ស្នេហ៍ប្រែចក្រក្រវាឡ

Start from the beginning
                                        

« មកពីពួកវាធ្វើបាបអូនពេក។ អូនដឹងទេ បងមិនអាចទ្រាំបានទេ នៅពេលដែលឃើញពួកវាធ្វើបាបអូនដូច្នេះ!»

ផែនដីជាប្រពន្ធ ឮហើយស្ទើរខ្ទេចអស់ថ្លើមប្រមាត់។

« ទោះខឹងកូនយ៉ាងណាក៏ដោយ ក៏វានៅតែជាកូនយើង... ហេតុអីក៏បងដាច់ចិត្តប្រហារកូនដោយគ្មានក្ដីអាសូរបែបនេះ? ជាឪពុករបៀបម៉េចហ្នឹង? »

« ចុះពួកវាមានអាសូរដល់អូនដែរឬទេ? ជាពិសេស គឺអាកូនពៅហ្នឹងតែម្ដង! អូនស្ទើរតែស្លាប់ដោយសារតែពួកវាហើយណា៎... ដឹងទេ? »

« ហើយចុះបងវិញនោះ មានអាសូរដល់ខ្ញុំដែរឬអត់? បងសម្លាប់កូនខ្ញុំ គឺស្មើនឹងបងសម្លាប់ខ្ញុំដែរ! អ្នកដែលសម្លាប់ខ្ញុំពិតប្រាកដ គឺបង! »

ព្រះអាទិត្យកប់យោបល់ និយាយលែងចេញ... មានអារម្មណ៍ថា ពាក្យដែលប្រពន្ធខ្លួននិយាយចាក់ដោតខ្លាំង។ យ៉ាងណាក៏ដោយ ព្រះអាទិត្យនៅតែចចេសរឹងរូស និងចោទប្រកាន់ថា មនុស្សគឺជាអ្នកដែលមានកំហុសពិតប្រាកដ។

« មិនខុសអីពីអាមនុស្សទេ... សន្ដានរបស់វា គឺលោភលន់! បងក៏អញ្ចឹងដែរ... សន្ដានបង គឺបងមិនអាចឈប់ខឹងបានទេ! ណ្ហើយចុះ... យើងឈប់ធ្វើជាប្ដីប្រពន្ធនឹងគ្នាតទៅទៀតទៅ! យើងបែកគ្នាត្រឹមនេះចុះ!»

សេចក្ដីស្នេហាដ៏យូរអង្វែងមួយអស់រយៈកាលរាប់កោដិមាយល៍ឆ្នាំ បែរជាត្រូវរលាយបាត់ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដោយបន្សល់ទុកត្រឹមតែការឈឺចាប់ដែលគ្មានអ្វីអាចវាស់បានសម្រាប់ភពផែនដី។ ព្រះអាទិត្យលែងមានមនោសញ្ចេតនាចំពោះផែនដីតទៅទៀតហើយ។ ព្រះអាទិត្យក៏វិលត្រឡប់ទៅជាអ្វីដែលជាសន្ដានពិតរបស់ខ្លួនដូចកាលពីមុនវិញ។

ផែនដីយំរហូតទាល់តែខ្សោះទឹកភ្នែកអស់ពីខ្លួន... កូនក៏ស្លាប់អស់ ប្ដីក៏លែងស្រលាញ់ដូចមុនទៀត... ក្រោមឥទ្ធិពលនៃភ្លើងកំហឹងឆាបឆួលដោយគ្មានធម៌មេត្តារបស់អតីតស្វាមី ផែនដីក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួន ដោយបំផ្ទុះខ្លួនឯងឮសូរតែ "ក្ឌាំង!"... នេះហើយចិត្តម្ដាយដែលសុខចិត្តលាក្ស័យទៅតាមបុត្រភ្ងារបស់ខ្លួន។

ទីបំផុត សាច់រឿងដ៏គួរឲ្យសង្វេគនេះត្រូវបានចែកចាយតៗគ្នានៅលើសរសរមេឌៀសង្គមដ៏ល្បីមួយក្នុងប្រទេសចិន។ ម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

រឿង: ស្នេហ៍ប្រែចក្រក្រវាឡ (វគ្គ2)Where stories live. Discover now