៙ ទីក្រុងឡុងដ៍ ៙
រាងស្ដើងរបស់ហ្រ្កេសអង្គុយលើកៅអីដែលនៅចំពោះមុខនាងមានដុកទ័រស្រីជនជាតិអង់គ្លេសម្នាក់ កំពុងតែកាន់ក្រដាសនិងប៊ិចចាំស្ដាប់រឿងរ៉ាវក្នុងចិត្តរបស់ ស្រ្ដីវ័យ៣៨ឆ្នាំរូបនេះ ការដែលហ្រ្កេសបាត់ខ្លួនសូន្យឈឹងពី ប្រទេសដែលខ្លួនឯងធំលូតលាស់មកភ្លាមៗនោះគឺ ព្រោះតាំងពីថ្ងៃដែលមិត្តភក្ដិរបស់ប្អូនស្រីនាងបានយករាងកាយនាងទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងមក គ្រូពេទ្យនៅទីនោះពិនិត្យឃើញថានាងបានជម្ងឺបាក់ទឹកចិត្តដំណាក់កាលធ្ងន់ធ្ងរ សឹងតែឈានចូលដល់ជាជម្ងឺប្រសៃប្រសាទ បូករួមនឹងការប្រើថ្នាំជំនួយដល់ការងងុយដេកច្រើនប្រភេទចូលគ្នា វារឹតតែរំញោចប្រសៃប្រសាទអោយហ្រ្កេស រឹតតែមានសភាពយ៉ាប់លើសដើម ហើយនេះជាហេតុផលដែលគ្រូពេទ្យណែនាំនាងមកទីនេះជាបន្ទាន់ ដោយមានជំនួយពីប្រុសកម្លោះ វូយៀន គេជានិស្សិតពេទ្យនិងមិត្តភក្ដិប្អូនស្រី ដែលអាចជួយនាងអោយមកដល់ទីនេះដោយស្ងាត់ស្ងៀមបំផុត
" ថ្ងៃនេះអ្នកស្រីមានអារម្មណ៍យ៉ាងម៉េចដែរ? " នេះជាសំណួរដំបូងដែលដុកទ័រសួរទៅកាន់រាងស្ដើង
" ដូចរាល់ដងវិលវល់ មិនសូវឃ្លាន ហើយក៏... "
" នឹកផ្ទះតើមែនទេ ? " វាហាក់ដូចជាស្រ្ដីដែលមានវ័យចាស់ជាងនាង អាចមើលដឹងពីចិត្តនាងយ៉ាងអញ្ចឹង ហ្រ្កេស ងក់ក្បាលទទួល ទោះស្មារតីនាងពេលនេះមិនសូវល្អ ប៉ុន្ដែនាងពិតជានឹកកូនស្រីណាស់ នាងមិនចង់អោយលីអុីនឃើញនាងក្នុងសភាពថ្ងៃនោះទេ វាវេទនាភ្នែកពេកហើយ
" នឹកកូនស្រី ចង់អោបនាងណាស់ "
" អញ្ចឹងអ្នកស្រីត្រូវព្យាបាលខ្លួនឯងអោយជាសះស្បើយជាមុនសិនដឹងទេ "
" ស្ថានភាពខ្ញុំយ៉ាប់ដល់ថ្នាក់នោះផងឬ " រាងស្ដើងសឹងតែមិនចង់ជឿថា១៨ឆ្នាំមកនេះ ការអត់ទ្រាំរបស់នាងវាក្លាយទៅជាមុខព្រួញដែលបាញ់មករកនាងនៅពេលនេះឯង
" កុំដាក់សម្ពាធលើខ្លួនឯងពេកអី ចាត់ទុកថាមកទីនេះដើម្បីរកខ្លួនឯងម្ដងទៀតទៅចុះ កន្លងមកអ្នកស្រីប្រហែលជាមិនធ្លាប់គិតទេមែនទេថាអ្វីដែលខ្លួនចង់បានពិតប្រាកដ "
" ដុកទ័រដឹង? "
" អ្នកស្រីស្អាតណាស់តើដឹងទេ ប៉ុន្ដែគួរអោយស្ដាយនៅលើផ្ទៃមុខអ្នកស្រីមានតែភាពក្រៀមក្រំ " រាងស្ដើងលើកដៃស្ទៀបមុខខ្លួនឯង មុននឹងបែរទៅរកកញ្ចក់នៅជិតនោះ នាងមើលខ្លួនឯងក្នុងកញ្ចក់សឹងតែមិនចង់ស្គាល់ រូបរាងដែលធ្លាប់តែឆើតឆាយ ពេលនេះប្រែទៅជាស្លក់អស់ទៅហើយ
" ខ្ញុំស្អាតពិតមែនឬ ចុះហេតុអីក៏.... " ១៨ឆ្នាំមកនេះខូសៀ មិនធ្លាប់សម្លឹងមើលមុខស្រស់ស្អាតមួយនេះដោយក្រសែរភ្នែកកោតសរសើរ គេធ្វើអោយនាងបាត់ទំនុកចិត្ត គេធ្វើអោយនាងបាត់នូវរូបភាពជាខ្លួនឯង គេមិនធ្លាប់បង្ហាញថានាងគួរអោយឈ្លក់វង្វេងសូម្បីតែពេលនៅលើគ្រែ នាងមិនដែលហ៊ានសម្លឹងមើលភ្នែកមួយគូរនោះឡើយ នាងខ្លាច ខ្លាចភាពអស់សង្ឃឹមដែលនឹងទទួលបានមក
" កុំអោយអ្នកដទៃវាយតម្លៃភាពស្រស់ស្អាតរបស់ខ្លួនឯង តាមពិតអ្នកស្រីមិនបានឈឺធ្ងន់ធ្ងរនោះទេ គ្រប់យ៉ាងវាផ្ដើមចេញពីអ្នកស្រីប៉ុណ្ណោះ ពីពេលនេះទៅចូរអ្នកស្រីសាកដោះលែងខ្លួនឯង "
" ចាប់ផ្ដើមពីខ្លួនខ្ញុំឬ? ពេលនេះខ្ញុំវិលវល់ណាស់ ខ្ញុំនឹកមិនឃើញអ្វីនោះទេ "
" អ្នកស្រីទុកចិត្តខ្ញុំឬអត់? " នេះជាសំណួរដែលមករួមជាមួយស្នាមញញឹមដ៏ស្រស់ស្អាតរបស់ដុកទ័រស្រី ដែលវាប្រៀបបានជាពន្លឺទៀនក្នុងផ្លូវដ៏សែនងងឹតមួុយ ដែលចង់់អោយហ្រ្កេសដើរទៅមុខ ទៅរកវា ហើយមើលថារូបរាងពិតវាគឺបែបណា
" បើខ្ញុំមិនទុកចិត្តដុកទ័រ ប្រហែលជាគ្មានវត្តមានរបស់ខ្ញុំនៅទីនេះទេ "
" មួយខែ ខ្ញុំសន្យាជាមួយអ្នកស្រីថាត្រឹមតែមួយខែប៉ុណ្ណោះអ្នកស្រីនឹងរឹងមាំដូចមុន អ្នកស្រីនឹងទទួលបានជីវិតថ្មីមួយដែលជាខ្លួនឯងពិតប្រាកដ "
" ខ្ញុំនឹងព្យាយាមស្ដាប់តាមដុកទ័រ " ព្រោះខ្ញុំចង់ត្រឡប់ទៅឃើញមុខកូនស្រីម្ដងទៀត លីអុីន ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់ចង់ក្លាយទៅជាបង្គោលដ៏រឹងមាំដែលអាចអោយកូនពឹងផ្អែកបានដូចកាលពីកូននៅតូច ខូសៀ ខ្ញុំនឹងបង្ហាញអោយលោកឃើញថា ជំហ៊ានម្ដងនេះរបស់ខ្ញុំគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ហ្រ្កេស សម្លឹងទៅក្រៅរួចបិទភ្នែក ប្រាប់ទៅកាន់ខ្លួនឯងក្នុងចិត្ត នៅពាក្យទាំងប៉ុន្មានដែលនាងគិតមុននោះ នាងពិតជាចង់បានជីវិតថ្មីណាស់ .....
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️(03)
Start from the beginning
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)