ភាគទី៣៨

936 12 0
                                        

“ពួកឯងធ្វើស្អីហ្នឹងហ្អាស!!” ម៉ាដាមដែលធ្លាប់តែស្លូតបូតបែរជាចេះស្រែកគំហក ហើយពេលនេះក៏កំពុងតែមានអារម្មណ៍ថាក្ដៅឆួលជាមួយនឹងរូបភាពដែលគាត់បានឃើញនៅពេលនេះ។
“អ្នកម៉ាក់!!” វ៉ាល់សៀស៍ មិនដឹងថាគួរសប្បាយចិត្តឬក៏ស្លុតចិត្តឱ្យប្រាកដដែលអ្នកម្ដាយចូលមកទាន់ហេតុការណ៍ តែក៏អត់ត្រេកអរមិនបានដូចគ្នាដែលអ្នកមានគុណចូលមកស្រោចស្រង់ជីវិតរបស់ខ្លួន។
“អុយយ” បេកា ធ្វើជាភ្ញាក់ផ្អើលតែក៏មិនព្រមក្រោកចេញពីភ្លៅមាំដូចគ្នា ទោះជាព្រមបញ្ឈប់ទង្វើរបស់ខ្លួនហើយក៏ដោយ។
“ធ្វើអ្វីក៏គួរតែគិតដល់កិត្តិយសម៉ាក់ផង វ៉ាល់សៀស៍ មិនមែនធ្វើរឿងឥតកេរ្ដិ៍ខ្មាសតាមអំពើចិត្តរបស់ខ្លួនបែបនេះទេ” ម៉ាដាម និយាយដៀម ដាមព្រមទាំងសម្លក់ បេកា មិនដាក់ភ្នែក តែអ្នកម្ខាងទៀតមិនត្រឹមតែមិនឈឺចាប់ជាមួយនោះទេ បែរជាញញឹមឌឺដងមនុស្សចាស់វិញបានយ៉ាងសមចិត្តតែម្ដង។
“ព្រោះតែគិតដល់អ្នកម៉ាក់នឹងហើយ ទើបបានជាពួកខ្ញុំស្កាត់មកជួបគ្នានៅក្នុងបន្ទប់ធ្វើការបែបនេះ” ដៃដែលរុញច្រាន បេកា មុននេះពេលនេះប្រែជាប្ដូរមកឱបក្រសោបចង្កេះតូចសិចស៊ីរបស់អ្នកម្ខាងទៀត ទង្វើឌឺដងម្ដាយរបស់គេ សាងភាពពេញចិត្តដល់ បេកា មិនតិចនោះទេ។
“នេះបើម៉ាក់មិនចូលមកកាត់ចង្វាក់ កូនក៏ប្រហែលជាធ្វើរឿងថោកទាបនឹងស្រីគ្មានតម្លៃម្នាក់នេះហើយមែនទេ វ៉ាល់សៀស៍?” ម៉ាដាមលែងខ្វល់រក្សារូបរាងអ្វីតទៅទៀតដាក់ប្រាវៗចំៗទៅវិញតែម្ដង ឱ្យកំលោះក្រមុំទាំងពីរស្ពឹកមុខមិនតិចនោះទេ។
ហេតុអីគាត់ត្រូវខ្វល់ដែលនោះក្នុងពេលដែលកូនប្រុសមិនខ្វល់នឹងរក្សាកិត្តិសយដល់គាត់ជាម្ដាយផងហ្នឹង...
“អ្នកម៉ាក់!”
“ម៉ាក់មានការត្រូវនិយាយជាមួយកូន អ្នកក្រៅមិនពាក់ព័ន្ធអញ្ជើញចេញ” សម្ដីរបស់គាត់មិនបាច់បញ្ជាក់ច្បាស់តែក៏ល្មមឱ្យដឹងបានទៅហើយ ថាសម្ដៅដល់អ្នកណានោះ។
“បេកា អូនចេញទៅសិនទៅ” វ៉ាល់សៀស៍ បញ្ជាព្រមទាំងរុញអ្នកម្ខាងទៀតឱ្យក្រោកពីភ្លៅរបស់ខ្លួនដោយអាការៈធូរចិត្ត តែក៏ព្យាយាមមិនបង្ហាញអារម្មណ៍អ្វី ក្រៅពីមុខមាំមិនចង់ឱ្យអ្នកម្ដាយចាប់ពិរុទ្ធរបបស់ខ្លួនបាន។
“អូនទៅហើយ”
ជុប
មិនគិតខ្មាសអ្នកណា បេកា ឱនជំពិតថ្ពាល់គ្រើមមួយខ្សឺតធ្វើខ្លួនដូចជាម្ចាស់ វ៉ាល់សៀស៍ អ៊ីចឹង មើលឃើញហើយម៉ាដាមអត់ទ្រាំមិនបាន ក៏ខឹងនឹងកូនប្រុសដែលបណ្ដោយខ្លួនសេរី ឱ្យស្រីណាប៉ះពាល់ក៏បានតាមចិត្តទាំងដែលខ្លួនឯងក៏មានប្រពន្ធរួចទៅហើយ។
“ខ្ញុំទៅសិនហើយអ្នកម៉ាក់” មុននឹងរៀបចេញទៅ បេកា ក៏មិនភ្លេចងាកមកលាម៉ាដាមដោយសម្ដីបញ្ឈឺឌឺដងសមចិត្ត តាមដោយស្នាមញញឹមជ័យជម្នះមកជាមួយ។
“ខ្ញុំគ្មានកូនប្រភេទស្រីដូចជានាងទេ” សម្ដីតបរបស់ម៉ាដាមហុចផលឱ្យអ្នកញញឹមសមចិត្តមុននេះ ប្រញាប់បិទស្នាមញញឹមភ្លាមៗដើរចេញទៅជាមួយទឹកមុខមិនពេញចិត្តតែម្ដង។
វ៉ាល់សៀស៍ ចូលមកអង្គុយទល់មុខអ្នកម្ដាយដែលគិតតែពីសម្លក់សម្លឹងគេដោយការមិនពេញចិត្ត មិនមែនទេហៅថាខឹងទើបសមជាង។
“អ្នកម៉ាក់មានការអ្វីនិយាយជាមួយខ្ញុំមែនទេ?” មាត់សួរដៃក៏ចាក់ទឹកតែឱ្យអ្នកម្ដាយ ដោយការយកចិត្តហើយក៏ចង់អគុណដែលគ្មានអ្នកណាបានដឹងក្រៅពីសាមីខ្លួនម្នាក់ប៉ុណ្ណោះ។
“ម៉ាក់ចង់និយាយជាមួយកូនពីដំណើរកម្សាន្ដគ្រួសារ សម្រាប់ចុងខែខាងមុខនេះ”
“ឆ្នាំនេះខ្ញុំរវល់ប្រហែលជាមិនបានទៅជាមួយអ្នកម៉ាក់ទេ”
“កូនមិនទៅក៏ហីចុះ តែ ហ្វេនស៊ី ដាច់ខាតត្រូវតែទៅ” ក្នុងពេលកូនប្រុសបដិសេធមិនទៅគាត់ក៏មិនបានបង្ខំតែគាត់ក៏មិនបណ្ដោយឱ្យកូនប្រសាររបស់គាត់នៅជាមួយនឹងកូនប្រុសដែរ ហើយក៏ជឿជាក់ថាកូនប្រុសប្រាកដជារស់ខ្វះប្រពន្ធមិនបានទេ។
“មិនបានទេអ្នកម៉ាក់” វ៉ាល់សៀស៍ បដិសេធអ្នកម្ដាយសំឡេងខ្ពស់មកវិញ។
“ហេតុអី? កូនមិនចង់ទៅក៏ស្រេចតែកូន តែម៉ាក់នឹងនាំកូនប្រសាររបស់ម៉ាក់ទៅជាមួយដែរ រាល់ថ្ងៃសំងំនៅតែផ្ទះជាមួយកូនប្ដីធ្វើស្អីខ្លះនៅខាងក្រៅក៏មិនដឹងនាំទៅបើកភ្នែកបើកត្រចៀកនៅខាងក្រៅខ្លះក៏ល្អដែរ” អ្នកម្ដាយឆ្លៀតឳកាសវាយបកកូនប្រុស ហើយប្រាកដណាស់ថាអ្នកស្ដាប់ក៏មិនបានពេញចិត្តប៉ុន្មានដែរ ពេលត្រូវអ្នកមានគុណចោទប្រកាន់បែបនេះ។
“ចង់គិតយ៉ាងម៉េចក៏ស្រេចតែចិត្តអ្នកម៉ាក់តែយ៉ាងណាក៏ខ្ញុំមិនព្រមឱ្យប្រពន្ធខ្ញុំទៅជាមួយអ្នកម៉ាក់បានដែរ”
“ថី! មិនទុកចិត្តម៉ាក់ហ្អេស? តែម៉ាក់ថាកូនគួរតែអគុណម៉ាក់ទើបត្រូវដែលរកឳកាសឱ្យកូននៅតែពីរនាក់ស្រីម្នាក់នោះ” ស្រីម្នាក់នោះដែលអ្នកម្ដាយសម្ដៅដល់មិនប្រាប់ក៏គេដឹងដែរថាជា បេកា។
“ខ្ញុំមិនត្រូវការឳកាសនៅជាមួយស្រីណានោះទេ ហើយក៏មិនមែនមិនទុកចិត្តអ្នកម៉ាក់ដែរ តែខ្ញុំមិនចូលចិត្តឱ្យប្រពន្ធធ្វើដំណើរផ្លូវឆ្ងាយ”
ដោយគ្មានខ្ញុំ!
វ៉ាល់សៀស៍ បានត្រឹមបន្តប្រយោគព្រួយបារម្ភពីប្រពន្ធនៅក្នុងចិត្ត! នេះគេព្រួយបារម្ភពីនាងអ៊ីចឹងហ្អេស...បើមិនឱ្យព្រួយបារម្ភពីប្រពន្ធ តើឱ្យទៅបារម្ភពីអ្នកណាទៅ។
“ម្យ៉ាងទៀតនាងមានផ្ទៃពោះ ខ្ញុំមិនចង់ឱ្យបង្កការរំខានដល់អ្នកម៉ាក់នោះទេ” ពាក្យដោះសារបែបមិនសមទំនងរបស់គេ ឱ្យអ្នកម្ដាយជ្រិបភ្នែកមើលដោយការសង្ស័យ ព្រមទាំងញញឹមបែបលាក់បង្កប់ចេញមកតាមដោយបន្តប្រយោគបិទផ្លូវដាក់កូនប្រុស។
“ត្រឹមមើលចៅនឹងកូនប្រសារប៉ុណ្ណឹងម៉ាក់មិនហត់ទេ”
“យ៉ាងណាក៏ខ្ញុំមិនព្រមឱ្យម៉ាក់នាំនាងទៅដែរ”
“មូលហេតុ?” ទាំងដែលដឹងច្បាស់ទៅហើយ តែម៉ាដាមនៅមិនព្រមឈប់ឆ្កឹះឆ្កៀលចិត្តកូនប្រុសទៀត។
“ប្រាប់ហើយថាខ្ញុំមិនចង់រំខានអ្នកម៉ាក់” គេច្បាស់ជាតឹងទ្រូងស្លាប់មិនខានទេ បើអ្នកម្ដាយនៅមិនព្រមឈប់សួរដេញដោលបន្តទៅទៀត។

ភរិយាលម្អទ្រនំWhere stories live. Discover now