ភាគបញ្ចប់(១)÷ វាសនាជីវិត

8K 261 13
                                        

     ថេយ៉ុង នៅមិនទាន់អាចបើកឱកាសឱ្យឪពុកខ្លួននៅឡើយទេ ចំពោះរឿងខ្លះទោះបីគេមិនអាចសើរើមកបានទាំងអស់ តែរឿងទាំងអស់នោះវាបានតក់ជាប់ក្នុងចិត្តរបស់គេជានិច្ច។ ពេលនេះគេកំពុងតែអង្គុយនៅខាងក្នុងបន្ទប់ ហើយមនុស្សដែលគេរង់ចាំចង់ចួបមុខជាងគេគឺស្វាមីហើយនិងកូនប្រុសតែប៉ុណ្ណោះកន្លងផុតទៅអស់រយៈពេលជាងមួយថ្ងៃមកហើយដែល ជុងហ្គុក និង ចាងហ្វា បានបាត់ដំណឹង បាត់ស្រមោលសូន្យឈឹងពីខ្សែភ្នែករបស់គេមិនទាន់ឃើញអើតខ្លួនវិលត្រលប់មកជួបមុខគេវិញទៀត។
     ក្រាក!!
     «អើ..បងប្រុសខ្ញុំទុកនៅត្រង់នេះណា៎ សូមទោសដែលចូលមកមិនបានគោះទ្វារ!» ថេយ៍និឡា ស្ទើរតែភ័ន្តភាំងស្មារតីដោយសារតែនាងបានសម្រុកដើរចូលមកដោយមិនបានបញ្ជាក់ដំណឹងទុកជាមុន។
     «មិនអីទេ!» ថេយ៉ុង តបទៅនឹងប្រយោគប្អូនស្រី ហើយសម្លឹងមើលមុខនាងដែលស្រដៀងៗប្រហាក់ប្រហែលនិងខ្លួន។
     ថេយ៍និឡា ដាក់ថាសអាហារទៅលើតុ ក្បែរគ្រែគេងរួចនាងក៏ធ្វើជារហ័សរហួនរូតរះហៀបបម្រុងតែដើរចេញស្រាប់តែសំឡេងស្រួយស្រែះស្រែកបន្លឺរំពងឡើង។
     «អ្នកនាង!»
     «ចាស!» នាងក្រមុំទច់ដំណើររួចត្រលប់មកសម្លឹងមុខបងប្រុសភ្លឹះៗ។
     «អ្នកនាងមានទូរស័ព្ទដៃទេ?» ថេយ៉ុង ហៅនាងថាបែបនេះ មានអារម្មណ៍ថាមិនសូវជាស្និទ្ធមាត់ទេ ស្របពេលដែល ថេយ៍និឡា ស្រាប់តែងក់ក្បាលហើយដើរចូលមក ហុចទូរស័ព្ទដៃរបស់នាងទៅឱ្យ ថេយ៉ុង ខ្ចីប្រើប្រាស់។
     «បងប្រុសកុំហៅខ្ញុំថាអ្នកនាងអី ហៅខ្ញុំថាថេយ៍និឡាបានហើយណា!»
     «អរគុណ ថេយ៍និឡា!» គេនិយាយជាមួយនាងរួច បែរខ្លួនដើរចេញទៅចុចទូរស័ព្ទ ខលទៅរក ជុងហ្គុក ដោយសារតែគេពូកែចំណាំណាស់ ទើបលេខទូរស័ព្ទមួយខ្សែរបស់ស្វាមីគេចងចាំយ៉ាងច្បាស់ក្នុងខួរក្បាលមិនដែលបំភ្លេច។
     ទឺត!!
     ខ្សែតភ្ជាប់ទំនាក់ទំនងបានបន្លឺ..
     (ហេឡូ!)
     «ជុងហ្គុក នេះគឺ ថេយ៉ុង ណា៎!»
     (អូនសំឡាញ់!)
     ថេយ៉ុង ញញិមឡើងស្រស់ប៉ប្រិមឮសូរ ជុងហ្គុក ហៅខ្លួនអ៊ីចឹង មានអារម្មណ៍ដូចបានហោះហើរទៅកាន់ផ្ទៃអាកាសមិនដឹងទៅឋានសួគ៌ជាន់ទីប៉ុន្មានទៅហើយទេ។
     «ពេលនេះបងនៅឯណា? ហេតុអីមិននៅជាមួយអូន ហើយចុះកូនរបស់យើងនោះ?»
     (បងនៅផ្ទះម៉ាក់ កូនគេងលក់ហើយ អូនចង់ជួបមុខគេមែនទេ?)
     «ប្រាកដជាចង់ជួបហើយអូនចង់ឱ្យកូននៅតែក្បែរអូនគ្រប់ពេល!»
     (ហើយចុះបងនោះ?)
     «បងក៏អ៊ីចឹងដែរ ប្រញាប់មកជួបអូនណា!» ថេយ៉ុង ពោលនិយាយភាសាផ្អែមល្ហែមឮៗ ដល់ថ្នាក់នាងក្រមុំដែលជាប្អូនស្រីខាងណោះ ឈរញញិមបិទមាត់មិនជិត។
     (បាទ!!) ថេយ៉ុង ចុចបិទទូរស័ព្ទក្រឡេកទៅសម្លឹងមុខនាងក្រមុំរួចហុចទូរស័ព្ទប្រគល់ជូននាងវិញដោយមិនភ្លេចនិយាយពាក្យអរគុណទៅកាន់នាងម្តងទៀតផងដែរ។
     «អរគុណម្តងទៀត!»
     «ចាស!» ថេយ៍និឡា ប្រញាប់បែរខ្លួនដើរចេញទៅហើយលួចញញិមសប្បាយចិត្ត ដ្បិតបានបងប្រុសនិយាយជាមួយនិងនាង សម្តីគេពិរោះពិសាគួរឱ្យចង់ស្តាប់ណាស់ មិនគ្រោតគ្រាតដូចជាពេលដែលបាននិយាយខ្លាំងៗជាមួយនឹងឪពុករបស់នាងនោះទេ។
    
     យប់ដដែល
     អំពូលភ្លើងរាត្រីចាប់ផ្តើមបំភ្លឺផ្លុងៗមិនសូវជាភ្លឺខ្លាំងពេក យប់ម៉ោងជាងប្រមាណ ៨:៣០ នាទីយប់ បណ្តាលឱ្យអាកាសធាតុចុះត្រជាក់ខ្លាំងល្មម ខណៈភ្លៀងស្រាប់តែបង្អុរចុះមក តក់គ្រាប់ភ្លៀងបុកទៅនឹងដំបូលផ្ទះលាន់សូរសំឡេងប្រាំងៗរំខានដល់ត្រចៀកអ្នកសណ្តាប់។
     «ខិខិ!!» សំឡេងក្អកបានបន្លឺដល់ត្រចៀកស្ត្រីចំណាស់ដែលកំពុងតែអង្គុយឆុងតែក្តៅនិងរៀបចំនូវថ្នាំសង្កូវដាក់ទៅលើតុ ក្រឡេកទៅសម្លឹងមើលផែនខ្នងស្រឡូនដែលកំពុងតែគេងផ្អៀង ព្យាយាមត្បៀតសំឡេងក្អកទាំងអារម្មណ៍មិនសូវស្រួលអ្វីប៉ុន្មាន។
     «អ្នកប្រុសច្បងអញ្ជើញក្រោកមកញាំថ្នាំសិនណា!» ម៉ែដោះ ហារីន ដើរតាមទៅដាស់ ថេយ៉ុង ដោយឫកពាទន់ភ្លន់តាមទម្លាប់គាត់ រួចធ្វើជាដើរបង្ហួសទៅទាញបង្អួចបិទដើម្បីកុំឱ្យដំណក់ទឹកភ្លៀងសាចចូលក្នុងបន្ទប់។
     ថេយ៉ុង ក្រោកមកចាប់គ្រាប់ថ្នាំលេបក្អឹកៗចូលទៅក្នុងពោះ រួចសម្លឹងមើលទៅកាន់ផ្ទៃមុខម៉ែដោះដែលឧស្សាហ៍ទៅមកយកចិត្តទុកដាក់ខ្នះខ្នែងចំពោះខ្លួនច្រើនជាងអ្នកផ្សេងឯទៀត ចាប់តាំងពីរឿងបាយទឹកនំចំណីនិងសម្លៀកបំពាក់ គ្រឿងបរិក្ខារពេទ្យផ្សេងៗ គាត់បានមើលថែគេបានយ៉ាងល្អដិតដល់មិនខុសប្លែកពីម្តាយកូននោះទេ។
     ពេលឃើញគាត់ធ្វើការមិនដាក់ដៃចុះយ៉ាងនេះ ថេយ៉ុង ក៏មិនដាច់ចិត្តនោះដែរព្រោះខ្លួននៅក្មេងវ័យខ្ចីជាងគាត់ ទម្លាប់សោយសុខឱ្យមនុស្សចាស់បម្រើគេមិនចេះរស់នៅនោះទេ។
     «ម៉ែដោះគួរតែត្រលប់ទៅសម្រាកចុះ ខ្ញុំមិនអីទេ!»
     «ពេលម៉ែដោះចាប់បង្ហើយការងាររួចរាល់ស្រេចបាច់អស់ ម៉ែដោះនិងបានទៅសម្រាកហើយ អ្នកប្រុសច្បងកុំរវល់និងម៉ែដោះអី?»
     «ចាប់តាំងព្រលឹមទល់និងព្រលប់ ខ្ញុំឃើញតែម៉ែដោះរវល់ធ្វើការមិនមានពេលទំនេរសោះ ម៉ែដោះអាយុជាងហុបសិបឆ្នាំទៅហើយ មើលទៅទោះបីជាមានកម្លាំងនៅភិល ប៉ុន្តែម៉ែដោះគួរគិតគូរពីសុខភាពរបស់ខ្លួនឯងខ្លះផង!»
     «អ្ហឹះៗ..មិនអីទេអ្នកប្រុសច្បង អរគុណច្រើនណាដែលបានបារម្ភពីម៉ែដោះ!»
     ម៉ែដោះ ហារីន ត្រលប់ដើរចូលមកអង្គុយចំពោះមុខ ថេយ៉ុង ហើយលើកប្រអប់ដៃស្ទាបប៉ះអង្អែលលើថ្ពាល់ដ៏ស្រឡូន ដោយស្នាមញញិមផ្អែមរបស់គាត់ញឹមៗ។
     «សម្តីសម្តៅ ឫកពាស្លូតបូតដូចជា យ៉ូអាន អ៊ីចឹង នៅជាមួយម្តាយ ម្តាយបង្រៀនឱ្យចេះសព្វគ្រប់ លត់តំចិត្តគំនិតសព្វគ្រប់សារពើ អ្នកប្រុសច្បងបានរៀនអ្វីខ្លះពីម្តាយ?» ថេយ៉ុង ឮគាត់សួរបែបហ្នឹង ខ្លួនក៏រៀងស្ញើបចិត្តបន្តិចដែរ ហើយក៏ញញិមទៅកាន់គាត់វិញដូច្នេះដែរ។
     «ម៉ែគ្មានចំណេះដឹងជ្រៅជ្រះដែលបានមកពីការរៀនសូត្រទេ ប៉ុន្តែម៉ែមានចិត្តធ្ងន់អំណត់ព្យាយាមនិងមានកម្លាំង មានប្រាជ្ញាសម្រាប់ប្រិតប្រៀនប្រដៅនិងមើលថែកូនគ្រប់យ៉ាង ខ្ញុំរៀនបានពីម៉ែច្រើនណាស់ ព្រោះម៉ែគឺជាមនុស្សស្រីដែលក្លាហាន ប្តូរផ្តាច់ពុះពារមិនខ្លាចនឿយ មិនខ្លាចហត់ ដើម្បីកូន ហើយតែងតែមើលថែកូនដោយក្តីស្រលាញ់ មិនបោះបង់កូនចោល មិនដែលសម្តីធ្ងន់ ជេរស្តីបន្ទោស សម្តីម៉ែពិរោះផ្អែមគួរឱ្យចង់សណ្តាប់ ហើយម៉ែជាមនុស្សស្រីដែលពូកែបំផុតក្នុងចិត្តរបស់ខ្ញុំ!» ម៉ែដោះញញិមងក់ក្បាលហើយចាប់ក្រសោបប្រអប់ដៃដ៏ស្រឡូនយ៉ាងជាប់និងចាប់ទាញគេមកឱបដោយយល់ពីចិត្តនិងព្យាយាមផ្តល់ភាពកក់ក្តៅទៅកាន់គេជានិច្ច ដ្បិតគាត់មិនមែនជាម្តាយរបស់គេបង្កើត តែគាត់សុំចូរខ្លួនស្ម័គ្រចិត្តហើយមើលថែគេឱ្យបានល្អប្រៀបដូចជាម្តាយម្នាក់ដូច្នេះដែរ។
     «ប៉ុន្តែឥឡូវអ្នកប្រុសក៏មានឪពុកម្នាក់ទៀតដែរ ដែលតែងតែរង់ចាំមើលថែនិងផ្តល់ដំបូន្មានឱ្យអ្នកប្រុស ជីវិតមនុស្សយើងនេះមើលមិនឃើញទេ ស្លាប់បិទភ្នែកទៅពេលណាគ្មាននរណាម្នាក់កំណត់ថ្ងៃស្លាប់បានឡើយ ឱកាសដែលនៅឈរក្បែរយើងមានមិនច្រើនទេ ស្តាប់សម្តីរបស់ម៉ែដោះណា៎ ពេលវេលាដែលនៅសេសសល់សម្រាប់យើងនេះគឺជាមាសប្រាក់ ជាមាសប្រាក់ដែលយើងអាចឱបក្រសោបបានពេលដែលនៅមានជីវិតរស់!»
     ថេយ៉ុង ងក់ក្បាលផ្ងក់ៗ យល់និងសម្តីគាត់ ឥតប្រកែកដាច់អហង្ការ កាលបើគាត់ទូន្មានប្រៀនប្រដៅ សម្តីរបស់គាត់មានតម្លៃប្រៀបដូចជាម្តាយរបស់គេម្នាក់ដែរ គ្រប់ប្រយោគទាំងអស់សុទ្ធតែមានន័យជ្រាលជ្រៅអាចសង្គ្រប់ ឃុំគ្រង សតិនិងញាណបេះដូងខួរក្បាលរបស់គេបានគ្រប់យ៉ាងទាំងអស់ តទៅគេនិងប្រឹងប្រែងរស់នៅហើយធ្វើរឿងដែលត្រឹមត្រូវបំផុតសម្រាប់ខ្លួនឯងរួមទាំងកូនជាមួយនិងស្វាមី សាច់ញាតិនិងឪពុក មនុស្សដែលគេធ្លាប់ស្គាល់កាលពីមុនឱ្យបានល្អបំផុត។
    
    ព្រឹកថ្ងៃថ្មីម្តងទៀត..
    មនុស្សធ្វើការរវើកពេញភូមិគ្រឹះតាមទម្លាប់ដដែល គ្រប់គ្នាហាក់ដូចជារវល់គគ្រឹកគគ្រេងអ្វីសម្បើម ដោយសារតែបានរៀបចំរោងពិធីរំឭកដល់ខួបមរណៈភាពរបស់លោកស្រីធំប្រចាំភូមិគ្រឹះមួយនេះ។
    យោងតាមការពឹងផ្អែកលើខ្សែភ្នែកដែលយើងបានសម្លឹងឃើញ មានរូបថតពីផ្ទាំងធំៗ ដែលបានដាក់បញ្ឈរកៀកនឹងគ្នា តែវាបានរក្សាគម្លាតពីគ្នាជាងមួយម៉ែត្រទន្ទឹមនិងបាច់ផ្កាជាច្រើនសម្រាប់ដាក់អមនិងរូបថតធំៗសងខាងតែប៉ុណ្ណោះ។ ពិធីទាំងនេះប្រារព្ធឡើងសម្រាប់តែសមាជិកគ្រួសារនិងអ្នកបម្រើដែលមានក្មេងចាស់ប្រុសស្រីចូលរួមបង្ហាញវត្តមានតែប៉ុណ្ណោះ។ គ្រប់គ្នាស្លៀកពាក់ខ្មៅជាឈុតកាន់ទុក្ខ ហើយបានរៀបចំខ្លួនប្រារព្ធតាមពិធីនិងគោរពតាមសាសនាធម្មតា។
    ថេយ៉ុង ចុះចេញមកចូលរួមពិធីដោយឈរអង្អែលកាន់ថ្នមៗ លើរូបថតរបស់ម្តាយខ្លួន មុខមាត់ពោពេញទៅដោយភាពទុក្ខសោកសង្រេង ចិត្តនឹកនារំឭកដល់ម្តាយ ទឹកភ្នែកស្រាប់តែបោលហូរស្រក់ចុះមកដោយមិនចាប់នឹកគិតគូរបង្ហូរវាមកទាល់តែសោះ។
    ឈាងចូលដល់ពេលក្បាលព្រលប់ គ្រប់គ្នារៀបចំបង្ហើយពិធីចុងក្រោយ។
    លោក ដុកហ្យុន សំដែងទុក្ខសោកសៅនៅលើផ្ទៃមុខដ៏ចំណាស់របស់គាត់ កាលបើភរិយាទាំងពីរបានចាកចេញទៅ នៅសល់តែគាត់ម្នាក់ ដែលតាំងខ្លួនជាឪពុកប្រកាន់គោលជំហររឹងមាំសម្រាប់កូនៗតែប៉ុណ្ណោះ។
    «ប៉ា!» ថេជុន ឧទានដោយលូកដៃចូលទៅជួយចាប់គ្រាហ៍ឪពុកឡើង ពេញមួយថ្ងៃមកនេះគាត់ញាំបានតិចតួចណាស់ សូម្បីតែអាហារក៏គាត់ពុំសូវនឹកនាដែរ។
    «មើលប្រាប់ឱ្យក្មេងៗ រៀបចំបិទពិធីទៅចុះ ប៉ាត្រលប់ទៅសម្រាកវិញហើយ!» គាត់ផ្តែផ្តាំចប់សំឡេងក្អកឮសូរឃុងៗបានបន្លឺតាមទម្លាប់ជំងឺសួតរបស់គាត់រើឡើងបណ្តាក់គ្នា។ 
    ថេយ៉ុង ចេះតែរមែងគិតដល់ឪពុកចំណាស់ដែលឈឺថ្កាត់ជំងឺមិនសូវប្រាកដក្នុងចិត្ត រួចក៏បានឈានជើងដើរទៅចាប់កាន់ដើមដៃស្ត្រីចំណាស់ដែលឈរវីវក់ក្នុងពិធីហៀបបញ្ចប់ទៅហើយនោះឱ្យគាត់ងាកមកចាប់អារម្មណ៍នឹងសម្តីខ្លួន។
    «គាត់ឈឺអីទៅម៉ែដោះ?» ថេយ៉ុង និយាយនិងគាត់ រួចក្រឡេកមុខទៅសម្លឹងមើលខ្នងបុរសចំណាស់ដែលមានវ័យជំទង់ម្នាក់ទៀតជាកូនជួយគ្រាហ៍នាំចូលទៅខាងក្នុងផ្ទះ។
    «គាត់ឈឺជំងឺសួត ក្អកឮឱ្យទ្រហឹងរាល់ថ្ងៃ មិនដឹងថ្ងៃណាជាទេ ពេទ្យព្យាបាលក៏បានខំប្រឹងប្រែងមើលថែយកចិត្តទុកដាក់អស់ពីលទ្ធភាពទៅហើយតែគាត់ដាក់ថ្នាំមិនត្រូវមិនជាសះស្បើយសោះ!» ស្តាប់តាមសម្តីម៉ែដោះ ថេយ៉ុង ស្រាប់តែទម្លាក់ទឹកមុខសំយ៉ុងចុះក្រឹបនិងសឹងតែមិនជឿថាគាត់ឈឺថ្កាត់ក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរយ៉ាងនេះទេ គេក៏ស្ងាត់លែងសួរនាំរួចបែរទៅជួយក្មេងក្មាងដទៃរៀបចំប្រមូលសម្ភារៈទុកដាក់ ដោយញាណរបស់ខ្លួនចេះតែរំឭកឮសូរសម្តីឪពុកនិយាយលូងៗពេញក្នុងខួរក្បាលរហូត÷
     (ឱ្យប៉ាសូមទោស ប៉ាដឹងខ្លួនខុស ប៉ាចង់រ៉ាប់រង់ទោសកំហុសទាំងនេះ ហើយសុំមើលថែកូនសម្រាប់ជីវិតចុងក្រោយរបស់ប៉ាផងបានទេ?)
     មុខមាត់របស់គេចាប់ផ្តើមស្លក់ស្លុតទៀតហើយ។ ភាពតានតឹងបានធ្វើឱ្យគេព្យាយាមយល់ពីសម្តីរបស់ឪពុក ប្អូនៗរបស់គេនៅក្មេងរៀនក៏មិនទាន់ចប់ថ្នាក់វិទ្យាល័យទៀត ដ្បិតហិរញ្ញវត្ថុអាចមានលើសពីពាក្យថាគ្រប់គ្រាន់ សម្រាប់តែការផ្គត់ផ្គង់ចំណាយសព្វមុខពិតមែនក្តីតែក្មេងៗពិតជាមិនចង់រស់នៅខ្វះភាពកក់ក្តៅទាំងនៅវ័យក្មេងខ្ចីពេកនោះឡើយ។
    
     ថ្ងៃបន្ទាប់
     ចាងហ្វា ចាប់ផ្តើមយំកិកកុកស្រែករក ថេយ៉ុង មិនដែលលុះពេលនោះទេដោយសារតែគេនឹកខ្លាំងពេកហើយខានបានជួបមុខពីបីថ្ងៃមកហើយ។
     ជុងហ្គុក ក៏មិនដឹងត្រូវថ្លែងរៀបរាប់ប្រាប់កូនយ៉ាងម៉េចទៀតនោះដែរ ដោយសារតែពេលនេះ គេត្រូវជាប់ពាក្យបន្តឹងដែលគ្រួសារ ម៉ូយ៉ុង បានដាក់ពាក្យប្តឹងផ្តល់និងទាមទារឱ្យគេចូលខ្លួនទៅដោះស្រាយបំភ្លឺ ហើយតុលាការក៏បានសើរើរឿងក្តីដែលគេបានសម្លាប់មនុស្សនិងរៀបចំផែនការអូសទាញគ្រួសារត្រកូល "ស៊ុន" ដើម្បីរៀបចំអាពាហ៍ពិពាហ៍ក្នុងការជួយធ្វើអំពើពុករលួយបិទបាំងរឿងអាស្រូវដែលគេបានធ្វើអំពើឃាតកម្មនិងស៊ូកប៉ាន់មន្ត្រីជំនាញក្នុងពន្ធធានាគារទៀត។
     «ប៉ាម៉ាក់ត្រូវប្តឹងផ្តល់គ្រួសារពួកវាឱ្យដល់ទីបញ្ចប់ ខ្ញុំមិនសុខចិត្តទេ!»
     ម៉ូយ៉ុង ស្រែកទាំងកំហឹងនិងលែងយល់ថាជីវិតអាពាហ៍ពិពាហ៍មួយនេះវាឈានទៅដំណាក់កាលណាទៀតហើយដ្បិតនាងសែនសោកស្តាយពីពេលវេលាដែលបានកន្លងផុតទៅអស់ពេលជាច្រើនឆ្នាំណាស់។
     «លោកគិតយ៉ាងណាចំពោះរឿងនេះ ជុងហ៊ូ បើលោកមិនចេញមុខធានាអះអាងទេ កូនប្រុសលោកច្បាស់ជាជាប់គុកអស់ពេលពេញមួយជីវិត!»
     លោក ស៊ុន ស្រែកសួរទាំងក្តៅក្រហាយក្នុងចិត្តស្ទើរទ្រាំមិនបាន។
     «សូម្បីតែលោកស្រី ហេវ៉ុន ក៏បានបំផ្លាញទំនុកចិត្តគ្រួសាររបស់ខ្ញុំដែរ!»
     លោកស្រី ឆេយ៍ ឧទានទាំងមុខរាបស្មើនិងសម្តីដ៏មុតស្រួចរបស់គាត់យ៉ាងម៉ឺងម៉ាត់។ ប្តីប្រពន្ធទាំងពីរគ្មានពាក្យអ្វីនិយាយចេញមកនោះទេ ហើយកំឡុងពេលដែលបានសំណេះសំណាលគ្នាបែបមិនចុះសម្រុងនោះ ឡានសារ៉ែនប៉ូលិសស្រាប់តែបន្លឺទ្រហឹងរោទ៍រន្ទឺឡើងពេញធ្លាខាងមុខផ្ទះ។
     «ដេតឌី!!» ចាងហ្វា ស្រែកយំទ្រហឹងអឺងកង ឃើញឪពុកត្រូវគេចាប់វាយខ្នោះអូសទាំងសភាពទីងណាត់ទីងណែងដូចជាសត្វធាតុ ហើយក៏ស្រាប់តែស្រែករត់ត្របាញ់ជើងតាមទៅនិយាយអង្វរករប៉ូលិសដោយភាពឈឺចាប់និងមិនចង់បាក់បែកពីឪពុកក្នុងពេលដ៏ខ្លីទាំងនេះឡើយ។
     «ចាងហ្វា មកណេះមកចៅ!!» លោកស្រី ហេវ៉ុន យំរលេញសស្រាក់តាមទៅចាប់ឱបក្រសោបចៅមកពរឈឺចិត្តសម្លឹងឃើញកូនត្រូវគេចាប់ចងជាន់ឈ្លីដូចជាអ្នកទោស អារម្មណ៍គាត់ជាម្តាយតក់ស្លុតរន្ធត់ អស់ពីខ្លួនរលីងគ្មានសល់ឡើយ។
     «ហ៊ឹកៗ..ហ៊ឺដេតឌី!!!»
     «កុំយំកូន ប៉ាមិនអីទេ កុំយំទៀតអី ចាងហ្វា ស្តាប់សម្តីប៉ាណា!»
     ជុងហ្គុក ស្រែកផ្តែផ្តាំកូន ទាំងទឹកភ្នែកស្រក់ហូរជ្រាបរហាម អារម្មណ៍សោកសៅអាណិតស្រណោះសម្តីនិងទឹកភ្នែកកូនជាពន់ពេករកថាមិនត្រូវ បបូរមាត់ញ័រទទ្រើក ខ្លោចផ្សារនិងសម្រែកឈឺចាប់ដែលកូនខំពោលពាក្យអង្វរករចិត្តប៉ូលិស ដ្បិតខំស្រែកយំលើកដៃសំពះគេទាំងសំឡេងអួលដើមករងុំ ស្តាប់ទៅក៏ដឹងថា គេឈឺចិត្ត ឈឺបេះដូង ខ្លាំងយ៉ាងណាដែរ។
     «ឱនក្បាលចុះទៅ!» ប៉ូលិសម្នាក់បានស្រែកយ៉ាងខ្លាំង ហើយយកកាំភ្លើងមកភ្ជង់នឹងក្បាលនាយ ដោយយកជើងធាក់ចំកណ្តាលខ្នងប្រុសកំលោះឱ្យដួលទន់ឆ្អឹងជង្គង់ក្រាបក្បាលចុះ ខណៈនោះសម្រែកក្មេងល្អិតកាន់តែស្រែកឮខ្លាំងឡើងៗមិនអស់ចិត្ត ដ្បិតឃើញឪពុកត្រូវគេវាយទាត់ធាក់គម្រាមបាញ់បោះភ្ជង់ដូចជាសត្វធាតុលាន់សួរគ្រលួចគួរឱ្យសង្វេគចិត្ត។
     ឡានក៏បានបើកចេញទៅលឿនស្លេវឆ្ពោះទៅកាន់ពន្ធធានាគារ ដែលធ្វើឱ្យចិត្តមនុស្សចាស់ជាឪពុកម្តាយទាំងពីរនាក់ ឈឺរកពាក្យអ្វីមកប្រៀបធៀបពុំបាន ហើយក៏បានត្រឹមតែឈរស្ងៀមៗសម្រក់ទឹកភ្នែកហូរស្រោចថ្ពាល់រហាម ព្រោះអាណិតស្រណោះអាល័យដល់វាសនាកូនប្រុសខ្លាំងពេក។ លោកស្រី ហេវ៉ុន ព័ទ្ធជើងទន់ដួលលុតជង្គង់ក្រឹប លើកដៃទាំងគូក្តាប់មកគក់វាយដើមទ្រូងខ្លួនឯងដែលឈឺគ្មានអ្វីប្រៀបស្មើបាន ថែមទាំងស្រែកយំទ្រហោអស់ពីខ្លួនជាម្តាយដែលស្រលាញ់កូនអស់ពីចិត្តនិងមិនមានក្តីស្រលាញ់មួយណាអាចធៀបស្មើនិងការស្រលាញ់របស់គាត់ដែលមានចំពោះកូនទាំងអស់នោះទេ។
     «ជុងហ្គុក កូនម្តាយ..ម្តាយសូមទោស កូនអើយកូន!!» ស្លុតចិត្តពេកគាត់អស់កម្លាំងល្ហិតល្ហៃគ្មានសល់ពីខ្លួន ទាំងទួញស្រែកយំទ្រហោបន្លឺសូរគ្រលួច ទឹកមុខរបស់គាត់ក្រៀមក្រំស្រពាប់ស្រពោន គ្មានសូម្បីតែអារម្មណ៍ចង់ដង្ហើមបន្តទៀតឡើយ។
    
     រដូវកាលទីមួយបានបញ្ចប់
     ជួបគ្នានៅរដូវកាលទី២ ( សំណងស្នេហ៍វិលត្រលប់ )
   
  





















You've reached the end of published parts.

⏰ Last updated: Jun 04, 2023 ⏰

Add this story to your Library to get notified about new parts!

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now