៏គេសុំដេកឱបឱ្យទាល់តែឆ្អែតឆ្អន់ម្តង ។ សុងហាននៅរឹងមិនព្រមលែងដៃ អៃវីហាក់កាន់តែខឹងឡើង ម្រៀមដៃស្រឡូនខំលូកក្តិចគេមិនឈប់តែគេនៅដេកធ្វើមិនខ្វល់ រហូតដល់នាងខឹងខ្លាំងមែនទែនឡើងយំស្រក់ទឹកភ្នែកតក់ទៅលើថ្ពាល់គេ ទើបគេស្រាប់តែភ្ញាក់ខ្លួនព្រើត សុងហានបើកភ្នែកឡើងស្រឡះរហ័សសម្លឹងភក្ត្រស្រីដែលដាបពេញដោយទឹកនេត្រា ធ្វើឱ្យគេកើតក្តីពិភាល់ក្នុងចិត្តប្រែទឹកមុខភ្លាមមួយរំពេច
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
Part 6 : ចិត្តហ៊ាន
Start from the beginning
