[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️(04)

Start from the beginning
                                        

រាងស្ដើងដែលស្ថិតក្នុងសម្លៀកបំពាក់សប្បាយៗតាមបែបយុវវ័យ អូសដៃបងស្រីអោយដើរតាមខ្លួន ព្រោះនាងទទួលបានព័ត៌មានពី ដុកទ័រ ថាដំណាក់កាលនៃការព្យាបាលហ្ក្រេសគឺចាប់ផ្ដើមពីការអោយ បងស្រី មានពេលវេលាសម្រាប់ខ្លួនឯងជាមុនសិន
" ហ្ក្រេសា ចង់នាំបងទៅណា "
" ទៅដើរ ស៊បភីង ទិញរបស់ស្អាតៗ " រាងតូចប្រាប់ទៅបងស្រីដោយស្នាមញញឹម គេទើបតែបែកពីបងស្រីកាលពី៣ខែមុន ដឹងដំណឹងម្ដងទៀតសឹងតែធ្វើអោយហ្ក្រេសា ឈរលែងនឹង បងស្រីនាងចូលមន្ទីរពេទ្យ ថែមទាំងត្រូវហោះមករកពេទ្យផ្លូវចិត្តដល់ទីនេះ កន្លងមកនាងដឹងថាបងស្រីទ្រាំទ្រនូវរឿងជាច្រើន ប៉ុន្ដែនាងមិនគិតថាហ្ក្រេសមានអាការៈយ៉ាប់ដល់ថ្នាក់នេះឡើយ
" តែបងមានច្រើនហើយ "
" នោះសុទ្ធតែជារបស់ដែលរៀបចំបញ្ជូនអោយដល់ភូមិគ្រឹះ បងមិនធ្លាប់មកដើររើសដោយខ្លួនឯងទេហ្ក្រេស "
" ខោអាវបែបណា ក៏វាដូចតែគ្នានោះទេ " ព្រោះបើទោះជានាងស្លៀកពាក់បែបណា ក៏នៅក្នុងក្រសែរភ្នែកគ្រប់គ្នា មើលមកនាងវានៅតែដដែល ជាពិសេសគឺគេ ស្វាមីដែលមិនធ្លាប់សម្លឹងមកនាងលើសពី១នាទី ....
" នេះហើយជាបញ្ហារបស់បង ហ្ក្រេស ស្ដាប់ខ្ញុំ បងស្លៀកពាក់ស្អាតមិនមែនដើម្បីអោយតែនរណាម្នាក់មើលមកកាន់បងទេ ប៉ុន្ដែបងត្រូវស្លៀកពាក់ខោអាវណាដែលបងយល់ថាវាធ្វើអោយបងមានទំនុកចិត្ត ហើយបងពិតជាស្រឡាញ់វា ខោអាវដូចគ្នាក៏ពិតមែនតែអារម្មណ៍អ្នកពាក់មិនដូចគ្នានោះទេ "
" ហឹម.... ក៏បានបងតាមឯងចុះ "
" ល្អណាស់ តោះយើង ថ្ងៃនេះខ្ញុំនឹងបង្ហាញអោយបងឃើញថាអ្វីទៅជាសេរីភាពផ្លូវចិត្ត " រាងតូចសើចនិងទះដៃម្នាក់ឯងដែលធ្វើអោយអ្នកជាបងស្រីញញឹមតាម ហ្ក្រេស ត្រូវបានប្អូនស្រី ដឹកដៃចូលហាងខោអាវថ្លៃៗ មុននឹងរើសវាមកដាក់លើខ្លួនអ្នកម៉ាក់កូនមួយ ហ្ក្រេសទើបតែយល់នៅថ្ងៃនេះឯងថា តាមពិតការចេញមកដើរធ្វើអ្វីដោយខ្លួនឯង ជ្រើសរើសរបស់ដែលយើងចូលចិត្តដោយខ្លួនឯង វាធ្វើអោយនាងភ្លេចនូវរឿងជាច្រើន និងធ្វើអោយនាងដឹងថាតាមពិតខោអាវកន្លងមកដែលនាងស្លៀក វាមិនមែនជាអ្វីដែលនាងស្រឡាញ់នោះទេ តែវាជាកាតព្វកិច្ចនិងតម្រូវការចាំបាច់ប៉ុណ្ណោះ
" អាមួយនេះសមនឹងបងណាស់ហ្ក្រេស " រាងស្ដើងស្រែកប្រាប់បងស្រីពេលឃើញហ្ក្រេស លើកឈុតក្រហមឆៅ និងរឹករាងបែបសិចសុីមកកាន់នឹងដៃ
" បងខានពាក់ខ្លីៗ បែបនេះយូរហើយ វ័យបុិនបងនៅពាក់វាបានដែរមែនទេ "
" ហ្ក្រេស សំខាន់បងមិនបានដើរស្រាតទៅគឺបានហើយ " ប្អូនស្រីសម្លក់បែបលេងសើចជាមួយបងស្រីខ្លួន មុននឹងចាប់ខោអាវដែលហ្ក្រេសកាន់មើលដាក់ក្នុងកន្រ្ដក រួចញញឹមដោយពេញចិត្តនិងការដែលហ្ក្រេសមានចំណាប់អារម្មណ៍ទៅលើរឿងទាំងនេះ មានន័យថានាងជោគជ័យបាន១០ភាគរយហើយ
" បងមិនធ្លាប់ពាក់ "
" អញ្ចឹងក៏សាកទៅ បងស្រីនៅក្មេង រាងក៏ស្អាត កុំដាក់សម្ពាធខ្លួនឯងពេកអី វគ្គបន្ទាប់គឺឈុតក្នុងតោះយើង "
" ហាស៎.... ត្រូវទិញវាដែរឬ " ហ្ក្រេសភ្ញាក់ផ្អើល ពេលប្អូនស្រីទាញដៃនាងទៅទិញ ឈុតក្នុង ទាំងដែលនាងមានវាច្រើនហើយ ក៏គិតថាមិនចាំបាច់ដែរ
" ហ្ក្រេស បងមិនដឹងអ្វីទាល់តែសោះ មនុស្សយើងមិនមែនត្រូវការទំនុកចិត្តតែពីខាងក្រៅនោះទេ យើងត្រូវបង្កើតទំនុកចិត្តអោយខ្លួនឯងចាប់ពីខាងក្នុងទៅយល់ ទេ "
" បងថាវា... "
" កុំតវ៉ា មកនេះមក " ទីបំផុតហ្ក្រេសក៏ដើរតាមប្អូនស្រី ហើយវាដូចអ្វីដែលហ្ក្រេសា ចង់បង្ហាញនាងអញ្ចឹង គ្រប់យ៉ាងសុទ្ធតែធ្វើអោយនាងចាប់អារម្មណ៍បាន ហ្ក្រេសមិនធ្លាប់គិតទេថា ខ្លួននឹងជ្រើសរើសឈុតក្នុងដោយសម្រិតសម្រាំងបែបនេះ កាន់តែចាប់វាមកមើល ហ្ក្រេស កាន់តែចង់យកវាសាកមកលើខ្លួន
" វាសិចសុីពេកទេដឹង "
" អត់ទេអាក្រហមនឹងហើយ បងពាក់ប្រាកដជាស្អាតខ្លាំងមិនខាន " រាងស្ដើងលើកឈុតក្នុងស្បៃៗ មកកាន់ វាក្រហមឆេះ ហើយថែមទាំងបុិនជាមួយទំហំដើមទ្រូងcup Cរបស់នាងទៀតផង ចំណែកអ្នកដែលជាប្អូនស្រីវិញគិតតែពីបោះដាក់អោយ ហ្ក្រេស ឈុតខ្លះវាក៏ធ្វើអោយហ្ក្រេសព្រឺសម្បុរ វាស្រើបស្រាលពេកទេដឹង អ្នកម៉ាក់កូនមួយសួរខ្លួនឯងក្នុងចិត្ត តែក៏ព្រមទទួលយក
" រួចរាល់ហើយមែនទេ ហ្ក្រេសា "
" អ្នកណាថា ថ្ងៃនេះខ្ញុំនឹងយកមរតករបស់ខ្លួនឯងទាំងអស់មកដាក់ទុនលើបងស្រីអោយអស់ពីខ្លួនតែម្ដង "
" ហ្ក្រេសា កុំលេងបែបនោះ បងក៏មានលុយដែរ មិនអាចខ្សែរលើឯងបែបនេះបានទេ " អ្នកដែលប្រៀបបាននិងម្ដាយឪពុក ប្រាប់ទៅប្អូនស្រីតែម្នាក់ ដោយការអន់ចិត្ត នាងមិនត្រូវការឃើញប្អូនលំបាក នាងចង់អោយហ្ក្រេសាមានលុយ មានលំនឹងក្នុងជីវិត រស់នៅមានសេរីភាព និងបានល្អជាងនាង
" កន្លងមកបងលះបង់ច្រើនណាស់ បងមិនមែនត្រឹមតែជាបងស្រីនោះទេ តែបងប្រៀបដូចជាប៉ាម៉ាក់របស់ខ្ញុំផងដែររឿងប៉ុណ្ណឹង វាមិនធំទេហ្ក្រេស តោះយើងទៅបន្ដទៀត ព្រោះថ្ងៃនេះ ខ្ញុំនឹងប្រែក្រឡាខ្លួនបងអោយទៅជាក្រមុំ១៨ឆ្នាំអោយបាន " ហ្ក្រេសគ្រវីក្បាលនឹងភាពមានះរបស់ប្អូនស្រី ប៉ុន្ដែនាងក៏ព្រមដើរតាម ហ្ក្រេសា ព្រោះដឹងថាទោះបីជាប្រកែកក៏មិនឈ្នះនាងតូចដដែល ហើយនៅទីបំផុត នាងក៏ត្រូវអូសចូលហាង ស្បែកជើង ហាងកាបូប ហាងគ្រឿងសម្អាង ចុងក្រោយគេនោះគឺ ហាងសាឡន ដែលវាជាកន្លែងមួយដែល ហ្ក្រេស យល់ថាខ្លួនឯងពេញចិត្តជាងគេនៅក្នុងថ្ងៃនេះ ព៌ណសក់ថ្មី ដែលហ្ក្រេសសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ វាធ្វើអោយបបូរមាត់ស្អាតញញឹមស្រាលៗ តាំងពីដើមមកនាងមិនធ្លាប់ដូរព៌ណសក់ឬ កាត់សក់អោយខ្លីត្រឹមស្មារដូចពេលនេះទេ នាងទើបតែដឹងថាពេលធ្វើហើយ វាប្រៀបបាននឹងនាងបានចេញពីពិភពមួយទៀតអញ្ចឹង
" យ៉ាងម៉េចហើយពេញចិត្តណាស់ ត្រូវទេ "
" អរគុណឯងណាស់ ហ្ក្រេសា "
" បងស្រីសប្បាយចិត្ត ខ្ញុំក៏រីករាយ មើលចុះបើមិននិយាយគ្មាននរណាដឹងទេថាបងស្រីមានកូនស្រីពេញក្រមុំម្នាក់ទៅហើយ " រាងស្ដើងបង្អាប់បងស្រីលេង ព្រោះអ្វីដែលនាងនិយាយគឺជាការពិត ហ្ក្រេស នៅពេលនេះមិនមែនជាបងស្រីដែលនាងបានជួបកាលពីប៉ុន្មានថ្ងៃមុននោះទេ ព្រោះហ្ក្រេសនៅពេលនេះ មានទាំងទំនុកចិត្ត និងមន្ដស្នេហ៍ ដូចជាពេលដែលនាងនៅតូចៗអញ្ចឹង បងស្រីនាងត្រឡប់មកវិញហើយ រាងតូចញញឹម មុននឹងអោបបងស្រីពីក្រោយថ្នមៗ

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now