“ស្រេចតែបងគិត អូនធ្វើអ្វីក៏ខុសមិនដែលត្រូវចិត្តបងស្រាប់ទៅហើយ”
“ត្រូវហើយ!! នាងមើលខ្លួនឯងទៅមើលរាល់ថ្ងៃធ្វើស្អីខ្លះត្រូវពីនាំរឿងអំពល់ដល់អ្នកដទៃនោះ”
“អូននាំរឿង ចុះបងមកខ្វល់នឹងអូនធ្វើស្អី!!”
“ស្មានថាខ្ញុំចង់ខ្វល់ណាស់ហ្អេស បើមិនមែនព្រោះនាមជាប្រពន្ធរបស់នាង”
“ជាប្រពន្ធ... អ៊ីចឹងបងមិនចាំបាច់ខ្វល់ទៀតទេ គ្រាន់តែជាប្រពន្ធលម្អគ្មានអ្នកណាគេថាស្អីឱ្យបងទេ”
“បើមិនព្រោះតែប៉ាម៉ាក់ខ្ញុំក៏មិនខ្វល់ដែរ...ម៉ោះនេះ!!”
“លែងអូន! អូនមិនទៅជាមួយបងទេ”
“កុំរឹងទទឹងឱ្យសោះ ហ្វេនស៊ី!!”
“ប្រាប់ថាឱ្យលែងអូនមិនទៅជាមួយបងទេ”
“ទៅវិញ!”
“មិនទៅ! លែងអូន”
“មិនលែង!”
“លែង!”
“មិនលែង...”
“លែងដៃនាងទៅ!!”
ផឹប
នៅទីបំផុតអ្នកម៉ាក់ក៏អាចរួចផុតពីកណ្ដាប់ដៃ លោកប៉ាកំណាចបានសម្រេចដោយមានជំនួសពីជនទីបីនោះឯង... សំណាងហើយដែលគេដឹងដំណឹងនឹកឃើញចង់មកសួរសុខទុក្ខប្អូនស្រី មិនអ៊ីចឹងច្បាស់ជាមិនបានមកឃើញហេតុការណ៍ឆ្កួតឡប់ស្អីបែបនេះនោះទេ។
“បងប្រុស!”
“អូនមិនអីទេមែនទេ?” ហ្វ្រេង សួរនាំប្អូនស្រីដែលមានទឹកមុខស្លេកស្លាំងព្រោះរឿងមុននេះ។
ត្បិតតែនាងរឹងរូសក៏ពិតមែន តែនាងក៏មិនមែនក្លាហានស្អីណាស់ណាដែរ។
“មិនអីទេ”
“ត្រលប់ទៅផ្ទះវិញ ហ្វេនស៊ី!” វ៉ាល់សៀស៍ លូកមកចាប់ដៃអ្នកជាប្រពន្ធបំណងអូសចេញទៅ តែក៏ត្រូវសាមីខ្លួនគ្រវាសចេញបដិសេធ។
“អូនមិនទៅទេ”
“ហ្វេន...”
“ហ្វេនស៊ី មិនចង់ទៅឯងមិនគួរណាបង្ខំនាងទេ” យល់ដល់មិត្តភាពនឹងក្រុមគ្រួសារ ហ្វ្រេង ទប់អារម្មណ៍មិនឱ្យកំហឹងដឹកមុខធ្វើអ្វីឆេវឆាវជាងនេះ តែមើលទៅអ្នកម្ខាងទៀតបែរជាមិនយល់អ្វីក្រៅពីការចង់ឈ្នះនោះទេ។
“ជារឿងគ្រួសាររបស់យើង វាមិនពាក់ព័ន្ធជាមួយឯងទេ”
“តែយើងមានសិទ្ធិព្រោះ ហ្វេនស៊ី ជាប្អូនស្រីរបស់យើង”
“យើងជាប្ដីរបស់នាងគួរតែមានសិទ្ធិជាងឯងជាបងប្រុស”
“អាចង្រៃ!!” ទ្រាំមិនបាន ហ្រ្វេង ស្ទុះទៅក្របួច.កអាវ វ៉ាល់សៀស៍ មួយទំហឹងដែលអ្នកម្ខាងទៀតក៏មិនព្រមចាញ់ ពើងទ្រូងឡើងបង្ហាញទឹកមុខឌឺដងត្បកមកវិញ
“ឬយើងនិយាយខុស?”
“មានរឿងស្អីហ្នឹង?” សំឡេងមានអំណាចជាងគេនៅក្នុងផ្ទះបន្លឺឡើងកាត់រាល់សកម្មភាពគ្រប់យ៉ាង ទើបកំលោះទាំងពីរព្រមបញ្ឈប់ទង្វើដូចជាកូនក្មេងរៀងខ្លួន។
“លោកប៉ា...”
“ប៉ាសួរថាមានរឿងអី បានជាមកឈ្លោះគ្នាឯងដូចជាកូនក្មេងបែបនេះ?”
“គ្មានអីទេលោកប៉ា ខ្ញុំគ្រាន់តែមកយកប្រពន្ធត្រលប់ទៅផ្ទះវិញតែប៉ុណ្ណោះ” ថាហើយ វ៉ាល់សៀស៍ លូកមកចាប់ដៃភរិយាក្បាលរឹងរបស់ខ្លួនតែក៏ត្រូវអ្នកម៉ាក់បដិសេធដូចកាលពីដំបូង សាងឱ្យមនុស្សក្រអឺតក្រទមដូចជាប្រុសកំលោះបាក់មុខមិនស្ទើរនោះទេ។
ឃើញសភាពការណ៍មិនស្រួលបែបនេះ មនុស្សចាស់ដូចជាម៉ាដាមចេញមុខជួយស្ដារស្ថានការណ៍កុំឱ្យមានភាពតានតឹងជាងនេះ។
“ម៉ាក់ថាយប់នេះពួកកូនគួរតែសម្រាកនៅទីនេះក៏ល្អដែរ ម្យ៉ាង ហ្វេនស៊ី ក៏មានពោះមានពុងទៀតធ្វើដំណើរយប់ព្រលប់មិនល្អប៉ុន្មានទេ ត្រូវទេប៉ាវា”
“ត្រូវហើយៗប៉ាក៏យល់អ៊ីចឹងដែរ”
“អ្នកណាចង់នៅក៏៏នៅទៅ ត្រឹមប្រពន្ធម្នាក់ខ្ញុំមិនខ្វល់នោះទេ” ព្រោះចិត្តខឹងដែលត្រូវប្រពន្ធបំបាក់មុខមុននេះ លោកប៉ាបបែរខ្លួនដើរចេញពីត្រង់នោះទាំងមិនងាកក្រោយ ទើបមិនបានឃើញថាអ្នកម៉ាក់កំពុងតែឈររលីងរលោងទឹកភ្នែក។
អ្វីដែលនាងចង់បានពីគេវាមិនបានធំដុំអីណាស់ណាបន្តិចទេ ត្រឹមពាក្យសុំទោស ពាក្យលួងលោមពីស្វាមី តែនេះជាស្អីកុំថាឡើយពាក្យលួងលោម សម្ដីផ្អែមតែបន្តិចក៏គេគ្មានឱ្យនាងដែរ តម្លៃជាភរិយារបស់នាងនៅត្រង់ណាទៅ។
“យប់ជ្រៅហើយ ហ្វេននស៊ី អូនឆាប់ឡើងទៅសម្រាកទៅ” អ្នកជាបងប្រុសព្រោះមិនចង់ឃើញប្អូនស្រីគិតច្រើន ទើបរករឿងនិយាយជួយបន្លប់ទុក្ខអ្នកជាប្អូនស្រី ឃើញប្អូនស្រីទៅជាបែបនេះ ក្នុងចិត្តជាបងប្រុសក៏ឈឺចាញ់នាងដូចគា្ន នេះបើកុំតែយល់់ដល់មុខចាស់ទុំទាំងសងខាង គេច្បាស់ជាដាល់អាចង្រៃនោះឱ្យណាណីមិនខានទេ។
“ត្រូវហើយកូនឆាប់ឡើងទៅសម្រាកចុះ មើលចុះមុខស្លេកស្លាំងដល់ហើយ” ជាម៉ាដាមម្នាក់ទៀតដែលចូលមកនិយាយលួងលោមអ្នកម៉ាក់ក្មេង ដោយការអង្អែលក្បាលថ្នមៗផ្ដល់ភាពកក់ក្ដៅជំនួសកូនប្រុសគ្មានបានការរបស់ខ្លួន។
“អ៊ីចឹងខ្ញុំសុំឡើងទៅសម្រាកខាងលើសិនហើយ លោកប៉ាអ្នកម៉ាក់បងប្រុស” ព្រោះខ្លាចទប់អាការៈឈឺចាប់លែងជាប់ ហ្វេនស៊ី បែរខ្លួនដើរឡើងទៅជាន់លើយ៉ាងរហ័ស ស្របពេលតំណក់ទឹកភ្នែកនៃការតូចចិត្តហូរស្រក់កាត់ផែនថ្ពាល់។
ចំណែកអ្នកជាបងប្រុសវិញឈរមើលប្អូនស្រីទាល់តែបាត់ពីភ្នែកហើយទើបលាមនុស្សចាស់ទាំងពីរត្រលប់ទៅវិញ ក្នុងចិត្តក៏នៅនឹកអាណិតប្អូនស្រីមិនបាត់ដូចគ្នា។
“កូនចង្រៃម្នាក់នេះ មានគ្រាប់ពេជ្រនៅក្នុងដៃទៅហើយបែរជាខ្វាក់មិនចេះបែងចែកទៅវិញ នេះជាប់ឈ្មោះជាអ្នកជំនួញត្បូងពេជ្របានដោយរបៀបណាទៅ”
“ពុទ្ធោអូនសម្លាញ់ បងថាកូនគេគ្រាន់តែលេងឬកតិចតួចព្រោះខ្លាចបាក់មុខតែប៉ុណ្ណោះឯង”
“ក៏កាត់ទៅរកបងហ្នឹងអី....”
“អោ! កូនរបស់បងបើមិនឱ្យកាត់រកបង អូនចង់ឱ្យកាត់រកអ្នកណា”
“ចរិតយ៉ាប់កែមិនឡើងប្រដៅមិនស្ដាប់ គ្រាន់តែលួងប្រពន្ធកូនខ្លួនឯងសោះវាបាក់មុខស្លាប់ណាស់ណាទៅ” ម៉ាដាមរអ៊ូរង៉ូវមិនឈប់ ខឹងចិត្តជំនួសកូនប្រសារដ៏ស្លូតបូតរបស់ខ្លួន “កូនចង្រៃនេះទាល់តែយកស្អីមកជះមុខឱ្យភ្លឺស្វាងហើយទើបបាន” ទឹកមុខដែលខឹងនឹងកូនប្រុសមុននេះប្រែពណ៌ទៅជាអ្វីម្យ៉ាងហាក់មានអ្វីលាក់បង្កប់នៅក្នុងនោះ។
ទឹកមុខរបស់ភរិយាធ្វើឱ្យអ្នកជាស្វាមី ឃើញហើយបានត្រឹមតែគ្រវីក្បាលរអាចិត្ត តែមិនថាភរិយាកំពុងគិតអ្វីមានបំណងអ្វីនោះទេ គាត់នឹងគាំទ្រជានិច្ច ព្រោះគ្រប់យ៉ាងចង់ឱ្យគ្រួសារមួយនេះមានក្ដីសុខ សុភមង្គលតែប៉ុណ្ណោះ។
DU LIEST GERADE
ភរិយាលម្អទ្រនំ
Romantikគ្រប់គ្នាតែងនិយាយថាជីវិតអាពាហ៍ពិពាហ៍តែងតែស្រស់ស្អាត បើទោះជាមនុស្សពីរនាក់ព្រមជាប់ចំណងដោយគ្នាចិត្តស្រលាញ់ តែយូរទៅគង់តែមានចិត្តស្នេហ៍ តែហេតុអ្វីនាងបែរជាយល់ថាទ្រឹស្តីមួយនេះវាមិនបានសាកសមសម្រាប់នាងទៅវិញ... នាងត្រូវធ្វើគ្រប់យ៉ាងក្នុងនាមជាឧត្តមភរិយាល្អម្នាក...
