«ទៅបន្ទប់លោកប៉ាជាមួយបងបន្តិចបានទេ?»
«???»ថេយ៉ុង មិនទាន់ឆ្លើយតប តែក៏សម្លឹងក្នុងកែវភ្នែកដែលពោរពេញដោយភាពភ័យព្រួយរបស់ ជីមីន ទោះគេមិនដឹងថាបងប្រុសមានរឿងអ្វី ឬកំពុងតែជួបបញ្ហាអ្វី ប្អូនប្រុសម្នាក់នេះក៏អត់មិនបាននិងសួរនាំឡើងភ្លាម៖
«ទៅបន្ទប់លោកប៉ាមែនទេ?តែបងកំពុងតែព្រួយបារម្ភរឿងអ្វីទៅ?»នាយតូច ព្យាយាមសួរដោយស្នាមញញឹមជាប់បបូរមាត់ជានិច្ច ពេលសម្លឹងឃើញទឹកមុខបងប្រុសហាក់ដូចមិនសូវល្អ ទឹកមុខបញ្ជាក់យ៉ាងច្បាស់ ថាគេមានអ្វីមួយដែលព្យាយាមលាក់បាំងគ្រប់គ្នា។
«គ្រាន់តែទៅជាមួយបង...»ជីមីន ពោលទាំងអួលដើម.ក ធ្វើឲ្យនាយតូចលឺហើយក៏ប្រញាប់យល់ព្រមតាមសម្តី៖
«បាន ខ្ញុំនឹងទៅជាមួយបង»ចម្លើយនេះ ធ្វើឲ្យ ជីមីន ដេហ្វឺរៀរ៍ មានស្នាមញញឹមឡើងវិញ ក្រោយមកគេក៏ចាប់អូសដៃកំលោះតូចបណ្តើរគ្នាទៅចុះទៅជាន់ផ្ទាល់ដីដើម្បីទៅជួបប៉ានិងម៉ាក់។
អ្នកទាំងពីរចុះដល់កាំជណ្តើរមិនបានប៉ុន្មានកាំក៏ ត្រូវទច់ដំណើរឈប់ភ្លាមៗ ស្របពេលសំឡេងកាចបានបន្លឺឡើងមក៖
«កូនមីន ម៉ាក់បានប្រាប់កូនហើយមែនទេថា...?»
«ខ្ញុំកំពុងតែចុះទៅហើយតើម៉ាក់»
«ម៉ាក់ឲ្យឯងទៅបន្ទប់លោកប៉ាតែម្នាក់ប៉ុណ្ណោះ យល់ទេ?»
«តែថេយ៉ុងក៏អាចទៅចូលរួមស្តាប់បានដែរតើម៉ាក់»ជីមីន កាន់ដៃប្អូនយ៉ាងស្អិត ប្រុងឈានចុះទៅ ធ្វើឲ្យម៉ាដាមមួម៉ៅក្នុងទ្រូងយ៉ាងខ្លាំង
«ជីមីន ដេហ្វឺរៀរ៍!!!»ម៉ាដាមសម្លុតហៅឈ្មោះកូនប្រុស ដែលរឹងរូសមិនស្តាប់បង្គាប់ រួចក៏ស្ទុះឡើងទៅកញ្ឆក់ដៃ ជីមីនមកកាន់ មុននឹងកែវភ្នែកដ៏មុតស្រួចរបស់គាត់រេរទៅសម្លក់ ថេយ៉ុង ដោយភាពនិន្ទា៖
«ទៅបន្ទប់វិញទៅ រឿងខ្លះឯងមិនចាំបាច់ដឹងក៏បាន»ម៉ាដាម គំហកឡើងយ៉ាងគ្រោតគ្រាត ខណៈនាយតូចបានតែឈរក្តាប់ដៃដែលញ័រទទ្រើក សម្លឹងមុខគាត់ដោយក្រសែភ្នែកឈឺចាប់ គេមិនតបសូម្បីតែមួយម៉ាត់ ហើយក៏កញ្ឆក់ខ្លួនដើរឡើងបន្ទប់វិញ បានតែពីរជំហ៊ាន ប្រយោគតិះដៀលក៏ហោះចូលត្រចៀក ឲ្យគេស្ទើតែទប់អារម្មណ៍មិនបាន៖
«ម៉ាក់ភ្លេចប្រាប់កូនថារឿងនេះទាក់ទងតែជាមួយកូនប្រុសម៉ាក់ប៉ុណ្ណោះ កូនមិនគួរនាំគេទៅទេ មនុស្សដូចជាគេ មានអ្វីដែលនាំរឿងល្អដល់គ្រួសារ?ក្រៅពីធ្វើឲ្យគ្រួសារស្អុយឈ្មោះ ដោយសារកូនឥតខាន់ស្លាម្នាក់នេះ?»
«ម៉ាក់???»
«ម៉ាក់គ្រាន់តែនិយាយតាមការពិតប៉ុណ្ណោះ»គាត់និយាយប្រាប់ ជីមីន ប៉ុន្តែខំប្រឹងតំឡើងសំឡេងឲ្យឮដល់អ្នកខាងលើ ទ្រាំស្តាប់លែងបាន ថេយ៉ុង ក៏បង្វែរមកតបតគាត់វិញទាំងខឹង ទាំងអាក់អន់ចិត្ត៖
«ខ្ញុំមិនដែលធ្វើអ្វីឲ្យអាប់ឱនដល់គ្រួសារទេ តែម៉ាក់ទៅវិញទេ ដែលជាអ្នកគិតដូចច្នោះមកលើខ្ញុំ»ចប់សម្តីភ្លាម កំលោះតូចក៏កញ្ឆក់ខ្លួនវឹងដើរទៅបន្ទប់បាត់ ទុកឲ្យម៉ាដាមឈរស្ងៀមបាត់សំឡេងឈឹង បៀមសម្តីទុកក្នុងចិត្ត រួចទាញកាយតូចរបស់ជីមីនកូនប្រុសរបស់គាត់ ទៅជួបជាមួយលោកប៉ាយ៉ាងលឿនឃាំងឃាត់មិនបាន។
...
ជីមីន ត្រូវបានម៉ាក់អូសដៃចូលបន្ទប់ភ្លាមៗ នៅចំពោះមុខវត្តមានលោកម្ចាស់ដេហ្វឺរៀរ៍ ដែលត្រូវជាលោកប៉ារបស់គេ។
កាយតូច ដាក់បង្គុយលើសាឡុង ដោយមានម៉ាក់អង្គុយកាន់ដៃរហូត ចំណែកលោកប៉ា អង្គុយលើរទេះរបស់គាត់ ព្រោះគាត់មានជម្ងឺប្រចាំកាយរាប់ឆ្នាំមកហើយ និងស្វិតជើងទាំងសងខាង មិនអាចធ្វើចលនាបានឡើយ។
«កូនមកហើយហ្អែស៎?ចុះឯងណាថេយ៉ុង?»គាត់ញញឹមស្រស់ដាក់កូនច្បង ហើយក៏សួររកថេយ៉ុងភ្លាម ខណៈនោះកំលោះតូច ជីមីន រៀបឆ្លើយទៅហើយ ស្រាប់តែម៉ាដាមចាសស្មីន ឆ្លើយមុន៖
«មុននេះឃើញដើរមកជាមួយកូនមីនដែរ តែសុខៗក៏ឡើងទៅបន្ទប់វិញ ប្រហែលជាគេមិនចង់ស្តាប់រឿងហ្នឹងទេលោកបង បណ្តោយតាមតែគេទៅ»
«ទៅហៅគេមក»លោកម្ចាស់ ដាក់បញ្ជាឡើង ធ្វើឲ្យភរិយាល្អឯករបស់គាត់មិនហ៊ានក្អកមួយម៉ាត់ ចំណែកជីមីនគ្រាន់តែលឺដូចច្នោះភ្លាម ក៏ស្ទុះក្រោកដើរចេញទៅរកប្អូនភ្លាមៗ មិនយូរប៉ុន្មានក៏ត្រឡប់មកវិញជាមួយនិង នាយតូច ដូចបំណង មានថេយ៉ុងនៅជាមួយ អាចធ្វើឲ្យគេកក់ក្តៅចិត្ត។
«លោកប៉ា» ថេយ៉ុង ឱនគំនាបគោរពលោកប៉ាជាទីស្រឡាញ់ ទាំងមុខស្ងប់ស្ងួត មុននឹងឈានទៅរកកន្លែងអង្គុយ ទើបលោកម្ចាស់ចាប់ផ្តើមបង្ហើបរឿងឡើងមក។
«មិនមែនជារឿងធំដុំអ្វីណាស់ណាទេ តែប៉ាគ្រាន់តែចង់ឲ្យកូនៗមកស្តាប់»
«អញ្ជើញមានប្រសាសន៍មកលោកប៉ា»ថេយ៉ុង បបួលគាត់ឲ្យនិយាយ លោកប៉ាសើចញញឹម មុននឹងងាកទៅសម្លឹងមុខកូនច្បង ជីមីន ដេហ្វឺរៀរ៍ ហើយស្រដីឡើង៖
«កាលពីម្សិលមិញ គ្រួសារអាន់ដឺសាន់បានជួបពិភាគ្សាជាមួយប៉ា ពីរឿងរៀបចំគូស្រកឲ្យកូន»សម្តីលោកប៉ា ធ្វើឲ្យកូនច្បងញោចកែវភ្នែកញ័រទទ្រើក ប៉ាធ្លាប់និយាយរឿងនេះម្តងហើយ តែត្រូវជីមីនបដិសេដ ហើយម្តងនេះ គេរឹតប្រកែកលើសដើមពេលឮបោះសម្តី៖
«សង្ឃឹមថាកូនមិនធ្វើឲ្យប៉ាខកចិត្តម្តងទៀតទៅចុះ»
«រឿងនេះទៀតហើយហ្អែស៎?»ជីមីន ស្ទុះក្រោកទាំងកម្រោល ហើយក្តាប់ដៃសម្លឹងមុខអ្នកម៉ាក់ដោយការមួម៉ៅ មិនសុខចិត្ត។
«កូនមីន...»អ្នកម៉ាក់គ្រហឹម ចង់ចាប់ដៃកូនឲ្យអង្គុយវិញ តែមនុស្សកំពុងតែជ្រួលច្របល់ ក៏រលាស់ដៃគាត់ចេញ ហើយស្បថឡើងយ៉ាងដាច់ខាត៖
«ខ្ញុំមិនរៀបការទេ ឈប់មកបង្ខំខ្ញុំទៀត»ចប់សម្តី កាយតូចកញ្ឆក់ខ្លួនដើរចេញយ៉ាងលឿន ឯម៉ាដាមចាស្មីនក៏ដើរហ័សតាមពីក្រោយ តែត្រូវទច់ដំណើរពេលលោកម្ចាស់គំហក៖
«បណ្តោយគេសិនទៅ ទោះយ៉ាងណា គេត្រូវតែរៀបការជាមួយត្រកូលអាន់ដឺសាន់ តាមពាក្យសន្យា»
ដេហ្វឺរៀរ៍ និង អាន់ដឺសាន់ សឹងតែជាគ្រួសារតែមួយទៅហើយ ព្រោះលោកចន និងគាត់ជាមិត្តស្លាប់រស់ ស្រឡាញ់គ្នាដូចបងប្អូនបង្កើត គាត់មិនទុកចិត្តលើអ្នកណា ក្រៅពីគ្រួសារអាន់ដឺសាន់ឡើយ ទោះដឹងថាត្រូវបង្ខំកូន តែក៏មិនចង់ឲ្យកូនលំបាក។
«ទុកឲ្យកូនទៅជួយលួងលោមគេ»ថេយ៉ុង ឃើញទឹកមុខលោកប៉ាមិនសូវល្អ ថេយ៉ុងក៏សុំអនុញ្ញាតចេញទៅរកជីមីន ឯអ្នកប៉ាក៏ងងក់ក្បាលតិចៗជំនួសការយល់ព្រម។
...
នៅមុខបន្ទប់
«បងប្រុស គឺខ្ញុំណា...បើកទ្វារឲ្យខ្ញុំបន្តិចបានទេ»កំលោះតូចដើរទៅគោះទ្វារបន្ទប់ជាច្រើនដង តែមិនទទួលបានការឆ្លើយតប ព្រោះ ជីមីន បានចាក់សោជិតឈឹង សម្ងំនៅក្នុងបន្ទប់មិនព្រមចេញមកទាល់តែសោះ ខណៈនោះស្រាប់តែ ម៉ាដាមចាសស្មីន ដើរសំដៅមកហើយក៏ស្រដីឡើង៖
«ទៅបន្ទប់ឯងវិញទៅ នៅឈរដល់ណាទៀត?»មកដល់ភ្លាម គាត់ក៏ដេញភ្លែត ថេយ៉ុង ក៏មិនមាត់ ហើយដើរចេញភ្លាមមិនចាំយូរ ចំណែកម៉ាដាម តាមសម្លក់សម្លឹងនាយតូចទាល់តែផុតកន្ទុយភ្នែក ទើបគាត់ដកសោចេញពីហោប៉ៅ មកចាក់បន្ទប់កូនប្រុស ហើយចូលទៅតែម្តង។
មិនដឹងថាមានរឿងអ្វីកើតឡើង ឬអ្នកម៉ាក់បញ្ចុះបញ្ចូលកូនយ៉ាងម៉េចខ្លះឡើយ មួយសន្ទុះធំក្រោយមក គាត់ក៏ដើរចេញពីបន្ទប់យ៉ាងព្រងើយ នៅសល់តែមាឌល្អិត អង្គុយធ្មឹងទាំងទឹកភ្នែកដាបពេញថ្ពាល់។
ថេយ៉ុង ក៏លបត្រឡប់មកម្តងទៀត ព្រោះចង់ដឹងសុខទុក្ខបងប្រុស គ្រាន់តែឃើញដូច្នោះ ជីមីន ក៏រត់មកឱបគេភ្លាមៗ ហើយយំយ៉ាងអណ្តឺតអណ្តក។
«ឯងត្រូវតែជួយនិយាយជាមួយប៉ា ហ្ហឹក៎...បងមិនចង់ការទេ មិនការដាច់ខាត...»
«តែបងត្រូវប្រាប់ហេតុផលខ្ញុំជាមុនសិន»ថេយ៉ុង លើកដៃអង្អែលតូចថ្នមៗ ហើយប្រាប់ដោយសំឡេងស្រាលៗហាក់លួងលោមចិត្ត ខណៈនោះ ជីមីន ក៏រំសាយដៃចេញពីការឱប ហើយពួកគេក៏សម្លឹងមុខគ្នាទៅវិញទៅមក...
«ស្អែកឯងទៅជួបតាមការណាត់ជំនួសបងបានទេ?»
«???»
«អ្នកម៉ាក់មិនព្រមបញ្ឈប់រឿងនេះទេ គាត់បានទទួលសំណើរពីគ្រួសារនោះ...»
«បើម៉ាក់ដឹងថាខ្ញុំទៅជំនួស ម៉ាក់មុខជាបន្ទោសបងហើយ រួមទាំងខ្ញុំដែរ...»
«ថេហ៍...ឯងស្រឡាញ់បងប្រុសដែរទេ?»និយាយសុខៗ ជីមីន ស្រាប់តែសួរដូច្នោះដើម្បីសង្កត់ចិត្តឲ្យ នាយតូច ហារមាត់ប្រកែកមិនបាន ថេយ៉ុងស្រឡាញ់បងប្រុសរបស់គេខ្លាំងណាស់ គេមានបងប្អូនតែពីរនាក់ មានរឿងអ្វីមិនដែលលាក់បាំងគ្នា ឬចោលគ្នាឡើយ ទើបនាយតូចមិនដាច់ចិត្ត ពេលឃើញបងប្រុសត្រូវប៉ាម៉ាក់បង្ខិតបង្ខំដូច្នេះ។

ម្ចាស់ជីវិត (Completed✔️)Where stories live. Discover now