ភាគ០៦÷ជីវិតធ្លាក់ដល់ចំណុចសូន្យ

3.6K 198 2
                                        

       «ដោះលែងគេ!» ពួកវាស្រាប់តែឈរធ្មឹង កាលបើឃើញថាវត្តមាន ជុងហ្គុក ស្រាប់តែឈរនៅទីនេះ ហើយបានប្រដាប់ទៅដោយកាំភ្លើងខ្លីជាប់ដៃលើកឡើងភ្ជង់ក្បាលពួកវាបន្ថែមទៀត។
       «ចន ជុងហ្គុក!!» មីនយ៉ុក សំដែងការភ្ញាក់ផ្អើល ដោយឃើញថាការស្លាប់កំពុងចង្អុលចំផ្ទៃមុខរបស់ខ្លួន បើសិនជាគេហ៊ានតែជំទាស់បន្តទៀត ជីវិតមួយនេះច្បាស់ជារលត់សូន្យឈឹងទៅជាក់ជាមិនខានឡើយ។
       «យើងរាប់ពីមួយដល់បី!» តាមរយៈកែវភ្នែកដ៏មុតស្រួច បានធ្វើឱ្យពួកវាយល់ព្រមចុះញ៉មឥតជំទាស់ចិត្ត ហើយព្រមប្រគល់ដោះលែង ថេយ៉ុង ឱ្យមក ជុងហ្គុក ក្នុងពេលដ៏ខ្លីភ្លាមៗ។
       «ហ៊ឹកៗ..លោក!!» ថេយ៉ុង ស្ទុះរត់វឹងទៅឱបចង្កេះរឹងមាំហាប់ណែនស្រែកយំទាំងទឹកភ្នែកហូរជោកថ្ពាល់រហាម នៅក្បែរគេធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ ទោះបីពេលខ្លះគេនិយាយស្តីអាក្រក់ស្តាប់មិនសូវពីរោះ ប៉ុន្តែ ជុងហ្គុក ក៏មានចំណុចពិសេស លួចគិតបារម្ភពីសុខទុក្ខរបស់ ថេយ៉ុង គ្រប់ពេលដែរ។
       «ចេញឱ្យអស់ទៅ!» ប្រុសកំលោះហាស្តីព្រមទាំងសង្កៀតធ្មេញយ៉ាងខ្លាំង តាមសម្តីដ៏មុតស្រួច បានធ្វើឱ្យពួកវាយល់ព្រមបកក្បាលរត់ភៀសខ្លួនចេញយ៉ាងប្រញាប់ប្រញាល់។
       ឡានទំនើបមួយគ្រឿងនោះក៏បានបរចាកចេញទៅពីទីនេះរហូតដល់បាត់ស្រមោលឈឹង អ្នកទាំងពីរបែរជាឈរធ្មឹងក្នុងសភាពស្ងប់ស្ងាត់ ស្ថិតក្នុងបរិយាកាសទាំងនេះ។
       «ពួកគេធ្វើស្អីឯង?» ជុងហ្គុក រហ័សចាប់ក្តោបស្មាតូចស្រឡូន ចោទសំណួរទៅកាន់រាងតូចភ្លាមៗមិនរង់ចាំយូរ។
       «ពួកគេវាយខ្ញុំ!» ថេយ៉ុង ឆ្លើយទាំងរអាក់រអួលសំឡេង ទឹកភ្នែកហូរជោកថ្ពាល់មិនព្រមឈប់សោះ អារម្មណ៍របស់គេពេលនេះភ័យខ្លាច ហើយមានចិត្តរន្ធត់តក់ស្លុតចំពោះបញ្ហាដែលកើតឡើង ចំពោះខ្លួនមិនព្រមរលាយបាត់នោះឡើយ។
       ជុងហ្គុក ស្ងាត់មិនមាត់ក ប្រញាប់ដើរចូលទៅអង្គុយខាងក្នុងឡាន រួចដៀងក្រសែភ្នែកសម្លឹងមើលទៅកាន់អ្នកដែលឈររារែកខាងក្រៅឡានតាមដោយទឹកមុខមូវមិនតិចនោះដែរ។
       «នៅឈរដល់ណាទៀត ម្តេចមិនព្រមឡើងឡានមក?»
       «បាទ!!» ស្របពេលកំពុងអង្គុយនៅខាងក្នុងឡាន ថេយ៉ុង លួចសម្លឹងមើលមុខអ្នកកំលោះខាងណោះរហូតមិនដាច់ពីក្រសែភ្នែកមិនព្រមឈប់ដដែល។
       ជុងហ្គុក គិតតែពីបើកឡានបរមកបញ្ឈប់នៅខាងមុខ Pharmacy មួយកន្លែងទើបដើរសំដៅចូលទៅខាងក្នុង បន្តិចក្រោយមកទើបចាកចេញមកវិញដោយក្នុងដៃមានកាន់កញ្ចប់ថ្នាំមកជាមួយគ្នាផងដែរ។
       ក្រឹក!!
       «ដើម្បីតបស្នងរឿងដែលលោកព្រមជួយខ្ញុំ ខ្ញុំ..» ថេយ៉ុង បម្រុងដកលុយចេញពីហោប៉ាវ។
       «ដោះអាវទៅ!» ជុងហ្គុក និយាយស្កាត់ហើយផ្តោតខ្សែភ្នែកសម្លឹងមើលមុខកំលោះតូចយ៉ាងមុតមាំ។
       «ហាស?» បបូរមាត់ពណ៌ផ្កាឈូកស្តើងស្រាប់តែចំហឡើងធ្លុង។
       «យើងមើលរបួស!» នៅពេលដែលបានឮបែបនេះរាងតូចក៏អស់មន្ទិលសង្ស័យហើយយល់ព្រមលាត់ស៊យអាវដោះឡើងបង្ហាញស្នាមជាំនៅលើខ្លួនតាមដោយទឹកមុខខ្មាស់អៀន។
       «ឈឺទេ?»
       «បាទឈឺ!»
       ជុងហ្គុក ដកកំប៉ុងថ្នាំចេញមកខាងក្រៅ យកទៅលាបលើក្បាលពោះរាបស្មើហើយឈ្លីអង្អែលសើរៗរហូតដល់ពេលបញ្ចប់ ទើបប្រាប់ឱ្យ ថេយ៉ុង ពាក់អាវឡើងវិញ បន្ទាប់មកនាយក៏ផ្តោតខ្សែភ្នែកបែរទៅរកផ្លូវដើម្បីបើកបញ្ជាឡានចាកចេញពីតំបន់នេះ។
      
       ផ្ទះជួលដដែល..
      
       «ម៉ែ..ម៉ែខ្ញុំមកវិញហើយ..ម៉ែនៅផ្ទះទេ?» ថេយ៉ុង ដើរចូលទៅក្នុងផ្ទះស្រែកហៅម្តាយ ហៅហើយ ហៅទៀត ហៅទាល់តែទឹកមុខរបស់គេចាប់ផ្តើមប្រែប្រួលកាន់តែខ្លាំង។
       «ម៉ែ..ខ្ញុំមកផ្ទះវិញហើយ ម៉ែនៅឯណា? ម៉ែ?» ម្តងនេះគេស្រែកឮៗជាងមុន ស្រែកទាល់តែដង្ហើមដកញាប់លឿនរដឹករកថាមិនត្រូវ ទើបត្រូវដើរចូលទៅខាងក្នុងផ្ទះ ខណៈអ្នកកំលោះខាងណោះកំពុងឈរសម្លឹងមើលមកពីខាងក្រោយយ៉ាងស្ងៀមស្ងាត់។
       «ម៉ែ..ម៉ែហ្អា..ម៉ែ!!!!!» រាងតូចភ្ញាក់ស្រែកអស់មួយទំហឹងសំឡេង រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនិងឈឺចាប់ខ្លាំងបំផុតបានរំលេចឡើងក្នុងកែវភ្នែករបស់ខ្លួនពោពេញទៅដោយក្តីទុក្ខសោកសង្រេងយ៉ាងអាសូរ។
       «ម៉ែ..ម៉ែកើតអីហ្អាម៉ែ?» ថេយ៉ុង យំសស្រិកសស្រាក់ស្ទុះចូលទៅចាប់អង្រួនខ្លួនប្រាណម្តាយ ដែលស្លាប់ក្នុងថ្លុកឈាមគួរឱ្យអណោចអធម៌ សាកសពរបស់គាត់មានសភាពសើមជោកនិងគ្របដណ្តប់ទៅដោយដំណក់ឈាមដាបដាល ក្បាលរបស់គាត់បោកទង្គិចទៅនឹងចែងអាងក្នុងបន្ទប់ទឹករហូតដល់ប្រេះបែក ខណៈអ្នកដែលរាងកាយមានជាប់ស្នាមជាំដូចជាស្នាមវាយតំជ្រាំធាក់ ដែលសភាពសាកសពទើបតែកើតឡើងកាលពីថ្មីៗនេះឯង។
       «មានរឿងអី?» ជុងហ្គុក ស្ទុះរត់ចូលមក ខណៈ ថេយ៉ុង ក៏មិនបាននិយាយអ្វីដែរ គេគិតថាពីស្រែកទ្រហោយំឱបសពម្តាយទាំងសំឡេងស្រែកទួញសោកសៅយ៉ាងគ្រលួច។
       «អត់ពីម៉ែទៅ ខ្ញុំត្រូវទៅរំពឹងអ្នកណាទៀត..ម៉ែ..ហ៊ឹកៗម៉ែ ខ្ញុំគ្មានលទ្ធភាពមើលថែម៉ែ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់..អ្នកណា? ហេតុអីធ្វើបាបម្តាយខ្ញុំ..ហ៊ឹកៗម្តាយខ្ញុំខុសអី្វទៅ!» គេមកយឺតពេលប៉ុន្មានជំហ៊ាន មកយឺតតែបន្តិចសោះ ជីវិតម្តាយជាទីស្រលាញ់របស់ខ្លួន ស្រាប់តែរលត់ត្រឹមរយៈពេលដ៏ខ្លី គេពិតជាសោកស្តាយ ហើយសែនអាណិតចំពោះអ្នកម្តាយដែលត្រូវបានគេវាយធ្វើបាបរហូតដល់ដាច់ខ្យល់ស្លាប់។
       «ខ្ញុំមិនចង់រស់ទៀតទេ..ខ្ញុំឈឺចាប់ខ្លាំងណាស់ ម៉ែ!!» ថេយ៉ុង នៅតែស្រែកអង្រួនខ្លួនម្តាយដោយសេចក្តីមិនដាច់អាល័យ ទឹកភ្នែកហូរស្ទើរតែក្លាយទៅជាឈាម មានអារម្មណ៍ថាជីវិតរបស់ខ្លួន កំពុងតែធ្លាក់ដល់ចំណុចសូន្យយ៉ាងដូច្នេះ កាលបើនៅមានម្តាយ គាត់ជាអ្នកមើលថែគេបានយ៉ាងល្អ រឿងបាយទឹក អាហារនំនេក ចំណីចំណុក សម្លៀកបំពាក់ សព្វសារពើ ប្រឹងប្រែងរកស៊ីចិញ្ចឹមកូន ទ្រាំហត់ ស៊ូនឿយណាយ កាត់ថ្ងៃ ហាលភ្លៀង ហាលខ្យល់ រិះរកប្រាក់កាក់មកឱ្យកូន បានរៀន បានសូត្រ ចេះដឹងជ្រៅជ្រះ ខ្លាចកូនគ្មានអនាគត ខ្លាចកូនល្ងង់ កូនពិបាក ដូចជាគាត់ដែលរៀនបានតិច គ្មានការងារធ្វើ មានតែគំនិតតូចទាប មានតែកម្លាំង កំហែងដែលតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនតែមួយគ្រាប់នេះ ទោះត្រូវជាប់ឈ្មោះជាស្ត្រីមេម៉ាយក៏គាត់ ប្រឹងប្រែងរស់មកទល់និងសព្វថ្ងៃនេះ បើឱ្យគាត់ស្លាប់ទៅទាំងមិនអស់ចិត្ត ស្លាប់ទៅទាំងមិនទាន់បានឃើញកូនប្រុសជាទីស្រលាញ់តែម្នាក់គត់ ជោគជ័យផងនោះ វាអយុត្តិធម៌ខ្លាំងពេកហើយ។
       «ហ៊ឹកៗ..ម៉ែ..ម៉ែជាអ្វីៗគ្រប់យ៉ាងសម្រាប់កូន បើគ្មានម៉ែឱ្យកូនរស់នៅបែបណាទៅ ហ៊ឹកៗម៉ែ..»
       «ឯងស្ងប់អារម្មណ៍សិនទៅ!» ជុងហ្គុក ស្ទុះទៅចាប់ខ្លួនប្រាណអ្នកដែលស្រែកយំទន់អស់ជើងដៃមកឱបក្រសោប ខណៈ ថេយ៉ុង ក៏ផ្អែកក្បែរដើមទ្រូងនាយទាំងសភាពក្រៀមក្រំនិងគ្មានសូម្បីតែកម្លាំងកំហែង ទឹកភ្នែកហូរលែងដឹងខ្លួន សូម្បីតែដង្ហើមក៏លែងចង់ដកដើម្បីរស់នៅបន្តទៀតដែរ។
       «ហ៊ឹកៗ..ហ៊ឺៗ!!»
       «រង់ចាំឱ្យប៉ូលិសមកធ្វើកោសល្យវិច័យសិន ចាំដោះស្រាយបញ្ហាតាមក្រោយទៀត!» ថេយ៉ុង ប្រឹងលេបដង្ហើម ស្រក់ទឹកភ្នែកម៉ាត់ៗ ស្ទុះស្ទាទៅឱបក្រសោបសពម្តាយជាប់ រហូតដល់ពេលប៉ូលិសមកដល់ ចាត់ចែងរឿងស៊ើបអង្កេតតាមតួនាទី។
    
       «ពួកយើងបានរកឃើញថាសពជនរង់គ្រោះ មានជាប់ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់អំពើហិង្សា ទៅលើរាងកាយ លើក្បាល ដងខ្លួន និងស្នាមម្រាមដៃដូចជាច្របាច់ក បន្ទាប់មកទើបរុញបំបុកទៅនឹងចែងអាវទឹក នាំឱ្យមានសភាពបែកប្រេះស្រាំលលាដ៏ក្បាលខាងក្រោយយ៉ាងតំណំ ចំពោះរឿងរ៉ាងបន្ទាប់ ពួកខ្ញុំនិងបើកការស៊ើបអង្កេតចាប់ពីក្នុងយប់នេះទៅ!»
       ប៉ូលិសអះអាងរឿងរ៉ាវដែលបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅកាន់អ្នកទាំងពីរ ពុំឱ្យខ្វះចន្លោះប្រហោងណានោះឡើយ នៅពេលដែលបានដឹងហើយ វាកាន់តែទទួលយកមិនបានតទៅទៀត ពីព្រោះមូលហេតុនៃការស្លាប់របស់ម្តាយ ថេយ៉ុង វាពិតជាគួរឱ្យឈឺចាប់ខ្លាំងណាស់។
       «អរគុណច្រើនណាស់លោកប៉ូលិស យ៉ាងណាក៏សូមឱ្យរឿងរ៉ាវទាំងអស់នេះ ស្ថិតក្នុងភារកិច្ចដ៏សំខាន់ កុំឱ្យអូសរំលងឱ្យសោះ បើទោះបីជាជនដៃដល់ ស្ថិតក្នុងគ្រួសារ មានឋានៈធំដុំប៉ុណ្ណានោះឡើយ!»
       សម្តីរបស់ ជុងហ្គុក តែងតែមានឥទ្ធិពល បើទោះបីជាគេមិនធ្លាប់បានបង្ហាញពីការខ្នះខ្នែងយ៉ាងនេះចំពោះ ថេយ៉ុង ក៏ដោយ ប៉ុន្តែសារដែលគេបានផ្តាំផ្ញើវាពិតជាមានន័យណាស់ ហើយពោពេញទៅដោយភាពកក់ក្តៅខ្លាំងបំផុត។
       ក្រឡេកទៅសម្លឹងមើល កំលោះតូចក្នុងទឹកមុខស្រពោន អង្គុយប្របក្បែរសាកសពម្តាយព្យាយាមចាប់យកកន្សែងមកជូតសម្អាតមុខមាត់ដែលប្រឡាក់ទៅដោយដំណក់ឈាមក្រហមសើរៗ មើលត្រឹមខ្សែភ្នែកក៏ដឹងថាគេស្រលាញ់ហើយដឹងគុណចំពោះស្ត្រីដែលមានឈ្មោះជាម្តាយខ្លាំងប៉ុណ្ណានោះដែរ។
       «ទៅឱ្យបានសុខណាម៉ែ កូនស្រលាញ់ម៉ែខ្លាំងណាស់!» ថេយ៉ុង ផ្តេកក្បាលកើយលើផ្ទៃមុខរបស់ម្តាយ ឱ្យតែធ្មេចភ្នែក ទឹកភ្នែកដឹងតែពីហូរស្ទើរខ្សោះអស់ពីខ្លួនយ៉ាងរហេមរហាមគួរឱ្យអាណិតសង្វេគចិត្តខ្លាំងណាស់។
       «លោក!» រាងតូចពោលឡើង ស្ទុះក្រោកដើរចូលទៅចាប់ប្រអប់ដៃរាងក្រាស់កាន់អង្រួនយកៗ។
       «យ៉ាងម៉េច?» ជុងហ្គុក បែរមុខមកប្រឈមឆ្លើយតបទៅនឹងសម្តីកំលោះតូច។
       «ម្តាយរបស់ខ្ញុំស្លាប់ហើយ សូមលោកជួយខ្ញុំធ្វើបុណ្យសពឱ្យគាត់រហូតដល់ពេលបញ្ចប់រួចរាល់ហើយបានទេ?»
       «.....» នាយស្រាប់តែស្ងាត់មាត់ច្រៀបហើយសម្លឹងមើលចំកែវភ្នែកដ៏សោកសៅបំផុតមួយគូនោះ។
       «សូមអង្វរណា ខ្ញុំគ្មានទីពឹងទៀតទេ លោកចង់ឱ្យខ្ញុំធ្វើអ្វីក៏បានដែរ!»
       ថេយ៉ុង កាន់រលាក់ប្រអប់ដៃ ជុងហ្គុក ព្រមទាំងកម្សួលឆួលធ្វើឱ្យដំណក់ទឹកភ្នែកហូរបុកចេញមក កាន់តែខ្លាំងទៅៗ។
       «ឯងជាអ្នកនិយាយខ្លួនឯង បើថ្ងៃក្រោយទៅមានរឿងអ្វី កើតឡើងកុំបន្ទោសថាយើងអាក្រក់ឱ្យសោះ!» ជុងហ្គុក យល់ព្រមទទួលយកសំណើរ ហើយ អ្នកខាងណោះក៏បានត្រឹមតែងក់ក្បាលមិនហ៊ានជំទាស់ចំពោះបំណងរបស់នាយនោះដែរ។
      
       ថ្ងៃស្អែក
       ពិធីបុណ្យសពទើបតែប្រារព្ធធ្វើឡើង ក្នុងវិហារដ៏ចំណាស់មួយ ដែលមានអ្នកចូលរួមត្រឹមតែជាសាច់ញាតិបន្តិចបន្តួចនិងមិត្តរួមថ្នាក់ ដែលមានភាពស្និទ្ធស្នាលចំពោះ ថេយ៉ុង តែប៉ុណ្ណោះ។
       នៅខាងក្នុងពិធី មានភាពស្ងប់ស្ងាត់ច្រងំ ម្នាក់ៗព្យាយាមកាន់ទុក្ខនិងដាក់បាច់ផ្កាជាច្រើនទៅតាមកន្លែងនីមួយៗ។
       ថេយ៉ុង យំមិនព្រមឈប់ យំស្ទើរសន្លប់ បេះដូងឈឺចុករហែកខ្ទេចខ្ទី ម្តាយរបស់គេចាកចេញទៅបាត់រហូតហើយ គ្មានថ្ងៃវិលត្រលប់មកវិញនោះឡើយ។ ការចាកចេញមួយនេះបានបង្កប់នូវទុក្ខសោកសៅដ៏ធំធេង ព្រមទាំងការឈឺចាប់និងវិប្បដិសារីដ៏ជូរចត់ដែលមិនអាចកែប្រែអ្វីមកជំនួសវិញបានឡើយ។ ស្ត្រីដែលមានឈ្មោះជាម្តាយ តែងប្រាប់គេឱ្យរឹងមាំជានិច្ច បើទោះបីជាជីវិតរបស់គាត់បានលិចលង់ទៅតាមថ្ងៃលិច ត្រូវតែរ៉ឹងប៉ឹងហើយថែរក្សាខ្លួនឯងឱ្យបានល្អទៅរហូតនោះដែរ។
       «អរគុណម៉ែ រយៈពេល ២០ ឆ្នាំមកនេះ ម៉ែធ្វើដើម្បីខ្ញុំបានច្រើនខ្លាំងណាស់!» ថេយ៉ុង បង្ហាញខ្សែ-ក បន្តោងរូបផ្កាឡើង សម្លឹងមើលទាំងទ្រូងចុកអួលពិបាកបរិយាយ ពេលវេលាដើរលឿនខ្លាំងណាស់ សូម្បីតែរឿងដែលមិនគួរកើត ក៏អាចកើតឡើងមកបានដែរ វាស្ទើរតែមិនគួរឱ្យជឿនោះទេ។
       «ថេយ៉ុង ហ្អា!!»
       «ស៊ូយ៉ុន!!!»
       «ញាំអ្វីខ្លះទៅ ខ្ញុំឃើញឯងស្ងប់ស្ងាត់ជាងមួយព្រឹកហើយ បើមិនព្រមញាំអ្វីសោះបែបនេះ ប្រយ័ត្នឈឺក្រពះ!» នាងនិយាយហើយថែមទាំងបានហុចប្រអប់បាយទៅឱ្យ ថេយ៉ុង បន្ថែមដែរ។
       «ខ្ញុំលេបអ្វីមិនចូលទេ!» ថេយ៉ុង គ្រវីក្បាលញាប់ស្អេក ញាំអ្វីបាន បើពេលនេះទុក្ខម្តាយគេស្លាប់គឺទុក្ខប៉ុនភ្នំទៅហើយនោះ។
       «ឯងអាចនិងឈឺបាន ថ្ងៃស្អែកត្រូវទៅរៀនទៀតណា!»
       «ខ្ញុំឈប់រៀនហើយ!» ស៊ូយ៉ុន សំដែងទឹកមុខភ្ញាក់ផ្អើល ឈប់រៀនបានដោយរបៀបណា ម្តាយរបស់គេខិតខំប្រឹងប្រែងណាស់ ដើម្បីឱ្យគេបានរៀនចប់កម្រិតថ្នាក់នៅឯមហាវិទ្យាល័យ ហេតុអ្វីគេសម្រេចចិត្តឈប់ភ្លាមៗទាំងដែលដឹងហើយថាបំណងម្តាយរបស់គាត់ គឺចង់ឱ្យគេរៀនបានចប់ចុងចប់ដើមដូចក្តីស្រម៉ៃដែលគាត់បានរំពឹងទុក។
       «ថាម៉េច? ឈប់រៀនអ្ហេស?»
       «ខ្ញុំគ្មានលទ្ធភាពរៀនទៀតទេ ស៊ូយ៉ុន ម្តាយរបស់ខ្ញុំស្លាប់ហើយ ខ្ញុំគ្មានកម្លាំងចិត្តរៀនបន្តទេ ហ៊ឹកៗ ខ្ញុំគ្មានក្តីសង្ឃឹមទៀតទេ ស៊ូយ៉ុន!!»
       «តែ..តែម៉ាក់របស់ថេយ៍ មិនចង់ឱ្យថេយ៍ឈប់រៀនទេ ថេយ៍ មិនយល់ពីបំណងរបស់គាត់សោះតើមែនទេ? ត្រូវគិតឱ្យបានច្បាស់លាស់ណា៎ ថាការសិក្សារបស់ថេយ៍សម្រាប់គាត់គឺសំខាន់ខ្លាំងណាស់!»
       «តែបើគាត់មិននៅផង ឱ្យវាសំខាន់យ៉ាងម៉េចទៀតទៅ ស៊ូយ៉ុន ហ៊ឹកៗ!!» ឱ្យតែរំឭកដល់ឈ្មោះម្តាយ ធ្វើឱ្យគេជូរចត់ក្នុងចិត្តណាស់ ម្តាយមានតែម្នាក់ ពរពោះចិញ្ចឹមគេឱ្យធំយ៉ាងពិបាក ហេតុអ្វីមានអារម្មណ៍ថាខ្លួនឯងចោលម្សៀតខ្លាំង មិនអាចមើលថែគាត់ឱ្យរស់ស្រួលក្នុងជីវិតមួយដែលគាត់ចង់បានសោះអ៊ីចឹង?។
       «ប៉ុន្តែពួកខ្ញុំសោកស្តាយចំពោះថេយ៍ខ្លាំងណាស់ នៅសល់តែប៉ុន្មានឆ្នាំទៀតសោះ រៀនចប់ហើយ តស៊ូទៅណា ថេយ៍!!»
       «មែនហើយៗ កុំបោះបង់វាចោលអី!!» ថេយ៉ុង សម្លឹងមើលមុខមិត្តគ្រប់គ្នា ក្នុងខ្សែភ្នែកពិបាកចិត្ត គេគិតអីមិនចេញឡើយ សូម្បីតែពេលនេះ ត្រូវចាប់ផ្តើមជីវិតថ្មីពីត្រង់ណាទៅមុនក៏មិនអាចគិតឃើញនោះដែរ។
       «ខ្ញុំមិនដឹងទេ ខ្ញុំសុំពេលធ្វើចិត្ត រៀបចំពិធីបុណ្យសពម្តាយខ្ញុំឱ្យរួចរាល់សិន!!» កំលោះតូចលើកខ្នងដៃជូតទឹកភ្នែក ឱនសម្លឹងមើលរូបថតម្តាយ គេពិតជានឹកគាត់ខ្លាំងណាស់ ទៅបាត់លើកនេះ គឺទៅបាត់រហូតលែងវិលត្រលប់មកវិញហើយ។
      
       បន្ទាប់ពីបានបញ្ចប់ពិធីបុណ្យសពរួចរាល់មកហើយ ថេយ៉ុង បានវិលត្រលប់មកសម្រាកនៅឯផ្ទះជួលរបស់ខ្លួនវិញ ក្នុងទឹកមុខដ៏សោកស្តាយហើយនឹកនាអ្នកម្តាយជាទីស្រលាញ់យ៉ាងខ្លាំងរកថាមិនត្រូវឡើយ។
       គេតែងតែសម្លឹងទៅមើលតុបាយដែលតែងតែញាំបាយរួមគ្នាជាមួយគាត់ សម្លឹងមើលឃើញពូកខ្នើយ ដែលធ្លាប់តែកើយពីរនាក់ម្តាយនិងកូន សម្លឹងទៅឃើញចានឆ្នាំង ធ្លាប់ជួយម៉ែធ្វើនំលក់ នឹកសព្វគ្រប់បែបយ៉ាង នឹកជីវិតដ៏កក់ក្តៅកាលពីមុនខ្លាំងណាស់ ទោះបីជាពេលនោះខ្វះខាតប្រាក់កាក់ មិនសូវមានអ្វីញាំគ្រប់គ្រាន់ ប៉ុន្តែនៅពេលមានម្តាយនៅជិត អាហារគ្រប់ម៉ាត់តែងតែឆ្ងាញ់សម្រាប់គេជានិច្ច។
       «ខ្ញុំនឹកម៉ែ..ម៉ែខ្ញុំនឹកម៉ែណាស់..ខ្ញុំចង់ឱ្យម៉ែច្រៀងឱ្យខ្ញុំស្តាប់ ខ្ញុំចង់ឮសំឡេងម៉ែ ខ្ញុំចង់ឱបម៉ែខ្លាំងណាស់ ពេលនេះខ្ញុំគេងមិនលក់ទេ ខ្ញុំញាំអ្វីមិនចូលទេម៉ែ អ្នកណាធ្វើបាបម្តាយខ្ញុំ ហ៊ឹកៗ..អ្នកណា..» ថេយ៉ុង ឱបកាយផ្តួលខ្លួនដេកលើពូក ស្រវាទាញរូបថតម្តាយមកសម្លឹងមើល ស្នាមញញិមរបស់គាត់ ធ្វើឱ្យគេមានក្តីសង្ឃឹម មានការតាំងចិត្ត ប៉ុន្តែពេលនេះគេលែងបានឃើញគាត់ញញិមនៅចំពោះផ្ទៃមុខទៀតហើយ សំឡេងក៏លែងបានឮដែរ គឺបានត្រឹមតែសម្លឹងមើលឃើញតាមរយៈរូបថត ហើយស្ងប់ស្ងាត់ទៅវិញជ្រងុំជារៀងរហូត។




















      

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now